អានតួអត្ថបទ

តុលាការ​វៀតណាមកាត់ទោសមហាសេដ្ឋីនី​អចលនទ្រព្យ និងកំពុង​តាម​ចាប់​ខ្លួន​ចិន​២នាក់​ទៀត

ថ្ងៃអង្គារ ទី​៥មីនា ​តុលាការ​ក្រុង​ហូជីមិញ បាន​បើកសវនាការ​កាត់​ទោស​មហាសេដ្ឋីនី​អចលនទ្រព្យ​ លោកស្រី ជឿង មី ឡាន ដែល​ជាប់ចោទ​ពីបទ​លួច​គៃបន្លំ​ហិរញ្ញវត្ថុធនាគារ​​ ចំនួន ១២,៥ ពាន់​លាន​ដុល្លារ​ ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន។​ ជន​សង្ស័យ ​៧៨ នាក់ ក៏​ជាប់​​ក្នុង​សំណុំ​រឿងនេះដែរ​ រួម​ទាំង​ជន​ជាតិ​ចិន​ ២ នាក់ទៀត ដែល​រដ្ឋវៀតណាម​កំពុង​តាមចាប់ខ្លួន។ 

តុលាការក្រុងហូជីមីង បានបើកសវនាការកាត់ទោសមហាសេដ្ឋីនីអចលនទ្រព្យ លោកស្រី ជឿង មី ឡាន ថ្ងៃអង្គារ ទី៥មីនា។​
តុលាការក្រុងហូជីមីង បានបើកសវនាការកាត់ទោសមហាសេដ្ឋីនីអចលនទ្រព្យ លោកស្រី ជឿង មី ឡាន ថ្ងៃអង្គារ ទី៥មីនា។​ AP - Phan Thanh Vu
ផ្សាយពាណិជ្ជកម្ម

មហាសេដ្ឋីនី ជឿង មី ឡាន ត្រូវ​នគរបាល​​វៀតណាម ចាប់ឃុំខ្លួន នៅខែតុលា​ឆ្នាំ២០២២ ដោយ​ជាប់​បទ​ចោទ​ប្រកាន់ ជាច្រើន​ករណី រួមមាន​បទល្មើស​គៃបន្លំហិរញ្ញវត្ថុ​ បទ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ និង បទ​រំលោភ​ច្បាប់​ធនាគារ​។ បើតាមបទ​ចោទប្រកាន់​របស់​រដ្ឋអាជ្ញា​វៀត​ណាម​  ​លោកស្រី ជឿង មី ឡាន ធ្លាប់​បាន​ធ្វើ​សំណើបន្លំ​ខ្ចី​​ប្រាក់​ធនាគារ​ ពី​ធនាគារ​ពាណិជ្ជកម្ម​សៃហ្គន (SCB) ដែល​ក្រុម​ហ៊ុន​របស់លោកស្រី មាន​ភាគហ៊ុន​គ្រប់គ្រង​ ជាង​ ៩០%។

ចន្លោះពី ឆ្នាំ២០១៨ ដល់ឆ្នាំ២០២២ លោកស្រី​បាន​បញ្ជាឲ្យ​ធ្វើ​សំណើបន្លំ​ខ្ចីប្រាក់ ចំនួន ៩១៦ លើក ដែលសរុប​ស្មើ​នឹង​ទំហំ​ទឹកប្រាក់ ៣០៤ ០០០ ពាន់​លាន​ដុង (ស្មើនឹងប្រហែល ១២,៥ ពាន់​លាន​ដុល្លារ​)។​ ទឹកប្រាក់​នេះ ស្ទើរតែស្មើ​នឹង ​៣% នៃ​ទំហំ​ប្រាក់​ចំណូល​សរុប​ក្នុង​ស្រុកវៀតណាម។

​ក្នុង​អង្គសវនាការ នៅថ្ងៃអង្គារ ទី​៥មីនា ជន​ជាប់​ចោទ ជន​ឃុបឃិតរួម​ផ្សំគំនិត និង អ្ន​ក​ពាក់​ព័ន្ធ​ក្នុង​សំណុំ​រឿង​ពុករលួយ​នេះ​ មានចំនួន​​ ៧៨ នាក់  ត្រូវ​បង្ហាញ​ខ្លួន​ជាមួយ​លោកស្រី ជឿង មី ឡាន​។ ​កាសែត​រដ្ឋ​វៀត​ណាម ផ្សាយថា​​ ជន​សង្ស័យ ៨ នាក់ទៀត ​កំពុង​រត់​គេចខ្លួន ក្នុង​នោះមា​នជនជាតិ​ចិន ២ នាក់ផង​​ ជា​អតីតបុគ្គលិកធនាគារ​ពាណិជ្ជកម្ម​សៃហ្គន ដែល​តម្រួត​នគរបាល​វៀតណាម ចេញ​ដីកា​​ចាប់ខ្លួន​អន្តរជាតិ​ តាម​ឃាត់ខ្លួន​។

តាមកាសែត​ក្នុង​ស្រុក​វៀតណាម ករណី​​គៃបន្លំ​ហិរញ្ញវត្ថុនេះ ជាសំណុំរឿងដ៏ធំជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​​វៀតណាម​កុម្មុយនិស្ត​។ ដ្បិតថា​ ឯកសារ​បណ្តឹងនិង​ភស្តុតាង មាន​ទម្ងន់​ ៦ តោន។ រដ្ឋ​អាជ្ញា​ ១០ នាក់ និង មេធាវីប្រមាណ ២០០ នាក់ ចូល​រួម​ជែក​តតាំង​ក្តី​ ហើយ ​តុលាការក្រុង​ហូជីមិញ (ក្រុង​ព្រៃនគរ) នឹង​រៀបចំ​ឲ្យ​​មនុស្ស​ ៣ ០០០ នាក់​អាចចូលរួម​​ស្តាប់​ការ​ជម្រះក្តីក្នុង​អង្គសវនាការ។ ការ​ជំនុំជម្រះ​ក្តី​ ​គ្រោង​ប្រើរយៈ​ពេល​២ ខែ​។

មហាសេដ្ឋីនី ជឿង មី ឡាន ម្ចាស់​ក្រុម​ហ៊ុន វ៉ាន់ ធីញ ហ្វាត់ ​ដែល​បាន​បង្កើត​តាំង​ពី​ឆ្នាំ១៩៩២​ ដោយ​មាន​ជំនួញវិនិយោគ​ជាច្រើន រាប់ទាំង​វិស័យ​សណ្ឋាគារ ភោជនីយដ្ឋាន សំណង់ និង​ អចលនទ្រព្យ ​ព្រមទាំង​វិស័យ​ហិរញ្ញវត្ថុធនាគារ ទៀត​ផង​។​ ស្វាមីរបស់​លោកស្រី ជា​​ចិន​ហុងកុង ឈ្មោះ​ អេរីក ចូវ។

នាង​ប៉ុន្មាន​ឆ្នាំចុងក្រោយ​នេះ រដ្ឋ​កុម្មុយនិស្ត​វៀតណាម បាន​ធ្វើ​យុទ្ធនាការ​កម្ចាត់​អំពើ​ពុករលួយ​ យ៉ាង​សកម្ម។ ជាលទ្ធផល ចាប់ពីឆ្នាំ២០២១មក មាន​មនុស្ស ៤ ៤០០ នាក់ ត្រូវ​ជាប់​បទចោទប្រកាន់​ក្នុងសំណុំ​​បទល្មើស​ពុករលួយ ១ ៣០០ ករណី៕​​​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ