គណៈកម្មាធិការការពារសិទ្ធិមនុស្សកម្ពុជានឹងស្នើសុំតុលាការឱ្យស្រ្តីដែលស្លាប់កូនក្នុងគុកបាននៅក្រៅឃុំ
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជានៅថ្ងៃទី១៩ ខែកុម្ភៈ បានសម្រេចផ្តល់មេធាវីការពារក្តីដោយឥតគិតថ្លៃដល់ស្រ្តីម្នាក់ដែលទើបស្លាប់កូននៅក្នុងពន្ធនាគារព្រៃស ដើម្បីជួយការពារផ្នែកច្បាប់ និងរៀបចំសំណើស្នើសុំឱ្យស្រ្តីរូបនោះបាននៅក្រៅឃុំបណ្តោះអាសន្ន។ ការប្រកាសជួយផ្នែកច្បាប់របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជានេះ ធ្វើឡើងខណៈដែលរដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជាលោកស ខេង បានបញ្ជាឱ្យស៊ើបអង្កេតករណីស្លាប់ក្មេងតូចនៅក្នុងពន្ធនាគារនេះ។
ចុះផ្សាយនៅថ្ងៃ៖
តាមរយៈសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី១៩ ខែកុម្ភៈ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានរកឃើញថា ស្រ្តីជាប់ឃុំរូបនេះមិនទទួលបានព័ត៌មានគ្រប់គ្រាន់ពាក់ព័ន្ធនឹងសិទ្ធិការពារខ្លួនតាមផ្លូវច្បាប់ឡើយ ដោយមិនមានមេធាវីការពារក្តីជូនរូបគាត់។ ហេតុដូច្នេះហើយ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានសម្រេចផ្តល់មេធាវីដោយឥតគិតថ្លៃ និង ប្រកាសចូលរួមគ្រប់ដំណើរការនីតិវិធីរបស់តុលាការក្នុងការការពារសិទ្ធិរបស់ជនជាប់ឃុំ និង ស្នើសុំឱ្យជនជាប់ឃុំរូបនេះបានស្ថិតនៅក្រៅឃុំបណ្តោះអាសន្នថែមទៀត។
គួរជម្រាបជូនថា ការសម្រេចជួយផ្នែកច្បាប់ដល់ស្រ្តីជាប់ឃុំពីសំណាក់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជានាពេលនេះ ធ្វើឡើងបន្ទាប់ពីអង្គការលីកាដូកាលពីថ្ងៃទី ១៨ ខែកុម្ភៈ បានចេញសេចក្តីថ្លែងការណ៍មួយដោយទទូចឱ្យអាជ្ញាធររដ្ឋាភិបាលកម្ពុជាពន្លឿនការបើកសវនាការលើស្ត្រីដែលត្រូវបានឃុំខ្លួនក្នុងពន្ធនាគារបណ្ដោះអាសន្នរង់ចាំការបើកសវនាការ។ ការទទូចនេះ គឺធ្វើឡើងក្រោយពីមានទារកម្នាក់អាយុ៥ខែ ដែលរស់នៅជាមួយម្តាយនៅក្នុងពន្ធនាគារព្រៃសរដើម្បីរង់ចាំការកាត់ទោសនោះ បានស្លាប់កាលពីខែមុន។
សម្រាប់អង្គការលីកាដូ មរណភាពរបស់ទារកនេះ គឺបានបង្ហាញពីតម្រូវការចាំបាច់សម្រាប់អាជ្ញាធរក្នុងការផ្ដល់អាទិភាព និង សិទ្ធិនៅក្រៅឃុំបណ្ដោះអាសន្នសម្រាប់ស្ត្រី ដែលមានកូនតូចនៅជាមួយ។ បើតាមអង្គការលីកាដូ ទារកអាយុ៥ខែនេះ បានស្លាប់បាត់បង់ជីវិត កាលពីថ្ងៃទី២៦ ខែមករា កន្លងទៅ នៅឯមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ក្នុងរាជធានីភ្នំពេញ។ ទារកតូចនេះ បានស្លាប់ដោយសារតែជំងឺរលាកសួត និងកង្វះអាហាររូបត្ថម្ភ។ ប៉ុន្តែមុនមានជំងឺរលាកសួតនេះ ទារកតូចនេះ មានរបួសបាក់ឆ្អឹងភ្លៅជាទម្ងន់ដោយមិនដឹងពីមូលហេតុ។
ចំពោះការស្លាប់ទារកអាយុ៥ខែនេះ លោកស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជា បានបញ្ជាឱ្យអាជ្ញាធរពាក់ព័ន្ធធ្វើការស៊ើបអង្កេត។ លោកបានគូសបញ្ជាក់ប្រាប់កាសែតក្នុងស្រុកកាលពីថ្ងៃពុធថា អាជ្ញាធរត្រូវតែស៊ើបអង្កេតលើករណីនេះ បើទោះបីមាន ឫ គ្មានការអំពាវនាវពីអង្គការលីកាដូក៏ដោយ។ ចំណែក លោកនុត សាវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារវិញ បានអះអាងប្រាប់កាសែតដែរថា នៅពេលនេះ អាជ្ញាធរពាក់ព័ន្ធកំពុងធ្វើការស្រាវជ្រាវលើករណីស្លាប់ទារកតូចនៅក្នុងពន្ធនាគារនេះហើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ