អានតួអត្ថបទ
ការ៉ាបាក់-អាស៊ែបៃហ្សង់

រុស្ស៊ីដកទ័ព ចេញពីតំបន់ការ៉ាបាក់ ដែលធ្លាក់ក្រោមការគ្រប់គ្រង់របស់ អាស៊ែបៃហ្សង់

កងទ័ពរុស្ស៊ី ដែលឈរជើង ក្រោមបុព្វហេតុរក្សាសន្តិភាពក្នុងតំបន់ ការ៉ាបាក់់ តាំងពីឆ្នាំ ២០២០​ មក បានចាប់ផ្តើមដកខ្លួនចេញ ពីតំបន់នេះ ជាបណ្តើរៗ នេះបើផ្អែកតាមសេចក្តីប្រកាស នៅថ្ងៃពុធទី ១៧ មេសា ដោយវិមានក្រេមឡាំង ក្នុងប្រទេសរុស្ស៊ី។ គួររំឭកថា ការ៉ាបាក់ គឺជាទឹកដី ដែលមានជនជាតិអាមេនី រស់នៅមួយភាគធំ តាំងពីសម័យបុរាណកាល  តែក្រោយមក តំបន់នេះបានធ្លាក់ក្រោមការត្រួតត្រា របស់ប្រទេស អាស៊ែបៃហ្សង់ នៅអំឡុងដើមសតវត្សរ៍ទី ២០។ ឆ្នាំ ១៩៩១ ការ៉ាបាក់ បានផ្តាច់ខ្លួន ពីអាស៊ែបៃហ្សង់ និង បានក្លាយជាតំបន់អបគមន៍ អស់រយៈពេលជាង ៣ ទសវត្សរ៍។ តែ នៅខែកញ្ញា ឆ្នាំ ២០២៣ កន្លងទៅ អាស៊ែបៃហ្សង់ បានបើកប្រតិបត្តិការយោធាផ្លេកបន្ទោរ និងបានដណ្តើមយក ទឹកដីការ៉ាបាក់ ត្រឡប់មកវិញ។ ការណ៍នេះ បានបណ្តាលឲ្យជនជាតិអាមេនីរាប់ម៉ឺននាក់ ត្រូវបង្ខំចិត្ត ចាកចោលផ្ទះសំបែង និងភៀសខ្លួន ចូលទៅក្នុងទឹកដីរបស់ប្រទេសអាមេនីជិតខាង។

រុស្ស៊ីដកទ័ព ចេញពីតំបន់ការ៉ាបាក់ ដែលធ្លាក់ក្រោមការគ្រប់គ្រង់ របស់ប្រទេស​អាស៊ែបៃហ្សង់
រុស្ស៊ីដកទ័ព ចេញពីតំបន់ការ៉ាបាក់ ដែលធ្លាក់ក្រោមការគ្រប់គ្រង់ របស់ប្រទេស​អាស៊ែបៃហ្សង់ AP - Sergei Grits
ផ្សាយពាណិជ្ជកម្ម

គួរបញ្ជាក់ឡើងវិញថា ក្នុងឆ្នាំ ២០២០ សង្គ្រាមរវាងកងទ័ពអាស៊ែបៃហ្សង់ និង ក្រុមឧទ្ទាមផ្តាច់ទឹកដី ដែលគាំទ្រដោយប្រទេសអាមេនី បានផ្ទុះឡើងក្នុងតំបន់ការ៉ាបាក់ និង អូសបន្លាយអស់រយៈពេល ៦ សប្តាហ៍។  ការប្រយុទ្ធគ្នានេះ បានបណ្តាលឲ្យមានស្លាប់ដល់ទៅ ៦.៥០០ នាក់។ អាមេនី ដែលខាតបង់សែនធ្ងន់ធ្ងរ ក្នុងសង្គ្រាមនេះ បានបង្ខំចិត្តប្រគល់ដែនដីយ៉ាងក្រាស់ក្រែល ទៅឲ្យអាស៊ែរបែហ្សន់ ។ ក្នុងស្ថានភាពនេះ រុស្ស៊ី បានពង្រាយកងកម្លាំងរក្សាសន្តិភាព ដោយមានវត្តមានយោធាចំនួន ២.០០០ នាក់ ដើម្បីធានាការគោរពលើបទឈប់បាញ់ និង ការដកខ្លួនចេញ នៃក្រុមទ័ពឧទ្ទាម។

តែជម្លោះជាប្រវត្តិសាស្ត្រនេះ ពុំបានបិទបញ្ចប់ឡើយ ដ្បិតថា​នៅខែកញ្ញា ឆ្នាំ ២០២៣ កងទ័ពអាស៊ែបៃហ្សង់ បានបើកប្រតិបត្តិការផ្លេកបន្ទោរ វាយលុកជាថ្មី និងដណ្តើមយកមកវិញទាំងស្រុង ដែនដីការ៉ាបាក់ ដោយគ្មានអន្តរាគមពីកងទ័ពរុស្ស៊ី។ អាមេនី បានបរិហាររុស្ស៊ី ដែលខ្លួនតែងចាត់ទុកជា សម្ព័ន្ធមិត្តរៀងមក និងជាអាជ្ញាកណ្តាល ថាបានព្រងើយកន្តោយ ឈរឱបដៃ នៅចំពោះមុខ ការវាយលុក ឈ្លានពានពីសំណាក់អាស៊ែបៃហ្សង់។ ដោយសម្លឹងឃើញដំណើរលំអៀងពីរុស្ស៊ីដូច្នេះ អាមេនី ក៏បាន ងាកទៅ ចាប់ដៃជាមួយប្រទេសបស្ចិមលោក តាំងពីពេលនោះមក។

កន្លងមក សហរដ្ឋអាមេរិក សហភាពអឺរ៉ុប រួមទាំងរុស្ស៊ីផង បានប៉ុនប៉ងដើរតួជាអន្តរការី​ដើម្បីបង្កើត សន្ធិសញ្ញាសន្តិភាព រវាង អាស៊ែបៃហ្សង់ និង អាមេនី តែកិច្ចចរចាទាំងនោះ ពុំបានផ្តល់ផ្លែផ្កាជាក់លាក់​ឡើយ។ អាស៊ែបៃហ្សង់ ទាមទារយកឃុំចំនួន ៨ ដែលកាន់កាប់ ដោយអាមេនី ព្រមទាំងទាមទារ ឲ្យបង្កើត ច្រកផ្លូវមួយ ដែលកាត់តាមតំបន់ Siounik ស្ថិតនៅប៉ែកខាងត្បូងនៃប្រទេសអាមេនី ដើម្បីតភ្ជាប់ទៅតំបន់ Nakhitchevan ក្នុងទឹកដីអាស៊ែបៃហ្សង់ រួចបន្តភ្ជាប់ទៅដល់ប្រទេសតួកគី ជាម្ព័ន្ធមិត្តរបស់ អាស៊ែបៃហ្សង់ តែម្តង។

រីឯ អាមេនីវិញ បានទាមទារយកតំបន់ Artsvashen ដែលស្ថិតក្រោមការត្រួតត្រារបស់ អាស៊ែបៃហ្សង់ តាំងពីឆ្នាំ ១៩៩០ និង តំបន់ផ្សេងៗទៀត ដែលជាទឹកដីរបស់ខ្លួន តែត្រូវអាស៊ែបៃហ្សង់ ដណ្តើមយកទៅ កាន់កាប់ ក្នុងអំឡុងពេល ៣ ឆ្នាំ ចុងក្រោយនេះ៕    

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ