អានតួអត្ថបទ
សមុទ្ទចិន​ខាង​ត្បូង

ហ្វីលីពីន​និង​សហរដ្ឋ​អាមេរិក​ធ្វើ​​សមយុទ្ធ​បែប​ប្រើ​កម្លាំង​​​ដណ្តើម​យកដី​​ជាប់​ជម្លោះ

នៅ​ថ្ងៃ​ចន្ទទី ២២​មេសា​២០២៤​នេះ យោធា​ហ្វីលីពីន​​និង​អាមេរិកប្រមាណ​ជិត​​១៧០០០​នាក់ បាន​បើក​ធ្វើ​សមយុទ្ធប្រចាំ​ឆ្នាំ​​រួម​គ្នា នៅ​ជិតតៃវ៉ាន់ និង​​តំបន់​ដែល​ជាប់​ជម្លោះ​ជាមួយ​ចិននៃ​សមុទ្ទ​ចិន​ខាង​ត្បូង។ ជា​លើកទីមួយ សមយុទ្ធ​នេះ បាន​​ការ​ចូលរួម​ពីសំណាក់​បារាំង​និង​សម្ព័ន្ធ​មិត្ត​អាស៊ី-អឺរ៉ុប​ចំនួន​​១៤​ប្រទេស​ផ្សេង​ទៀត។

ហ្វីលីពីន​និង​សហរដ្ឋ​អាមេរិក​ធ្វើ​​សមយុទ្ធ​បែប​ប្រើ​កម្លាំង​​​ដណ្តើម​យកដី​​កោះ ជាប់​ជម្លោះ​ជាមួយ​ចិន
ហ្វីលីពីន​និង​សហរដ្ឋ​អាមេរិក​ធ្វើ​​សមយុទ្ធ​បែប​ប្រើ​កម្លាំង​​​ដណ្តើម​យកដី​​កោះ ជាប់​ជម្លោះ​ជាមួយ​ចិន AFP - JAM STA ROSA
ផ្សាយពាណិជ្ជកម្ម

លំហាត់​សឹក​ប្រ​ចាំ​ឆ្នាំ​ដែល​មាន​ឈ្មោះ​ថា បាលីកាតង់ ជា​ភាសា​អ្នក​ស្រុក​មាន​ន័យ​ “ស្មាទល់​ស្មា”​ ត្រូវ​ចាប់​ផ្តើម​នៅ​ថ្ងៃចន្ទ​ទី​២២​មេសា​រហូត​ដល់​ថ្ងៃទី​១០​ឧសភា ​​​នៅ​ភាគ​ខាង​ជើង​និង​ខាង​លិច​ប្រទេស​ហ្វីលីពីន ត្រង់​ជិត​តំបន់ជាប់​ជម្លោះ​នៃ​សមុទ្ទ​ចិន​ខាង​ត្បូង​ផង និង​ជិត​តៃវ៉ាន់​ផង។ ជា​សរុប​មាន​ទាហាន​អាមេរិក​ប្រមាណ​១១០០០នាក់ និង​ទាហាន​ហ្វីលីពីន ៥០០០នាក់ ​ព្រមទាំង​ទាហាន​អូស្ត្រាលី​និង​បារាំងមួយ​ចំនួន​​ផង​ បាន​ចូល​រួម​ធ្វើ​សមយុទ្ធ នៅ​​លើក​នេះ។

នេះ​ជា​លើ​កទី​មួយ​ហើយ​ដែល​សមយុទ្ធ​ប្រព្រឹត្ត​នៅ​ក្នុង​ដែន​ទឹក​ឆ្ងាយ​ហួស​ពី​ដី​គោក​ហ្វីលីពីន​ដល់​ទៅ​ប្រមាណ​២២​គីឡូម៉ែត្រ​ពី​ឆ្នេរ។ នៅ​ឆ្នាំ​នេះ​ ​ក៏​ជា​លើក​ទីមួយ​ដែរ ដែល​ឆ្មាំ​សមុទ្ទ​ហ្វីលីពីន ធ្លាប់​ប្រឈម​នឹង​ក្រុមឆ្មាំ​សមុទ្ទ​ចិន​ ​បាន​ចូលរួម​ធ្វើ​សមយុទ្ធ ដែល​មាន​ហាត់​សមប្រើ​កម្លាំង​វាយ​ដណ្តើម​យក​ខេត្ត​ប៉ាឡាវ៉ាន់ ដែល​ស្ថិត​នៅ​ជិត​ប្រជុំ​កូន​កោះ​ស្ព្រាតលី ក្នុង​សមុទ្ទ​ចិន​ខាង​ត្បូង​ជាប់​ជម្លោះ​ជាមួយ​ប៉េកាំង។ សមយុទ្ធ​មួយ​ផ្នែក​ទៀត នឹង​ប្រព្រឹត្ត​ទៅ​នៅ​ខេត្ត កាហ្កាយាន និង​បាតានេស ខេត្ត​​ភាគ​ខាង​ជើង​បំផុត​របស់​ហ្វីលីពីន ដែល​មាន​ចម្ងាយ​មិន​ដល់​៣០០​គីឡូម៉ែត្រ​ទេ​ពី​តៃវ៉ាន់។ ដូច​ឆ្នាំទៅ​ដែរ នាវា​មួយ​នឹង​ត្រូវ​ពន្លិច​ចោល​នៅ​ក្នុង​មហាសាគរ​នៃ​ខេត្ត​ខាង​ជើងអ៊ីឡូកូសណ័រតេ។ បន្ទាប់​មក​ ក៏​មាន​ដែរ​ការ​ធ្វើ​លំហាត់​សឹក​បែប​សង្គ្រាម​ព័ត៌មាន បែប​ការពារ​សន្តិសុខផ្លូវ​ទឹក​ និង​ការពារ​ដែន​អាកាស​​ដោយ​បញ្ចូល​កម្មវិធី​ប្រឆាំង​មីស៊ីល​ផង។ ប៉ុន្តែ​ទោះបី​មាន​ការ​ពង្រាយ​មីស៊ីល​បាញ់​ពី​ដី​ទៅ​លើ​អាកាសប្រភេទ​SM-6 នៅលើ​ដី​ហ្វីលីពីន​ក៏​ដោយ ក៏​គ្មាន​ការ​សាក​ល្បង​ប្រើ​អាវុធ​មីស៊ីលនេះ​ពេល​ធ្វើ​សមយុទ្ធ​ដែរ។

ក្នុង​ឱកាស​បើក​សម្ពោធ​សមយុទ្ធ លោកឧត្តមសេនីយឯកWilliam Jurney ​មេបញ្ជាការ​កងទ័ព​ជើងទឹក​អាមេរិក​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក បាន​ប្រកាស​ថា​ សមយុទ្ធ​មាន​កម្មវត្ថុ​បង្ហាញ​ប្រាប់​ពិភពលោកទាំងមូល​ និង​ប្រជាពលរដ្ឋ​ហ្វីលីពីនថា កងកម្លាំង​យោធា​មាន​សមត្ថភាព​ប្រសើរ​ឡើង​ជា​និច្ច​ និង​មិន​បញ្ឈប់​សកម្មភាព​សហការ​រួម​គ្នា​ហាត់​សម​ទេ។ កម្លាំង​សម្ព័ន្ធមិត្ត​កាន់​តែ​ប្រសើរ ហ្វីលីពីន​​​កាន់​តែ​ខ្លាំង កាន់​តែ​ប្រាកដ​ និង​កាន់​តែ​មាន​សុវត្ថិភាព។ នេះ​បើ​តាម​ប្រសាសន៍​របស់​មេបញ្ជាការ​អាមេរិក​ដដែល។

ដោយ​មាន​ទីតាំង​ភូមិសាស្ត្រ​នៅ​ជិត​តៃវ៉ាន់ និង​ជិត​សមុទ្ទ​ចិន​​ខាង​ត្បូង ហ្វីលីពីនបានក្លាយ​ជា​ដៃ​គូ​គន្លឹះ​របស់​សហរដ្ឋ​អាមេរិក ក្នុង​ប្រឈម​នឹង​ចិន​ដែល​មាន​មហិច្ឆតា​​ពង្រីក​ឥទ្ធិពល​កាន់តែ​ខ្លាំង​ឡើងៗ​ឥតឈប់ និង​ក្នុង​ករណីអាមេរិក​មាន​ជម្លោះ​ជាមួយ​ចិន។​ សម្ព័ន្ធមិត្ត​ដែល​មាន​ចំណែក​ក្នុងសមយុទ្ធ​ក្នុង​នាម​ជា​អ្នក​សង្កេត​ការណ៍​មាន​ដល់​ទៅ​១៤​ប្រទេស មក​ពី​អាស៊ីនិងអឺរ៉ុប។ បារាំងដែលកន្លង​មក​​ធ្លាប់​ជា​ប្រទេស​សង្កេតការណ៍ បាន​បញ្ជូន​នាវា​ចម្បាំង​Vendémiaire មក​ចូល​រួម​ធ្វើ​​សមយុទ្ធ​​ដោយ​សកម្ម ជា​លើក​ទី​មួយ តែ​ត្រូវ​ចាក​ចេញ​ទៅ​វិញ​នៅ​ពេល​លំហាត់​សឹក​ចូល​ដល់​ដំណាក់កាលប្រយុទ្ធ​ខ្លាំង។ ក្នុង​ក្របខ័ណ្ឌ​នៃ​នយោបាយ​ពង្រឹង​វត្តមាន​នៅ​អាស៊ីប៉ាស៊ីហ្វិក ចាប់​ពី​ខែ​ក្តៅ​ខាង​មុខ​ទៅ បារាំង​នឹង​មាន​តំណាង​យោធា​ប្រចាំ​នៅ​ហ្វីលីពីន។

ក្រសួងការបរទេស​ចិន បាន​បញ្ចេញ​ប្រតិកម្ម​ចោទ​ប្រកាន់​សហរដ្ឋ​អាមេរិក​ថា​កំពុង​ប្រទាក់​ក្រឡា​ឱ្យ​មាន​ភាព​ប្រឈម​យោធា​នៅ​សមុទ្ទ​ចិន​ខាង​ត្បូង និង​បាន​ស្នើ​សុំ​ឱ្យ​ភាគី​ហ្វីលីពីន​បញ្ឈប់​សកម្មភាព​ដើរ​ខុស​ផ្លូវ​នេះ។ ចំណែក​ប្រជាពលរដ្ឋ​ហ្វីលីពីនមួយ​ក្រុម​តូច​បាន​​នាំ​គ្នា​ធ្វើ​បាតុកម្ម​​ដោយ​លើក​បដា​សម្តែង​ក្តី​ព្រួយ​បារម្ភ​ខ្លាច​សមយុទ្ធ​បាលីកាតង់​បញ្ឆេះ​ឱ្យ​មាន​ជម្លោះកាន់​តែ​ធំ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ