អានតួអត្ថបទ
សិទ្ធិមនុស្ស

Amnesty International៖ សណ្តាប់​ធ្នាប់​ពិភព​លោក ក្រោយ​សង្គ្រាម​លោកលើកទី២ ស្ទើរតែ​លែងមាន​ហើយ

សណ្តាប់​ធ្នាប់​ពិភពលោក​ ដែលរៀបចំ​ស្ថាបនាក្រោយ​ពី​សង្គ្រាម​លោក​លើក​ទី​២ផុត​រលត់​ទៅ នៅ​ពេល​នេះ ស្ទើរតែ«​លែងមាន»​ទៅហើយ។​ នេះបើតាម​​អង្គការ​​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ ​Amnesty International ក្នុងរបាយការណ៍​ស្តីពី​សិទ្ធិមនុស្ស​ ចេញផ្សាយ​ថ្ងៃពុធ ទី​២៤មេសា​។ ​របាយការណ៍​របស់​អង្គការ​​សិទ្ធិមនុស្សអន្តរជាតិ ក៏​បាន​រិះគន់​ សមាជិក​ក្រុម​ប្រឹក្សា​សន្តិសុខ​នៃ​អង្គ​ការ​​សហ​ប្រជាជាតិ ដូចជា សហរដ្ឋអាមេរិក ​រុស្ស៊ី និង​ចិន​ ដែលបាន​​លូកដៃដោយ​ផ្ទាល់​ឬ​ដោយ​ប្រយោល​ នៅ​​ក្នុង​សង្គ្រាម​ជាច្រើន​ខែមកនេះ​។ ​

លោកស្រី Agnès Callamard ​អគ្គលេខាធិការ​របស់​អង្គការ​​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ ​Amnesty International បញ្ជាក់​ថា ប្រព័ន្ធ​សណ្តាប់​ធ្នាប់​ពិភពលោក​ ដល់​ចំណុច​មួយ​ស្ទើរតែ​លែងមាន​ទៅហើយ។​
លោកស្រី Agnès Callamard ​អគ្គលេខាធិការ​របស់​អង្គការ​​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ ​Amnesty International បញ្ជាក់​ថា ប្រព័ន្ធ​សណ្តាប់​ធ្នាប់​ពិភពលោក​ ដល់​ចំណុច​មួយ​ស្ទើរតែ​លែងមាន​ទៅហើយ។​ AFP
ផ្សាយពាណិជ្ជកម្ម

ការ​រំលោភបំពាន​សិទ្ធិមនុស្ស​ កើត​មា​នយ៉ាង​ធ្ងន់ធ្ងរ​ស្ទើរតែ​គ្រប់​ទ្វី​បទាំងអស់ មិន​ថា​នៅទ្វីប​​អាស៊ី អឺរ៉ុប អាហ្វ្រិក និង​តំបន់​ដើម​បូព៌ា​នោះទេ។ ភ្នក់ភ្លើង​សង្គ្រាម​ជុំទិស​​ ជាក់ស្តែង​ អ៊ីស្រាអែល​និងពួ​ក​ហាម៉ាស​​បង្កាត់​ភ្លើង​សង្គ្រាមនៅ​តំបន់​ហ្កាហ្សា រុស្ស៊ី​បញ្ឆេះ​សង្គ្រាមឈ្លានពាននៅអ៊ុយក្រែន ជម្លោះ​សង្គ្រាម​រ៉ាំរ៉ៃ​​នៅ​ភូមា ​នៅ​សូដង់ នៅ​អេត្យូពី​ ។ល។

ក្រោយ​ពី​បាន​តាមដាន​ជម្លោះ​និងសង្គ្រាម​គ្រប់​ទិសទី យ៉ាង​ដិត​ដល់ ​រយៈពេល​ជាង ​១២ ខែ​ចុងក្រោយ​នេះ លោកស្រី Agnès Callamard ​អគ្គលេខាធិការ​របស់​អង្គការ​​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ ​Amnesty International បញ្ជាក់​ថា ប្រព័ន្ធ​សណ្តាប់​ធ្នាប់​ពិភពលោក​ ដល់​ចំណុច​មួយ​ស្ទើរតែ​លែងមាន​ទៅហើយ។​ សណ្តាប់​ធ្នាប់​ពិភពលោក​ ដែល​បាន​រៀបចំ​ស្ថាបនា​ដោយ​​ពួកប្រទេស​ឈ្នះសង្គ្រាម បន្ទាប់​​ពីការ​ផុត​រលត់​ទៅ​នៃសង្គ្រាម​លោក​លើក​ទី​២ ប៉ុន្តែ​នៅគ្រា​​នេះ ពួក​ទាំងប្រទេស​​នោះ​​កំពុង​តែ​ឈាន់ឈ្លី​សណ្តាប់​ធ្នាប់​ពិភពលោក។​ អង្គការ​​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ ​Amnesty International បាន​អង្អុរ​បង្ហាញថា ជាង​កន្លះ​ឆ្នាំមកនេះ សហរដ្ឋអាមេរិក​ បាន​ការពារ​រដ្ឋអំណាច​អ៊ីស្រាអែល​ ដោយ​បោះឆ្នោត​វេតូ​ជំទាស់​ជាច្រើន​ដង នៅ​ក្រុម​ប្រឹក្សា​សន្តិសុខ ពាក់ព័ន្ធនឹង​សេចក្តី​សម្រេច​ឲ្យ​ធ្វើ​បទ​ឈប់​បាញ់ នៅ​តំបន់​ហ្កាហ្សា។ ការ​លើកដៃ​វេតូ​របស់​អាមេរិក ធ្វើ​អ៊ីស្រាអែល​បាន​ចិត្ត​ប្រព្រឹត្តអំពើ​រំលោភអំពាន​សិទ្ធិមនុស្ស​កាន់តែ​ខ្លាំង នៅ​តំបន់​ហ្កាហ្សា។

មាន​មូលដ្ឋាន​នៅ​ទីក្រុងឡុងដ្រ៍, អង្គការ​​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ ​Amnesty International ក៏បាន​រិះគន់​ ​រុស្ស៊ី និង​ចិន ជា​សមាជិក​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​ ដែល​បានចូលរួម​​រៀបចំ​​ប្រព័ន្ធ​សណ្តាប់​ធ្នាប់​ពិភពលោក​ និងស្ថាប័ន​អន្តរ​ជាតិ ក៏ប៉ុន្តែ​ប្រទេស​មហាអំណាច រុស្ស៊ី​​ បាន​បង្កសង្គ្រាម​នៅអ៊ុយក្រែន ហើយ​ ចិន ​បាន​គាំទ្រ​ដោយ​ផ្ទាល់​ឬដោយ​ប្រយោល ក្នុងការ​បំពាន​សិទ្ធិមនុស្ស​។ កងទ័ពរុស្ស៊ី​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សម្លាប់​មនុស្ស​​នៅ​អ៊ុយក្រែន​ និង​ ធ្វើ​ទារុណកម្មឈ្លើយ​សឹក​អ៊ុយក្រែន​។​

បន្ថែមពីនេះ Amnesty International ក៏​បាន​ថ្កោលទោស​របបក្រុង​ប៉េកាំង​ដែរ។ មហាអំណាចចិន​ បាន​បិទភ្នែក​ធ្វើ​មើលមិនឃើញ​ការ​កាប់​សម្លាប់ ការ​បណ្តេញ​ចេញទាំងបង្ខំ​​​ និង ការ​រំលោភបំពាន​សព្វបែបយ៉ាង​ ទៅលើ​បណ្តា​ក្រុម​ពលរដ្ឋ​ជនជាតិ​ភាគតិច​នៅភូមា ហើយរបប​ក្រុង​ប៉េកាំង​​ខំប្រឹង​ការពារ​កងទ័ព​របប​សឹក​ភូមា​ថែមទៀត ធ្វើ​​ឲ្យ​មាន​សង្គ្រាម​ស៊ីវិល និង​រំលោភច្បាប់​អន្តរជាតិ​។

ករណី​ទាំងអស់​នេះ បង្ហាញឲ្យឃើញច្បាស់ថា សណ្តាប់​ធ្នាប់​ពិភពលោក​ ឈាន​ដល់​ច្រកទ្វារគ្រោះថ្នាក់។​ ​​អង្គការ​​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ ​Amnesty International ជំរុញ​ឲ្យ​សើរើស​មើលឡើង​វិញ ស្ថាប័នអង្គ​ការ​​សហ​ប្រជាជាតិ និង កែប្រែជាបន្ទាន់ រៀបរបបបោះឆ្នោត​វេតូ​ជំទាស់​ របស់​​ក្រុម​ប្រឹក្សា​សន្តិសុខ​ ហើយ​ធ្វើ​យ៉ាងណា​ ដើម្បី​កុំឲ្យ​ប្រើ​សំឡេង​វេតូ​នោះ​ ទៅជំរុញ​ឲ្យ​ស្ថានការណ៍​រំលោភបំពាន​សិទ្ធិមនុស្ស​កាន់តែ​ធ្ងន់ធ្ងរ​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ