អានតួអត្ថបទ
ប៉ាគីស្ថាន-អ៊ីរ៉ង់

ប្រធានាធិបតីអ៊ីរ៉ង់ទៅ​ប៉ាគីស្ថាន ដើម្បី “ពង្រឹងសហប្រតិបត្តិការ” ​ឲ្យ​ល្អឡើងវិញ

លោក​អេប្រាហ៊ីម រ៉ៃស៊ី ប្រធានាធិបតី​អ៊ីរ៉ង់ បានធ្វើដំណើរទៅទស្សនកិច្ច​នៅ​រដ្ឋធានីអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន កាលពីថ្ងៃចន្ទ ទី​២២មេសា។ ជាដំណើរទស្សនកិច្ច​ ដែលធ្វើ​ឡើងក្នុងកម្មវត្ថុ​ពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម រវាង​ប្រទេសជិតខាងទាំង២នេះ និងជាពិសេសគឺដើម្បីស្តារ​ចំណងសហការផ្នែកការទូត ឲ្យ​បានល្អប្រសើរឡើងវិញ បន្ទាប់ពី​ប្រទេសទាំង​២​ បានប្រទូស្តរាយ​គ្នាដោយ​អាវុធ កាលពីខែ​មករា​​។

រូបថតផ្តល់​ឲ្យដោយ Pakistan's Press Information Department (PID) ៖ លោក​ប្រធានាធិបតីអ៊ីរ៉ង់ អេប្រាហ៊ីម រ៉ៃស៊ី ចាប់ដៃ​ជាមួយ​លោក​នាយករដ្ឋមន្ត្រីប៉ាគីស្ថាន ស្ហេបាហ្ស ស្ហារីហ្វ។ ទីក្រុងអ៊ីស្លាម៉ាបាដ ថ្ងៃទី ២២​មេសា​២០២៤​
រូបថតផ្តល់​ឲ្យដោយ Pakistan's Press Information Department (PID) ៖ លោក​ប្រធានាធិបតីអ៊ីរ៉ង់ អេប្រាហ៊ីម រ៉ៃស៊ី ចាប់ដៃ​ជាមួយ​លោក​នាយករដ្ឋមន្ត្រីប៉ាគីស្ថាន ស្ហេបាហ្ស ស្ហារីហ្វ។ ទីក្រុងអ៊ីស្លាម៉ាបាដ ថ្ងៃទី ២២​មេសា​២០២៤​ AFP - -
ផ្សាយពាណិជ្ជកម្ម

លោកអេប្រាហ៊ីម រ៉ៃស៊ី ប្រធានាធិបតី​អ៊ីរ៉ង់ បានចុះយន្តហោះ​ដល់ទីក្រុង​អ៊ីស្លាម៉ាបាដ រដ្ឋធានី​ប៉ាគីស្ថាន​ នៅព្រឹកថ្ងៃចន្ទ​ទី២២មេសា​ ដោយ​មាន​មន្ត្រីជាន់ខ្ពស់​អ៊ីរ៉ង់ជាច្រើននាក់អមដំណើរ។ យោងតាម​ក្រុមការងារខុទ្ទកាល័យ​លោក​នាយករដ្ឋមន្ត្រីប៉ាគីស្ថាន Shehbaz Sharif ទស្សនកិច្ចរបស់​ប្រធានាធិបតីអ៊ីរ៉ង់នៅប៉ាគីស្ថាន គឺ​ដើម្បី​ចុះហត្ថលេខា​ លើកិច្ចព្រមព្រៀងសហប្រតិបត្តិការ ក្នុងច្រើនវិស័យ​។

ដោយឡែក ​លោកស្រី Maleeha Lodhi អតីតមន្ត្រីទូត​ប៉ាគីស្ថាន​ បាន​លើកឡើងថា ទស្សនកិច្ចរបស់​អេប្រាហ៊ីម រ៉ៃស៊ីនៅពេលនេះ គឺជាឱកាស ដើម្បីស្តារទំនាក់ទំនងការទូត​ ​រវាង​ប្រទេសជិត​ខាងទាំង​២ ឲ្យ​ល្អប្រសើរឡើងវិញ បន្ទាប់ពីជួបបញ្ហារកាំរកូស​កាលពីពេលថ្មីៗ។

សូមរំលឹកថា កាលពីថ្ងៃទី​១៦​​ខែមករា ​អ៊ីរ៉ង់​បានបាញ់មីស៊ីល និងដ្រូនអត្តឃាត​ ចូលទៅក្នុងទឹកដីប៉ាគីស្ថាន ដោយ​អះអាងថា​ ដើម្បីវាយប្រហារទីតាំងលាក់ខ្លួន​ របស់​ក្រុម​ភេរវកម្ម​។ ប៉ាគីស្ថាន​​បានវាយ​បកវិញ ២ថ្ងៃក្រោយមក ដោយអះអាងដែរថា វាយទៅលើ​ក្រុមភេរវកម្ម​លាក់​ខ្លួន​ក្នុងទឹកដីអ៊ីរ៉ង់។ ក្រោយ​ភាពតានតឹងផ្នែកការទូតរំលងទៅអស់ជាច្រើនថ្ងៃ ទីបំផុតរដ្ឋាភិបាលទាំងសងខាង បានព្យាយាម​បន្ធូបន្ថយ​ស្ថានការណ៍ និងចាប់ផ្តើមស្វែងរកច្រក​ដើម្បីនិយាយគ្នា​។

គួររំលឹកដែរថា អ៊ីរ៉ង់ និង​ ប៉ាគីស្ថានមានព្រំដែនជាប់គ្នា ត្រង់តំបន់បាលូជីស្ថាន ដែលទាំងសងខាង​សុទ្ធតែមាន​សហគមន៍ជនជាតិបាលូជីស្ថានរស់នៅ។ ការផ្ទុះអាវុធកាលពីខែមករា បានបណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ចំនួន​យ៉ាងហោច​១១នាក់ ភាគច្រើនជាកុមារនិងស្ត្រី​។ អ៊ីរ៉ង់និង​ប៉ាគីស្ថាន តែងតែចោទគ្នាទៅវិញទៅមក ថាបានបើកដៃឲ្យ​ក្រុមភេរវកម្ម​លាក់ខ្លួន។ លោកស្រី Maleeha Lodhi បានពន្យល់​ប្រាប់​ទីភ្នាក់ងារព័ត៌មានបារាំងAFP តាមរយៈទស្សនកិច្ច​​នៅពេលនេះ គឺ​រដ្ឋាភិបាលទាំងសងខាង​ ចង់​ស្វែងរកផ្លូវ​ធ្វើការជាមួយគ្នា គ្រប់គ្រងបញ្ហា និង​បញ្ចៀសកុំ​ឲ្យ​មានរឿងកើតឡើងដូចកាលខែមករា​។

ដោយ​ឡែក លោក Qamar Cheema អ្នកជំនាញ​ផ្នែក​សន្តិសុខតំបន់ បាន​លើកឡើងថា ទស្សនកិច្ចរបស់​លោក​អេប្រាហ៊ីម រ៉ៃស៊ី នៅអ៊ីស្លាម៉ាបាដនាពេលនេះ គឺវាសំខាន់មែនហើយ ដើម្បី​កាត់​បន្ថយ​ការមិនទុកចិត្តគ្នារវាងប្រទេសទាំង២។ តែអ្វីដែលសំខាន់ទៀតនោះ គឺការរៀបចំ​ពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម​រវាងប្រទេសទាំង២ ឲ្យ​វាមានលក្ខណៈ​ស្តង់ដា ត្រឹមត្រូវ​ស្របច្បាប់ និង​ឈានទៅទប់ស្កាត់​ទំនិញគេចពន្ធ​ឆ្លងព្រំដែន​ និង​ការជួញដូរខុសច្បាប់​​។​

យ៉ាងណាមិញ មុននឹងឡើងយន្តហោះ លោកអេប្រាហ៊ីម រ៉ៃស៊ី បាន​បញ្ជាក់ថា អ៊ីរ៉ង់មានកម្មវត្ថុធ្វើ​ឲ្យទំនាក់​ទំនងពាណិជ្ជកម្មរវាង​អ៊ីរ៉ង់និង​ប៉ាគីស្ថាន កើនទំហំដល់ ១០ពាន់លានដុល្លារ​ក្នុង​មួយឆ្នាំ ខណៈបច្ចុប្បន្នមានទំហំត្រឹមតែ​២៥០០លានដុល្លារ។ បន្ថែមពីនេះទៀត​ មេដឹកនាំ​​អ៊ីរ៉ង់និងប៉ាគីស្ថាន នឹងជជែក​គ្នាផងដែរ អំពី​គម្រោង​សាងសង់បំពង់បង្ហូរឧស្ម័ន ដែលបានចាប់ផ្តើ​ម​កាលពីឆ្នាំ​២០១៣ តែត្រូវអាក់ខានទៅវិញ ដោយសារតែបញ្ហានយោបាយ​នៅ​ខាងប៉ាគីស្ថាន និងដោយសារតែភាគីអាមេរិក​បានជំទាស់​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ