អានតួអត្ថបទ
ស្រីលង្កា-ភេរវកម្ម

ស្រីលង្កា៖ ខួប៥ឆ្នាំ​នៃ​អំពើភេរវកម្ម​នៅវិហារកាតូលិក អ.ស.ប.អំពាវនាវ​​រកយុត្តិធម៌​​ជូន​ជនរងគ្រោះ

ថ្ងៃទី២១មេសា គឺជាថ្ងៃខួប​គម្រប់​៥ឆ្នាំ នៃអំពើភេរវកម្មជីហាត​​​អ៊ីស្លាម ​នៅក្នុងវិហារកាតូលិកទីក្រុង​កូឡុំបូ ប្រទេសស្រីលង្កា។ អំពើភេរវកម្ម​ដ៏សាហាវព្រៃផ្សៃនេះ បាន​ផ្តាច់ជីវិតមនុស្ស​២៧៩នាក់ ដែលរហូតមកទល់ពេលនេះ ក្រុមគ្រួសារ​ជនរងគ្រោះ នៅតែ​ដង្ហើយ​ហៅរកយុត្តិធម៌។ តំណាងអង្គការសហប្រជាជាតិ​ប្រចាំនៅស្រីលង្កា បាន​ថ្លែងអំពាវនាវទៅកាន់អាជ្ញាធរ​ស្រីលង្កា ត្រូវតែ​ប្រញេបប្រញាប់បំពេញ​ការទទួលខុសត្រូវរបស់ខ្លួន ក្នុងការរកយុត្តិធម៌ជូនជនរងគ្រោះ។

សមត្ថកិច្ចស្រីលង្កា​ឈរយាមនៅខាងមុខវិហារកាតូលិក St. Anthony នៅថ្ងៃបុណ្យ​ខួប​គម្រប់​៥ឆ្នាំ នៃអំពើភេរវកម្ម​ "Easter Sunday suicide attacks"។ ទីក្រុងកូឡុំបូ ថ្ងៃទី​២១ មេសា ២០២៤
សមត្ថកិច្ចស្រីលង្កា​ឈរយាមនៅខាងមុខវិហារកាតូលិក St. Anthony នៅថ្ងៃបុណ្យ​ខួប​គម្រប់​៥ឆ្នាំ នៃអំពើភេរវកម្ម​ "Easter Sunday suicide attacks"។ ទីក្រុងកូឡុំបូ ថ្ងៃទី​២១ មេសា ២០២៤ AFP - ISHARA S. KODIKARA
ផ្សាយពាណិជ្ជកម្ម

ថ្ងៃអាទិត្យ​ទី​២១​មេសា​ ក្រុមគ្រួសារជនរងគ្រោះ ដោយ​អំពើភេរវកម្ម​នៅទីក្រុងកូឡុំបូ កាលពីឆ្នាំ២០១៩ បានជួបជុំគ្នាសូត្រធម៌រំឭកវិញ្ញាណក្ខន្ធ ក្នុង​ឱកាសខួប​គម្រប់​៥ឆ្នាំ​ នៃភេរវកម្ម​ដ៏ធ្ងន់ធ្ងរបំផុត ដែលស្រីលង្កាមិនធ្លាប់ជួបប្រទះ​។ ​លោក Marc-André Franche តំណាងអង្គការសហប្រជាជាតិ បានថ្លែងអំពាវនាវឲ្យ​អាជ្ញារស្រីលង្កា ត្រូវតែ​ធ្វើ​ការស៊ើបអង្កេតឲ្យ​បានស៊ីជំរៅ និង​ប្រកបដោយ​តម្លាភាព​ ដើម្បី​ផ្តល់យុត្តិធម៌ជូនដល់ជនរងគ្រោះ។ លោក​ Marc-André Franche បាន​លើកឡើងថា ស្រីលង្កា​មានវិបត្តិ​មួយជាប្រចាំ​​ គឺបញ្ហា​​គ្មានការទទួលខុសត្រូវ ពីសំណាក់អាជ្ញាធររដ្ឋ​ មិនថា​ទាក់ទិននឹង​អំពើឧក្រិដ្ឋកម្មសង្គ្រាម ការបំពានសិទ្ធិមនុស្ស​ អំពើពុករលួយ និង​ការរំលោភអំណាចជាដើម​។

ក្នុងឱកាសខួប​៥ឆ្នាំ​នៃភេរវកម្មនេះដែរ ការិយាល័យ​សិទ្ធិ​មនុស្ស​នៃអង្គការសហប្រជាជាតិ បាន​ទាមទារ​ឲ្យ​អាជ្ញាធររដ្ឋាភិបាលស្រីលង្កា ត្រូវតែ​ចេញផ្សាយ​របាយការណ៍ស៊ើអង្កេត ចុងក្រោយ និងពេលលេញមួយ ស្តីអំពីអំពើភេរវកម្ម​ឆ្នាំ​២០១៩  ហើយត្រូវបង្កើតគណៈកម្មការ​ស៊ើបអង្កេតឯករាជ្យ​មួយ​។

សូមរំលឹកថា កាលពីថ្ងៃទី​២១មេសា​ឆ្នាំ​២០១៩ ថ្ងៃបុណ្យ​ប៉ាក់តាមប្រពៃណីសាសនាកាតូលិក នៅទីក្រុង​កូឡុំបូ រដ្ឋធានីស្រីលង្កា គឺ​​បានដិតដាមដោយ​ស្នាមឈាម។​ ក្រុម​ភេរវកម្មជីហាតអង្គការ​រដ្ឋ​អ៊ីស្លាម បានវាយ​ប្រហារ​បំផ្ទុះគ្រាប់បែក នៅវិហារ​កាតូលិក​​ចំនួន​​៣កន្លែង​ និង​​នៅសណ្ឋាគារ៣ផ្សេងៗគ្នា បណ្តាល​ឲ្យ​ស្លាប់​មនុស្ស ២៧៩នាក់ និង​របួសជាង​៥០០នាក់​។ ក្នុងចំណោមជនរងគ្រោះ គឺមានទេសចរបរទេសជាច្រើននាក់​។

គួរបញ្ជាក់ថា តុលាការកំពូលស្រីលង្ការ ធ្លាប់​បាន​ប្រកាស​ចាត់ទុកថា លោកអតីតប្រធានាធិបតី Maithripala Sirisena ព្រមទាំងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល​មួយចំនួន ថាពិតជាមានកំហុស ដែល​មិនបានទប់ស្កាត់អំពើភេរវកម្ម​។ ផ្អែកតាម​​ឯកសារ​បណ្តឹងរដ្ឋប្បវេណី គឺទីភ្នាក់ងារចារកិច្ចឥណ្ឌា បានជូនដំណឹង​មកកាន់អាជ្ញាធរស្រីលង្កា ថាក្រុមជីហាត​មានគម្រោងវាយ​ប្រហារ​ភេរវកម្ម តាំង​តែ​ពី​១៧ថ្ងៃមុនហេតុការណ៍​ភេរវកម្មម្លេះ​​។ តែរដ្ឋាភិបាលស្រីលង្កាបានធ្វើព្រងើយ​។

ដោយឡែក​ តំណាងសហគមសាសនាកាតូលីកស្រីលង្កា ធ្លាប់បានអះអាងថា មន្ត្រីជាន់ខ្ពស់​នៃចារកិច្ចយោធាស្រីលង្កា កាលជំនាន់នោះ ធ្លាប់​មានទំនាក់ទំនង​​ជាមួយ​ក្រុម​ភេរវករ និងបាន​បើកដៃឲ្យ​មានភេរវកម្មដ៏ព្រៃផ្សៃនេះ ដើម្បី​ជួយ​ជំរុញ​បរិយាកាស​នយោបាយ ឲ្យ​លោក Gatabaya Rajapaksa បានឡើងកាន់អំណាច​។ ក្នុង​ឱកាស​បុណ្យខួប​គម្រប់៥ឆ្នាំនៃភេរវកម្ម លោកសង្ឃកាតូលិក​ Malcolm Janjith បានចោទថា គឺរដ្ឋាភិបាល​ស្រីលង្កា ដែលជាអ្នក​បាន​បំផ្លាញភស្តុតាង​ ដើម្បី​ការពារ​មនុស្ស​ដែលនៅពីក្រោយ​ក្រុមភេរវកម្ម​។

គួរកត់សំគាល់ថា ៥ឆ្នាំមក​ហើយ អាជ្ញាធរស្រីលង្កា មិន​បាន​ផ្តល់សំណងខូចខាតជូនដល់ជនរងគ្រោះ ដែល​បានស្លាប់​និងរបួសទេ ហើយក៏មិនបានចាប់អ្នកទទួលខុសត្រូវ ឲ្យមកទទួលទោសដែរ​​។ តុលាការកំពូល​ស្រីលង្កា បានសម្រេច​ឲ្យ​លោកអតីតប្រធានាធិបតី Maithripala Sirisena ព្រមទាំងបក្សពួក ផ្តល់សំណងជូនដល់ជនរងគ្រោះ ចំនួន៣១០លានរូពី ដែលស្មើនឹងប្រមាណ​១លានដុល្លារ។ តែយ៉ាងណា រហូតមកទល់ពេលនេះ មិនទាន់មានសំណងអ្វីទាំងអស់ ដោយ​សារតែ​លោក Maithripala Sirisenaបានប្តឹងទាស់ទៅឧទ្ធរណ៍​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ