អានតួអត្ថបទ
លីប៊ី

វិបត្តិ​លីប៊ី៖ មិនមាន​ការ​ឯកភាព​គ្នា​ក្នុង​ការ​ធ្វើ​អន្តរាគមន៍​ផ្នែក​យោធា

នៅថ្ងៃ​ពុធ ២ មីនា ២០១១​នេះ កងកម្លាំង​របស់​លោក​កាដាហ្វ៊ី បាន​ធ្វើការ​វាយប្រហារ​​ ក្នុង​គោលដៅ​ដណ្តើម​កាន់កាប់​តំបន់​ប្រេង ស្ថិត​នៅប៉ែក​ខាង​កើត​ប្រទេស​លីប៊ី ដែល​កាន់កាប់​ដោយ​​កម្លាំង​ប្រឆាំង។ ក្នុងពេលជាមួយ​គ្នា​នេះ ក្រុមប្រឆាំង​កំពុង​តែ​ពិភាក្សា​គ្នា​​អំពី​ការ​ស្នើសុំ​​អន្តរាគមន៍​យោធា​ ពី​​អ.ស.ប.។ ប៉ុន្តែ រហូតមកទល់ពេលនេះ ប្រទេស​លោកខាងលិច​នៅតែ​មិនទាន់​​ឯកភាព​គ្នា​នៅឡើយទេ អំពី​ការ​ធ្វើ​អន្តរាគមន៍​យោធា​នៅលីប៊ី។

រដ្ឋមន្រ្តី​ការពារជាតិ​អាមេរិក៖ អូតង់​មិន​ឯកភាពគ្នា​ក្នុង​ការ​បង្កើត​តំបន់​ហាមឃាត់​មិន​ឲ្យ​ហោះហើរ​នៅលីប៊ី
រដ្ឋមន្រ្តី​ការពារជាតិ​អាមេរិក៖ អូតង់​មិន​ឯកភាពគ្នា​ក្នុង​ការ​បង្កើត​តំបន់​ហាមឃាត់​មិន​ឲ្យ​ហោះហើរ​នៅលីប៊ី ©Reuters
ផ្សាយពាណិជ្ជកម្ម

ហេតុអ្វី​គេ​បង្កើត​តំបន់​ហាមឃាត់​មិន​ឲ្យ​ហោះហើរ​នៅលីប៊ី​មិនបាន?
07:18

បទវិភាគ​របស់ សេង ឌីណា

កងកម្លាំង​របស់​លោក​កាដាហ្វ៊ី​កំពុង​បើក​ធ្វើ​ប្រតិបត្តិការ​យោធា​ ទ្រង់ទ្រាយ​ធំ​មួយ ដើម្បី​វាយដណ្តើម​កាន់កាប់​​ទីក្រុង​ Marsa El Brega ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ ៨០០​គីឡូម៉ែត្រ ខាង​កើត​រដ្ឋធានី​ទ្រីប៉ូលី ហើយ​ដែល​​បាន​ធ្លាក់​ក្នុង​ដៃ​កងកម្លាំង​ប្រឆាំង តាំង​ពី​ថ្ងៃទី២៤ កុម្ភៈ​មក។ ទីក្រុង​នេះ គឺ​ជា​ច្រក​សំខាន់​បំផុត​ សម្រាប់​នាំប្រេងលីប៊ី​ចេញ​ទៅ​ក្រៅប្រទេស។

ប្រតិបត្តិការ​យោធា​របស់​កងកម្លាំង​លោក​កាដាហ្វ៊ី​នៅ Marsa El Brega នេះ ទំនង​ជា​ប្រតិបត្តិការ​ដ៏ធំបំផុត​មិនធ្លាប់មាន​​​ចាប់តាំង​ពី​មាន​ចលនា​ បះបោរ​ប្រឆាំង​កើតឡើង​មក។ យោងតាម​កងកម្លាំង​​បដិវត្តន៍ (ក្រុមប្រឆាំង) កងកម្លាំង​របស់​លោក​កាដាហ្វ៊ី​បាន​ដណ្តើម​កាន់កាប់​ក្រុង Marsa El Brega កាល​ពី​ព្រឹក​ថ្ងៃ​ពុធ ក៏ប៉ុន្តែ កងកម្លាំង​បដិវត្តន៍​បាន​​ដណ្តើម​យកមក​​កាន់កាប់​វិញ។ ទោះជាយ៉ាងណា រហូត​មកទល់​ពេលនេះ គេ​នៅមិនទាន់​ទទួល​បាន​ព័ត៌មាន​ច្បាស់លាស់ ពី​ប្រភព​ឯករាជ្យ​ណាមួយ​​នៅឡើយ​ទេ ដើម្បី​បញ្ជាក់​អំពី​ស្ថានភាព​​នៅ​ Marsa El Brega។

នៅពេលនេះ ក្រុមប្រឆាំង​កំពុង​តែ​ពិភាក្សា​គ្នា​ថា តើ​គេ​ត្រូវ​ស្នើសុំ​ឲ្យ​អ.ស.ប.​ធ្វើ​អន្តរាគមន៍​យោធា ដើម្បី​ទម្លាក់​លោក​កាដាហ្វ៊ី​ដែរ​ឬទេ? នៅក្នុង​ចំណោម​មេដឹកនាំ​ក្រុមប្រឆាំង គេ​ឃើញ​មាន​គំនិត​ពីរ​ផ្ទុយគ្នា។ មួយក្រុម​ប្រឆាំង​នឹង​អន្តរាគមន៍​​ពីសំណាក់​ទាហាន​បរទេស ដោយលើកឡើង​ថា បដិវត្តន៍​លីប៊ី ត្រូវ​ទុក​ឲ្យ​ប្រជាជន​លីប៊ី​ជា​អ្នក​ធ្វើ​ដោយ​ខ្លួន​ឯង។ ក៏ប៉ុន្តែ ក្រុមមួយទៀត​យល់ថា អន្តរាគមន៍​យោធា​​របស់​អ.ស.ប. អាច​នឹង​ជួយ​​បណ្តេញ​កាដាហ្វ៊ី​ចេញ​ពី​អំណាច​បាន​លឿន ហើយ​អាច​​ចៀសវាង​កុំឲ្យ​​​បាត់បង់ជីវិត​ប្រជាជន​លីប៊ី​ច្រើន។

នៅពេលនេះ អាមេរិក និង​កាណាដា កំពុង​តែ​បញ្ជូន​នាវាចម្បាំង​ទៅ​ក្បែរ​ឆ្នេរ​សមុទ្រ​លីប៊ី។ ក៏ប៉ុន្តែ គេនៅតែ​មិនទាន់​មានការ​ស្រុះស្រួល​គ្នា​ អំពី​ការ​ធ្វើ​អន្តរាគមន៍​ផ្នែក​យោធា​នៅលីប៊ី​នៅឡើយទេ។ សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ ដែល​បាន​អនុម័ត​កន្លងមក មិនបាន​អនុញ្ញាត​ឲ្យ​​មាន​អន្តរាគមន៍​យោធា​នៅលីប៊ី​នោះទេ។ នៅក្នុង​អង្គការ​អូតង់វិញ ក៏​មាន​ការ​ខ្វែងគំនិត​គ្នា​ដែរ អំពី​ការ​បង្កើត​តំបន់​ហាមឃាត់​មិន​ឲ្យ​ហោះហើរ​នៅ​ក្នុង​ដែន​អាកាស​លីប៊ី (No-fly Zone)។ រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​បារាំង ដែល​ជាសមាជិក​​សំខាន់មួយ​របស់​អូតង់ បាន​​បញ្ជាក់​ថា ការបង្កើត​តំបន់​ហាមឃាត់​មិនឲ្យ​ហោះហើរ​មិនអាច​ធ្វើទៅបាន​ទេ ដរាបណា​មិនមាន​ការ​អនុញ្ញាត​ពី​ក្រុមប្រឹក្សា​សន្តិសុខ។

ទោះជាយ៉ាងនេះ​ក៏ដោយ អាមេរិក​នៅតែ​បន្ត​ចល័ត​នាវាចម្បាំង​ទៅក្បែរ​ឆ្នេរ​លីប៊ី​ដដែល។ យោងតាម​រដ្ឋមន្រ្តី​ក្រសួងការពារជាតិ​អាមេរិក កងម៉ារីន​អាមេរិក​ចំនួន ៤០០​នាក់ ក៏​ត្រូវ​បាន​បញ្ជូន​ទៅ​​​​ក្បែរ​លីប៊ី​ដែរ។ អាមេរិក​ទំនង​ជា​ចង់​ប្រើ​វត្តមាន​​ទាហាន​របស់​ខ្លួន ដើម្បី​កំញើញ​លោក​កាដាហ្វ៊ីផង និង​ដើម្បី​ប្រុងប្រៀប​ទុកជាមុនផង ក្នុងករណី​មាន​ការ​អនុញ្ញាត​ឲ្យ​ធ្វើ​អន្តរាគមន៍​នៅ​លីប៊ី។

បើមើលទៅ អន្តរាគមន៍​យោធា​នៅលីប៊ី​​ទំនងជា​មិន​អាច​ធ្វើ​ទៅបាន​ទេ​ លើកលែង​តែ​ស្ថានភាព​នៅលីប៊ី​​​​​មាន​ការវិវឌ្ឍ​កាន់តែ​ធ្ងន់ធ្ងរ​​ ធ្វើ​ឲ្យ​ជនស៊ីវិល​ត្រូវ​ប្រឈមមុខ​នឹង​គ្រោះថ្នាក់​កាន់តែ​ខ្លាំងឡើង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ