អានតួអត្ថបទ
សិង្ហបុរី

បញ្ជូន​​យុវជន​​សិង្ហបុរី​​ម្នាក់​​ទៅ​​តុលាការ​​ ដោយ​សារ​​បង្ហោះ​​វីដេអូ​​បរិហារ​​​លោក​លី ក្វាន់យូ​

នៅ​ថ្ងៃ​អង្គារ​នេះ យុវជន​សិង្ហបុរី​ម្នាក់​នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​តុលាការ ក្រោយ​ពី​យុវជន​នេះ បង្ហោះ​វីដេអូ​រិះគន់​លោក​លី ក្វាន់យូ និង​សាសនា​គ្រីស្ទាន នៅ​លើ​គេហទំព័រ​ Youtube​។ បើ​តាម​សម្ដី​មន្ដ្រី​ប៉ូលីស យុវជន​រូប​នេះ អាច​នឹង​ត្រូវ​ចោទ​ប្រកាន់​ពី​បទ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សាសនា ការ​យាយី​រំខាន និង​ការ​ចរាចរ​មាតិកា​បំផុស​បំផុល​ជ្រុល​និយម​។

ប្រជាជន​សិង្ហបុរី គោរព​ថ្ងៃ​ចុងក្រោយវិញ្ញាណក្ខខន្ធ​លោក​លី ក្វាន់យូ អតីត​នាយករដ្ឋមន្រ្តី​ទីមួយ​របស់​សិង្ហបុរី ដែល​បាន​ទទួល​អនិច្ចកម្ម ក្នុង​ជន្មាយុ​៩១​ឆ្នាំ
ប្រជាជន​សិង្ហបុរី គោរព​ថ្ងៃ​ចុងក្រោយវិញ្ញាណក្ខខន្ធ​លោក​លី ក្វាន់យូ អតីត​នាយករដ្ឋមន្រ្តី​ទីមួយ​របស់​សិង្ហបុរី ដែល​បាន​ទទួល​អនិច្ចកម្ម ក្នុង​ជន្មាយុ​៩១​ឆ្នាំ ©REUTERS/Edgar Su
ផ្សាយពាណិជ្ជកម្ម

យុវជន​សិង្ហបុរី​ម្នាក់​អាយុ​១៦​ឆ្នាំ ឈ្មោះ Amos Yee ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​អាទិត្យ ទី​២៩​​ខែ​មីនា​។  ការ​ចាប់​ខ្លួន​នេះ ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី Amos Yee បង្ហោះ​វីដេអូ​រិះគន់​ស្ថាបនិក​សិង្ហបុរី គឺ​លោក លី ក្វាន់យូ ថា​ជា​មេ​ដឹក​នាំ​ផ្ដាច់ការ​ម្នាក់​ និង​បាន​ផ្ចាញ់ផ្ចាល​ឲ្យ​លោក លី សៀនឡុង ​នាយក​រដ្ឋ​មន្ដ្រី​សិង្ហបុរី​បច្ចុប្បន្ន​ ដែល​ជា​កូន​ប្រុស​ច្បង​លោក លី ក្វាន់យូ ប្ដឹង​ខ្លួន​ទៅ​កាន់​តុលាការ​ថែម​ទៀត​។

 

នៅ​ក្នុង​វីដេអូ​រយៈ​ពេល​ប្រមាណ​៨​នាទីដដែល​នេះ Amos Yee ក៏​បាន​និយាយ​មាក់ងាយ​ដល់​សាសនា​គ្រីស្ទាន​ផង​ដែរ​។ វីដេអូ​​រិះគន់​លោក លី ក្វាន់យូ ដែល Amos Yee បាន​បង្ហោះ​នៅ​លើ​បណ្ដាញ Youtube មាន​អ្នក​ចូល​មើល​ជាង​កន្លះ​លាន​នាក់ ក្នុង​រយៈ​ពេល​តែ​បី​ថ្ងៃ​ប៉ុណ្ណោះ​។ គួរ​ជម្រាប​ថា វីដេអូរបស់ Amos Yee វាយ​ប្រហារ​​លោក លី ក្វាន់យូ បាន​ទទួល​ទាំង​ការ​ចូល​ចិត្ត និង​ការ​បរិហារ​រិះគន់ ហើយ​ក្រោយ​មក​វីដេអូ​នេះ​បាន​ដាក់​ជា​ឯកជន លែង​បើក​ឲ្យ​មើល​ជា​សាធារណៈ​ដូច​មុន​ទៀត​ហើយ​។

 

នៅ​ថ្ងៃ​អង្គារ​នេះ បើ​តាម​មន្ដ្រី​ប៉ូលីស យុវជន​អាយុ​១៦​ឆ្នាំ​ Amos Yee នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​តុលាការ​ ដើម្បី​ធ្វើ​ការ​ចោទ​ប្រកាន់​។ បទ​ចោទ​សំខាន់​ៗ​រួម​មាន ការ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សាសនា ការ​យាយី​រំខាន និង​ការ​ចរាចរ​មាតិកា​បំផុស​បំផុល​ជ្រុល​និយម​។ ក្រោម​ការ​ចោទ​ប្រកាន់​ទាំង​នេះ Amos Yee អាច​នឹង​ត្រូវ​ជាប់​គុក​រហូត​ដល់​ទៅ​៣​ឆ្នាំ និង​ការ​ផាក​ពិន័យ​ថែម​ទៀត​ផង​។

 

គួរ​ជម្រាប​ជូន​ថា រឿង​រ៉ាវ​ក្ដី​ក្ដាំ​នេះ កើត​ឡើង​ភ្លាម​ៗ​បន្ទាប់​ពី​ពិធី​បុណ្យ​សព​ផ្លូវ​រដ្ឋ​របស់​លោក លី ក្វាន់យូ បាន​បញ្ចប់ទៅ​កាល​ពី​ថ្ងៃ​អាទិត្យ ទី២៩​ខែ​មីនា​​។ លោក លី ក្វាន់យូ ត្រូវ​បាន​ប្រជាជន​សិង្ហបុរី និង​ពិភពលោក​ទាំង​មូល​លើក​តម្កើង​ថា ជា​ស្ថាបនិក​នៃ​ភាព​រុងរឿង​របស់​សិង្ហបុរី​។ លោក​បាន​ទទួល​មរណភាព​កាល​ពី​ថ្ងៃ​ទី២៣​ខែ​មីនា ឆ្នាំ​២០១៥​ ក្នុង​ជន្មាយុ​៩១​ឆ្នាំ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ