អានតួអត្ថបទ
អាហ្វ្រិក

លោកBernard Kouchnerសន្យាថានឹងបន្តប្រយុទ្ធទល់នឹងភេរវនិយម

បន្ទាប់​ពី​ឃាតកម្ម​ទៅ​លើ​រូប​ លោកMichel​ Germaneau​ នៅ​តំបន់​Sahel​ខាង​ត្បូង​វាល​ខ្សាច់​Sahara​មក​ លោក​ប្រធានាធិបតីNicolas​ Sarkozy​បាន​បញ្ជូន​លោក​Bernard​ Kouchner​ឱ្យ​ទៅ​កាន់​បណ្តា​ប្រទេស​នៅ​ក្នុង​តំបន់​Sahel។លោក​រដ្ឋ​មន្ត្រី​ ក្រសួង​ការបរទេស​បារាំង​ នៅ​ល្ងាច​ថ្ងៃ​ចន្ទ​ម្សិល​មិញ​ បាន​អញ្ជើញ​ទៅ​កាន់​រដ្ឋធានី​នៃ​ប្រទេស​ម៉ូរីតានី​ជាទី​ដែល​បាន​ជួប​សន្ទនា​ ជា​មួយ​​លោក​ប្រធានាធិបតី​ Abdelaziz​និង​ក្រុម​អាណិកជន​ជាតិ​បារាំង។លោក​Bernard​ Kouchner​ នៅ​ព្រឹក​ថ្ងៃ​អង្គារ​២៧​កក្កដា​នេះ​ត្រូវ​អញ្ជើញ​ទៅ​កាន់​ទីក្រុង​Bamako​ នៃ​ប្រទេស​Mali​មុន​នឹង​អញ្ជើញ​ទៅ​កាន់​ទីក្រុង​Niamey​នៃ​ប្រទេស​Niger។ 

លោ​រដ្ឋមន្ត្រី​បារាំងBernard Kouchner និង​ លោក​ប្រធានាធិបតី​ម៉ូរីតានី, Mohamed Ould Abdel Aziz,នៅ​ទីក្រុង​ Nouakchott,នៅ​ថ្ងៃទី​២៦​កក្កដា​ឆ្នាំ២០១០
លោ​រដ្ឋមន្ត្រី​បារាំងBernard Kouchner និង​ លោក​ប្រធានាធិបតី​ម៉ូរីតានី, Mohamed Ould Abdel Aziz,នៅ​ទីក្រុង​ Nouakchott,នៅ​ថ្ងៃទី​២៦​កក្កដា​ឆ្នាំ២០១០ ©AFP
ផ្សាយពាណិជ្ជកម្ម

02:22

សេចក្តីរាយការណ៍​របស់​ វីនស្តុន រតនា

លោក​Bernard​ Kouchner​ បាន​និយាយ​រំលឹក​អំពី​ប្រតិបត្តិការ​វាយ​ឆ្មក់​ទៅ​លើ​មូលដ្ឋាន​មួយ​របស់​អាល់​-កៃដា​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​២២​កក្កដា។​  គាត់​បាន​បញ្ជាក់​ប្រាប់​ថា​ ការវាយ​ប្រហារ​នេះ​គឺ​ជា​ប្រតិ​បត្តិ​ការ​​មួយ​ដែល​កងទ័ព​ម៉ូរីតានី​បាន​គ្រោង​ទុក​ជា​យូរមក​ហើយ​និង​ដែល​ប្រទេស​បារាំង​បាន​រួម​ចំណែក​នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ច​ព្រមព្រៀង​សហប្រតិបត្តិការ​និង​នៅ​ក្នុង​ក្តី​សង្ឃឹម​រក​ឃើញ​លោក​Michel​ Germaneau​ឡើង​វិញ​។​ គឺ​ជា​ការ​ប៉ុនប៉ង​ចុង​ក្រោយ​បង្អស់​ ពីព្រោះ​ស្រប​តាម​លោក​Bernard​ Kouchner​ ការ​គ្មាន​ទំនាក់​ទំនង​អ្វី​សោះ​ជាមួយ​ពួក​អ្នក​ចាប់​ពង្រត់​គាត់​នាំឲ្យ​គិតថា​ចំណាប់​ខ្មាំង​សឹង​តែ​ត្រូវ​បាន​គេ​កាត់ទោស​រួច​ស្រេច​ទៅហើយ។

 
“​ការធ្វើ​ប្រតិបត្តិការ​សឹក​ពុំ​មាន​ន័យថា​ ប្រទេស​បារាំង​បាន​ផ្លាស់ប្តូរ​យុទ្ធសាស្ត្រ​និង​លះបង់​ការចរចា​នោះឡើយ​”។​ នេះ​ជា​ការ​បញ្ជាក់​ប្រាប់​របស់​លោក​រដ្ឋមន្ត្រី​ ប៉ុន្តែ​ក្នុង​ករណី​នេះ​ គ្មាន​ទំនាក់ទំនង​អ្វីមួយអាច​ត្រូវ​ធ្វើ​ជាមួយ​ពួក​អ្នក​ចាប់​ពង្រត់​បាន​ឡើយ។​ “​ខ្ញុំ​ពុំ​ដឹង​ជា​ លោក​Michel​ Germaneau​ត្រូវ​បាន​គេ​សម្លាប់​ទុក​ជាការ​សងសឹក​ឬ​ក៏​គាត់បាន​ស្លាប់​មុន​ហ្នឹង​ទៅទៀត​ផង​”។​ នេះ​ជា​ការគូស​បញ្ជាក់​របស់​លោក​ប្រមុខ​ការទូត​បារាំង​ដែល​បាន​ប្រាប់​ឲ្យ​ដឹងថា​លោក​ប្រធានាធិបតី​ម៉ូរីតានី​គិត​ថា​ គាត់​បាន​ស្លាប់​មុន​ហ្នឹង​ទៅទៀត។

ដូច្នេះ​គឺ​ជា”​​សារ​គាំទ្រ​និង​ប្តេជ្ញា​ចិត្ត​”​ដែល​លោក​រដ្ឋមន្ត្រី​បារាំង​បាន​នាំមក​ដោយ​សរសើរ​ប្រទេស​ម៉ូរីតានី​ចំពោះ​”​ការ​ខំប្រឹង​ប្រែង​និង​​ជោគជ័យ​របស់ខ្លួន​ក្នុង​ការ​ប្រយុទ្ធ​ទល់នឹង​ជំនឿ​ផ្កាប់​មុខ​"​ ម្យ៉ាងទៀត​គាត់បាន​ប្រកាស​ឲ្យ​ដឹង​ថា​ប្រទេស​បារាំង​នឹង​ពង្រឹង​សហ​ប្រតិបត្តិការ​យោធា​របស់​ខ្លួន​ជាមួយ​ប្រទេស​ម៉ូរីតានី។

ដោយ​ថ្លែង​ទៅកាន់​ក្រុម​អាណិកជន​បារាំង​ លោក​Bernard Kouchner បាន​អំពាវនាវ​គេ​សូម​ឲ្យមាន​ស្មារតី​​ប្រុង​​ប្រយ័ត្ន​​វាងវៃ​​ខ្លាំង​​បំផុត​​ ប៉ុន្តែ​​សូម​​កុំ​​ធ្លាក់​​ដល់​​ថ្នាក់​​ភ័យ​​ព្រួយ​ចិត្ត​​តក់​ស្លុត។​​ "​ក្នុង​​រយៈពេ​ល​​ប៉ុន្មាន​​ខែ​​ទៀត​​ដែល​​ខ្ញុំ​​ពុំ​​ដឹង​​ជា​​ប៉ុន្មាន​​ទេ​​ ដែល​​ប្រាកដ​​ជា​​នឹង​​ពិបាក​​ខ្លាំង​​ ពី​ព្រោះ​​ក្តី​ប្តេជ្ញាចិត្ត​​របស់​ប្រទេស​​ម៉ូរី​តានី​​នឹង​ផ្តល់​​ផ្លែ​ផ្កា​​របស់​​ខ្លួន​​ ពីព្រោះ​​ប្រ​ទេស​​នេះ​​នឹង​​បង្ហាញ​​ផ្លូវ​​ឲ្យ​​ប្រទេស​​ដទៃ​​ទៀត​​ធ្វើ​តាម​​ខ្លួន​”។​​ នេះ​​ជា​​ការ​​ពោល​​បន្ថែម​​របស់​​លោក​​ Bernard Kouchner ។​​ បន្ទាប់​​ពី​​បាន​​ពិសា​បាយ​​ល្ងាច​​ជាមួយ​​លោក​​ប្រធានា​​ធិបតី​​Abdelaziz ​​លោក​Bernard​ Kouchner​ បាន​​អញ្ជើញ​​ទៅកាន់​​ទីក្រុង​​បាម៉ាកូ​​ជាទី​​ដែល​​នៅ​ថ្ងៃ​​ទី២៧​​កក្កដា​​នេះ​​គាត់​នឹង​​ជួប​​សន្ទនា​​ជាមួយ​​លោក​ប្រធានាធិបតី​​នៃ​​ប្រទេស​​ម៉ាលី​​Amadou​ Tourmani​ Touré​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ