អានតួអត្ថបទ
ប្រែប្រួលអាកាសធាតុ

របាយការណ៍ ៖ ប្រជាជនអាហ្វ្រិក​ជាង​១០០លាននាក់ ​រង​គំរាមកំហែងដោយសារ​ការឡើង​កំដៅ​ផែនដី

ប្រជាជន​ក្រីក្រ​នៅទឹកដីអាហ្វ្រិក​កំពុងរងការគំរាមកំហែង​ដោយសារ​ការប្រែប្រួល​អាកាសធាតុ។ ​របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ ចេញផ្សាយ​កាលពីថ្ងៃ​អង្គារ​ទី​១៩ តុលា ២០២១ បាន​ព្រមាន​ផងដែរ​ថា ការឡើងកំដៅ​ផែនដី នឹង​អាច​គំរាមកំហែង​ធ្វើ​ឲ្យ​ភ្នំទឹកកក​ដ៏កម្រ ចុងក្រោយ នៅទឹកដី​អាហ្រ្វិក​រលាយ​អស់​គ្មានសល់ យ៉ាងយូរ បំផុត​នៅ ឆ្នាំ ២០៤០។

ស្រ្តីនៅប្រទេស​ស៊ីមបាវ៉េ​កាប់ឆ្ការដី​ដើម្បី​ដាំដំណាំ។
ស្រ្តីនៅប្រទេស​ស៊ីមបាវ៉េ​កាប់ឆ្ការដី​ដើម្បី​ដាំដំណាំ។ ASSOCIATED PRESS - Tsvangirayi Mukwazhi
ផ្សាយពាណិជ្ជកម្ម

ប៉ុន្មានថ្ងៃមុន​បើក​សន្និសីទអន្តរជាតិ​ស្តីពីអាកាសធាតុ នៅប្រទេស​អង់គ្លេស អង្គការ​សហប្រជាជាតិ​បាន​ចេញ​របាយការណ៍​បង្ហាញ ទ្វីបអាហ្វ្រិកមួយ ដែល​កំពុង​រងគ្រោះ​ខ្លាំង​ជាងគេ ដោយសារ​ការប្រែប្រួល​អាកាសធាតុ។

របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ​ដែលជា​លទ្ធផល​នៃការងារ​ស្រាវជ្រាវរួមគ្នា​រវាង​ទីភ្នាក់ងារ​ឧតុនិយមអង្គការ​សហប្រជាជាតិ គណៈកម្មការអាហ្វ្រិក និង​គណៈកម្មការសេដ្ឋកិច្ច​អាហ្វ្រិក បាន​បង្ហាញថា ឆ្នាំ ២០២០ នៅតំបន់​អាហ្វ្រិក មិនថា ដីទ្វីប ឬ​ទឹកសមុទ្រ ឆាប់ក្តៅជាងគេ ជាងកន្លែងដទៃ ក្នុង​ពិភពលោក។ បើធៀប​នឹងកម្រិតជាមធ្យម នៅលើ​ផែនដី កំពស់ទឹកសមុទ្រ​នៅ​តំបន់​អាហ្វ្រិក​ក៏កើនលឿន​ជាងគេ​ដែរ។ ចំណែក នៅ​ភ្នំទឹកកក​ចុងក្រោយ ដែល​ជា​ប្រភពទឹកសាប​ដ៏សំខាន់នៅតំបន់​អាហ្វ្រិក ក៏ឆាប់​រលាយ​លឿន។

តាម​ទីភ្នាក់ងារ​ឧតុនិយម​របស់​អង្គការ​សហប្រជាជាតិ បើសិន​និន្នាការ​នៅតែបន្ត​យ៉ាងដូច្នេះ ភ្នំទឹកកក​ចុងក្រោយ​របស់​អាហ្វ្រិក ដែល​មាន​នៅ កេនយ៉ា អ៊ូហ្កង់ដា និង​តង់ហ្សានី នឹង​រលាយបាត់រូបរាង​ពី​ផែនទីអាហ្វ្រិក​នៅយ៉ាងយូរបំផុត ឆ្នាំ ២០៤០។

កំពស់ទឹកសមុទ្រ​ឡើងខ្ពស់​ជាងគេ។ មាន​អាកាសធាតុ​ក្តៅ​ខ្លាំង​ជាងគេ។ អាហ្វ្រិក​រងគ្រោះ​មួយជាន់ទៀត ដោយសារ​គ្រោះមហន្តរាយ​ធម្មជាតិ​ដែល​បង្កឡើង​ដោយ​ការប្រែប្រួល​អាកាសធាតុ ដូចជា គ្រោះរាំងស្ងួត ការរលំបាក់ដី គ្រោះទឹកជំនន់ទឹកភ្លៀង។

ជាលទ្ធផល អង្គការ​សហប្រជាជាតិ​វាយតម្លៃថា ពីពេលនេះ រហូត​ដល់​ឆ្នាំ ២០៣០ នឹង​មាន​ប្រជាជន​អាហ្វ្រិក​ដ៏ក្រីក្រ​បំផុត ប្រមាណ ១១៨​លាននាក់ ដែល​ត្រូវប្រឈម​រងគ្រោះ​ខ្លាំង ដោយសារ ទឹកជំនន់ គ្រោះរាំងស្ងួត អាកាសធាតុក្តៅខ្លាំង បើសិន​គេ​មិន​ចាត់វិធានការ​សង្រ្គោះបន្ទាន់​នោះទេ។ នៅតំបន់​អាហ្វ្រិក ការពិភាក្សា​ពីបញ្ហា​អាកាសធាតុ​តែងត្រូវ​គ្របដណ្តប់​ដោយ​បញ្ហា​សង្គម​ផ្សេងទៀត ដូចជា​ភាពក្រីក្រ គ្រោះអត់ឃ្លាន ជំងឺរាតត្បាត អំពើពុករលួយ ហើយនិង​ជម្លោះប្រដាប់អាវុធ។

គ្រោះធម្មជាតិ​ដែលបណ្តាល​មក​ពីការប្រែប្រួល​អាកាសធាតុ ដូចជា​សត្វល្អិត​ចង្រៃ នៅ​កេនយ៉ា ឬ​គ្រោះរាំងស្ងួត​រយៈពេលយូរ ​បាន​បណ្តាល​ឲ្យ​មាន​គ្រោះអត់ឃ្លាន​រ៉ាំរ៉ៃ និង​បានរុញច្រាន​ប្រជាជន​អាហ្វ្រិក​ឲ្យ​ធ្វើ​ចំណាកស្រុក ដោយ​មួយចំនួន​បាន​ប្រថុយជីវិត​ធ្វើដំណើរ​ឆ្លងសមុទ្រ​ដ៏មហាគ្រោះថ្នាក់ សំដៅទឹកដី​អឺរ៉ុប។

សម្រាប់​អង្គការសហប្រជាជាតិ គេ​នៅតែ​មាន​ដំណោះស្រាយ សម្រាប់ ជួយ​ប្រជាជន​អាហ្វ្រិក ក្នុង​ការទប់ទល់​ការពារខ្លួន ពី​ផលវិបាកនៃ​ការប្រែប្រួល​អាកាសធាតុ។ រដ្ឋាភិបាល​នៅអាហ្វ្រិក​ត្រូវ​បង្កើតប្រព័ន្ធ​ទាញសញ្ញាអាសន្ន​ជាមុន​ ដែលអនុញ្ញាត​ឲ្យ​ប្រជាជន​អាច​ត្រៀមខ្លួននៅមុន គ្រោះធម្មជាតិមកដល់។ ម្យ៉ាងទៀត អាជ្ញាធរ​ត្រូវ​បង្កើត​ប្រព័ន្ធធារាសាស្រ្ត ដែល​សម្របខ្លួន​ទៅ​នឹង​កត្តាប្រែប្រួលអាកាសធាតុ ក៏ដូចជា​ជូនដំណឹង​ជាប្រចាំ​ដល់​ប្រជាជន​ពី​តម្លៃ​អាហារ ការព្យាករ​ឧតុនិយម និង​ផ្ញើសារជូនដំណឹង​ប្រជាកសិករ ពីគ្រាប់ពូជដំណាំ​ដែលគេ​ត្រូវ​ដាំ ក្នុង​បរិបទ​អាកាសធាតុប្រែប្រួល។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ