អានតួអត្ថបទ
វៀតណាម-ពុករលួយ

សេដ្ឋីនីអចលទ្រព្យវៀតណាមត្រូវតុលាការកាត់ទោសប្រហារជីវិត ក្នុងបទប្រព្រឹត្តអំពើពុករលួយ

បន្ទាប់ពី​បើកសវនាការ​XXLអស់មួយខែ តុលាការ​ក្រុង​ហូជីម៉ិញ នៅថ្ងៃ​ព្រហស្បតិ៍ទី ១១​មេសានេះ​បាន​សម្រេច​កាត់ទោសប្រហារជីវិត​ សេដ្ឋីនី អចលនទ្រព្យវៀតណាម អ្នកស្រី ជឿង មីឡាន នៅក្នុង​បទចោទប្រកាន់គៃបន្លំហិរញ្ញវត្ថុ ដ៏មហាសាល ២៥ពាន់លាន​អឺរ៉ូ។ តាមការវាយតម្លៃ​របស់​គណៈវិនិច្ឆ័យ ដែលដកស្រង់​ចុះផ្សាយ​ដោយកាសែតក្នុងស្រុកវៀតណាម មហាសេដ្ឋីនីដែលជា​ប្រធានក្រុមហ៊ុន​វ៉ាន់ធីញហ្វាត់​បានបន្លំឯកសារ​ដើម្បី​បោកប្រាស់យកលុយពីមនុស្ស​ជាង ៤ម៉ឺននាក់ សេដ្ឋីនី អចលនទ្រព្យ ជឿង មីឡាន​បាន​ប្រព្រឹត្តអំពើពុករលួយសូកប៉ាន់ ដែលជាហេតុផលធ្វើ​ឲ្យប្រជាជន​បាត់បង់ជំនឿ​លើ​ការដឹកនាំ​របស់បក្សកុម្មុយនិស្ត។

ជឿង មីឡាន សេដ្ឋីនីអចលទ្រព្យវៀតណាមត្រូវតុលាការកាត់ទោសប្រហារជីវិតនៅថ្ងៃទី​១១​មេសា ២០២៤
ជឿង មីឡាន សេដ្ឋីនីអចលទ្រព្យវៀតណាមត្រូវតុលាការកាត់ទោសប្រហារជីវិតនៅថ្ងៃទី​១១​មេសា ២០២៤ © Thanh Tung/VnExpress via AP
ផ្សាយពាណិជ្ជកម្ម

​នៅក្នុង​សវនាការ XXL ដែលតុលាការ​ក្រុងហូជីមិញ​បាន​បើក​ក្នុងរយៈពេល​មួយខែមកនេះ ជាមួយ​​​នឹង​កេសឯកសារ ភស្តុតាង​ចំនួន១០៤ ទម្ងន់​៦តោន និង​រដ្ឋអាជ្ញាជាង ១០នាក់  សេដ្ឋីនី អចលនទ្រព្យ ជឿង មីឡាន និង​អ្នកពាក់ព័ន្ធ ផ្សំគំនិត​៨៥នាក់ មិនអាច​គេចវេស​ពីការទទួលខុសត្រូវ​របស់ខ្លួន។

នៅក្នុងសវនាការ​ដែលផ្តោតទៅលើ​រឿងអាស្រូវគៃបន្លំហិរញ្ញវត្ថុដ៏ធំជាងគេមិនធ្លាប់មាននៅក្នុង​ប្រវត្តិវៀតណាម គណៈវិនិច្ឆ័យ​របស់​​តុលាការ​វៀតណាមបាន​សម្រេចនៅថ្ងៃព្រហស្បតិ៍ទី ១១​មេសា ​កាត់ទោសប្រហារជីវិត​ស្រ្តីមហាសេដ្ឋីអចលនទ្រព្យ​ ជឿង មីឡាន ក្នុងបទចោទប្រកាន់​ប្រព្រឹត្តអំពើពុករលួយ រំលោភច្បាប់ធនាគារ និង​​គៃបន្លំហិរញ្ញវត្ថុ ២៥ពាន់លាន​ដុល្លារ។

ការសម្រេច​របស់​គណៈវិនិច្ឆ័យ​ឆ្លើយតបទៅនឹង​ការចង់បានរបស់​រដ្ឋអាជ្ញាវៀតណាម ដែលធ្លាប់​បានទាមទារ កាលពី​ថ្ងៃទី​១៩​មីនា ​ឲ្យគេផ្តន្ទាទោស​ប្រហារជីវិត​លោកស្រី ជឿង មីឡាន ​ដែលនៅតែ​ចចេស ​មិនព្រមទទួលស្គាល់កំហុស និង​បន្តឆ្លើយទម្លាក់កំហុស​លើអ្នកធ្វើការក្រោមបង្គាប់។

នៅក្នុងសវនាការ​ លោកស្រី ជឿង មីឡាន អតីតប្រធានក្រុមហ៊ុន​វ៉ាន់ធីញហ្វាត់ បដិសេធសាជាថ្មី​ម្តងទៀត ​មិន​ទទួល​ស្គាល់​ការចោទប្រកាន់​របស់រដ្ឋអាជ្ញា។ នៅក្នុង​សំដីចុងក្រោយ​របស់​លោកស្រី នៅក្នុងសវនាការ លោកស្រីជឿង មីឡាន​​គ្រាន់តែ​និយាយ​សារភាពថា លោកស្រី​ធ្លាប់​គិត​ចង់​សម្លាប់ខ្លួន នៅពេល​អស់សង្ឃឹមខ្លាំងពេក។ តាម​ការចុះផ្សាយ​របស់​កាសែត​ក្នុងស្រុកវៀតណាម លោកស្រី​បាន​ត្រឹមនិយាយ នៅចំពោះមុខ​អង្គវិនិច្ឆ័យ ​ថា លោកស្រីខឹងខ្លាំង ដែល​ល្ងង់ឆោត ចូលខ្លួនទៅពាក់ព័ន្ធ​នឹង​វិស័យធនាគារ ដែលតាមពិតលោកស្រី​មានចំណេះដឹង ស្គាល់តិចតួច។

ធ្លាប់ជា​អ្នកលក់ដូរ​តាមផ្លូវ ដូចជា​លក់គ្រឿងម្សៅជាមួយម្តាយ នៅទីក្រុង​ហូជីម៉ិញ លោកស្រី ជឿង មីឡាន​ចាប់ផ្តើម​មានបានជាមួយការ​ទិញលក់ដី និង​អចលទ្រព្យ នៅក្នុងសម័យ​ដែល​បក្សកុម្មុយនិស្តវៀតណាម​ធ្វើកំណែទម្រង់សេដ្ឋកិច្ច​ក្នុងទសវត្សរ៍​ឆ្នាំ ១៩៨៦​។ នៅ​ឆ្នាំ ១៩៩០ លោកស្រី​បានក្លាយជា​មហាសេដ្ឋីនី ម្ចាស់​ភោជនីយដ្ឋាន សណា្ឋគារ​ជាច្រើនកន្លែង​នៅក្នុងប្រទេស​វៀតណាម។

ប៉ុន្តែ នៅ​ខែ​តុលា ឆ្នាំ ២០២៣ លោកស្រី​ត្រូវ​ប៉ូលិសវៀតណាមចាប់ខ្លួន នៅក្នុងបទចោទប្រកាន់​គៃបន្លំលុយ ជាង​១១ពាន់លាន​ដុល្លារ​ ដើម្បីយកទៅ​ប្រើក្នុង​ជីវិតរស់នៅដ៏​ហ៊ឺ​ហារបស់​ខ្លួន និងដើម្បី​ចិញ្ចឹមមន្រ្តីពុករលួយ។

ទោះវៀតណាមត្រូវ​គេ​ទទួលស្គាល់​ថា ជាប្រទេស​រីកចម្រើនឆាប់រហ័ស​ដោយសារ​វិស័យ​វាយនភណ្ឌ និងរោងចក្រផ្គត់ផ្គង់ទៅប្រទេស​ចិន ប៉ុន្តែ ប្រជាជនវៀតណាម​មួយភាគធំ​ ចាប់មានទ្រព្យសម្បត្តិ ដោយមកពីមានការទិញដូរដីធ្លី និង​អចលនទ្រព្យ។ ជាផ្លូវការ ដីធ្លីភាគច្រើនជាកម្មសិទ្ធិ​របស់​រដ្ឋ។ ប៉ុន្តែ អ្នកជំនួញថ្មី​តែង​ទទួលបានសិទ្ធិចូលគ្រប់គ្រង​ដីរដ្ឋ ដោយសារ​ពួកគេ​មានទំនាក់ទំនង​ជាមួយ​មន្រ្តីក្នុងរដ្ឋាភិបាល។ អំពើពុករលួយ​បាន​រីករាលដាល​សឹងក្លាយជា​ជំងឺរាតត្បាត។

 នៅក្នុង​សេចក្តីសម្រេច​របស់ខ្លួន គណៈវិនិច្ឆ័យ​វៀតណាម​វាយតម្លៃថា ការប្រព្រឹត្តអំពើពុករលួយ និងការគៃបន្លំហិរញ្ញវត្ថុ ដោយរំលោភច្បាប់ធនាគារ​ របស់​លោកស្រីជឿង មីឡាន​​បានធ្វើ​ឲ្យមនុស្សជាច្រើននាក់​រងគ្រោះ និងបានទៅបំផ្លាញការជឿទុកចិត្ត​របស់​ប្រជាជន​វៀតណាម​លើ​ការដឹកនាំរបស់​បក្សកុម្មុយនិស្តវៀតណាម។

នៅ​វៀតណាម ទោសប្រហារជីវិត​តែងអនុវត្ត​សម្រាប់​ទោសឧក្រិដ្ឋកម្ម​ជួញដូរគ្រឿងញៀន ប៉ុន្តែ កម្រ​នឹង​មាន​សម្រាប់​ទោសឧក្រិដ្ឋកម្ម​សេដ្ឋកិច្ច។ ការសម្រេច​របស់​​តុលាការ​កាត់ទោស​ប្រហារជីវិត សេដ្ឋីនី​អចលនទ្រព្យ​លើកនេះ​សបញ្ជាក់ថា រដ្ឋាភិបាល​ក្រោម​ការដឹកនាំ​របស់​បក្ស​កុម្មុយនិស្ត​វៀតណាម​មិន​យោគយល់ អត់ឱន​ឲ្យអ្នកជាប់ពាក់ព័ន្ធ​ឃុបឃិត រួមផ្សំគំនិត​ក្នុងសំណុំរឿង​ពុករលួយ។ អគ្គលេខាបក្ស​កុម្មុយនិស្ត​វៀតណាម លោក​ ង្វៀន ភូជុង​ធ្លាប់និយាយ​ថា កំហឹងរបស់​ប្រជាជន​ដោយសារ​តែអំពើពុករលួយ អាច​គំរាមកំហែង​អំណាចដឹកនាំ​របស់បក្សកុម្មុយនិស្តវៀតណាម។ យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ ដែលលោក​ង្វៀន ភូជុង​ចាប់ផ្តើម​តាំងពី​ឆ្នាំ ២០១៦ បានធ្វើ​ឲ្យ​ប្រធានាធិបតីពីររូប និង​ឧបនាយករដ្ឋមន្រ្តី ២រូប លាចេញពីមុខតំណែង ចំណែក មន្រ្តី​រាប់ពាន់នាក់ ត្រូវ​ចាប់ដាក់ពន្ធនាគារ ឬត្រូវបញ្ជូន​ទៅសាលាលត់ដំ។ សេដ្ឋីនី អចលនទ្រព្យ ជឿង មីឡានគ្រាន់តែ​ជា​​អ្នកជំនួញធំម្នាក់ទៀត ដែលជាប់ក្នុងសំណាញ់បោសសម្អាត​អំពើពុករលួយ​របស់​បក្ស​កុម្មុយនិស្តវៀតណាម។​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ