អានតួអត្ថបទ
អេហ្ស៊ីប

ហិង្សា​ពេល​ទាត់​បាល់​ក្លាយ​ជា​សង្គ្រាម​ប៉ាកកា​នយោបាយ​

ស្លាប់​​៧៤​​នាក់​​និង​​របួស​​ជាង​​១០០០​​នាក់។​ នេះ​​គឺ​​ជា​​តុល្យាការ​​ចុង​​ក្រោយ​​នៃ​​អំពើ​​ហិង្សា​​ដែល​​បាន​​កើត​​ឡើង​ កាល​ពី​​យប់​​ថ្ងៃ​​ពុធ​​ទី​​១​​កុម្ភៈ​​ម្សិលមិញ​ នៅ​​ប្រទេស​​អេហ្ស៊ីប​​ក្នុង​​ឱកាស​​ប្រកួត​​ប្រជែង​​កីឡា​​បាល់​​ទាត់​​មួយ។​ អំពើ​​ហិង្សា​​នេះ​​ដែល​​បាន​​ផ្ទុះ​​ឡើង​​នៅ​​ក្នុង​​ពហុ​កីឡាដ្ឋាន​​Port-Saïd​ នៅ​​ប៉ែក​​ខាង​​ជើង​​នៃ​​ប្រទេស​​ ​​រវាង​​ពួក​​អ្នក​​គាំ​ទ្រ​​ក្រុម​​កីឡាករ​​ម្ខាង ​និង​​ពួក​​អ្នក​​គាំទ្រ​​ក្រុម​​កីឡាករ​​ម្ខាង​​ទៀត​ កំពុង​​ក្លាយ​​ជា​​សង្គ្រាម​​ប៉ាកកា​​នយោបាយ។

សាក្សី​​​​ជា​ច្រើន​​នាក់​​​បាន​​ថ្កោល​ទោស​​ទៅ​​លើ​​វត្តមាន​កងកម្លាំង​សន្តិសុខ​​ដែល​​ពុំ​​បាន​ធ្វើ​​អន្តរាគម​អ្វី​សោះ ​នៅពេលមានការផ្ទុះអំពើហិង្សា។ « កងកម្លាំងរក្សាសន្តិសុខបោះបង់ពួកយើងចោលនិងក៏ពុំបានជួយ​ការពារពួកយើងដែរ »នេះជាការថ្លែងរបស់កីឡាករអេហ្ស៊ីប​ម្នាក់​
សាក្សី​​​​ជា​ច្រើន​​នាក់​​​បាន​​ថ្កោល​ទោស​​ទៅ​​លើ​​វត្តមាន​កងកម្លាំង​សន្តិសុខ​​ដែល​​ពុំ​​បាន​ធ្វើ​​អន្តរាគម​អ្វី​សោះ ​នៅពេលមានការផ្ទុះអំពើហិង្សា។ « កងកម្លាំងរក្សាសន្តិសុខបោះបង់ពួកយើងចោលនិងក៏ពុំបានជួយ​ការពារពួកយើងដែរ »នេះជាការថ្លែងរបស់កីឡាករអេហ្ស៊ីប​ម្នាក់​ REUTERS/Stringer
ផ្សាយពាណិជ្ជកម្ម

 

មួយ​ថ្ងៃ​ក្រោយ​អំពើ​ហិង្សា​នៅ​Porte-Saïd មតិ​សាធារណជន​អេហ្ស៊ីប​បាន​ចោទ​ពួក​នាយ​ទាហាន​ដែល​កំពុង​ក្តាប់​អំណាច​នៅ​ប្រទេស​ថា បាន​បណ្តោយ​ឲ្យ​សោកនាដ្យកម្ម​នេះ​កើត​ឡើង។ អ្នក​ខ្លះ​ទៀត​បាន​រហូត​ដល់​ទៅ​និយាយ​ថា ពួក​នាយ​ទាហាន​បាន​បង្ក​អំពើ​ហិង្សា​ដោយ​ចេតនា ដើម្បី​ធ្វើ​បាប​ពួក​អ្នក​គាំទ្រ​ក្រុម​កីឡាករ​នៃ​ក្លិប​ទីក្រុង​គែរ ដែល​គេ​ហៅ​ថា​ពួក​Al-Ahly ពីព្រោះ​ពួក​Al-Ahly​ទាំង​នេះ ជា​អ្នក​បដិវត្តន៍​សកម្ម​ជាង​គេ​ក្នុង​ការ​ផ្តួល​រំលំ​របប​លោក​មូបារាក់ កាល​ពី​ខែ​កុម្ភៈ​ឆ្នាំ​ទៅ​មិញ។

នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២​កុម្ភៈ​នេះ ពួក​Al-Ahly​ខ្លះ​បាន​ទាំង​ទាមទារ​ឲ្យ​សេនាប្រមុខ​Mohamed Hussein Tataoui ចុះ​ចេញ​ពី​តំណែង​ប្រធាន​ឧត្តម​ក្រុម​ប្រឹក្សា​កងទ័ព ដែល​ជា​អ្នក​ក្តាប់​អំណាច​បណ្តោះ​អាសន្ន​នៅ​អេហ្ស៊ីប ក្នុង​សម័យ​អន្តរកាល​នេះ។ រី​ឯ​លោក​សេនាប្រមុខ​វិញ បាន​សន្យា​ថា នឹង​ចាប់​ពួក​អ្នក​ទទួល​ខុស​ត្រួវ​នៃ​អំពើ​ហិង្សា​នៅ​Port-Saïd មក​កាត់​ទោស​ហើយ​បាន​ព្រមាន​ថា កងទ័ព​នឹង​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​រំជើប​រំជួល​កើត​ឡើង​ឡើយ ក្នុង​អន្តរកាល​ប្រជាធិបតេយ្យ​នេះ។ សូម​ជម្រាប​ថា តាម​ការ​គ្រោង​ទុក កងទ័ព​អេហ្ស៊ីប​នឹង​ប្រគល់​អំណាច​ទៅ​ឲ្យ​រដ្ឋាភិបាល​ស៊ីវិល​ស្រប​ច្បាប់​មួយ យ៉ាងយូរ​ណាស់ នៅ​ចុង​ខែ​មិថុនា​ខាង​មុខ​នេះ។

សភា​អេហ្ស៊ីប​ដែល​ទើប​ប្រសូត​ចេញ​ពី​ការ​បោះឆ្នោត​ថ្មីៗ​កន្លង​ទៅ​នេះ បាន​រួម​ប្រជុំ​គ្នា​ជា​វិសាមញ្ញ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ដើម្បី​លើក​ឡើង​ពី​ព្រឹត្តិការណ៍​ហិង្សា​នៅ​Port-Saïd។ រី​ឯ​កង​ទ័ព​វិញ​បាន​ប្រកាស​ឲ្យ​មាន​ការ​កាន់​មរណទុក្ខ​ជាតិ​ចំនួន​បី​ថ្ងៃ ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​អ្នក​រង​គ្រោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ