អានតួអត្ថបទ
កម្ពុជា-ច្បាប់

បទល្មើស​គ្រឿង​ញៀន៖ កម្ពុជា​ចាប់​ខ្លួន​មេក្លោង​គ្រឿង​ញៀន​ថៃ​ម្នាក់ ខណៈ​ស្លាប់​ជន​សង្ស័យ​ម្នាក់

សមត្ថកិច្ច​ប្រឆាំង​គ្រឿងញៀន​កម្ពុជា ថ្មីៗ​នេះ បង្ក្រាប​បាន មេក្លោង​គ្រឿងញៀន​ជាជនជាតិ​ថៃ​ម្នាក់ មាន​ប្រវត្តិ​ធ្លាប់សម្លាប់​ប៉ូលីស​ថៃ និង​ជា​មុខ​សញ្ញា​ដែល​មាន​ដីកា​ចាប់​ខ្លួន​ជា​ច្រើន​ករណី។ ក្នុង​ចំណោម​ជនជាតិថៃ​៤នាក់ ដែលសមត្ថកិច្ច​កម្ពុជា​ចាប់​បាន​នៅ​ខណ្ឌជ្រោយ​ចង្វារ គឺ​មាន​សមាជិក​របស់​គេ​ម្នាក់ បាន​បាត់បង់​ជីវិត ដោយ​បើ​តាម​សមត្ថកិច្ច មក​ពី​ជន​សង្ស័យ​ធ្វើ​សកម្មភាព​តដៃ​មក​លើក​ម្លាំង​សមត្ថកិច្ច។ 

រូបភាពៈសមត្ថកិច្ចប្រឆាំងគ្រឿងញៀនកម្ពុជា ថ្មីៗ
រូបភាពៈសមត្ថកិច្ចប្រឆាំងគ្រឿងញៀនកម្ពុជា ថ្មីៗ © Internet
ផ្សាយពាណិជ្ជកម្ម

កម្លាំង​ជំនាញ(ក៥)នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៅថ្ងៃទី៣១ សីហា​កន្លង​ទៅ បង្ក្រាប​ករណី​ជួញដូរគ្រឿង​ញៀន​ឆ្លង​ដែន ដោយចាប់​ខ្លួន​ជនជាតិ​ថៃ​ចំនួន​៤នាក់ និង​រឹបអូស​គ្រឿង​ញៀន​ជិត ៤២ គីឡូ​ក្រាម។ ប្រតិបត្តិការ​បង្ក្រាបនេះ ធ្វើឡើង​បន្ទាប់ពី​ការ​ស៊ើបអង្កេត​អស់រយៈ​ពេល​មួយខែ និង​បាន​ឈាន​ទៅ​ចាប់​ជន​សង្ស័យបាន នៅ​ចំណុច ផ្លូវកែវចិន្តា ស្ថិតក្នុងភូមិ៣ សង្កាត់​ជ្រោយ​ចង្វារ ខណ្ឌ​ជ្រោយ​ចង្វារ រាជ​ធានី​ភ្នំពេញ ។

តាម​ការអះអាង​របស់​សមត្ថកិច្ច ក្នុង​ចំណោម​ជន​សង្ស័យ​ទាំង​៤នាក់ ដែល​សមត្ថកិច្ច​បង្ក្រាប​បាន ក្នុងនោះ មាន​មេក្លោង​ម្នាក់ ជា​មុខ​សញ្ញាមាន​ដីកា​កំពុង​ស្វែង​រក​ចាប់​ខ្លួន​ជា​ច្រើន​ករណី។ ជាឃាតករ បាញ់​សម្លាប់​ប៉ូលិស​ថៃ និង​ជាមេក្លោង​ជួញ​ដូរ​គ្រឿងញៀន​នៅ​ថៃ​ថែម​ទៀត​ផង។ នៅ​ក្នុង​ការបង្ក្រាប​បទ​ល្មើស​នេះ ជនសង្ស័យ​បាន​បើក​រថយន្តបំបុក និង​ប្រើ​អាវុធ​បាញ់​មក​លើ​សមត្ថកិច្ច​ចំនួន ០៨គ្រាប់ ខណៈ​សមត្ថកិច្ច​បាន​ប្រើសិទ្ធិ​ការពារ​ខ្លួន​បាញ់ត​បត​វិញ បណ្តាល​ឱ្យ​ជន​សង្ស័យ ០១នាក់ ស្លាប់ និង ០១នាក់​ទៀត​ដែល​ជា​មេក្លោង រង​របួស ។

ជនសង្ស័យ​ជន​ជាតិ​ថៃ ដែល​បាន​បាត់​បង់​ជីវិត មាន​ឈ្មោះ​ថា NATTHAPONG POLKHAN ភេទប្រុស ជនជាតិ ថៃ​អាយុ ២៨ឆ្នាំ ។ ដោយ​ឡែក មេក្លោង​គ្រឿងញៀន​ជន​ជាតិ​ថៃ មាន​ឈ្មោះ​ថា ណា កូ ភេទប្រុស អាយុ ៤៤ឆ្នាំ។ ទន្ទឹម​នឹង​នេះ សមត្ថកិច្ច​បង្ក្រាប​បាន គ្រឿង​ញៀន​សរុប​ជិត ៤២ គ.ក្រ ក្នុងនោះមាន កេតា​មីន(KETAMINE)ទម្ងន់ ១២ គ.ក្រ និងអ៊ិចស្តាស៊ី(MDMA)ទម្ងន់ ជិត៣០ គ.ក្រ។ ក្រៅពីនេះ សមត្ថកិច្ច​ដកហូត វត្ថុតាង បាន​រថយន្ត 0២គ្រឿង និង​កាំភ្លើង​ខ្លី​ចំនួន 0២ដើម។

គួរជម្រាប​ថា នៅ​ក្នុង​ពេល​៨​ខែ​ឆ្នាំ​២០២២ អាជ្ញាធរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​កម្ពុជា បង្ក្រាប​បាន​បទ​ល្មើសគ្រឿង​ញៀន​ជិត​៤៤០០ករណី ក្នុង​ចំណោម​ជន​សង្ស័យ​ដែល​បង្ក្រាប​បាន គឺ​ប្រមាណ​ពាក់​កណ្ដាល គឺជា​អ្នក​សេពគ្រឿង​ញៀន  ខណៈ​ពាក់​កណ្ដាល​ទៀត ជាអ្នក​ជួញដូរ អ្នកផលិត និង​ចរាចរ​គ្រឿងញៀន រួមទាំង​ជនបរទេសចំនួន​១៥៤​នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ