អានតួអត្ថបទ
វៀតណាម-បក្សកុម្មុយនិស្ត

បក្សកុម្មុយនិស្ត​វៀតណាម​ខ្លាច​ថា ការចាប់ដៃធ្វើជំនួញ​ជាមួយ​បរទេស​អាចគំរាមកំហែង​ដល់​សន្តិសុខ​ជាតិ

ជាប្រទេសលូតលាស់លឿនជាងគេ​នៅ​អាស៊ីអាគ្នេយ៍ វៀតណាម​បានក្លាយជា​គោលដៅទាក់ទាញ​របស់​ប្រទេស​លោកខាងលិច ជាពិសេស​អាមេរិក ដែលចង់ឆ្លៀតបង្កើន​ចំណងពាណិជ្ជកម្ម​ដើម្បីផ្ចាញ់ផ្ចាលចិន។ ជាផ្លូវការ វៀតណាមបើកចំហ ​ស្វាគម​ការវិនិយោគរបស់​ក្រុមហ៊ុន​បរទេស ប៉ុន្តែ នៅពីក្រោយវាំងនន ថ្នាក់ដឹកនាំ​បក្សកុម្មុយនិស្ត​វៀតណាម​បាន​ចេញសេចក្តី​ណែនាំ សម្ងាត់មួយ ដែលនៅក្នុងនោះ មន្រ្តី​បក្ស​គ្រប់​ជាន់​ថ្នាក់​មានភារកិច្ច​តាមដាន​រាល់គម្រោងការវិនិយោគ ការសហការ​ជាមួយបរទេស ណា​ដែលគ្រោះថ្នាក់​ដល់​សន្តិសុខជាតិ។ នេះបើតាមការចុះផ្សាយ​កាលពីថ្ងៃ​សុក្រ​ ទី​១មីនា របាយការណ៍របស់​អង្គការ​ការពារសិទ្ធិប្រជាជនវៀតណាមThe 88 Project។​

Vietnamese General Secretary of the Communist Party Nguyen Phu Trong addresses the media during a press briefing after a meeting with US President Joe Biden at the headquarter of CPV Central Committee
អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម ង្វៀន ភូជុង នៅក្នុងសន្និសីទកាសែត​ក្រោយជំនួបទ្វេភាគីជាមួយប្រធានាធិបតីអាមេរិក លោក​ចូបៃដិន នៅខែ កញ្ញាឆ្នាំ​២០២៣ AP - Luong Thai Linh
ផ្សាយពាណិជ្ជកម្ម

ជា​ប្រទេស​អាស៊ី​ដែលមាន​សេដ្ឋកិច្ច​រីកលូតលាស់លឿន​ដោយសារ​ឧស្សាហកម្ម​ផលិតទំនិញ​តម្លៃថោក វៀតណាម​ដៅចង់​បាន​បច្ចេកវិទ្យា​ឈានមុខ​បន្ថែមទៀត តាមរយៈ​ការបើកទ្វារ​ស្វាគម​ក្រុមហ៊ុន​វិនិយោគ​ពី​បរទេស។ ដើម្បីជំរុញ​សេដ្ឋកិច្ច​ឲ្យដើរលឿនទៅមុខ វៀតណាម​មិនរារែក​ផ្លាស់ប្តូរ​នយោបាយ ដោយ​ងាក​នឹង​ចាប់ដៃ​ជាមួយ​អាមេរិក​ដែលធ្លាប់​ជា​សត្រូវស៊ីសាច់ហុតឈាមគ្នា កាលពីអតីតកាល។ ជាក់ស្តែង នៅក្នុង​អំឡុង​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់​ប្រធានាធិបតីអាមេរិក កាលពី​ខែកញ្ញា ឆ្នាំមុន វៀតណាម​បាន​ដំឡើង​ចំណាត់ថ្នាក់​ទំនាក់ទំនង​ជាមួយ​អាមេរិក​ដល់​កម្រិត​មួយខ្ពស់បំផុត ស្មើ​នឹង​រុស្ស៊ី​និងចិន ដែល​ជា​ប្រទេស​កុម្មុយនិស្ត ដូច​វៀតណាម។

ជាមួយការចុះកិច្ចព្រមព្រៀង​ដោះដូរពាណិជ្ជកម្ម​សេរី​ជាមួយអាមេរិក អឺរ៉ុប វៀតណាម​សង្ឃឹម​ក្លាយជា​ប្រទេស​អភិវឌ្ឍ មានប្រាក់ចំណូលខ្ពស់ នៅ​ឆ្នាំ ២០៤៥។ នៅសំបកក្រៅ វៀតណាម​បាន​បង្ហាញ​ការផ្លាស់ប្តូរ ការបន្ទន់ជំហរ​របស់ខ្លួន​ដើម្បី​ទាក់ទាញ​អ្នកវិនិយោគ។ ឧទាហរណ៍ នៅ​ឆ្នាំ ២០២០ វៀតណាម​បាន​ចុះកិច្ចព្រមព្រៀង​ជាមួយ​សហភាពអឺរ៉ុប ដែលនៅក្នុងនោះ មានចងភ្ជាប់​ដោយ​ការគោរពសិទ្ធិមនុស្ស និង​ច្បាប់ការងារ។ ប៉ុន្តែ នៅ​ផ្ទៃក្នុង ស៊ីជម្រៅ បក្ស​កុម្មុយនិស្ត​វៀតណាម​នៅ​តែ​រក្សា​ដង្កៀប​ដែក ដ៏រឹងមាំ​ដើម្បីរក្សា​អំណាច តាមដាន​រាល់​ការបញ្ចេញមតិនយោបាយ នៅ​វៀតណាម។

ជាក់ស្តែង នៅ​ខែ​កក្កដា ឆ្នាំ ២០២៣ ពោល គឺ​នៅតែ ២ខែ មុនទស្សនកិច្ច​របស់​ប្រធានាធិបតីអាមេរិក នៅ​ហាណូយ ថ្នាក់ដឹកនាំ​របស់​ការិយាល័យ​នយោបាយ​របស់​មជ្ឈឹមបក្ស​កុម្មុយនិស្ត​វៀតណាម​បាន​ចេញ​ការណែនាំ​សម្ងាត់មួយ ដែល​នៅ​ក្នុង​នោះ មាន​បទបញ្ជា​ចំនួន​៩ ដែល​ថ្នាក់ដឹកនាំបក្ស និង​រដ្ឋាភិបាល​ត្រូវ​អនុវត្ត​យ៉ាង​ជាប់លាប់។ នេះបើតាម​របាយការណ៍​របស់​អង្គការ​ការពារសិទ្ធិមនុស្ស​វៀតណាម The 88 Project។

យោងតាម​អង្គការ​ការពារ​សិទ្ធិមនុស្ស​ដែលមានទីស្នាក់ការ​នៅទីក្រុង​ឈីកាហ្គោ សហរដ្ឋអាមេរិក នៅក្នុង​ការណែនាំរបស់​ខ្លួន ដែលមាន​ឈ្មោះ ថា Directive 24 បក្ស​កុម្មុយនិស្ត​វៀតណាម​បាន​ព្រមាន​ពី​គ្រោះថ្នាក់​ដល់​សន្តិសុខ​ជាតិ បង្ក​ឡើង​ដោយ​កម្លាំងពី​ខាងក្រៅ តាមរយៈ​ចំណង​ពាណិជ្ជកម្ម។ តាមការយល់ឃើញ​របស់​​ថ្នាក់ដឹកនាំ​បក្សកុម្មុយនិស្ត​វៀតណាម ការដោះដូរ​ពាណិជ្ជកម្ម​អន្តរជាតិ​នឹងបើកផ្លូវ​ឲ្យ​ក្រុមប្រឆាំង​វៀតណាម​មាន​ឱកាស​ទៅបំផ្លាញ​នយោបាយ​ផ្ទៃក្នុង​វៀតណាម តាមរយៈ​ការបង្កើត​សង្គមស៊ីវិល បណ្តាញ​សហជីពឯករាជ្យ រហូត​ឈាន​ទៅ​បង្កើត​បក្សប្រឆាំង​ក្នុងស្រុក។ ជារួម នៅក្នុង​ការណែនាំ​របស់​បក្ស​កុម្មុយនិស្ត​វៀតណាម អាជ្ញាធរត្រូវ​បញ្ជាឲ្យ​តាមដាន​ ទប់ស្កាត់​រាល់​ការវិនិយោគ ការសហការអន្តរជាតិ ទាំងឡាយណា ដែលអាច​ជា​ការប្រើ​ឥទ្ធិពល ដូចជា​តាមផ្លូវ​សេដ្ឋកិច្ច សកម្មភាព​វប្បធម៌ ឬ​សង្គម ដែល​អាច​ប៉ះពាល់ គ្រោះថ្នាក់​ដល់​សន្តិសុខ​ជាតិ​វៀតណាម។

នៅក្នុង​ការណែនាំ​Directive 24 អាជ្ញាធរ​វៀតណាម​ត្រូវ​គ្រប់គ្រង​តាមដាន​ដំណើរ​របស់​ប្រជាជន​វៀតណាម​ទៅ​បរទេស និង​ត្រូវ​អនុវត្ត​ដ៏​តឹងរ៉ឹង ច្បាប់​ស្តីពី​សន្តិសុខ​ជាតិ នៅពេលនិយាយ​ពី​ការវិនិយោគ​បរទេស និង​វត្តមាន​របស់​អង្គការ​ក្រៅរដ្ឋាភិបាល​នៅទឹកដីវៀតណាម។ តាម​​អង្គការ​ការពារសិទ្ធិ​ប្រជាជន​វៀតណាម សកម្មជន​វៀតណាម ១៧៥នាក់ ត្រូវ​អាជ្ញាធរ​​វៀតណាម​ចាប់ឃុំខ្លួន ដែលនៅក្នុងនោះ មាន​អ្នកការពារ​បរិស្ថាន ៦នាក់កំពុងជាប់ពន្ធនាគារ នៅក្នុង​បទចោទប្រកាន់​ទទួល​ហិរញ្ញវត្ថុ​ពីក្រុមបរទេស​។

សម្រាប់ The 88 Project ​ ការណែនាំ​សម្ងាត់ Directive 24ជា​ឧបករណ៍​នយោបាយ​ដែល​ដ្ឋាភិបាល​កុម្មុយនិស្ត​វៀតណាម​ប្រើ​សម្រាប់​តាមដាន បង្រ្កាប​សកម្មជនការពារ​សិទ្ធិមនុស្ស និង​អង្គការ​សង្គមស៊ីវិល​នៅវៀតណាម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ