មេធាវីលោក កឹម សុខា ទាមទារឱ្យទម្លាក់បទចោទព្រោះមានវិមតិសង្ស័យក្រោយព្រះរាជអាជ្ញាដាក់ភស្តុតាងបន្ថែម
នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ តុលាការសាលាដំបូងរាជធានីភ្នំពេញបានបន្តបើកសវនាការលើសំណុំរឿងក្បត់ជាតិរបស់លោកកឹម សុខា ប្រធានអតីតគណបក្សសង្រ្គោះជាតិ។ នៅព្រឹកនេះ សវនាការបានជជែកវែកញែកខ្លាំងលើនីតិវិធីដាក់ភស្តុតាងដាក់បន្ទុកបន្ថែមលើលោកកឹម សុខា ពីសំណាក់តំណាងអយ្យការ។ តាមមេធាវីលោកកឹម សុខា នីតីវិធីនេះមិនត្រឹមត្រូវទេហើយនាំឱ្យមានវិមតិសង្ស័យ។ ដូច្នេះ មេធាវីទាមទារឱ្យតុលាការទម្លាក់ចោលបទចោទមកលើលោកកឹម សុខា។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៣:២៣
តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនៅក្នុងសវនាការនាព្រឹកថ្ងៃព្រហស្បតិ៍នេះ បានស្នើដាក់ភស្តុតាងចំនួន៧បន្ថែមទៀតដែលជាខ្សែវីដេអូខ្លីៗដាក់បន្ទុកបន្ថែមលើលោកកឹម សុខា។ ប៉ុន្តែលោកផែង ហេង សហមេធាវីម្នាក់របស់លោកកឹម សុខា បានអះអាងថា ការដាក់ភស្តុតាងដាក់បន្ទុកបន្ថែមនៅពេលនេះ គឺមានន័យថា ដីការសន្និដ្ឋានស្ថាពរក្នុងសំណុំរឿងលោកកឹម សុខា គឺមានវិមតិសង្ស័យ។ មានវិមតិសង្ស័យនេះ គឺផលចំណេញបានទៅលើជនសង្ស័យ។ ហេតុដូច្នេះហើយ ក្រុមមេធាវីបានទាមទារឱ្យតុលាការទម្លាក់ចោទប្រកាន់មកលើលោកកឹម សុខាតែម្តង។
បើតាមលោកផែង ហេង តំណាងអយ្យការមានតួនាទីការពារដីកាសន្និដ្ឋានស្ថាពររបស់ខ្លួនក្នុងការកាត់ទោសលើសំណុំរឿងលោកកឹម សុខា តែមិនអាចដាក់ភស្តុតាងបន្ថែមក្នុងពេលជំនុំជម្រះបែបនេះបាននោះទេ ព្រោះវាខុសនឹងច្បាប់។ លោកថា ការអាចដាក់ភស្តុតាងបន្ថែមនៅពេលនេះបាន គឺមានតែភស្តុតាងសម្រាប់ជួយសម្រាលបន្ទុកតែប៉ុណ្ណោះ។ ប៉ុន្តែតំណាងអយ្យការ និងក្រុមមេធាវីតំណាងរដ្ឋាភិបាលកម្ពុជាបានថ្លែងការពារនីតីវិធីថា មិនបានខុសច្បាប់នោះឡើយ។ យ៉ាងណាក៏ដោយ ប្រធានក្រុមប្រឹក្សាជំនុំជម្រះមិនបានសម្រេចបែបណានៅឡើយនោះទេ។
គួរបញ្ជាក់ថា សវនាការនៅថ្ងៃទី២នេះ គឺខុសពីថ្ងៃទី១ ដោយថ្ងៃទី១ សវនាការបានជជែកវែកញែកគ្នាលើបញ្ហាបង្កើតគណបក្សសង្រ្គោះជាតិ។ លោកកឹម សុខា ត្រូវបានតំណាងអយ្យការ និងក្រុមមេធាវីតំណាងរដ្ឋាភិបាលកម្ពុជាចោទសួរជាច្រើនជុំវិញការបង្កើតគណបក្សនេះនៅក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន កាលពីឆ្នាំ២០១២។ តំណាងអយ្យការបានចោទសួរលោកកឹម សុខា ពីការលូកដៃរបស់ជនរទេសដើម្បីជួយសម្របសម្រួលបង្កើតគណបក្សសង្រ្គោះជាតិ មូលហេតុនៃការដាក់ឈ្មោះគណបក្ស ក៏ដូចជាការចំណាយផ្សេងៗផងដែរ។ លោកកឹម សុខា ថា ការបង្កើតគណបក្សប្រឆាំងនេះឡើង គឺធ្វើដោយខ្លួនឯង មិនមានបរទេសណាចូលរួមទេ។ បើតាមលោកកឹម សុខា ការរួបរួមរបស់គណបក្សសិទ្ធិមនុស្សរបស់លោក និង គណបក្សសម រង្ស៊ី របស់លោកសម រង្ស៊ី ទៅជាគណបក្សសង្រ្គោះជាតិ គឺធ្វើឡើងតាមឆន្ទៈចង់បានរបស់ប្រជាពលរដ្ឋខ្មែរ។
ចំណែក ក្រុមមេធាវីតំណាងរដ្ឋាភិបាលកម្ពុជាវិញ ក៏បានចោទសួរលោកកឹម សុខាផងដែរពីមូលហេតុដែលសហការជាមួយលោកសម រង្ស៊ី។ លោកសម រង្ស៊ី ដែលក្រុមមេធាវីនេះ បានអះអាងថា តែងតែលើកឡើងពីការចង់ផ្តួលរំលំរដ្ឋាភិបាលកម្ពុជា និងបានអំពាវនាវឱ្យកងទ័ពងើបប៉ះបោរជាដើម។ ប៉ុន្តែលោកកឹម សុខា បញ្ជាក់ថា ការលើកឡើងរបស់លោកសម រង្ស៊ី គឺជារឿងរបស់លោកសម រង្ស៊ីតែម្នាក់ប៉ុណ្ណោះ។
នៅក្នុងសវនាការកាលពីថ្ងៃពុធ ក្រៅពីចោទសួរជាច្រើនលើលោកកឹម សុខា ខ្សែវីដេអូឃ្លីបពាក់ព័ន្ធនឹងការលើកឡើងរបស់លោកសម រង្ស៊ី ចង់ផ្តួលរំលំរដ្ឋាភិបាល និង ការអំពាវនាវឱ្យកងទ័ពបែរចុងកាណុងមករករដ្ឋាភិបាលត្រូវបានចាក់បញ្ចាំង។ មិនតែប៉ុណ្ណោះ វីដេអូនៃការថ្លែងរបស់លោកកឹម សុខាដែលថាធ្វើនយោបាយដោយអហិង្សាក៏បានត្រូវបានអនុញ្ញាតឱ្យចាក់បញ្ចាំងផងដែរ។ ឆ្លើយតបនឹងសំណូរបស់ក្រុមមេធាវីខ្លួនឯងក្រោយការចាក់បញ្ចាំងវីដេអូនេះ លោកកឹម សុខា បានគូសបញ្ជាក់ថា លោកមិនសេពគប់ និងមិនធ្វើការជាមួយអ្នកណាដែលមានបំណងផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់ដោយហិង្សាឡើយ និងថាទៅឱ្យឆ្ងាយពីលោក ព្រោះលោកធ្វើដោយអហិង្សា និងដោយសន្តិវិធី។
សូមជម្រាបជូនថា សវនាការលោកកឹម សុខា នៅក្នុងសប្តាហ៍នេះក៏មិនខុសពីសប្តាហ៍មុនដែរ គឺធ្វើឡើងតែមួយថ្ងៃកន្លះប៉ុណ្ណោះ។ ប៉ុន្តែសប្តាហ៍ក្រោយនេះ តុលាការនឹងមិនបើកសវនាការទេ ដោយនឹងបើកសវនាការបន្តឡើងវិញនៅថ្ងៃទី១១ ខែមីនាខាងមុខនេះ។ នេះបើតាមបញ្ជាក់ឱ្យដឹងពីលោកមេធាវីផែង ហេង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ