អានតួអត្ថបទ
វៀតណាម-ពុករលួយ

វៀតណាម​កាត់​ទោស​ដាក់​ពន្ធនាគារ​៨ឆ្នាំ​ថៅកែក្រុមហ៊ុន​ម្នាក់ទៀត​ពីបទ​ពុករលួយ

អាជ្ញាធរ​វៀតណាម​កំពុង​បន្ត​ប្រតិបត្តិការ​​ប្រយុទ្ធ​ប្រឆាំង​នឹងអំពើ​ពុក​រលួយ​និង​​​បន្លំ​។ នៅ​ថ្ងៃព្រហស្បតិ៍​​ទី​២៥​មេសា​នេះ ក្នុង​រឿង​អាស្រូវ​លួច​បន្លំ​ហិរញ្ញវត្ថុ​មួយ​ថ្មី​ទៀត​​ តុលាការ​ក្រុង​ហូជីមិញ បាន​កាត់​ទោសប្រធាន​​ក្រុមហ៊ុន​ភេសជ្ជៈដ៏​ល្បី​មួយ​របស់​ប្រទេស ឱ្យ​ជាប់​ពន្ធនាគារ​៨​ឆ្នាំ ពី​បទ​ឆ​បោកប្រាក់​ប្រមាណ​​៤០លាន​ដុល្លារ។

វៀតណាម​កាត់​ទោស​ដាក់​ពន្ធនាគារ​៨ឆ្នាំ​ថៅកែក្រុមហ៊ុន​ម្នាក់ទៀត​ពីបទ​ពុករលួយ
វៀតណាម​កាត់​ទោស​ដាក់​ពន្ធនាគារ​៨ឆ្នាំ​ថៅកែក្រុមហ៊ុន​ម្នាក់ទៀត​ពីបទ​ពុករលួយ © RFI khmer
ផ្សាយពាណិជ្ជកម្ម

ជាស្ថាបនិក​​ក្រុមហ៊ុន​ភេសជ្ជៈ តន់ហិប ហ្វាត (Tan Hiep Phat) ដ៏​ល្បី​មួយ​នៅ​វៀតណាម​ ដែលធ្វើ​ពាណិជ្ជកម្ម​ ​ទឹក-ទឹក​សណ្តែក​-តែបៃតង។ល។ ​នាំ​ចេញ​ទៅ១៦​ប្រទេសផង​ លោក ចន់ វី ថាន់ អាយុ​៧១​ឆ្នាំ ទើប​ត្រូវ​បាន​តុលាការ​ក្រុង​ហូជីមិញ កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​៨​ឆ្នាំ​ពី​បទ​ឆបោក​ប្រាក់ ប្រមាណ​​៤០លាន​ដុល្លារ នៅ​រវាង​ពី​ខែ​មករា​ឆ្នាំ​២០១៩ ដល់​ខែ​វិច្ឆិកា​២០២០។

នៅ​ក្នុង​​សាលក្រម​ ​ចៅក្រមបាន​អះអាង​ថា​​ ជន​ជាប់​ចោទ​បាន​ដឹងច្បាស់​អំពី​ទង្វើ​ផ្ទុយ​នឹងច្បាប់ ​តែ​បន្តប្រព្រឹត្ត​​ល្មើស។ លោក ត្រង់ និង​ក្រុមឃុបឃិត បាន​រៀប​ចំ​ផែនការ​ឆបោក យក​ប្រាក់​​​កក់​របស់​អតិថិជនណា​ដែល​មក​ខ្ចី​លុយ​ក្រុមហ៊ុន​របស់​គេ។ ជនជាប់​ចោទ​ផ្ទាល់​ក៏​បាន​សារភាព សម្តែងការ​សោក​ស្តាយ​​ នៅ​ចំពោះ​មុខ​តុលាការ​ ដោយ​ព្រមទទួល​ទោស​​ទៅ​តាម​កំហុស​។ កូនស្រី​ទាំងពីរ​របស់​ប្រធានក្រុមហ៊ុន​នេះ គឺ​នាងចន់ អៀន ហ្វើង ជា​អនុប្រធានក្រុមហ៊ុន​អាយុ​៤៣​ឆ្នាំ ក៏​ត្រូវ​បាន​តុលាការ​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​៤​ឆ្នាំ​ដែរ។ ឯ​នាង ចន់ ញុកប៊ិច​ ត្រូវ​ជាប់​ទោស​នៅ​ក្រៅ​ឃុំ​បី​ឆ្នាំ។

សំណុំ​រឿង​កាត់​ទោស​ប្រធាន​ក្រុមហ៊ុន​ភេសជ្ជៈ​នេះ ប្រព្រឹត្ត​ទៅ​តែ​ពីរ​សប្តាហ៍​ក្រោយ​សាលក្រម​XXLដាក់​ទោស​ប្រហារ​ជីវិត​សេដ្ឋី​នី​ផ្នែក​អចលនទ្រព្យ​ ជឿង មីឡាន ពី​បទគៃ​​​បន្លំ​ហិរញ្ញវត្ថុ​ដ៏​មហាសាល​ ជាង​២៥ពាន់​លាន​ដុល្លារ។ កាលពី​ខែ​មីនា តុលាការ​ក្រុង​ហាណូយ​បាន​កាត់​​ទោស​សេដ្ឋី​អចលនទ្រព្យ​ Do Anh Dung ឱ្យ​ជាប់​ពន្ធនាគារ​៨​ឆ្នាំពីបទ​ឆបោកអ្នក​​វិនិយោគ​រាប់​ពាន់​នាក់។

តាំងពី​ឆ្នាំ​២០២១​មក  របប​កុម្មុយនិស្ត​វៀតណាម បានបើក​យុទ្ធនាការ​បោស​សម្អាត​អំពើ​ពុក​រលួយ​ទ្រង់ទ្រាយ​ធំ ​និង​ផ្តើម​សំណុំ​បែប​បទ​ចោទ​ប្រកាន់​ទៅ​តុលាការ​ប្រឆាំង​បុគ្គល​ចំនួន​ជាង​៤៤០០នាក់ ​ខ្លះ​ជា​មន្ត្រី​មាន​ឋានៈ​ទទួល​ខុស​ត្រូវ​ក្នុង​រដ្ឋាភិបាល និង ខ្លះ​ជា​ប្រធាន​ក្រុមហ៊ុន​ ក្នុង​​ជាង​​១៧០០ជា​សំណុំ​រឿង។ គិត​ត្រឹម​​រយៈ​ពេល​​ពីរ​ឆ្នាំ​មក​នេះ​ ប្រធានាធិបតីពីរ​រូប​ ឧបនាយករដ្ឋមន្ត្រី​ពីរ​នាក់ បាន​លាលែង​ចេញ​ពី​តំណែង​ ដោយ​ធ្វេសប្រហែស​នឹង​អំពើ​ពុក​រលួយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ