អានតួអត្ថបទ
អាស៊ី-អាកាសធាតុ

អាស៊ីជាតំបន់ដែលរងគ្រោះធ្ងន់ជាងគេ​ ដោយ​បម្រែបម្រួលអាកាសធាតុ (របាយការណ៍ អ.ស.ប.)

កាលពីថ្ងៃអង្គារទី​២២មេសា២០២៤ អង្គការសហប្រជាជាតិ​ បានចេញរបាយការណ៍ថ្មីមួយ ស្តីពីស្ថានភាពអាកាសធាតុ​នៅតំបន់ទ្វីបអាស៊ីក្នុងឆ្នាំ​២០២៣។ យោងតាមរបាយការណ៍​នេះ ទ្វីបអាស៊ីគឺជាអ្នករងគ្រោះធ្ងន់ធ្ងរ​ជាងគេបំផុត ដោយសារ​​តែ​​​បម្រែ​​​បម្រួល​​អាកាសធាតុ ដែល​​បាន​បង្កគ្រោះមហន្តរាយធម្មជាតិ កាន់តែញឹកញាប់និងកាន់តែកាចសាហាវ​ ហើយដែលបានជះឥទ្ធិពល​អាក្រក់ទៅលើសង្គម សេដ្ឋកិច្ច សុខភាព​ និងអាយុជីវិតមនុស្ស​។

ព្យុះទឹក​ភ្លៀងបង្កជាទឹកជំនន់ នៅខេត្ត​ក្វាងទុង​ប្រទេសចិន ថ្ងៃទី ២២មេសា ២០២៤
ព្យុះទឹក​ភ្លៀងបង្កជាទឹកជំនន់ នៅខេត្ត​ក្វាងទុង​ប្រទេសចិន ថ្ងៃទី ២២មេសា ២០២៤ via REUTERS - VIDEO OBTAINED BY REUTERS
ផ្សាយពាណិជ្ជកម្ម

ឆ្នាំ២០២៣ គឺជាឆ្នាំ​ដែល​មានសីតុណ្ហភាពក្តៅបំផុត​ មិនធ្លាប់មានពីមុនមក នៅទូទាំងពិភពលោក​។ តែ​គឺ​​បណ្តាប្រទេសនៅទ្វីបអាស៊ី គឺជាអ្នក​រងគ្រោះធ្ងន់ធ្ងរជាងគេ ដោយសារ​ការប្រែប្រួលអាកាសធាតុ។ នេះបើផ្អែកតាមរបាយការណ៍​ថ្មី​មួយ ធ្វើឡើងដោយ​អ្នកជំនាញ​នៃ​អង្គការ​ឧតុនិយមពិភពលោក​ ​OMM។ ល្បឿននៃការប្រែប្រួលយ៉ាងលឿនរហ័សនេះ បានបង្កឲ្យ​ទ្វីបអាស៊ី ត្រូវឆ្លងកាត់នឹងលក្ខខណ្ឌឧតុនិយមយ៉ាងលំបាកបំផុត។

លោកស្រី Celeste Saulo អគ្គនាយកអង្គការឧតុនិយមពិភពលោក បាន​លើកឡើងថា បម្រែបម្រួលអាកាសធាតុ ធ្វើឲ្យ​គ្រោះមហន្តរាយធម្មជាតិ មានលក្ខណៈ​កាន់តែធ្ងន់ធ្ងរកាចសាហាវ និងកើតឡើងកាន់តែញឹកញាប់ តួយ៉ាងដូចជា​គ្រោះរាំងស្ងួត រលកកំដៅក្តៅហួតហែងខ្លាំង​ ខ្យល់ព្យុះ ភ្លៀងធ្លាក់យ៉ាងគំហុកបង្កជាទឹកជំនន់ ជាដើម។ល។ លើ​ស​ពី​​បាន​ផ្តាច់ជីវិតមនុស្ស ​លក្ខខណ្ឌឧតុនិយម​ដ៏​កាចសាហាវទាំងនេះ បានជះឥទ្ធិពល​អាក្រក់​ក្រៃលែង ទៅលើសុខភាព​ផ្លូវ​ចិត្តរបស់​មនុស្ស ទៅ​លើ​សង្គមជាទូទៅ និងធ្វើឲ្យខាតបង់សេដ្ឋកិច្ច​។

អង្គការ​ឧតុនិយម​ពិភពលោក​បាន​លើកឡើងថា​ ការសន្និដ្ឋាន​នៃរបាយការណ៍​ បាន​ដាស់ឲ្យយើងគ្រប់គ្នាត្រូវតែភ្ញាក់ហើយពិចារណា​រកដំណោះស្រាយ​។ ទ្វីបអាស៊ី ជាតំបន់ដែល​សីតុណ្ហភាព​កើនឡើងលឿនជាងតំបន់ផ្សេងៗទៀតនៃភពផែនដី។ ជាក់ស្តែង ឆ្នាំ​២០២៣កន្លងទៅ សីតុណ្ហភាពនៅតំបន់អាស៊ីបាន​ឡើងលើស​ចំនួន​ ២°c ជាមធ្យម បើប្រៀបធៀបទៅ​សីតុណ្ហភាពមធ្យមរវាង​ពីឆ្នាំ​១៩៦១ ដល់​១៩៩០។ សីតុណ្ហភាព​ផ្នែកខាងលើនៃផ្ទៃទឹកសមុទ្រ​ ផ្នែកពាយ័ព្យមហាសមុទ្រប៉ាស៊ីហ្វិកវិញ​ គឺបាន​កើនកំដៅ​ខ្លាំងបំផុត​ ​ក្នុងឆ្នាំ​២០២៣។

យុវជនដើរកាត់បាតទន្លេគង្គារ ដែលរីងស្ងួតដោយ​កន្លែង​​
យុវជនដើរកាត់បាតទន្លេគង្គារ ដែលរីងស្ងួតដោយ​កន្លែង​​ AFP - SANJAY KANOJIA

យោងតាម​របាយការណ៍ ឆ្នាំ​២០២៣ សីតុណ្ហភាពមធ្យមក្តៅបំផុត ត្រូវបានគេស្រង់បាន​នៅ​តំបន់ស៊ីបេរីខាងលិច តំបន់អាស៊ីកណ្តាល នៅខាងកើតប្រទេសចិន និង​នៅជប៉ុនជាដើម​។ រដូវក្តៅ​ឆ្នាំ​មុន ជារដូវក្តៅខ្លាំងបំផុត​ ​ដែល​ជប៉ុនមិនដែលធ្លាប់ជួបទេក្នុងប្រវត្តិសាស្ត្រ​។ នៅតំបន់​ជួរភ្នំហិមាល័យ​ កម្រិតទឹកភ្លៀងវិញ មានទាបជាង​ធម្មតា​ ស្របពេលដែល​ នៅ​ភាគនិរតីចិន មានគ្រោះរាំងស្ងួតដ៏ធ្ងន់ធ្ងរ​។​

ជាងនេះទៀត សីតុណ្ហភាព​ផែនដី​ដែល​កើនឡើងកាន់តែខ្លាំង ធ្វើ​ឲ្យ​ផ្ទាំងទឹកកកនៅលើ​ជួរភ្នំ​ហិមាល័យបានរលាយ​យ៉ាងឆាប់រហ័ស។ ក្នុងចំណោម​ផ្ទាំងទឹកកកចំនួន​២២ នៅលើភ្នំហិមាល័យដែលគេតាមដានជាប្រចាំ គឺមាន​ចំនួន​២០ ដែលបាន​រលាយបាត់​បង់​កម្រាស់និង​ទំហំជាប់ជាប្រចាំ​ កាលពីឆ្នាំមុន​។ កត្តានេះ​អាច​បង្ក​ហានិភ័យធំទៅថ្ងៃមុខ ទាក់ទិននឹងសន្តិសុខ​ធនធានទឹក​ នៅតាមបណ្តាប្រទេសអាស៊ី​មួយចំនួន បន្ថែមពីបញ្ហា​ទឹកសមុទ្រឡើងកំពស់​​។

អ្នកជំនាញ​បាន​ប្រមូលទិន្នថា ក្នុងឆ្នាំ​២០២៣ គ្រោះមហន្តរាយ​ធម្មជាតិ​ចំនួន​៧៩លើក បានកើតឡើងនៅអាស៊ី ដោយសារ តែភាពប្រែប្រួល​មិនទៀងទាត់ នៃកត្តាវារីឧតុនិយម​។ ក្នុងចំណោម​មហន្តរាយទាំងនេះ គឺមាន​៨០% ជាគ្រោះទឹកជំនន់ និង​ព្យុះទឹកភ្លៀង ដែលបានផ្តាច់ជីវិតមនុស្សយ៉ាងហោច​ជាង​២០០០នាក់នៅអាស៊ី។ ក្រៅពីនេះ មនុស្ស​ចំនួន​៩លាននាក់ បានទទួលរកផលប៉ះពាល់ដោយ​ផ្ទាល់​។ ក្នុងចំណោម​គ្រោះធម្មជាតិទាំងអស់ គឺគ្រោះទឹកជំនន់ជាអ្នក​សម្លាប់ជីវិតមនុស្សច្រើនជាងគេខ្លាំងបំផុត។​

អង្គការ​ឧតុនិយមពិភពលោក​បាន​ផ្តល់អនុសាសន៍ ថាដល់ពេលហើយ ដែល​ទីភ្នាក់ឧតុនិយម​តាមប្រទេសនីមួយៗ​ ត្រូវតែប្រមូលទិន្នន័យ​និង​បញ្ជូន​ព័ត៌មាន​ ផ្សព្វផ្សាយ​ទៅកាន់​ប្រជាជន​ឲ្យ​បានទាន់ពេលវេលា។ លោកស្រីអគ្គនាយកអង្គការនេះ បាន​សង្កត់ធ្ងន់ថា វាជារឿងចាំបាច់​បំផុត​ ដែលត្រូវសម្របផែនការសកម្មភាព​ ឆ្លើយតបទៅនឹងកត្តាជាក់ស្តែងនៃអាកាសធាតុ ហើយត្រូវតែរួមគ្នា កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់ ដែលជាប្រភពធ្វើឲ្យ​ផែនកដី​ឡើងកំដៅ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ