ប្រមុខរដ្ឋាភិបាលកម្ពុជាចេញអនុក្រឹត្យបញ្ជាក់ពីមុខតំណែងឥស្សរជនខ្មែរ ដែលត្រូវផ្តល់លិខិតឆ្លងដែនកាទូត
ប្រមុខរដ្ឋាភិបាលកម្ពុជាលោក ហ៊ុន សែន កាលពីថ្ងៃទី ១៨ កុម្ភៈ បានចេញអនុក្រឹត្យមួយ ស្តីពី ការកំណត់មុខតំណែងឥស្សរជន ដែលត្រូវផ្តល់លិខិតឆ្លងដែនកាទូត និងផ្លូវការ។ ប៉ុន្តែពិសេសជាងនេះ រដ្ឋមន្ត្រីក្រសួងការបរទេស ក៏មានឆន្ទានុសិទ្ធិក្នុងការផ្តល់លិខិតឆ្លងដែនការទូតនិងផ្លូវការនេះ ដល់ឥស្សរជនណាម្នាក់ក្នុងករណីចាំបាច់ផងដែរ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:២១
ផ្អែកតាមអនុក្រឹត្យរបស់រដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី ១៨ កុម្ភៈ ឥស្សរជនដែលត្រូវបានផ្តល់ និងប្រើប្រាស់លិខិតឆ្លងដែនការទូត និងផ្លូវការនេះ រួមមាន៖ ព្រះរាជមាតាជាតិខ្មែរ ព្រះមហាក្សត្ស ព្រះមហាក្សត្រីយានី ឬសម្តេចព្រះរាជអគ្គមហេសី និងព្រះរាជបុត្រា-បុត្រី ព្រមទាំងព្រះរាជវង្សានុវង្ស ដែលមានក្នុងបញ្ជីរៀបចំដោយក្រសួងព្រះបរមរាជវាំង ដោយមានការឯកភាពពីក្រសួងការបរទេស។ ក្រៅពីនេះ លិខិតឆ្លងដែនពិសេសនេះ ក៏ត្រូវបានផ្តល់ជូននិងប្រើប្រាស់ ដល់ប្រធាន អនុប្រធាននិងសមាជិកព្រឹទ្ធសភា, ប្រធាន អនុប្រធាននិងសមាជិករដ្ឋសភា ប្រធាន និងសមាជិកក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ, នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី សមាជិករាជរដ្ឋាភិបាល និងទេសាភិបាលធនាគារជាតិនៃកម្ពុជាជាដើម។ បន្ថែមលើនេះ ប្រធានតុលាការកំពូល អគ្គព្រះរាជអាជ្ញាអមតុលាការកំពូល អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងអគ្គស្នងការនគរបាលជាតិ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងឥស្សរជនដែលមានងារជាសម្តេច ក៏ទទួលបានការផ្តល់ជូនលិខិតឆ្លងដែនការទូតនេះដែរ។ ក្រៅពីនេះ លិខិតឆ្លងដែនការទូតនេះ ក៏ត្រូវបានចេញថ្វាយ និងជូនដល់មន្ត្រីរាជការ និងឥស្សរជនខ្មែរទៅតាមលំដាប់នៃឋានន្តរស័ក្តិ និងមុខតំណែងសម្រាប់បំពេញបេសកម្ម ថ្វាយ និងប្រគេនសម្តេចព្រះមហាសង្ឃរាជទាំងពីរគណ និងចាប់ពីអនុគណឡើងទៅដែរ។ លិខិតឆ្លងដែននេះ មានសុពលភាព៥ឆ្នាំ និងមិនអាចបន្តសុពលភាពបានទេ។ នេះបើយោងតាមអនុក្រឹត្យរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន កាលពីថ្ងៃទី ១៨ កុម្ភៈ។
សូមជំរាបជូនថា កម្ពុជាមានលិខិតឆ្លងដែនចំនួន៣ប្រភេទ គឺប្រភេទធម្មតាដែលត្រូវបានផ្តល់ជូនចំពោះប្រជាពលរដ្ឋខ្មែរដែលមានសុពលភាពរយៈពេល១០ឆ្នាំ ដែលគ្រប់គ្រងដោយអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ និងប្រភេទលិខិតឆ្លងដែនការទូតនិងផ្លូវការនេះ ដែលចេញដោយក្រសួងការបរទេសកម្ពុជា។ តែអ្វីដែលពិសេសជាងនេះ រដ្ឋមន្ត្រីក្រសួងការបរទេស ក៏មានឆន្ទានុសិទ្ធិក្នុងការផ្តល់លិខិតឆ្លងដែនការទូត និងផ្លូវការនេះ ដល់ឥស្សរជនណាម្នាក់ផងដែរ ក្នុងករណីចាំបាច់។
លោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជាបានលើកឡើងថា ការផ្តល់លិខិតឆ្លងដែនពិសេសនេះ គួរធ្វើឡើងដោយការវិនិច្ឆ័យឲ្យបានត្រឹមត្រូវនិងគោលបំណងនៃបេសកម្ម។ ធ្វើយ៉ាងណា កុំឲ្យមានបុគ្គលខ្លះ បានប្រើប្រាស់បុព្វសិទ្ធិនេះ ដើម្បីបំរើផលប្រយោជន៍ផ្ទាល់ខ្លួន និងកុំឲ្យចេញច្រើនពេក ដើម្បីការពារតម្លៃនៃលិខិតឆ្លងដែនពិសេសនេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ