អានតួអត្ថបទ
ស៊ូដង់

អង្គការ​សហប្រជាជាតិ ​ស្នើឲ្យ ​ស៊ូដង់ ​ស៊ើប​អង្កេត​ពីករណី​ស្លាប់​​បាតុករ​ជា​ច្រើន​នាក់

អគ្គលេខា​ធិការអង្គការ​សហប្រជាជាតិ លោក Antonio Guterres បាន​ស្នើ​ពី​ថ្ងៃ​សុក្រ​ទី​២៨ធ្នូ ឲ្យ​រដ្ឋាភិបាល​ស៊ូដង់ បើក​ការ​អង្កេត​ចំពោះករណី​ស្លាប់​បាតុករ និង​ការ​ប្រើ​ប្រាស់​ហិង្សា​ក្នុង​ពេល​បាតុកម្ម​។ នៅ​ស៊ូដង់ បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​ បាន​កើត​មាន​ប្រមាណ​១០ថ្ងៃ​មកហើយ និង​ដែល​បាន​ស្លាប់​មនុស្ស​អស់​ជា​ច្រើន​នាក់។​

បាតុករស៊ូដង់​ចុះផ្លូវ​តវ៉ា ​នៅ​ថ្ងៃទី​២៥ ខែ​ធ្នូ​ ២០១៨
បាតុករស៊ូដង់​ចុះផ្លូវ​តវ៉ា ​នៅ​ថ្ងៃទី​២៥ ខែ​ធ្នូ​ ២០១៨ REUTERS / Mohamed Nureldin Abdallah
ផ្សាយពាណិជ្ជកម្ម

បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាលស៊ូដង់​​ បាន​កើត​មាន​ឡើង​តាំងតែ​ពីថ្ងៃទី​១៩ធ្នូរហូត​មក នៅ​បណ្តាល​ក្រុង​សំខាន់ៗ និង​រដ្ឋធានី​ Khartoum។ ការ​តវ៉ា​ជំទាស់នេះ គឺ​ដោយសារតែ​ពលរដ្ឋ​​​មិន​សប្បាយ​ចិត្ត​ចំពោះ​ការ​ដំឡើង​ថ្លៃ​ទំនិញយ៉ាង​គំហុក​ ពិសេស​ថ្លៃ​នំប៉័ង ដែល​ជា​អាហារ​ប្រចាំថ្ងៃ​​ និង​ថ្លៃ​ប្រេង​សាំងដែល​ចាំបាច់​សម្រាប់​ប្រើប្រាស់​រាល់ថ្ងៃ​។

បើ​តាម​អាជ្ញាធរ នៅក្នុង​ចំណោម​បាតុករ គឺ​មានការ​ចូល​ដៃ​ចូល​ជើង​ពី​ក្រុម​ពួក​ប្រឆាំង​រដ្ឋាភិបាល បក្ស​ប្រឆាំង ក្រុមឧទ្ទាមប្រដាប់​អាវុធ​ដែល​ឆ្លៀត​ឱកាស ព្រ​មទាំង​បាតុករ​ខ្លះ​ដែល​មាន​ចេតនា​ប្រើ​ហិង្សា ដែល​ពួក​គេ​បាន​ដុត​បំផ្លាញ និង​លួច​យក​របស់​របរ​ពេល​ជ្រួល​ច្របល់​ក្នុង​បាតុកម្ម​។ ជា​ការ​ឆ្លើយត​ប គឺមាន​ការ​បង្គ្រាប​និង​ការ​ប៉ះទង្គិច​គ្នា​ទៅវិញទៅមក បណ្តាល​ឲ្យ​មាន​ស្លាប់​និង​របួស​ទាំង​អាជ្ញាធរ​និង​បាតុករ។ ទិន្នន័យ​ពីកម្លាំង​​សមត្ថកិច្ច​ស៊ូដង់ ប្រាប់ថា អ្ន​កស្លាប់មាន​យ៉ាងហោច​​ចំនួន​១៩នាក់ ក្នុង​នោះ​មា​នប៉ូលីស​ពីរ​នាក់​ផង។ ក៏ប៉ុន្តែ បើ​តាម​អង្គការ​ការ​ពារ​សិទ្ធិមនុស្ស Amnesty International  បញ្ជាក់ថា ចំនួនបាតុករ​ដែល​​ស្លាប់​មាន​ដល់​ទៅ​ជិត​៤០នាក់​ឯណោះ។

ឆាក​បាតុកម្ម​បង្ហូរ​ឈាមគ្នា​ជា​ច្រើន​ថ្ងៃ​មក​នេះ​​ បាន​ដឹង​ឮទៅ​ដល់​អង្គការ​សហប្រជាជាតិ​ រហូត​ដល់ លោក Antonio Guterres អំពាវវនាវ​​ឲ្យ​រក្សាភាព​ស្ងប់​ស្ងាត់ ហើយ​បើ​ប្រមូល​ផ្តុំ​គ្នាធ្វើ​បាតុកម្ម គួរ​ធ្វើ​ដោយ​សន្តិវិធីអហិង្សា។ ក្រៅពី​ស្នើ​ឲ្យ​គោរព​សិទ្ធ​អ្ន​កតវ៉ា​ លោក​​អគ្គលេខា​ធិការអង្គការ​សហប្រជាជាតិ ថែម​ទាំង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ស៊ូដង់​បើក​ការ​អង្កេត​ស៊ីជម្រៅមួយ ជុំវិញ​ការ​ស្លាប់​និង​ហិង្សា​ដែល​បាន​កើត​ឡើង​មក​នេះ។

គួរ​ជ្រាប​ដែរថា ក្រៅពី​​អ្នក​ស្លាប់​និង​របួស​មាន​ច្រើន ចំនួន​អ្នក​ចាប់​ខ្លួន​ក៏​មាន​មិន​តិច​ដែរ។ ក្នុង​នោះ​​ អ្នក​នយោបាយម្នាក់​​របស់​បក្ស​ប្រឆាំង ត្រូវ​អាជ្ញាធរ​ចាប់​ឃុំ​ខ្លួនបាត់ ​មិន​ដឹង​យកទៅទុក​ទីណា។ សមាគម​អ្នក​និពន្ធ ក៏​ប្រកាស​ដែរថា កវីម្នាក់ ដែល​ចូល​រួម​បាតុកម្ម​ ក៏​ត្រូវ​ចាប់​ខ្លួន។ ចំណែក​អ្ន​កកាសែតស៊ូដង់​​ពីរ​រូប​ផ្សេងទៀត ក៏ត្រូវ​សមត្ថកិច្ចដកហូត​​សេរីភាព​ទៅដែរ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ