ក្រសួងកសិកម្មកំពុងរឹតបន្តឹងការនាំចូលសាច់បក្សីពីរៀតណាម ដើម្បីការពារការឆ្លងជំងឺផ្តាសាយបក្សី H5N1
ក្រសួងកសិកម្មកម្ពុជាបានស្នើឱ្យអាជ្ញាធរជាប់ព្រំដែនវៀតណាមធ្វើការរឹតបន្តឹងលើការនាំចូលសាច់បក្សីខុសច្បាប់ពីប្រទេសវៀតណាម។ ការស្នើឡើងនេះ ធ្វើឡើងស្របគ្នាជាមួយក្រសួងសុខាភិបាលកម្ពុជាដែលបានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តជាប់ព្រំដែនវៀតណាមឱ្យមានការប្រុងប្រយ័ត្នចំពោះការឆ្លងជំងឺគ្រុនផ្តាសាយបក្សី H5N1។ វិធានការរបស់ក្រសួងទាំងពីរនេះ គឺបន្ទាប់ពីមានការផ្ទុះជំងឺគ្រុនផ្តាសាយបក្សីH5N1នេះនៅភាគខាងត្បូងប្រទេសវៀតណាម។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:១០
លោកស្រី វុឌ្ឍី អ្នកនាំពាក្យក្រសួងកសិកម្មកម្ពុជា បានអះអាងប្រាប់វិទ្យុបារាំងអន្តរជាតិនៅព្រឹកថ្ងៃសុក្រនេះថា ក្រសួងកំពុងរឹតបន្តឹងលើនាំចូលសាច់បក្សីខុសច្បាប់ពីប្រទេសវៀតណាម។ ចំណែក សាច់បក្សីដែលនាំចូលស្របច្បាប់វិញ គឺត្រូវបានត្រួតពិនិត្យច្បាស់លាស់មុនអនុញ្ញាតឱ្យនាំចូល ដើម្បីបង្ការពីការឆ្លងនៃជំងឺគ្រុនផ្តាសាយបក្សី ។ បន្ថែមពីលើការរឹតបន្តឹងលើការនាំចូលសាច់បក្សីពីប្រទេសវៀតណាមនេះ ក្រសួងកសិកម្មក៏បានអំពាវនាវដល់ម្ចាស់កសិដ្ឋានចិញ្ចឹមសត្វបក្សីធំៗនៅក្នុងស្រុកឱ្យមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ដើម្បីជៀសវាងការឆ្លងជំងឺគ្រុនផ្តាសាយបក្សី H5N1នេះផងដែរ។
ក្រៅពីក្រសួងកសិកម្មនេះ ក្រសួងសុខាភិបាលកម្ពុជាក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅជាប់ព្រំដែនជាមួយប្រទេសវៀតណាមដូចជា ខេត្តកណ្តាល ស្វាយរៀង ព្រៃវែង ត្បូងឃ្មុំ កំពត រតនគីរី មណ្ឌលគីរី កែប និងតាកែវឱ្យមានប្រុងប្រយ័ត្នខ្ពស់ពីការឆ្លងនៃជំងឺនេះ។ ក្រសួងសុខាភិបាលកម្ពុជាបានប្រាប់ប្រជាពលរដ្ឋកុំឱ្យទទួលទានបក្សីឈឺ ឬងាប់ និង ត្រូវចំអិនឱ្យបានឆ្អិនល្អមុននឹងបរិភោគ។ ជាមួយគ្នានេះ ក្រសួងសុខាភិបាលក៏បានប្រាប់ឱ្យប្រជាពលរដ្ឋត្រូវលាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកមុនពេលបរិភោគ និងបន្ទាប់ពីប៉ះពាល់ផ្ទាល់ជាមួយបក្សី។
លើសពីនេះទៅទៀត ក្រសួងសុខាភិបាលកម្ពុជា ក៏ជំរុញឱ្យអាជ្ញាធរខេត្តយកចិត្តទុកដាក់ខ្លាំងពីបញ្ហាជំងឺគ្រុនផ្តាសាយបក្សី H5N1នេះផងដែរ។ ក្រសួងសុខាភិបាលកម្ពុជា បានប្រាប់ឱ្យអភិបាលនៃគណៈអភិបាលរាជធានីខេត្តបង្កើនការប្រុងប្រយ័ត្ន និងធ្វើការណែនាំអប់រំប្រជាពលរដ្ឋ ដើម្បីបង្ការទប់ស្កាត់ការឆ្លងជំងឺគ្រុនផ្តាសាយបក្សី H5N1នេះ មកមនុស្ស។
គួរបញ្ជាក់ជូនថា វិធានការរបស់ក្រសួងពាក់ព័ន្ធទាំងពីរនេះ ធ្វើឡើងបន្ទាប់ពីមានការផ្ទុះជំងឺគ្រុនផ្តាសាយបក្សី H5N1 នៅភាគខាងត្បូងនៃប្រទេសវៀតណាម។ ចំពោះមុខការរីករាលដាលនៃជំងឺនេះ អាជ្ញាធរវៀតណាមបានសម្លាប់សត្វមាន់ប្រមាណ ៥ម៉ឺន៥ពាន់ក្បាល កាលពីថ្ងៃទី១៧ ខែកុម្ភៈ កន្លងទៅនេះ។ យ៉ាងណាក៏ដោយ ជំងឺគ្រុនផ្តាសាយបក្សី H5N1នេះ មិនទាន់ត្រូវបានរកឃើញកើតមានឡើងនៅក្នុងប្រទេសកម្ពុជានោះទេនៅពេលនេះ។ នេះបើតាមក្រសួងកសិកម្មកម្ពុជា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ