អានតួអត្ថបទ
ស៊ីរី

អ.ស.ប​ ​បានសំរេច​ថ្កោលទោស​​​ឧក្រិដ្ឋកម្ម​ប្រឆាំង​​​​មនុស្សជាតិ​​នៅ​​ស៊ីរី

គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ ​បាន​ប្រកាស​ណែនាំ​ នៅថ្ងៃ​សុក្រ ទី២ ធ្នូនេះ​ អោយ​រាល់​បណ្តា​អង្គការ​ដែល​ស្ថិត​នៅក្រោម​ស្ថាប័ន​របស់ខ្លួន ដាក់ចេញ​វិធានការ​ទាំងឡាយ​ណា ដើម្បី​ទប់ទល់ និង​បញ្ឈប់​ឧក្រិដ្ឋកម្ម​ប្រឆាំង​​មនុស្ស​ជាតិ ដែល​កំពុង​កើតមាន​នៅទីក្រុង​ដាម៉ាស់។

អគ្គ​ស្នងកា​រសិទ្ធិ​មនុស្ស​របស់​អង្គកា​រសហប្រជាជាតិ លោកស្រី Navi Pillay និយាយថា ដល់ពេល​ដែល​រដ្ឋាភិបាល​ស៊ីរីត្រូវទទួលខុសត្រូវ​ចំពោះទង្វើ​របស់​ខ្លូន
អគ្គ​ស្នងកា​រសិទ្ធិ​មនុស្ស​របស់​អង្គកា​រសហប្រជាជាតិ លោកស្រី Navi Pillay និយាយថា ដល់ពេល​ដែល​រដ្ឋាភិបាល​ស៊ីរីត្រូវទទួលខុសត្រូវ​ចំពោះទង្វើ​របស់​ខ្លូន REUTERS/Denis Balibouse
ផ្សាយពាណិជ្ជកម្ម

ដោយ​ទទួលបាន​សំឡេង​គាំទ្រ ៣៧ អនុបវាទ ៦ ឈ្នះសំឡេង​ប្រឆាំង​តែ​៤​ ពីចិន រុស្ស៊ី ​និង​ប្រទេស​ពីរ​ទៀត គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ បាន​សំរេច​ថ្កោលទោស​ស៊ីរី ដោយ​ចោទ​ប្រកាន់​ថា អំពើ​ហិង្សា​ “ស្តែង​ៗ” ដែល​ប្រព្រឹត្ត​ឡើង​ដោយ​រដ្ឋាភិបាល​លោក Bachar Al Assad នា​ពេល​បច្ចុប្បន្ន​គឺជា​ឧក្រិដ្ឋកម្ម​ប្រឆាំង​​មនុស្សជាតិ។

សេចក្តី​សំរេច​ជា​ផ្លូវការ​នេះ​ដែលបាន​អនុម័ត​នៅ​ទីក្រុង Genève នឹង​អនុញ្ញាតផង​ដែរ​អោយ គេអាច​ចាត់តាំង​អ្នកនាំពាក្យ ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ម្នាក់ ដើម្បី​ឃ្លាំមើល​យ៉ាង​ប្រកៀកប្រកិត ស្ថានភាព​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស​ដែល​ប្រកប​ដោយ​ភាពច្របូកច្របល់​មួយនេះ។

ប៉ុន្តែ​ឯកអគ្គរដ្ឋទូត​ស៊ីរី លោក Faysal Khabbaz Hamoui បានរិៈគន់​តបត​ទៅវិញ​ថា ​សេចក្តី​សំរេច​នេះ​មាន​លក្ខណៈ​នយោបាយ និង​ជា​ការ​បិទផ្លូវ​មិនអោយ​មានការ​សហការក្នុងន័យ​ស្ថាបនា។

“ទោះបី​ជា​យ៉ាងណា​ក៏​ដោយ សំរាប់​សហរដ្ឋ​អាមេរិក​ ដំណោះស្រាយ​មួយនេះ ដែលបាន​បោះឆ្នោត​គាំទ្រ​ដោយ​រដ្ឋអារ៉ាប់​ចំនួន​៥ ​ផងដែរ នឹងជួយ​អោយ​អង្គការ​សហប្រជាជាតិ​មាន​ជំហររឹងមាំ​នៅក្នុង​ការដោះស្រាយ​វិបត្តិ​នៅស៊ីរី ” នេះ​ជា​ការ​អះអាង​របស់ ឯក​អគ្គរដ្ឋ​ទូត​អាមេរិកាំង លោកស្រី Eileen Chamberlain Donahoe។

នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​បារាំង លោក Alain Juppé ក៏បាន​អបអរសាទរ​ចំពោះ​សេចក្តី​សំរេច​នេះ​ដែរ ដោយលោក​បាន​ថ្លែងថា “វាជា​ការ​បញ្ជាក់សាជាថ្មី ពី​ភាព​ឯកោ​របស់​រដ្ឋាភិបាល​លោក Bachar Al Assad”។ រីឯ​នៅស៊ីរីវិញ​មនុស្ស​រាប់ម៉ឺន​នាក់​នៅតែ​បន្តបាតុកម្ម​ទាមទារ​អោយ​មេដឹកនាំ​ផ្តាច់ការ​ខាងលើ ចេញ​ពី​តំណែង។ គួររំលឹក​ដែរ​ថា អំពើហិង្សា​នៅក្នុង​ប្រទេសស៊ីរី​បានធ្វើ​អោយ​មនុស្ស ៤ពាន់​នាក់​ហើយ​បាត់បង់​ជីវិត ក្នុងនោះ ៣០០នាក់​ជា​កុមារ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ