អានតួអត្ថបទ

ស្លាប់យ៉ាងតិច៨២០នាក់ ក្នុងគ្រោះរញ្ជួយដ៍កម្រនៅម៉ារ៉ុក

គិតត្រឹមរសៀលថ្ងៃសោរ៍នេះ ចំនួនអ្នកស្លាប់ក្នុងគ្រោះរញ្ជួយដីនៅម៉ារ៉ុក បានកើនដល់យ៉ាងតិចជាង៨០០នាក់ ខណៈអ្នករបួសមានប្រមាណជាង៦០០នាក់ផ្សេងទៀត។ ជាគ្រោះរញ្ជួយដីដ៍កម្រនិងខ្លាំងក្លាបំផុតមួយ នៅក្នុងតំបន់អាហ្វ្រិកខាងជើង ជាងមួយសតវត្សរ៍មកនេះ។ ក្រសួងមហាផ្ទៃម៉ារ៉ុក រំពឹងតុល្យការអ្នកស្លាប់និងរបួស នឹងអាចកើនឡើងជាបន្តទៀត ខណៈក្រុមជួយសង្គ្រោះកំពុងតែបន្តរុករកជនរងគ្រោះបន្ថែមទៀត នៅតាមតំបន់ដាច់ស្រយ៉ាល។ មិនត្រឹមតែឆក់យកជីវិតមនុស្សរាប់រយនាក់ទេ គ្រោះរញ្ជួយដីនេះ ក៏បានបំផ្លិចបំផ្លាញសំណង់Medina ឬរបងRed Wallsមួយចំនួន ដែលត្រូវបានចាត់ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូផងដែរ។

A woman reacts standing infront of her earthquake-damaged house in the old city in Marrakesh on September 9, 2023. A powerful earthquake that shook Morocco late September 8 killed more than 600 people, interior ministry figures showed, sending terrified residents fleeing their homes in the middle of the night. (Photo by FADEL SENNA / AFP)
A woman reacts standing infront of her earthquake-damaged house in the old city in Marrakesh on September 9, 2023. A powerful earthquake that shook Morocco late September 8 killed more than 600 people, interior ministry figures showed, sending terrified residents fleeing their homes in the middle of the night. (Photo by FADEL SENNA / AFP) AFP - FADEL SENNA
ផ្សាយពាណិជ្ជកម្ម

ចំនួនអ្នកស្លាប់ក្នុងគ្រោះរញ្ជួយដីកម្រិតនៅម៉ារ៉ុក បានកើនឡើងយ៉ាងលឿងដល់ជាង៨០០នាក់ គិតត្រឹមរសៀលថ្ងៃសៅរ៍នេះ ខណៈអ្នករបួសមានជាង៦០០នាក់ផ្សេងទៀត។ ក្រសួងមហាផ្ទៃម៉ារ៉ុក បានរំពឹងថា តុល្យការអ្នកស្លាប់និងរបួស ក្នុងគ្រោះរញ្ជួយដីនេះ នឹងកើនឡើងជាបន្តទៀត ខណៈក្រុមជួយសង្គ្រោះបាននឹងកំពុងរុករកជនរងគ្រោះផ្សេងៗបន្ថែមទៀត នៅតាមតំបន់ដាច់ស្រយ៉ាល។ យោងតាមទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្រ្តរបស់សហរដ្ឋអាមេរិក(USGS) វាជាគ្រោះរញ្ជួយដីដ៍ខ្លាំងក្លាបំផុត ក្នុងតំបន់អាហ្វ្រិកខាងជើង ប្រមាណជាងមួយសតវត្សមកនេះ។

យោងតាម(USGS)​ គ្រោះរញ្ជួយដីកម្រិត៦.៨រ៉ិចទ័រនេះ បានផ្ដើមវាយប្រហារនៅតំបន់ជួរភ្នំHigh Atlas នៅវេលាម៉ោងប្រមាណ១១:១១នាទីយប់ ម៉ោងក្នុងប្រទេសម៉ារ៉ុក នៅក្នុងជម្រៅប្រមាណ១៨.៥គីឡូម៉ែត្រ។ តាមពីក្រោយដោយការរំញ័រឬការរញ្ជួយតូចៗ (Aftershocks) ក្នុងកម្រិត៤.៩រ៊ិចទ័រ នៅប្រមាណ១៩នាទីក្រោយមកទៀត។ ដោយឡែក ចំណុចស្នូលនៃគ្រោះរញ្ជួយដីនេះ គឺស្ថិតនៅចម្ងាយប្រមាណ៧២គីឡូម៉ែត្រ ភាគនិរតីនៃទីក្រុងMarrakech ដែលជាទីក្រុងដែលមានប្រជាជនប្រមាណ៨៤ម៉ឺននាក់រស់នៅ និងក៏ដែលជាគោលដៅទេសចរណ៍ដ៍ពេញនិយមមួយ។

ក្រោយគ្រោះរញ្ជួយដីនេះ អាជ្ញាធរសុខាភិបាលម៉ារ៉ុក បានឲ្យដឹងថា ពលរដ្ឋម៉ារ៉ុកជាច្រើន បានចេញមកសម្រាកនៅតាមដងផ្លូវ ក្នុងទីក្រុងនានា ដើម្បីគេចចេញពីការរំញ័រ ឬការរញ្ជួយតូចៗផ្សេងដែលអាចកើតឡើងនៅពេលក្រោយទៀត។ ពលរដ្ឋបានឈរត្រៀមត្រានៅតាមដងផ្លូវ ខណៈអ្នកខ្លះសម្រាកនៅតាមផ្លូវថ្មើរជើង ដោយមានបីកូន និងកាន់បង្វិចសម្ភារៈផ្សេងៗជាដើម។

ក្រុមជួយសង្គ្រោះវិញ ក្នុងពេលជាមួយគ្នានេះ ក៏កំពុងតែសស្រាក់សស្រាំ ក្នុងការបម្លាស់យកជនរងគ្រោះដែលជាប់ក្រោមបំណែកគំនរថ្មបែកបាក់ និងប្រកាសពីតម្រូវការឈាមបរិច្ចាគ ជួយសង្គ្រោះជីវិត ផងដែរ។ យោងតាមអាជ្ញាធរនៃប្រទេសម៉ារ៉ុក ជនរងគ្រោះដែលស្លាប់ភាគច្រើន គឺជាអ្នកដែលរស់នៅតាមតំបន់ភ្នំ ដែលស្ថិតនៅក្បែរៗចំណុចស្នូលគ្រោះរញ្ជួយដីនេះ និងហើយដែលអាជ្ញាធរ មានការលំបាកក្នុងការចូលទៅសង្គ្រោះ។

សូមបញ្ជាក់ថា ក្រៅតែពីបំផ្លាញអាយុជីវិតប្រជាពលរដ្ឋអស់រាប់រយនាក់គ្រោះរញ្ជួយដីនេះ ក៏បានបំផ្លិចបំផ្លាញសំណង់បុរាណមួយចំនួនក្នុងតំបន់Medina នៃក្រុងMarrakesh ឬ Red City ដែលត្រូវបានចាត់ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូផងដែរ។ ទន្ទឹមនឹងនេះ យោងតាមប្រព័ន្ធផ្សព្វផ្សាយម៉ារ៉ុក វិហារ កូតូប្យៀ Koutoubia ដែលជា​កេរ្តិ៍ដំណែលដ៏ល្បីល្បាញក្នុងទស្សវត្សទី១២ របស់ទីក្រុងនេះMarrakesh ក៏បានរងការខូចខាតផងដែរ។ ក្រៅពីនេះ ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ រួមទាំងលំនៅដ្ឋានប្រជាពលរដ្ឋមួយចំនួនតាមបណ្ដាក្រុងស្ថិតនៅក្បែរចំណុចស្នូលនៃគ្រោះរញ្ជួយដីនេះ បានរំលំ ខណៈដែលអគ្គីសនី និងភ្លើងបំភ្លឺផ្លូវមួយចំនួន បានកាត់ផ្ដាច់ផងដែរ។

គួរជម្រាបដែរថា គិតត្រឹមថ្ងៃសៅរ៍នេះ សាររំលែកទុក្ខនិងសារគាំទ្រប្រទេសម៉ារ៉ុកក្នុងសោកនាដកម្មមួយនេះ បានធ្លាក់មកជាបណ្ដើរៗ ពីបណ្ដាមេដឹកនាំ និងស្ថាប័នអន្តរជាតិនានានៅលើពិភពលោក។ ក្នុងនោះរួមមានពី អធិការបតីអាល្លឺម៉ង់លោក Olaf Scholz នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi និងអ្នកនាំពាក្យអង្គការសហប្រជាជាជាតិជាដើម៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ