អានតួអត្ថបទ
អាហ្វ្រិកខាងត្បូង-បរិស្ថាន-ធម្មជាតិ

សកម្មជន​បរិស្ថាន​អាហ្វ្រិក​ខាង​ត្បូង​ធ្វើ​បាតុ​កម្ម​ប្រឆាំង​នឹង​ការ​រុក​រក​ប្រេង

នៅ​អាហ្វ្រិកខាងត្បូង​ កាលពី​ថ្ងៃអាទិត្យ ទី៥ធ្នូ​ម្សិលមិញ ក្រុម​អ្នក​ការពារ​បរិស្ថាន​រាប់រយ​នាក់​បាន​ចេញ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹងការ​រុក​រក​ប្រេង​និង​ឧស្ម័ន​ដោយ​ក្រុមហ៊ុន​ថាមពល​យក្ស​ស្ហ៊ែល​ (Shell )។ សកម្មជន​បរិស្ថាន​និយាយថា​សកម្មភាព​របស់​ក្រុមហ៊ុន​ស្ហ៊ែល​នៅ​ឈូង​សមុទ្រ​អាហ្វ្រិកខាងត្បូង​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់ដល់​ជីវិត​សត្វសមុទ្រ​ ហើយ​អាច​ជះផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ខ្លាំង​ដល់​សហគមន៍​ដែល​រស់នៅ​ពឹងអាស្រ័យ​លើ​សមុទ្រ​។

នៅថ្ងៃអាទិត្យ ទី៥ ធ្នូ ឆ្នាំ ២០២១ ប្រជាជននិងសកម្មជនបរិស្ថានអាហ្រ្វិកខាងត្បូងកំពុងបង្កើនការតវ៉ាប្រឆាំងនឹងការរុករកប្រេងរបស់ក្រុមហ៊ុនស្ហ៊ែល។
នៅថ្ងៃអាទិត្យ ទី៥ ធ្នូ ឆ្នាំ ២០២១ ប្រជាជននិងសកម្មជនបរិស្ថានអាហ្រ្វិកខាងត្បូងកំពុងបង្កើនការតវ៉ាប្រឆាំងនឹងការរុករកប្រេងរបស់ក្រុមហ៊ុនស្ហ៊ែល។ REUTERS - MIKE HUTCHINGS
ផ្សាយពាណិជ្ជកម្ម

ប្រជាជន​និង​សកម្មជន​បរិស្ថាន​អាហ្រ្វិក​ខាងត្បូង​កំពុងតែ​បង្កើន​ការ​តវ៉ា​ប្រឆាំង​នឹង​ក្រុមហ៊ុនប្រេង​ស្ហ៊ែល​។ ពួកគេ​ បាន​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ និង​ឆ្នេរជាច្រើន​កន្លែង​ក្នុង​បំណង​រារាំងសកម្មភាព​ធ្វើ​តេស្ត​ដី​របស់​ក្រុមហ៊ុន​ដើម្បី​ឈាន​ទៅ​កំណត់​ទីតាំង​សម្រាប់​ខួង​យក​ឧស្ម័ន​នៅ​តំបន់​ឆ្នេរ​ព្រៃ (Wild Coast) ភាគ​ខាង​កើត​ទីក្រុង​កំពង់ផែ​ខេប​ (Cape) របស់​អាហ្វ្រិក​ខាងត្បូង​។

ក្នុង​ទីក្រុង​ខេប​កាលពីថ្ងៃ​អាទិត្យម្សិលមិញ​ ក្រុម​អ្នកតវ៉ា​បាន​លើក​និមិត្ត​សញ្ញា​សន្តិភាព​និងបដា​រូប​សញ្ញា​ត្រី​ snoek fish ដែលជា​អាហារ​ដ៏​ពេញនិយម​នៅ​អាហ្វ្រិកខាងត្បូង​ដើម្បីបង្ហាញ​ពី​ការ​ព្រួយ​បារម្ភ​ពី​ផលប៉ះពាល់​ដែល​អាចកើត​មាន​ពី​គម្រោង​រុករកប្រេង​។

ក្រុម​អ្នក​ស្រលាញ់​បរិស្ថាន​ និយាយ​ថា​គម្រោង​របស់​ក្រុមហ៊ុន​ស្ហ៊ែល​ក្នុងការ​ស្វែងរក​កន្លែងស្តុក​ប្រេង​និងឧស្ម័ន​ពីតំបន់​ឆ្នេរ​ព្រៃ​ដែលជា​កន្លែង​ទាក់ទាញ​ទេសចរណ៍​ដ៏សំខាន់​បង្កគ្រោះថ្នាក់​ដល់​ជីវិតសត្វសមុទ្រ​។

សកម្មជនបរិស្ថាន​សង្ឃឹមថាការ​ដើរ​តវ៉ា​របស់​ពួកគេ​នៅតាម​ឆ្នេរ​ អាច​លើក​កម្ពស់​ការ​យល់ដឹង​ពី​ផលប៉ះពាល់​នៃ​ការរុក​រក​ស្រាវជ្រាវ​ទីតាំង​ដែល​មាន​ប្រេង​និងឧស្ម័ន​។ ទាក់ទងរឿងនេះ​ ក្រុម​អ្នក​បរិស្ថានវិទ្យា​គូសបញ្ជាក់ថា​ បច្ចេក​ទេស​រុករក​ប្រេង​អាច​រំខាន​ដល់ឥរិយាបថ​ ការ​ផ្តល់ចំណី​ ការបន្តពូជ​ និង​លំនាំ​ការ​ធ្វើ​ចំណាកស្រុក​របស់​សត្វ​ ដោយ​សារ​សត្វ​សមុទ្រ​ជាច្រើនដូចជា​ត្រីបាឡែនជាដើម​ ពឹង​ផ្អែក​យ៉ាងខ្លាំង​លើការ​ស្តាប់​របស់​ពួកគេ​។

មិនមែន​តែ​សត្វ​សមុទ្រទេ​ដែល​ប្រឈម​នឹង​គ្រោះថ្នាក់ខ្លាំង​ ប្រជាជនជាច្រើន​ក៏​ប្រឈម​គ្រោះដូចគ្នា​ដែរ​ពី​សកម្មភាព​រុករក​ប្រេង​។ បើតាមសកម្មជន​បរិស្ថាន​អាហ្វ្រិកខាងត្បូង​ មាន​មនុស្ស​ច្រើនរាប់​មិនអស់​ដែល​រស់ពឹង​អាស្រ័យលើ​សមុទ្រ​ ហើយ​ពួកគេ​សុទ្ធតែ​ប្រឈមនឹងគ្រោះថ្នាក់ដែលកើតចេញពី​សកម្មភាព​រុករកប្រេង​។

គួរបញ្ជាក់ថា​ឆ្នេរពៃ្រ (Wild Coast) អាហ្វ្រិក​ខាងត្បូង​ មាន​តំបន់​ការពារ​ធម្មជាតិ​និង​តំបន់ការពារ​សមុទ្រ​ជាច្រើន​។ ក្រុមហ៊ុន​ស្ហ៊ែល​គ្រោង​ចំណាយ​ពេល​៤ ទៅ៥ ខែ​ ដើម្បី​រុករក​ប្រេងនៅក្នុង​តំបន់​លើ​ផ្ទៃដី​ដែល​មាន​ទំហំ​ប្រមាណ​ ៦ ពាន់​គីឡូ​ម៉ែត្រ​ការ៉េ​។ កាលពី​ខែមុន​ ក្រុមហ៊ុន​បាន​ប្រាប់​ទីភ្នាក់ងារព័ត៌មាន​ AFP​ ថានឹង​យក​ចិត្ត​ទុកដាក់​ខ្ពស់​ក្នុងការ​ការពារ​ ឬ​កាត់បន្ថយ​ផលប៉ះពាល់​ចំពោះត្រី​ ថនិកសត្វសមុទ្រ​ និង​សត្វព្រៃ​ដទៃទៀត​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ