អានតួអត្ថបទ
អាហ្វ្រិក​ខាង​ត្បូង-អគ្គិភ័យ

អាហ្វ្រិក​ខាង​ត្បូង៖ ស្លាប់​យ៉ាង​ហោច​៧៤នាក់​ក្នុង​គ្រោះ​អគ្គិភ័យ​កណ្តាល​រដ្ឋធានី

បើ​តាម​តួលេខ​ចុងក្រោយ​ផ្តល់​ដោយ​អាជ្ញាធរ អគ្គិភ័យ​បាន​ផ្តាច់​ជីវិត​មនុស្ស​អស់​យ៉ាង​ហោច​៧៤នាក់ ក្នុង​នោះ១២​នាក់​ជា​កូន​ក្មេង។ ជាគ្រោះ​អគ្គិភ័យដ៏​សន្ធោសន្ធៅ​​ឆាប​ឆេះ​អគារស្នាក់​នៅ​​រខេករខាក​មួយ​កណ្តាល​រដ្ឋធានី​សេដ្ឋកិច្ច​របស់​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​ នាពេល​កណ្តាល​អាធ្រាត្រ​យប់​ថ្ងៃពុធ​ឆ្ល​ងមក​ថ្ងៃ​ព្រហស្បតិ៍។

អាហ្វ្រិក​ខាង​ត្បូង៖ ស្លាប់​យ៉ាង​ហោច​៧៤នាក់​ក្នុង​គ្រោះ​អគ្គិភ័យ​កណ្តាល​រដ្ឋធានី
អាហ្វ្រិក​ខាង​ត្បូង៖ ស្លាប់​យ៉ាង​ហោច​៧៤នាក់​ក្នុង​គ្រោះ​អគ្គិភ័យ​កណ្តាល​រដ្ឋធានី AP - Jerome Delay
ផ្សាយពាណិជ្ជកម្ម

ក្រុម​សង្គ្រោះ​បាន​រក​ឃើញ​សាកសព​ស្ត្រី​២៤​នាក់ បុរស​៤០នាក់ និង​១០​ផ្សេង​ទៀត​មិន​អាច​កំណត់​ភេទ​បាន​ព្រោះ​ឆេះ​ខ្លោច​ខ្លាំងពេក​ ព្រមទាំង​សាកសព​ក្មេង​យ៉ាង​ហោច​១២នាក់។ អ្នក​រង​របួស​ប្រមាណ​៦០នាក់​ផ្សេង​ទៀត ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​តាម​មន្ទីរ​ពេទ្យ​នានា​ក្នុង​តំបន់​។ ចំណែក​ប្រតិបត្តិការ​សង្គ្រោះ​និង​រុក​រក​ បាន​បិទ​បញ្ចប់​នៅយប់​ថ្ងៃ​ព្រហស្បតិ៍ម្សិលមិញ។

ប្រធានាធិបតី​អាហ្វ្រិក​ខាង​ត្បូង​លោក Cyril Ramaphosa បាន​អញ្ជើញ​ទៅ​ដល់​កន្លែង​កើត​ហេតុ​ផ្ទាល់​និង​បានចាត់​ទុក​គ្រោះ​អគ្គិភ័យ​នេះ​ថា​ជា​សោកនាដកម្ម​ដ៏​ធំដែល​សម្លាប់​ជីវិត​មនុស្ស​ដ៏​ច្រើនជាង​គេ​​បំផុត ក្នុង​ចំណោម​គ្រោះអគ្គិភ័យ​ដ៏​កំណាច​នៅលើពិភពលោក​សម្រាប់​រយៈ​ពេល​២០​ឆ្នាំ​ចុងក្រោយ​នេះ​។ ក្នុង​ទឹក​មុខ​ក្រៀមក្រំ លោក​ប្រធានាធិបតី​បាន​សន្យាចាប់យក​​វិបត្តិ​លំនៅដ្ឋាន​មកដោះស្រាយ។ នៅចំពោះ​មុខ​សោកនាដកម្ម​បែប​នេះ លោក​អគ្គលេខា​ធិការ​អង្គការ​សហប្រជាជាតិ បាន​ស្នើ​បញ្ជូន​ក្រុមការងារ​ទៅ​សហការ​ជាមួយ​អាជ្ញាធរ​ដើម្បី​ការពារ​កុំ​ឱ្យ​មាន​គ្រោះ​អគ្គិភ័យ​បែប​នេះទៀត។

សូម​បញ្ជាក់​ថា​ បើ​តាម​អ្នក​ទទួល​ខុស​ត្រូវម្នាក់​ ​ភ្លើង​ទៀន​ឬ​​ប្រដាប់​​បំភ្លឺ​បន្ថែម​ ទំនង​ជា​ដើម​ហេតុ​​នាំ​ឱ្យ​មាន​អគ្គិភ័យ​ឆាប​ឆេះ​អគារ​ស្នាក់​នៅ ជា​កម្មសិទ្ធិក្រុង​ ដែល​មាន​បួន​ជាន់​ និង​ដែល​មាន​អ្នក​ចូល​មក​រស់​នៅ​ដោយ​ខុស​ច្បាប់។ សង្កាត់​នេះ​ធ្លាប់​ជា​ទី​ប្រជុំ​​ពាណិជ្ជកម្ម​ដ៏​ធំ​ក្នុង​សម័យរើសអើង​ប្រកាន់​ពណ៌​សម្បុរ​Apartheid តែ​លែង​មាន​សកម្មភាព និង​ក្លាយ​ជា​សង្កាត់​ដ៏សែន​គ្រោះ​ថ្នាក់ដែល​មានអត្រា​​ឧក្រិដ្ឋកម្ម​ខ្ពស់​​បំផុត​មួយ​នៅលើ​ពិភពលោក​​​ នា​ពេល​បច្ចុប្បន្ន​។ អគារ​ស្នាក់នៅ​ជា​ច្រើន​ត្រូវ​បាន​គេ​បោះបង់​ចោល ចាស់​រខេករខាក គ្មាន​ប្រព័ន្ធ​អគ្គិសនី​ត្រឹម​ត្រូវ​ ហើយច្រើន​​ធ្លាក់​ក្នុង​ដៃ​​​ក្រុម​អ្នក​ឈ្មួញ​ជួល​ផ្ទះ​ទុច្ចរិត​។ ដើម្បី​សុវត្ថិភាព​ អគារស្នាក់នៅ​នីមួយៗ​មាន​បំពាក់​ទៅ​ដោយ​ចំរ៉ឹងដែក​ជា​ច្រើន។ ជាក់​ស្តែង​អគារ​រង​អគ្គិភ័យ​ម្សិលមិញ​នេះ មាន​ចំរ៉ឹង​ដែកឃាំង​គ្រប់​ជាន់​ បិទ​ចាក់​សោរ​ជា​ច្រើន​ជុំ ការពារ​កុំ​ឱ្យ​មនុស្ស​ក្រៅ​ចូល តែ​បាន​រារាំង​មិន​ឱ្យ​ពលរដ្ឋ​ស្លន់ស្លោ​ររត់​គេច​ពី​ភ្លើង​ឆេះ​កណ្តាល​អាធ្រាត្រ​បានទេ។ បើ​តាម​សាក្សី​ ក្រោយ​ភ្លើង​អគ្គិភ័យ​រលត់​គេ​ឃើញ​សាក​សព​ជា​ច្រើន​ស្លាប់​គ​គ្នា​នៅ​ក្រោយ​ចំរ៉ឹង​ដែក។ ​ខ្លះ​ទៀត​បាន​​ឃើញ​គេ​គប់​ទារក​តាម​បង្អួច​ដើម្បី​គេច​ពី​អណ្តាត​ភ្លើង។

អ្នក​​​ស្នាក់​នៅក្នុង​អគារ​នេះ​ច្រើន​ជា​​ជន​បរទេស។ ​មាន​សេដ្ឋកិច្ច​ខ្លាំង​​និង​ជា​ប្រទេស​ឧស្សាហកម្ម​ធំ​ជាង​គេ​នៅលើ​ទ្វីប​ អាហ្វ្រិក​ខាង​ត្បូងទាក់ទាញ​អន្តោប្រវេសន៍រាប់​លាន​នាក់​មក​ពី​គ្រប់​ប្រទេស​នៅ​​អាហ្វ្រិក ហើយ​ភាគ​ច្រើន​ជា​អន្តោប្រវេសន៍​ខុស​ច្បាប់។ កាលពី​ឆ្នាំ​២០១៩ អាជ្ញាធរ​ក្រុង​​បាន​ចូល​ឆែក​ឆេរតាម​​អគារ​ស្នាក់​នៅ​និង​ចាប់​ខ្លួន​អន្តោប្រវេសន៍​បរទេស​ជាង​១៤០នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ