អានតួអត្ថបទ

អ្នកសារព័ត៌មាន ជាង ​៥០​ ស្លាប់ ក្នុងឆ្នាំ២០២២ នៅលើពិភពលោក

ថ្ងៃទី​២វិច្ឆិកា​ ជាទិវា​ប្រយុទ្ធប្រឆាំង​នឹង​និទ្ទណ្ឌភាព​ចំពោះ​ឧក្រិដ្ឋកម្ម​លើ​អ្ន​កសារព័ត៌មាន​។  អ្នកសារព័ត៌មាន ចំនួន ៥០ នាក់ បានស្លាប់បាត់បង់​ជីវិត ក្នុងឆ្នាំ២០២២ នៅលើពិភពលោក ក៏ប៉ុន្តែ ៩០% នៃឧក្រិដ្ឋកម្មលើអ្នកកាសែត មិនទាន់​ត្រូវ​ផ្តន្ទាទោស នៅឡើយទេ។ ជុំវិញ​ករណី​នេះ​ ព្រះ​រាជ្ញអាជ្ញា និង​រដ្ឋអាជ្ញា ចំនួន ​៨ ប្រទេសផ្សេងៗគ្នា​​ បាន​សម្តែង​ការ​យល់​ព្រម​ទទួល​ស្គាល់​និងទទួល​ដឹងឮថា ពិត​ជា​មាន​អំពើនិទ្ទណ្ឌភាព​ដូច្នេះ​មែន​​។  

សហជីព​អ្នក​កាសែត ​នៅ​ទុយនេស៊ី ធ្វើបាតុកម្ម​ទាមទារ​សិទ្ធិសេរីភាពសារព័ត៌មាន​ នាពេល​កន្លងទៅ។​
សហជីព​អ្នក​កាសែត ​នៅ​ទុយនេស៊ី ធ្វើបាតុកម្ម​ទាមទារ​សិទ្ធិសេរីភាពសារព័ត៌មាន​ នាពេល​កន្លងទៅ។​ © AFP - FETHI BELAID
ផ្សាយពាណិជ្ជកម្ម

ក្នុងរយៈ​ពេល​ជាង​ ១០ ​ឆ្នាំ​មកនេះ អ្នក​សារព័ត៌មាន​ ចំនួន​ជាង​ ១ ០០០ នាក់ ត្រូវ​គេ​សម្លាប់​ នៅក្នុង​ទូទាំង​ពិភពលោក។ ​ បើគិត​ត្រឹមតែមួយ​ឆ្នាំ ​២០២២ នេះ អ្នក​កាសែត​ ជាង ​៥០ នាក់​ត្រូ​វ​បាត់​បង់​អាយុជីវិត នៅក្នុង​ពេល​បំពេញ​ការងារ​​សារព័ត៌មាន​​។ ​នេះ​បើយោង​តាម​អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន ​ដែល​បញ្ជាក់​ទៀតថា ​ចាប់ពី​ឆ្នាំ ២០១៦ មក  ​អ្នក​សារព័ត៌មាន​ ចំនួន ​១១៨ នាក់ ត្រូវ​បាត់​ខ្លួន​ ហើយ ​អ្នក​កាសែត ​និង សហ​​ការី​ព័ត៌មាន​ ចំនួន​ជាង​ ៥២០ នាក់ កំពុងតែ​ឋិត​នៅក្នុង​មន្ទីរឃុំ​ឃាំង នៅក្នុង​បណ្តាប្រទេស​នានា។​

ករណី​ទាំង​នេះ គឺជា​ការ​សេចក្តីព្រួយបារម្ភ​និង​​សោកស្តាយ​ជាខ្លាំង​ចំពោះ​​ អង្គការយូណេស្កូ ដែល​មាន​​គម្រោង​មួយ​ធ្វើការ​ផ្នែក​សិទ្ធិ​សេរីភាពបញ្ចេញមតិ​​និងសេរីភាព​​សារព័ត៌មាន។ អង្គការ​យូណេស្តូ គូស​បង្ហាញថា ៩០%នៃឧក្រិដ្ឋកម្មលើអ្នកកាសែត មិនរងការដាក់ទោសទេ។ ជាក់ស្តែង ប្រទេស​ម៉ិកស៊ិក ៨៨% នៃករណី​ឃាតកម្ម​លើ​អ្នក​សារព័ត៌មាន ដែល​​ឃាតករនិង​អ្នក​រួម​គំនិត គ្មាន​ត្រូវ​ផ្តន្ទាទោស​អ្វី​សោះ។ នៅ​ហ្វីលីពីន ​ករណី​មរណភាព​អ្នក​កាសែត​ ជាង​៣០នាក់ គឺជនល្មើសនិងអ្នក​បញ្ជាពីក្រោយ​ខ្នង នៅតែ​បន្ត​មា​នសេរីភាពនៅឡើយ​។ អំពើ​ឃាតកម្មផ្តាច់​ជីវិត​អ្នក​សារព័ត៌មាន នៅប្រទេស​បួក​គីណាហ្វាសូ​, កេនយ៉ា, ម៉ាលី, ​រុស្ស៊ី, តួកគី, អ៊ីរ៉ង់, អ៊ីស្រាអែល, បាគីស្ថាន, ឥណ្ឌា, និង​ប្រទេស​ផ្សេងៗ ក៏​នៅ​មិនទាន់​មា​នយុត្តិធម៌នៅឡើយ សម្រាប់​​មរណជន​និងគ្រួសារ​សព ។

អង្គការអ្នកកាសែតគ្មានព្រំដែន បា​នដាស់តឿន​ថា ការ​មិនអើពើ និង​បណ្តោយ​ឲ្យ​ឃាតកម្ម​លើអ្នក​កាសែត​ ត្រូវ​រួច​ទោស គឺ​នឹង​មិនត្រឹម​តែធ្វើ​ឲ្យ​អំពើ​ឧក្រិដ្ឋ​កម្ម ​ក្លាយ​ជា​រឿង​ធម្មតាប៉ុណ្ណោះទេ​ ប៉ុន្តែនេះ​គឺ​ជា​ការជំរុញ​ឲ្យ​ប្រព្រឹត្តិ​ឧក្រិដ្ឋកម្ម​ថែមទៀត​ ហើយ​និង​បង្កការ​​គំរាម​កំហែង ធ្វើ​ទុក្ខ​បុកម្នេញកាន់តែ​ខ្លាំង​ចំពោះ​អ្នកសារព័ត៌មាន។ អង្គការការពារអ្នក​កាសែត​ទូទាំង​ពិភពលោកមួយ​នេះ​ ប្រកាស​ថា​ ការ​ប្រល័យអាយុជីវិត​អ្នក​​សារព័ត៌មាន គឺ​​បំផ្លាញ​សិទ្ធិសេរីភាព​ យកព័ត៌មាន​និង​ទទួល​បាន​ព័ត៌មាន​ ព្រមទាំង​​បង្ខើច​ខ្លី​សមត្ថភាព​ពលរដ្ឋ​ក្នុងការ​ដឹងឮ​និងសម្រេច​ចិត្ត ហើយ​នេះ​ជាការវាយប្រហារ​​សិទ្ធិមនុស្ស យ៉ាង​​ពេញទី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ