កូរ៉េខាងជើងធ្វើសមយុទ្ធផ្តោតទៅលើការប្រើប្រាស់អាវុធនុយក្លេអ៊ែរ
កូរ៉េខាងជើងធ្វើសមយុទ្ធបាញ់គ្រាប់រ៉ូក្កែតដើម្បីត្រៀមលក្ខណៈ ទប់ទល់នឹងការវាយប្រហារនុយក្លេអ៊ែរ។ តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA នៅក្នុងសមយុទ្ធ កាលពីថ្ងៃចន្ទទី២២ មេសា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុនបានតាមដានមើលការធ្វើតេស្តសាកល្បងគ្រាប់រ៉ូក្កែត ដែលមានសមត្ថភាពពាំនាំក្បាលគ្រាប់នុយក្លេអ៊ែរទៅវាយប្រហារទីតាំងរបស់សត្រូវ។ នេះជាលើកទី១ ដែលកូរ៉េខាងជើងធ្វើតេស្តសាកល្បងប្រព័ន្ធបញ្ជា បាញ់គ្រាប់មីស៊ីល គ្រាប់រ៉ូក្កែតដែលអាចផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ។ សម្រាប់ព្យុងយ៉ាង សមយុទ្ធកាលពីថ្ងៃចន្ទ ឆ្លើយតបទៅនឹងទង្វើញុះញង់ គំរាមកំហែងរបស់អាមេរិក និងកូរ៉េខាងត្បូងដែលកំពុងរៀបចំសមយុទ្ធកងទ័ពអាកាស នៅក្បែរទឹកដីកូរ៉េខាងជើងរហូតដល់ថ្ងៃសុក្រចុងសប្តាហ៍នេះ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០៤:២៤
ឆ្លើយតបទៅនឹងសមយុទ្ធជើងអាកាសរបស់អាមេរិក និងកូរ៉េខាងត្បូងដែលត្រូវប្រព្រឹត្តទៅរហូតដល់ថ្ងៃសុក្រទី ២៦មេសា កូរ៉េខាងជើង កាលពីថ្ងៃចន្ទទី ២២មេសា បញ្ចេញសាច់ដុំយោធារបស់ខ្លួនដែរ ដោយធ្វើតេស្តសាកល្បងជាលើកទី១ ប្រព័ន្ធបាញ់គ្រាប់រ៉ូក្កែត និងមីស៊ីល ដែលមានសមត្ថភាពពាំនាំក្បាលគ្រាប់នុយក្លេអ៊ែរ។
យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានផ្លូវរដ្ឋកូរ៉េខាងជើង KCNA មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន បានតាមដានដោយផ្ទាល់ សមយុទ្ធផ្តោតទៅលើការប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ បើតាមទីភ្នាក់ងារ KCNA សមយុទ្ធកាលពីថ្ងៃចន្ទ ជាឱកាសសាកល្បងជាលើកទី១ ប្រព័ន្ធគ្រប់គ្រង ប្រើប្រាស់អាវុធនុយក្លេអ៊ែរ។ ការធ្វើតេស្តសាកល្បងកាលពីថ្ងៃចន្ទ អនុញ្ញាតឲ្យគេអាចដឹងពីភាពគួរឲ្យជឿជាក់នៃប្រព័ន្ធបញ្ជា គ្រប់គ្រង ត្រួតពិនិត្យ និងប្រតិបត្តិការជាទូទៅរបស់កងកម្លាំងទទួលបន្ទុកអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង។ ការធ្វើតេស្តសាកល្បងក៏ជាការធានាបញ្ជាក់ដែរថា ប្រព័ន្ធជើងទ្របាញ់គ្រាប់រ៉ូក្កែតកូរ៉េខាងជើង អាចមានសមត្ថភាពផ្លាស់ប្តូរតួនាទីទៅជាអ្នកចាំទប់ទល់នឹងការវាយប្រហារនុយក្លេអ៊ែរពីសត្រូវខាងក្រៅ។
បើតាមKCNA មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុនពេញចិត្តជាខ្លាំង និងចាត់ទុកប្រព័ន្ធបាញ់គ្រាប់រ៉ូក្កែតរបស់កូរ៉េខាងជើងជាកាំភ្លើងSniper បាញ់ឥតខុសគោលដៅ។ ស្រង់សំដីដោយទីភ្នាក់ងារKCNA ដដែល លោកគីម ជុងអ៊ុននិយាយថា សមយុទ្ធនៅថ្ងៃចន្ទ សំខាន់ណាស់សម្រាប់ត្រៀមរៀបចំកម្លាំងប្រយុទ្ធនុយក្លេអ៊ែរ ដើម្បីឲ្យពួកគេអាចប្រតិកម្មរហ័ស និងជាក់ច្បាស់នៅក្នុងបេសកកម្មប្រយុទ្ធប្រឆាំងនឹងសង្រ្គាម។
នៅក្នុងការចុះផ្សាយកាលពីថ្ងៃអង្គារទី ២៣មេសានេះ ទីភ្នាក់ងារព័ត៌មានផ្លូវរដ្ឋKCNAបង្ហាញរូបភាពដែលនៅក្នុងនោះគ្រាប់រ៉ូក្កែតយ៉ាង៤បាញ់ចេញពីជើងទ្រ ក្រោមការតាមដានរបស់មេដឹកនាំកូរ៉ខាងជើង។ បើតាមKCNA គ្រាប់រ៉ូក្កែតបានហោះក្នុងចម្ងាយ ៣៥២គីឡូម៉ែត្រ មុននឹងទៅធ្លាក់ទៅលើគោលដៅនៅលើកោះមួយក្នុងសមុទ្រជប៉ុន។ សេនាធិការកងទ័ពកូរ៉េខាងត្បូងវិញអះអាងថា នៅថ្ងៃចន្ទ គ្រាប់រ៉ូក្កែតហោះចម្ងាយ៣០០គីឡូម៉ែត្រមុនធ្លាក់ក្នុងទឹកសមុទ្រចន្លោះឧបទ្វីបកូរ៉េ និងប្រទេសជប៉ុន។ គេវាយតម្លៃថា រយៈចម្ងាយនេះអាចឲ្យគេប៉ាន់ស្មានថា គ្រាប់រ៉ូក្កែតរបស់កូរ៉េខាងជើងអាចវាយប្រហារទីតាំងមួយចំនួនរបស់កូរ៉េខាងត្បូង។
ចំពោះកូរ៉េខាងជើង សមយុទ្ធស្តែងពីការប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ឆ្លើយតបនឹងសមយុទ្ធជើងអាកាសរបស់អាមេរិក និងកូរ៉េខាងត្បូង ដែលព្យុងយ៉ាងចាត់ទុកជាទង្វើញុះញង់ គំរាមកំហែង និងមានគោលដៅប្រឆាំងកូរ៉េខាងជើងដោយចេញមុខ។
សម្ព័ន្ធមិត្តកូរ៉េខាងត្បូង និងអាមេរិកអះអាងថា សមយុទ្ធប្រចាំឆ្នាំ ពីថ្ងៃទី ១២ដល់ថ្ងៃទី២៦មេសាមានគោលដៅបញ្ជាក់ប្រសិទ្ធិភាពសព្វាវុធផ្លូវអាកាស និងពង្រឹងសមត្ថភាពប្រយុទ្ធការពារ វាយបក និងយកឈ្នះលើសត្រូវ។ បើតាមការវាយតម្លៃរបស់លោក Han Kwon-heeអ្នកជំនាញកូរ៉េខាងត្បូងមកពីសមាគមសិក្សាឧស្សាហកម្មយោធា ការធ្វើតេស្តសាកល្បងប្រព័ន្ធបាញ់គ្រាប់រ៉ូក្កែតជាលំហាត់សឹកមួយទៀតរបស់កូរ៉េខាងជើងនៅក្នុងសេណារីយ៉ូ ដែលនៅក្នុងនោះរបបព្យុងយ៉ាងចាត់វិធានការវាយបកនឹងការវាយប្រហារផ្លូវអាកាសរបស់អាមេរិក និងកូរ៉េខាងត្បូង។
អ្នកនាំពាក្យរបស់សេនាធិការកងទ័ពកូរ៉េខាងត្បូង លោក Lee Sung Joon វិញ អះអាងថា កូរ៉េខាងជើងយកលេសធ្វើសមយុទ្ធដើម្បីតេស្តសាកល្បងប្រព័ន្ធបាញ់គ្រាប់រ៉ូក្កែត ដែលតាមពិតកូរ៉េខាងជើងត្រូវលក់ទៅឲ្យរុស្ស៊ីធ្វើសង្រ្គាមនៅអ៊ុយក្រែន។ នៅប៉ុន្មានខែមកនេះ កូរ៉េខាងជើងបង្កើនការសាកល្បងអាវុធ នោះបើទោះបីជាភាពតានតឹងការទូតរវាងកូរ៉េខាងជើងនិងអាមេរិក នៅជាប់ទ្រឹង មិនធ្លាក់ធ្ងន់ធ្ងរ ហើយក៏មិនប្រសើរឡើង។ បើតាមអ្នកវិភាគ ការធ្វើតេស្តសាកល្បងគ្រាប់មីស៊ីល អនុញ្ញាតឲ្យកូរ៉េខាងជើងសម្រិតសម្រាំងសព្វាវុធដែលលក់ទៅឲ្យរុស្ស៊ី និងម្យ៉ាងដើម្បីបង្កើនទំងន់របស់ខ្លួន នៅក្នុងការចរចាជាមួយអាមេរិក។ ដោយបង្ហាញសាច់ដុំអាវុធ មីស៊ីលរបស់ខ្លួនកាន់តែទំនើបៗ ព្យុងយ៉ាងចង់ដាក់សម្ពាធលើអាមេរិកឲ្យទទួលស្គាល់ខ្លួនជាមហាអំណាចនុយក្លេអ៊ែរ និងត្រូវធ្វើសម្បទាននៅក្នុងការចរចាសេដ្ឋកិច្ច សន្តិសុខជាមួយកូរ៉េខាងជើង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ