អានតួអត្ថបទ
ចិន-អវកាស

ចិនបង្ហោះយាន Chang'e 6 ទៅព្រះចន្ទ ដើម្បីស្រង់​យកដីនិងថ្មមកសិក្សា​​ស្រាវជ្រាវ

វិស័យអវកាសចិន កំពុងតែបោះជំហាន​ទៅមុខ​យ៉ាងខ្លាំង ជាមួយ​នឹងបេសកកម្ម​ដ៏ក្លាហាន និង​មុនដំបូងគេ​។ កាលពីថ្ងៃសុក្រ ទី​៣ឧសភា ចិនបានបង្ហោះយានឆាងអឺ៦ (​ Chang’e 6 ) ឆ្ពោះទៅកាន់ព្រះចន្ទ នៅ​ត្រង់ផ្នែក​ដែល​បែរខ្នងមកភពផែនដី ដែលនេះគឺជាលើកទី១ហើយ​។ ទីភ្នាក់ងារអវកាសចិនបានឲ្យដឹងថា បេសកកម្មនេះគឺដើម្បី​ស្រង់យកសំណាកដី ថ្ម និងរ៉ែ ដែលស្ថិតនៅតំបន់នោះ យក​មកសិក្សាស្រាវជ្រាវលំអិត អំពីសមាសធាតុ ព្រមទាំង​ប្រវត្តិនៃការកកើត​របស់ព្រះចន្ទ​។

យានអវកាស​ Chang Zheng 5 កំពុងហោះឡើងនាំយកយាន Chang'e-6  ទៅកាន់ព្រះចន្ទ។ ស្ថានីយ៍អវកាស​​ Wenchang កោះហៃណាន ថ្ងៃទី ៣ ឧសភា ២០២៤
យានអវកាស​ Chang Zheng 5 កំពុងហោះឡើងនាំយកយាន Chang'e-6 ទៅកាន់ព្រះចន្ទ។ ស្ថានីយ៍អវកាស​​ Wenchang កោះហៃណាន ថ្ងៃទី ៣ ឧសភា ២០២៤ AP - Guo Cheng
ផ្សាយពាណិជ្ជកម្ម

យានChang’e -6 បានហោះចេញពីស្ថានីយ៍​អវកាសចិន Wenchang ស្ថិតនៅលើកោះហៃណាន នៅវេលាម៉ោង៥និង៣០នាទី ល្ងាចថ្ងៃសុក្រទី​៣ឧសភា។ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហ័រ បាន​ផ្សាយថា នេះគឺជាបេសកកម្ម​លើកដំបូង និងឈានមុខ​គេបង្អស់ហើយ ដែល​យានអវកាសនឹងទៅទំលាក់​ឧបករស្ទង់នៅត្រង់តំបន់មួយចំហៀងទៀតនៃព្រះចន្ទ ដែលមនុស្ស​មើលមិនដែលឃើញទេពីផែនដី ព្រោះផ្នែកនេះបែរខ្នងមករកភពផែនដី​ជានិច្ច​។

លោក Wang Qiong អនុប្រធាននៃបេសកកម្មChang’e 6 បាន​ឲ្យ​ដឹងថា បេសកកម្មនេះ គឺមានកម្មវត្ថុ ទៅ​ប្រមូលយក​ដី ថ្ម និង​រ៉ែ ចំនួន​ប្រមាណ​២គីឡូក្រាម ពីតំបន់​ដែលយាននេះចុះចត ដែលគេហៅឈ្មោះថា តំបន់ខាងត្បូង Aitken។ មានរយៈពេលសរុប ចំនួន​៥៣ថ្ងៃ បេសកកម្មនេះ គឺជាបេសកកម្មដ៏លំបាក និងច្រើនដំណាក់កាលណាស់ទំរាំតែយានអវកាស អាច​ហោះ​ត្រលប់​មកដល់ស្ថានីយ៍អវកាស Wenchang វិញ។

គួរបញ្ជាក់ថា កាលពីឆ្នាំ​២០១៩ ចិនធ្លាប់​បានបង្ហោះយានទៅចុះចតនៅតំបន់ ដែលបែរខ្នងជាប្រចាំមករកភពផែនដីម្តងរួចហើយ តែកាលនោះ មិនបានបញ្ជូនយក​មកផែនដី នូវដីឬថ្មីពីព្រះចន្ទទេ។ លោក Ge Ping អនុប្រធាន​មជ្ឈមណ្ឌល​ស្រាវជ្រាវព្រះចន្ទនិង​វិស្វកម្ម​អវកាស​ចិន បាន​លើកឡើងថា នេះគឺជាលើកទីមួយហើយ ដែល​ដី​ថ្មនិងរ៉ែនៅតំបន់​មួយចំហៀងទៀតនៃព្រះចន្ទ នឹងត្រូវគេប្រមូលស្រង់យក​មកធ្វើការសិក្សាស្រាវជ្រាវលំអិត។ លោក​បានបន្ថែមថា ការស្រាវជ្រាវអំពី​សមាសធាតុនៃព្រះចន្ទនៅត្រង់តំបន់នេះ គឺអាចឲ្យគេដឹងកាន់ច្រើនអំពីប្រវត្តិកកើតរបស់ព្រះចន្ទ និងអាច​វិល​ត្រលប់​ទៅកាន់អាយុកាលភូមិវិទ្យា ដល់ទៅ​៤ពាន់​លានឆ្នាំមុន​។

គួរកត់សំគាល់ថា វិស័យអវកាសចិន កំពុងតែបោះពួយទៅមុខយ៉ាងខ្លាំង ជាមួយនឹងជោគជ័យជាបន្តបន្ទាប់ ដើម្បីសម្រេច​កម្មវត្ថុ ដែលលោក​ ស៊ី ជីនពីង បានហៅថាជា "សុបិនអវកាស" របស់ចិន។ ចិនជាប្រទេស១ក្នុងចំណោម៣ ដែលអាចបញ្ជូន​​មនុស្ស​ទៅកាន់អវកាស ដោយ​មធ្យោបាយផ្ទាល់ខ្លួន។ ក្រៅពីស្រាវជ្រាវនៅព្រះចន្ទ ចិនបានបញ្ជូនយានរ៉ូបូ ទៅកាន់ភពព្រះអង្គារផងដែឬ។ ហើយ​កាលពីសប្តាហ៍​កន្លងទៅ ចិន​បានបញ្ជូន​ក្រុមអវកាសរបស់ខ្លួន ទៅកាន់​ខ្សែអកប៊ីដផែនដី ដើម្បី​ចាប់ផ្តើមសាងសង់​ស្ថានីយ៍អវកាសរបស់ខ្លួន​នៅលើលំហអាកាស ដែលមាន​ឈ្មោះថា Tiangong។

ការបោះជំហាន​ជឿនលឿនរបស់ចិន ក្នុងវិស័យអវកាសនេះ បានធ្វើ​ឲ្យ​សហរដ្ឋអាមេរិក​ព្រួយបារ​ម្ភជាខ្លាំង។ កាលពី ខែ​មេសាថ្មីៗនេះ​ លោក Bill Nelson អគ្គនាយកទីភ្នាក់ងារអវកាសអាមេរិក Nasa បានលើកឡើងថា ចាប់ពីពេលនេះទៅសហរដ្ឋអាមេរិក​ត្រូវតែប្រកួតប្រណាំងជាមួយចិនហើយ​។ លោក​ម្នាក់​នេះ បាន​អះអាងទៀតថា កម្មវិធីស្រាវជ្រាវអវកាសរបស់ចិន គឺធាតុពិតមានលាក់បំពួន​ដោយ​ផែនការកងទ័ព មិនមែនជាកម្មវិធីស្រាវជ្រាវលក្ខណៈស៊ីវីលទេ។​

សូមបញ្ជាក់ថា តាមការគ្រោងទុក ចិនមានគម្រោង​បញ្ជូនមនុស្ស​ទៅកាន់ព្រះចន្ទ នៅរវាងឆ្នាំ​២០៣០។ បេសកកម្ម​ Chang’e 6 នៅពេលនេះ គឺជាតំណាក់​កាល​១ក្នុងចំណោម​៣។ នៅក្នុងពេលឆាប់ៗខាងមុខ យាន Chang’e 7 នឹងហោះទៅ​ប៉ូលខាងត្បូងព្រះចន្ទ ដើម្បីស្រាវជ្រាវរកទឹកនៅទីនោះ ហើយ​បន្ទាប់មកទៀត យាន  Chang’e 8 នឹងទៅសិក្សា​អំពី​លទ្ធភាព​បច្ចេកទេស ដើម្បី​សាងសង់ទីតាំង​មូលដ្ឋាន​មួយនៅលើព្រះចន្ទ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ