អានតួអត្ថបទ
រុស្ស៊ី-អសន្តិសុខជាតិ

រុស្ស៊ី បង្រួញការប្រារព្ធទិវាជ័យជំនះជាតិ ៩ ឧសភា ក្រោមមូលហេតុអសន្តិសុខក្នុងប្រទេស

ពីរឆ្នាំជាប់គ្នា ដែលរុស្ស៊ី បានសម្រេចកាត់បង្រួញពិធីប្រារព្ធទិវាជ័យជំនះជាតិ ៩ ឧសភា ១៩៤៥ ឲ្យប្រព្រឹត្តទៅ ក្នុងទម្រង់ពុំសូវអធិកអធម ដូចឆ្នាំមុនៗ។ គួរបញ្ជាក់ថា ទិវាជ័យជំនះជាតិនេះ ធ្វើឡើងដើម្បីរំឭកដល់ថ្ងៃ​ ដែលទ័ពរុស្ស៊ី ឈ្នះលើទ័ព ណាហ្ស៊ីរបស់អាល្លឺម៉ង់ ក្នុងអំឡុងសង្គ្រាមលោកទី ២។  សម្រាប់រដ្ឋាភិបាលរុស្ស៊ី ក្រោមការដឹកនាំរបស់លោក ពូទីន ថ្ងៃទី ៩ ឧសភា គឺជានិមិត្តរូបស្នូល នៃស្មារតីស្នេហាជាតិ ដែលវិមានក្រេមឡាំង តែងប្រកាន់ខ្ជាប់ជាគោលនយោបាយដឹកនាំ។ ផ្អែកតាមប្រភពព័តមានផ្លូវការក្នុងស្រុក មូលហេតុ ដែលនាំឲ្យអាជ្ញាធររុស្ស៊ី បង្រួញការប្រារព្ធពិធីដ៏សំខាន់នេះ គឺបណ្តាលមកពី បញ្ហាអសន្តិសុខ ក្នុងប្រទេសរុស្ស៊ី ដែលរងការវាយប្រហារបកវិញ ជាញឹកញាប់ ពីសំណាក់អ៊ុយក្រែន ព្រមទាំងការគំរាមកំហែងភេរវកម្ម ដូចមានករណីការ បាញ់សម្លាប់រង្គាលថ្មីៗ ក្នុង សាលតន្ត្រីមួយ នៅជាយក្រុងម៉ូស្គូ ជាឧទាហរណ៍ស្រាប់។

រុស្ស៊ី បង្រួញការប្រារព្ធទិវាជ័យជំនះជាតិ ៩ ឧសភា ដោយមូលហេតុអសន្តិសុខក្នុងប្រទេស
រុស្ស៊ី បង្រួញការប្រារព្ធទិវាជ័យជំនះជាតិ ៩ ឧសភា ដោយមូលហេតុអសន្តិសុខក្នុងប្រទេស AP - Dmitri Lovetsky
ផ្សាយពាណិជ្ជកម្ម

ក្តីបារម្ភចំពោះសន្តិសុខសាធារណៈ ជាដើមហេតុនាំឲ្យអង្គការ ទទួលបន្ទុករៀបចំក្បួនដង្ហែ ដែលមានឈ្មោះថា  «  កងវរសេនាធំអមតៈ » ​ត្រូវសម្រេចចិត្ត លុបចោលក្បួនដង្ហែនេះ នៅទូទាំងប្រទេសរុស្ស៊ី។ គួរបញ្ជាក់ថា រៀងរាល់ឆ្នាំ ពលរដ្ឋរុស្ស៊ីរាប់ពាន់នាក់  តែងនាំគ្នាដើរដង្ហែ នៅតាមទីក្រុងនានាក្នុងប្រទេស ម្នាក់ៗកាន់ រូបថតសាច់ញាតិខ្លួន ដែលបានចូលរួមច្បាំងក្នុងសង្គ្រាមលោកលើកទី២។  

តែទោះយ៉ាងណា លោក រដ្ឋមន្ត្រីក្រសួងអប់រំរុស្ស៊ី Serguei Kravtsov  បានទម្លាយឲ្យដឹងថា ពិធីរំលឹកខួបជ័យជំនះជាតិនេះ នឹងប្រព្រឹត្តទៅជាធម្មតា នៅតាមសាលារៀន ដោយសិស្សានុសិស្ស ត្រូវធ្វើគារវកិច្ចចំពោះ យុទ្ធជនជើងចាស់ ក្នុងអំឡុងសង្គ្រាមលោកលើកទី២ ព្រមទាំងគោរពចំពោះ បណ្តាយោធា ដែលប្រយុទ្ធនៅ សមរភូមិអ៊ុយក្រែន។ រីឯ ក្បួនព្យុហយាត្រាកងទ័ពលើទីលានក្រហម ក្នុងទីក្រុងម៉ូស្គូ នឹងប្រព្រឹត្តទៅដូចសព្វមួយដងដែរ ពោលគឺគ្មានការផ្លាស់ប្តូរទេ។ តែ នៅតាមទីក្រុងរុស្ស៊ីផ្សេងៗទៀត គេបានសម្រេចលុបចោល ក្បួនព្យុហយាត្រា ដែលគេតែងរៀបចំធ្វើ នៅឆ្នាំមុនៗ។

ការវាយប្រហារបកវិញមកលើប្រទេសរុស្ស៊ី ដោយកងទ័ពអ៊ុយក្រែន តាមរយៈយានដ្រូនបំពាក់គ្រាប់ផ្ទុះ នៅប៉ុន្មានខែចុងក្រោយនេះ ព្រមទាំង អំពើឃាតកម្ម និង ការប៉ុនប៉ងធ្វើឃាត លើឥស្សរជនជាច្រើនរូបដែលស្និទ្ធនឹងវិមានក្រេមឡាំង គឺជាកត្តាសំខាន់ពីរ ដែលតម្រូវឲ្យអាជ្ញាធររុស្ស៊ី បង្កើនការប្រុងប្រយ័ត្នខ្ពស់។ ពុំតែប៉ុណ្ណោះ ភេរវកម្ម នៅថ្ងៃទី ២២ មីនា ក្នុងសាលតន្ត្រីមួយ នៅជាយក្រុងម៉ូស្គូ ដែលបានផ្តាច់ជិតមនុស្សជិត ១៥០ នាក់ និង របួសរាប់រយនាក់ គឺជាមូលហេតុសំខាន់មួយទៀត ដែលនាំឲ្យស្ថាប័នសន្តិសុខជាតិរុស្ស៊ី ចាំបាច់ត្រូវ កាត់បន្ថយការជួបជុំគ្នាទ្រង់ទ្រាយធំ នៅតាមទីសាធារណៈ។

គួររំឭកឡើងវិញថា តាំងពីឡើងកាន់អំណាចមក លោក វ៉្លាឌីមៀរ ពូទីន បានប្រែទិវាជ័យជំនះ របស់កងទ័ពសូវៀតក្នុងឆ្នាំ ១៩៤៥ លើប្រទេសអាល្លឺម៉ងណាហ្ស៊ី ឲ្យក្លាយទៅជាសុន្ទរកថាបែប « ស្នេហាជាតិនិយម » បើទោះបីថា ដើម្បីដណ្តើមបានជ័យជំនះខាងលើ មានពលរដ្ឋសូវៀតរហូតដល់ជាង​ ២៥ លាន នាក់ បានពលីជីវិត។ ផ្អែកតាមមតិក្រុមអ្នករិះគន់ លោក ពូទីន យកប្រវត្តិសាស្ត្រ ធ្វើជាលេស ដើម្បីបិទបាំងនយោបាយរបស់គាត់ និង បញ្ជាក់ពីភាពស្របច្បាប់ នៃការក្តោបក្តាប់អំណាចរបស់ខ្លួន។ ក្នុងន័យនេះ លោក ពូទីន តាំងខ្លួនជាអ្នកបន្តមរតកពេញសិទ្ធិ ពីមហាអំណាចសូវៀត ដោយបំភ្លេចចោលស្ទើរទាំងស្រុង នូវរាល់ឧក្រិដ្ឋកម្មនានា ក្នុងសម័យសូវៀត រួមទាំងកតិកាសញ្ញាដែល សហភាពសូវៀត បានចុះជាមួយ ហ៊ីត្លែរ ក្នុងឆ្នាំ ១៩៣៩៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ