អានតួអត្ថបទ
អាកាសធាតុ

កិច្ចព្រមព្រៀង​អាកាសធាតុ​ដ៏សំខាន់​មួយទៀត​ត្រូវបាន​ចុះ​នៅ​រវ៉ាន់ដា

ប្រមាណ​ជា​ជិតមួយឆ្នាំ​ក្រោយ​ពី​បាន​ចុះកិច្ចព្រមព្រៀង​អាកាសធាតុដ៏សំខាន់មួយ នៅ​ក្នុង​ទីក្រុង​ប៉ារីស សហគមន៍​អន្តរជាតិ​ទើប​នឹង​បាន​ចុះ​កិច្ចព្រមព្រៀង​អាកាសធាតុ​ដ៏សំខាន់​មួយ​ទៀត នៅព្រឹកថ្ងៃ​សៅរ៍​នេះ នៅ​ក្នុង​ទីក្រុង​គីហ្កាលី ប្រទេស​រវ៉ាន់ដា គឺ​កិច្ចព្រមព្រៀង​កាត់បន្ថយ​ឧស្ម័ន​អ៊ីដ្រូហ៊្វ្លុយអូកាបោន (Hydrofluorocabure) ដែល​ជា​ប្រភេទ​ឧស្ម័ន​ដ៏ចម្បងមួយ នាំ​ឲ្យ​ឡើងកម្តៅអាកាសធាតុ។

U.S. Secretary of State John Kerry delivers his keynote addres at the Meeting of the Parties to the Montreal Protocol in Rwanda's capital Kigali, Oct
U.S. Secretary of State John Kerry delivers his keynote addres at the Meeting of the Parties to the Montreal Protocol in Rwanda's capital Kigali, Oct REUTERS/James Akena
ផ្សាយពាណិជ្ជកម្ម

អ៊ីដ្រូហ៊្វ្លុយអូកាបោន (ឬ HFC) គឺ​ជា​ប្រភេទ​ឧស្ម័ន​ដែល​គេ​ច្រើន​ប្រើ​នៅ​ក្នុងម៉ាស៊ីនត្រជាក់ ទូទឹកក ឬ​ប្រភេទ​ស្ប្រៃត៍ (Spray) មួយចំនួនផ្សេងទៀត ហើយ​ជា​ប្រភេទ​ឧស្ម័ន​មួយ ក្នុង​ចំណោម​ឧស្ម័ន​ផ្ទះកញ្ចក់ ដែល​ជា​ដើមហេតុ​នៃ​ការឡើងកម្តៅ​អាកាសធាតុ ហើយ​ដែល​កំពុងតែ​មាន​កំណើន​ខ្លាំងជាងគេ។

តាមការពិត ឧស្ម័ន HFC ​មាន​ការ​កើនឡើង​ខ្លាំង ចាប់ពីអំឡុង​ឆ្នាំ​១៩៩០ ក្រោយ​ពី​មាន​​ការ​ចុះកិច្ចព្រមព្រៀង​អន្តរជាតិ (ពិធីសារ​ក្រុង​ម៉ុងរ៉េអាល់) ស្តីពី​ការ​ការពារ​ស្រទាប់​អូហ្សូន តាមរយៈ​ការ​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន ក្លរ៉ូហ៊្វ្លុយអូកាបោន (ឬ CFC)។ ចាប់ពីពេលនោះហើយ ដែល​ ឧស្ម័ន HFC ត្រូវ​បាន​គេ​ប្រើប្រាស់​យ៉ាងទូលំទូលាយ ដើម្បី​​ជំនួស​ឧស្ម័ន​ CFC។ ក៏ប៉ុន្តែ ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក គេ​រកឃើញ​ថា ឧស្ម័ន HFC មិនបំផ្លាញ​ស្រទាប់អូហ្សូន​ក៏ពិតមែន តែវា​បង្ក​នូវ​ផលប៉ះពាល់​ធ្ងន់ធ្ងរ​មួយផ្សេងទៀត គឺ​បង្ក​ឲ្យ​ឡើងកម្តៅ​អាកាសធាតុ។

ហេតុដូច្នេះហើយ​បាន​ជា ចាប់ពីឆ្នាំ​២០០៩​មក​ សហគមន៍អន្តរជាតិ​បាន​ចាប់ផ្តើម​បើក​ការចរចា​សាជាថ្មី ដើម្បី​ធ្វើ​វិសោធនកម្ម​លើ​ពិធីសារ​ក្រុងម៉ូរ៉េអាល់ ហើយ​ឈាន​ទៅ​​លុបបំបាត់​ឧស្ម័ន HFC ក៏ប៉ុន្តែ ការចរចា​នេះ​ត្រូវ​ប្រឈមមុខ​នឹង​បញ្ហា​ស្មុគស្មាញ​ច្រើន ដោយសារ​តែ​ការលុបបំបាត់​ឧស្ម័ន HFC អាច​បង្ក​ផលប៉ះពាល់​ទៅដល់​សេដ្ឋកិច្ច​របស់​បណ្តា​ប្រទេស​មួយ​ចំនួន រួមមាន​ដូចជា ឥណ្ឌា ជាដើម។

ក្រោយ​ពី​ឆ្លងកាត់​ការ​ចរចា​យ៉ាងស្វិតស្វាញ នៅទីបំផុត សហគមន៍​អន្តរជាតិ​បាន​ឈាន​ដល់​ការចុះកិច្ចព្រមព្រៀង កាលពីព្រឹកមិញ ដោយ​បានកាតព្វកិច្ច និង​កាលបរិច្ឆេទ​ខុសគ្នា រវាង​ក្រុមប្រទេស ៣ប្រភេទ គឺ​ប្រទេស​អភិវឌ្ឍ ត្រូវ​កាត់បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន HFC ឲ្យ​បាន ១០% នៅ​ត្រឹម​ឆ្នាំ​២០១៩ និង ៨៥% នៅ​ត្រឹមឆ្នាំ​២០៣៦។ ក្រុម​ប្រទេស​កំពុង​​អភិវឌ្ឍ​​ដូចជា ចិន និង​បណ្តា​ប្រទេស​នៅ​អាហ្វ្រិក​ ត្រូវ​ចាប់ផ្តើម​រក​ផលិតផល​ជំនួស​និង​កាត់បន្ថយ​ឧស្ម័ន HFC នៅ​ឆ្នាំ​២០២៤ ដើម្បី​ឈាន​ទៅ​កាត់បន្ថយ​ឲ្យ​បាន ៨០% នៅ​ឆ្នាំ​២០៤៥។ ចំណែក​ក្រុមប្រទេស​កំពុង​អភិវឌ្ឍ​ផ្សេងទៀត រួមមាន ឥណ្ឌា ប៉ាគីស្ថាន និង​បណ្តា​ប្រទេស​នៅ​ឈូងសមុទ្រ​ពែក្ស ត្រូវ​ចាប់ផ្តើម​កាត់បន្ថយ នៅ​ឆ្នាំ​២០២៨ ដើម្បីឈាន​ទៅ​សម្រេច​គោលដៅ កាត់បន្ថយ ៨៥% នៅ​ឆ្នាំ​២០៤៧។

បន្ថែម​ពីលើ​នេះ​ទៅទៀត បណ្តា​ប្រទេស​មហាអំណាច​ឧស្សាហកម្ម​ចំនួន ១៦ ក្នុងនោះ រួមមាន​ដូចជា ​សហរដ្ឋ​អាមេរិក អាល្លឺម៉ង់ បារាំង និង ជប៉ុន ជាដើម សន្យា​ផ្តល់​ជំនួយ​ហិរញ្ញវត្ថុ​ដល់​បណ្តា​ប្រទេស​កំពុងអភិវឌ្ឍ ដើម្បី​សម្របខ្លួន​ទៅ​នឹង​ការផ្លាស់ប្តូរ​នេះ។

យោងតាម​អ្នក​ជំនាញ​អាកាសធាតុ ការ​លុបបំបាត់​ឧស្ម័ន HFC អាច​នឹង​ជួយ​កាត់បន្ថយ​ការ​កើនឡើង​នៃ​សីតុណ្ហភាព​មធ្យម​លើ​ភព​ផែនដី បាន​រហូតដល់​ទៅ ០,៥​អង្សា នៅ​ត្រឹម​ឆ្នាំ​២១០០៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ