អានតួអត្ថបទ
អាកាសធាតុ

សន្និសីទ​ ​COP២៧ បន្តជជែក​យ៉ាង​តឹង​មាត់​អំពី​​ កម្មវត្ថុនិងហិរញ្ញវត្ថុអាកាសធាតុ

សន្និសីទ​អាកាសធាតុ​COP២៧ បាន​ប្រព្រឹត្តទៅ​អស់​ពេញមួយសប្តាហ៍​ហើយ ប៉ុន្តែ​កិច្ចពិភាក្សា​រវាង​ក្រុមប្រទេស​អ្នក​មាន ដែល​ជា​អ្នក​មាន​ទំនួល​ខុស​ត្រូវ​ធ្វើ​ឱ្យ​ឡើង​កម្តៅ​អាកាសធាតុ និង​ប្រទេស​ក្រីក្រ​ដែល​ទាមទារ​សុំ​ជំនួយ​ហិរញ្ញវត្ថុ​ សម្រាប់​ប្រឈម​នឹង​ផលវិបាក​ ហាក់​គ្មាន​សញ្ញា​នៃ​ការ​ស្រុះស្រួល​គ្នា​សោះ។ បើ​ទោះបី​ជា​គ្រប់​គ្នា​សម្គាល់​ឃើញ​អំពីភាព​បន្ទាន់​នៃ​ការ​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ក៏​ដោយ ក៏​ការ​ខ្វែង​គំនិត​នៅ​តែ​មិន​រួម​តូច។

សន្និសីទ​ ​COP២៧ បន្តជជែក​យ៉ាង​តឹង​មាត់​អំពី​​ កម្មវត្ថុនិងហិរញ្ញវត្ថុអាកាសធាតុ
សន្និសីទ​ ​COP២៧ បន្តជជែក​យ៉ាង​តឹង​មាត់​អំពី​​ កម្មវត្ថុនិងហិរញ្ញវត្ថុអាកាសធាតុ AFP - AHMAD GHARABLI
ផ្សាយពាណិជ្ជកម្ម

សប្តាហ៍​ទីមួយ​បាន​កន្លង​ផុត ដោយ​គ្មាន​ឃើញ​ចេញ​សេចក្តី​ប្រកាស​អ្វី​ធំដុំ​ទេ។ ម្នាក់ៗ​ហាក់​កំពុង​ទល់​ភ្នែក​ចាំ​មើល​គ្នា​ទៅ​វិញ ដោយគិត​ថា​បាន​​ធ្វើ​ចំណែករបស់​ខ្លួន​ហើយ​។ នេះ​បើ​តាម​ទស្សនៈ​របស់​លោក​ Pierre Canet នៃ​អង្គការ​ក្រៅរដ្ឋាភិបាល WWF។

ក្នុង​សន្និសីទអាកាសធាតុ​​COP២៦ នៅ​Glasgow កាលពី​មួយ​ឆ្នាំមុន ប្រទេស​ជា​សមាជិក​អង្គការ​សហប្រជាជាតិ​ប្រមាណ​២០០ បាន​ប្តេជ្ញា​គោរព​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុង​ប៉ារីស ឆ្នាំ​២០១៥ ដែល​ចង់​កំរិត​ការ​ឡើង​កម្តៅ​អាកាសធាតុ​នៅ​ឆ្នាំ​២១០០ បើ​អាច​ត្រឹម​១,៥​អង្សា​ បើ​ប្រៀបធៀប​ទៅ​នឹង​សម័យ​មុន​ឧស្សាហកម្ម ដោយសន្យាដំឡើង​​កម្មវត្ថុ​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ នៅក្នុង​COP២៧។ ប៉ុន្តែ​មាន​តែ​ប្រមាណ​៣០ប្រទេស​បាន​ធ្វើ​តាម​សន្យា ហើយ​បើ​តាម​អ្នក​សង្កេត​ការណ៍​ជា​ច្រើន​ផ្សេង​ទៀត ចិន​និង​អារ៉ាប៊ីសាអូឌីត បាន​បង្ហាញ​គំនិតស្ទាក់ស្ទើរ​ (ជុំ​វិញ​កម្មវត្ថុ​កំរិត​ការ​ឡើង​កម្តៅ​អាកាស​ធាតុ​ក្រោម​២អង្សា និង​បើ​អាច​ត្រឹម​១,៥អង្សា) ដែល​ធ្លាប់​បញ្ជាក់​​ពី​មុនៗ ឱ្យ​មាន​ចែង​ក្នុង​សេចក្តី​ថ្លែងការណ៍​បង្ហើយ​ទៀត​ផង។

ចំណែក​​ក្រុមប្រទេស​កំពុង​អភិវឌ្ឍន៍​និង​ប្រទេស​កូនកោះ​ក្នុង​ប៉ាស៊ីហ្វិក​វិញ បាន​ទាមទារ​ឱ្យ​ ក្រុមប្រទេស​អ្នកមាន​ដែល​មិន​គោរពពាក្យ​សន្យា​ផ្តល់​ប្រាក់​១០០ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ សម្រាប់​ជួយ​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​កាបូនិក និង​សម្រប​ប្រទេស​នៅ​នឹង​ផលប៉ះពាល់​អាកាសធាតុ ត្រូវ​ការ​ប្រាក់​ច្រើន​ថែមទៀត។ ពួកគេ​បាន​សុំ​ឱ្យ​បង្កើត​យន្តការ​ពិសេស​មួយ​​ទៀត សម្រាប់សងនឹង​ការ​បាត់​បង់​និង​ខូចខាត កន្លង​មក​។ ប៉ុន្តែក្រុមប្រទេស​អ្នក​មាន​មិន​ត្រូវការ​ឮ​ទេ។

ប្រេសិត​ពិសេសអាមេរិក​​ទទួល​បន្ទុក​អាកាសធាតុ លោក ចនឃែរី បាន​បញ្ជាក់​ថា​ប្រទេស​ជា​ច្រើន​មិន​ចង់​ត្រលប់​ថយក្រោយ​ទេ និង​មិន​ព្រមឱ្យ​មាន​រចនា​សម្ព័ន្ធ​ស្រប​ច្បាប់​ណាមួយ​ពាក់​ព័ន្ធ​នឹង​ការ​ផ្តល់​ប្រាក់​សំណង​ឬ​ជំងឺ​ចិត្តជា​ដាច់​ខាត។ អាមេរិក​ត្រៀម​ខ្លួន​ចរចារក​វិធី​​សម្រួល​ការផ្តល់​​ហិរញ្ញវត្ថុ​ដែល​អាច​បន្ត​ដល់​ឆ្នាំ​២០២៤។ ឯ​ខាង​អឺរ៉ុប​ថា​ បង្កើត​យន្តការ​ផ្តល់​ហិរញ្ញវត្ថុ​មិនមែន​ជា​ដំណោះស្រាយ​ល្អ​ ព្រោះ​មាន​មូលនិធិ​បៃតង​រួច​ហើយ។

ក្រុមប្រតិភូ​ត្រូវ​ចាប់​ពិភាក្សា​ជម្រុះ​ភាព​ខ្វែង​គំនិត​គ្នា​ចាប់​ពី​ថ្ងៃអង្គារ​ស្អែក​ទៅ ដោយ​សង្ឃឹម​​ថា​នឹងអាច​អនុម័ត​សេចក្តី​ថ្លែងការណ៍​ចុងក្រោយ​បាន​ នៅ​ថ្ងៃសុក្រ ដែល​ជា​ថ្ងៃចុងក្រោយរបស់​សន្និសីទ។ ប៉ុន្តែ​ សេចក្តី​សម្រេច ​​ត្រូវ​ធ្វើ​ឡើង​ដោយ​ការ​ស្រុះស្រួល​គ្នា​ទាំង​ស្រុង​ ដូច្នេះ​ប្រទេសតែ​មួយ​ក៏​អាច​រារាំង​​ការ​អនុម័ត​បាន​ដែរ។ កាលពី​ឆ្នាំទៅ ការ​ទាមទារ​នៅទី​ចុងក្រោយ​របស់​ចិន​និង​ឥណ្ឌា បាន​រុញ​ឱ្យ​សន្និសីទ​ត្រូវ​អូសបន្លាយពេល​​​ទម្រាំត្រូវ​គ្នា​បាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ