អាជ្ញាធរគ្រប់គ្រងធនធានរ៉ែបាតសមុទ្រ រំពឹងថានឹងសម្រេចបទដ្ឋានច្បាប់អន្តរជាតិ នៅឆ្នាំ២០២៥
ថ្ងៃសុក្រ ទី២១កក្កដា អាជ្ញាធរអន្តរជាតិគ្រប់គ្រងធនធានរ៉ែបាតសមុទ្រ បានសម្រេចបើកផ្លូវឲ្យផ្តើមរៀបចំបទដ្ឋានច្បាប់អន្តរជាតិ១ ស្តីពីការជីកខួងយករ៉ែបាតសមុទ្រ ដែលគម្រោងច្បាប់ត្រូវនឹងដាក់ចេញនៅឆ្នាំ២០២៥។ នេះគឺជាការសម្រេចចិត្តមួយ«ដ៏លំបាក» ក្រោយពីជជែកពិភាក្សាគ្នាយ៉ាងតឹងសរសៃ ក អស់រយៈពេលជាច្រើនម៉ោង នៅក្នុងប្រទេស ហ្សាម៉ាអ៊ីក។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:២៨
អាជ្ញាធរអន្តរជាតិគ្រប់គ្រងធនធានរ៉ែបាតសមុទ្រ មានរដ្ឋសមាជិក ១៦៧ ប្រទេស នឹងត្រូវរៀបចំធ្វើមហាសន្និបាតប្រចាំឆ្នាំ នៅសប្តាហ៍ខាងមុខ។ មុននឹងមហាសន្និបាត ឈានចូលមកដល់ ក្រុមប្រឹក្សា នៃអាជ្ញាធរអន្តរជាតិគ្រប់គ្រងធនធានរ៉ែបាតសមុទ្រ មានប្រទេស ៣៦ ត្រូវជួបចរជាគ្នាជាមុន ពីគម្រោងរបៀបវរៈ។ ពួកគេបានជួបគ្នានៅប្រទេស ហ្សាម៉ាអ៊ីក ថ្ងៃសុក្រ។ នៅក្នុងនោះ អ្នកតំណាងប្រទេសម៉ិចស៊ិក ជាប្រធានក្រុមប្រឹក្សា បានលើកឡើង នៅក្រោយកិច្ចប្រជុំស៊ីពេលដ៏យូរ ថា អាជ្ញាធរអន្តរជាតិគ្រប់គ្រងធនធានរ៉ែបាតសមុទ្រ បានសម្រេចដាក់សូចករកំណត់ឲ្យមានវិធានបទដ្ឋានអន្តរជាតិ ស្តីពីការជីកខួងយករ៉ែបាតសមុទ្រ នៅរយៈពេល ២ឆ្នាំ ខាងមុខទៀត។
ការសម្រេចចិត្តនេះ ក៏ជាការឆ្លើយតបដែរ ទៅតាមសំណើរបស់ប្រទេសកូនកោះ Nauru ដែលធ្លាប់បានលើកសំណុំបញ្ហា អំពីក្រុមហ៊ុនឯកជន ដែលមានរដ្ឋាភិបាលនៅពីក្រោយ ហើយនិងទៅចរចាជាមួយប្រទេសដទៃ ដើម្បីជីកខួងរ៉ែក្រោមបាតសមុទ្រ (បាតសមុទ្រដែលឋិតក្នុងដែនសមត្ថកិច្ចរបស់ប្រទេសនោះ)។ ២ឆ្នាំមុន ប្រទេសកូនកោះ Nauru ស្នើឲ្យមានច្បាប់អន្តរជាតិដើម្បីគ្រប់បញ្ហានេះ។
មកទល់សព្វថ្ងៃនេះ ក្រុមប្រឹក្សា នៃអាជ្ញាធរអន្តរជាតិគ្រប់គ្រងធនធានរ៉ែបាតសមុទ្រ គឺធ្លាប់តែបានអនុញ្ញាតយល់ព្រមចំពោះកិច្ចសន្យាស្រាវជ្រាវរុករករ៉ែ តែនៅក្នុងរង្វង់ដែនសមុទ្រអន្តរជាតិ ដែលគ្មានជម្លោះ និងដែលនៅក្រៅពីតំបន់ដែនសមត្ថកិច្ចរបស់ប្រទេសណាមួយ តែប៉ុណ្ណោះ។
ទោះបីជាម្តេចក្តី គម្រោងបទដ្ឋានច្បាប់ថ្មី គឺត្រូវប្រទេសជាច្រើន ពិសេសក្រុមប្រទេសដែលស្រឡាញ់និងចង់ការពារអភិរក្សសមុទ្រ បានសម្តែងក្តីព្រួយបារម្ភ។ ព្រួយបារម្ភព្រោះខ្លាចក្រែងតែខចែងរបស់ច្បាប់ថ្មី អាចនឹងបើកច្រកផ្លូវកាន់តែធំទូលាយ ឲ្យជីកខួងរ៉ែបាតសមុទ្រក្នុងទ្រង់ទ្រាយធំ ឬពាក្យបច្ចេកទេស ថា ឧស្សាហកម្មនិស្សារណកម្ម នាំឲ្យខូចបំផ្លាញប្រព័ន្ធជីវៈចម្រុះបាតសមុទ្រ។
អាស្រ័យហេតុនេះ កិច្ចប្រជុំមហាសន្និបាត របស់ អាជ្ញាធរអន្តរជាតិគ្រប់គ្រងធនធានរ៉ែបាតសមុទ្រ នៅសប្តាហ៍ខាងមុខ គឺឋិតនៅក្រោមក្រសែភ្នែកតាមដានឃ្លាំមើលយ៉ាងប្រុងប្រយ័ត្ន ពីពួកប្រទេសទាំងនេះ ហើយនិង មានអង្គការការពារបរិស្ថានផ្សេងទៀតដែរ ដូចជា សម្ព័ន្ធរក្សាបាតសមុទ្រ អង្គការ Greenpeace និង WWF ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ