អានតួអត្ថបទ

ប្រមុខការទូត​អាមេរិក ទៅ​អាហ្វ្រិក បន្សាបឥទ្ធិពល​រុស្ស៊ី​និង​ចិន

បន្ទាប់ពី​អាស៊ី រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក អង់តូនី ប្ល៊ីងកិន បាន​អញ្ជើញ​ទៅដល់​អាហ្វ្រិក​។ ថ្ងៃ​អាទិត្យ​ ​ ប្រមុខ​ការទូត​អាមេរិក បាន​ទៅដល់​ អាហ្វ្រិក​ខាង​ត្បូង ដែល​ជាប្រទេស​មាន​សេដ្ឋកិច្ច​អភិវឌ្ឍជឿន​លឿន​មួយ​នៅទ្វីបអាហ្វ្រិក​។ បន្ទាប់ពីប្រទេស​នេះ លោក​នឹង​បន្ត​ទៅ​ប្រទេស​ពីរថែមទៀត​។ នេះជាលើកទី២​ហើយ ដែល​លោក អង់តូនី ប្ល៊ីងកិន បាន​ទៅ​ជាន់​ទឹក​ដី​អាហ្វ្រិក​ក្នុង​ឋានៈ​​ជា​រដ្ឋមន្ត្រីការបរទេស​អាមេរិក ហើយ​ក៏ត្រូវ​គេមើល​ឃើញថា ដើម្បី​បន្សាបឥទ្ធិពល​រុស្ស៊ី​និង​ចិន​។ ​

ប្រមុខការទូតអាមេរិក បានទៅដល់ អាហ្វ្រិកខាងត្បូង ដែលជាប្រទេសមានសេដ្ឋកិច្ចអភិវឌ្ឍជឿនលឿនមួយនៅទ្វីបអាហ្វ្រិក។
ប្រមុខការទូតអាមេរិក បានទៅដល់ អាហ្វ្រិកខាងត្បូង ដែលជាប្រទេសមានសេដ្ឋកិច្ចអភិវឌ្ឍជឿនលឿនមួយនៅទ្វីបអាហ្វ្រិក។ AP - Andrew Harnik
ផ្សាយពាណិជ្ជកម្ម

នៅថ្ងៃ​ចន្ទ រដ្ឋមន្ត្រីការបរទេស​​នៃប្រទេស​ទាំងពីរ​ អាមេរិក-អាហ្វ្រិកខាងត្បូង នឹង​ជួប​សំណេះ​សំណាល​គ្នា ជុំវិញ​យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​នៅ​អាហ្វ្រិក។​ ការជជែក​ពិភាក្សា​នេះ​ក៏​នឹង​ផ្តោតដែរ​​ទៅលើ​ការវិវត្ត​ថ្មីៗ​ និងស្ថានភាពបច្ចុប្បន្នភាព​នៃ​​វិបត្តិ​ភូមិសាស្ត្រ​ដែល​​កំពុងតែ​អូសបន្លាយ​។​ នេះបើតាម​សេចក្តីថ្លែងការណ៍​របស់​រដ្ឋាភិបាល​អាហ្វ្រិកខាងត្បូង។​

ពីចំណែក​ភាគី​អាមេរិក, ប្រមុខ​ការទូត​ទាំងពីរប្រទេស​​នឹង​លើកឡើង​ពីបញ្ហា​អាកាសធាតុ ពាណិជ្ជកម្ម សុខភាព និង​សន្តិសុខស្បៀង។  ក្រសួង​ការបរទេសអាមេរិក ធ្លាប់​​បាន​ប្រកាស​តាំងពី​ចុង​ខែ​កក្កដាមក ថាដំណើរ​ទស្សនកិច្ច​របស់​លោក អង់តូនី ប្ល៊ីងកិន ​នឹង​បង្ហាញ​បណ្តារដ្ឋ​អាហ្វ្រិក​ឲ្យ​ឃើញថា​ប្រទេស​អាហ្វ្រិក​មាន​តួនាទី​ស្នូលសំខាន់​ និង​ជា​ដៃគូ​ដ៏ចាំបាច់​នៅក្នុងសតវត្សថ្មី​ ក្នុងការ​ផ្សព្វផ្សាយ​ពី​ប្រព័ន្ធ​អន្តរជាតិ​ដែល​បើកចំហនិង​មាន​ស្ថិរភាព ហើយ​ក៏​ជាដៃគូ​សម្រាប់​ប្រយុទ្ធប្រឆាំង​នឹង​ការ​កើនកម្តៅ​ផែនដី  បញ្ហា​អសន្តិសុខស្បៀង និង​បញ្ហា​វិបត្តិ​ជំងឺ​ឆ្លង​សកល​ ជាដើម។​

នេះ​ជាលើកទី២ហើយ តាំងពី​ចូល​កាន់​តំណែង ដែល​លោក អង់តូនី ប្ល៊ីងកិន ​បាន​ទៅ​អាហ្វ្រិក​។ កាលពី​ជើង​មុន ក្នុង​ខែវិច្ឆិកា​២០២១ លោក​បាន​ទៅ​ជាន់​ដី​កេនយ៉ា នីហ្សេរីយ៉ា និង​សេណេហ្កាល។ ទស្សនកិច្ច​លើកមុននោះ​ គឺ​ផ្តោត​សំខាន់​រឿង​បន្សាប​ឥទ្ធិពល​ចិន​នៅអាហ្វ្រិក ពីព្រោះថា របៀប​រក​ស៊ី​របស់​ចិន​នៅទីនោះ គឺទាក់​ចិត្ត​បណ្តារដ្ឋអាហ្វ្រិក​ជាច្រើនណាស់​ ព្រោះចិន​គ្មាន​ដាក់​លក្ខខណ្ឌ​ប្រជាធិបតេយ្យ ឬ​សិទ្ធិមនុស្ស​អ្វីទេ។ នៅ​ក្នុងទស្សនកិច្ចការ​លើកនេះទៀត គឺ​ដើម្បី​បំណង​ធំមួយ​ទៀត បន្សាប​ឥទ្ធិពល​រុស្ស៊ី​នៅអាហ្វ្រិក​។

អ្វីដែល​គេ​ត្រូវ​កត់​សម្គាល់​ គឺថា ដំណើរ​ទស្សនកិច្ច​មួយ​ជុំអាហ្វ្រិក​របស់​ប្រមុខ​ការទូត​សហរដ្ឋអាមេរិក​ ក្នុង​ខែ​សីហា​នេះ គឺធ្វើឡើង​បន្ទាប់ពី​រដ្ឋមន្ត្រីការ​បរទេស​រុស្ស៊ី Sergueï Lavrov បាន​មកជាន់​ដីអាហ្វ្រិក​កាលពី​ខែ​កក្កដា​កន្លងទៅ។​ គួរ​ជ្រាបថា​ តាំងពី​ផ្ទុះ​សង្គ្រាមរុស្ស៊ី​​ឈ្លានពាន​អ៊ុយក្រែន​ នៅ​ថ្ងៃទី​២៤​កុម្ភៈ​មក ប្រទេស​អាហ្វ្រិក​ខាង​ត្បូង ប្រកាន់​ជំហរ​កណ្តាល មិន​ថ្កោលទោស​រុស្ស៊ី និង​មិន​កាន់ជើង​អ៊ុយក្រែន។

តាមគម្រោង នៅ​ពេល​បញ្ចប់​ទស្សនកិច្ច​នៅ​អាហ្វ្រិក​ខាង​ត្បូង  រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក អង់តូនី ប្ល៊ីងកិន នឹង​អញ្ជើញ​បន្តទៅ​សាធារណរដ្ឋប្រជាធិបតេយ្យ​​កុងហ្គោ និង​ចេញជាបន្តទៅ Rwanda៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ