អានតួអត្ថបទ
វ៉ាក់សាំងកូវីដ១៩

ពិភពលោក​​បាន​​​វ៉ាក់សាំង​បង្ការ​កូវីដ​១៩ ចំនួន​​៤ពាន់​លានដូស​ តែ​ដោយ​​​មិន​​ស្មើ​ភាព​​គ្នា​ទេ ​​រវាង​ប្រទេស​​អ្នកមាន​​និង​​​អ្នកក្រ

គិតមកត្រឹមពេលនេះ គេបានចាក់វ៉ាក់សាំងបង្ការកូវីដ​១៩ បានចំនួន៤ពាន់លានដូសហើយ។ ពោលគឺគិតជាមធ្យម នៃចំនួន​ប្រជាជន​សកលលោក គឺវ៉ាក់សាំងត្រូវបាន​ចាក់ក្នុងចំនួន ៥២ដូស សម្រាប់មនុស្ស​១០០នាក់។ ក៏ប៉ុន្តែកម្រិតនៃការចាក់វ៉ាក់សាំងនេះ គឺមានមិនស្មើគ្នាទេ រវាងប្រទេសអ្នកមាន និងប្រទេសក្រីក្រ។​

ប្រជាជនឥណ្ឌា ឈររងចាំចាក់វ៉ាក់សាំង នៅក្រុង Hyderabad ថ្ងៃទី ២៩កក្កដា ២០២១
ប្រជាជនឥណ្ឌា ឈររងចាំចាក់វ៉ាក់សាំង នៅក្រុង Hyderabad ថ្ងៃទី ២៩កក្កដា ២០២១ AP - Mahesh Kumar A
ផ្សាយពាណិជ្ជកម្ម

វ៉ាក់សាំងបង្ការកូវីដ​១៩ ចំនួនសរុបប្រមាណ​៤ពាន់លានដូស ត្រូវបាន​ចាក់ទៅឲ្យ​ប្រជាជន នៅទូទាំងពិភពលោក។ ក្នុង​ចំណោមនេះ ៤០% ដែលស្មើនឹង ១៦០០លានដូស គឺមាននៅចិន ឥណ្ឌា​(៤៥១លានដូស) និង​សហរដ្ឋអាមេរិក (៣៤៣លានដូស) បូក​បញ្ចូលគ្នា។

ប្រទេសធំៗ​ទាំង៣នេះ បានចាក់វ៉ាក់សាំង​បានចំនួន​​ច្រើនមែន តែបើ​និយាយ​កម្រិតនៃការ​​​ចាក់វ៉ាក់សាំង ប្រៀបធៀប​ទៅនឹង​​ចំនួន​​ប្រជាជនវិញ គឺប្រទេស​តូចៗនៅ​តំបន់​ឈូងសមុទ្រ​ពែក្ស ដែលបានចាក់​បានច្រើនបំផុត។ អេមៀរ៉ាត់អារ៉ាប់រួម បានចាក់វ៉ាក់​សាំងចំនួន ១៦៨ដូស សម្រាប់ប្រជាជន១០០នាក់ ពោលគឺ៧០​%នៃប្រជាជន​ប្រទេស​នេះ បាន​ទទួល​វ៉ាក់សាំង បានគ្រប់​អស់ហើយ។ បារ៉ែន ​ចាក់បាន​៦០% ដែល​ស្មើ​នឹង ១៣៤ដូស​ សម្រាប់​ប្រជាជន​១០០នាក់។ ប្រទេស​អាមេរិក​កណ្តាល​ អ៊ុយរ៉ាហ្កាយ ចាក់បាន​៦០%ដែរ ស្មើនឹង​ ១៣៧ដូស​ សម្រាប់ប្រជាជន​១០០នាក់។

ក្រៅពីនេះ ប្រទេសកាតា សិង្ហបុរី ឈីលី កាណាដា អ៊ីស្រាអែល អង់គ្លេស ម៉ុងហ្គោលី ដាណឺម៉ាក និង ប៊ែលហ្សិក សុទ្ធ​តែជា​ប្រទេស​បាន​ចាក់វ៉ាក់សាំង ជាមធ្យម​ខ្ទង់ ៥២% ​ទៅ ៦៣% ឲ្យ​​ដល់​ប្រជាជន​គេរួច​អស់ហើយ។ នៅបារាំង គិតត្រឹម​ថ្ងៃទី​​២៨កក្កដា ប្រជាជន​​បារាំង​ប្រមាណ​​៥៧% បាន​ចា​ក់វ៉ាក់សាំងរួច ចំនួន​យ៉ាងហោច១ដូស។

យោងតាមតួលេខគុណគូរ របស់​ទីភ្នាក់ងារ​ព័ត៌មានបារាំង AFP ថ្វីបើ​ប្រទេស​ក្រីក្រ​សឹងតែ​ទាំងអស់ បានចាប់​ផ្តើម​ចាក់វ៉ាក់សាំង​បង្ការកូវីដ​១៩ ក៏ប៉ុន្តែ​ល្បឿន​នៃការចាក់ គឺមាន​កម្រិត​យឺតយ៉ាវ​ខ្លាំងណាស់។​ ពោលគឺ​កម្រឹត​នៃ​ការ​ចាក់វ៉ាក់សាំង មិនស្មើគ្នាទេ រវាង​ប្រទេស​អ្នកមាន​ និង​​ប្រទេសក្រីក្រ។ ក្នុង​ចំណោម​​ប្រទេស​​ដែល​មាន​ប្រាក់​ចំណូល​ច្រើន គឺគេ​បាន​ចាក់វ៉ាក់សាំង​ ជា​មធ្យម ៩៧ដូស ​សម្រាប់​​ប្រជាជន​​១០០នាក់។ ផ្ទុយទៅវិញ​​ សម្រាប់​ប្រទេស​ក្រីក្រវិញ គឺ​មាន​ត្រឹមតែ ​១.៦ដូស​តែ​ប៉ុណ្ណោះ សម្រាប់​​ប្រជាជន​​១០០​នាក់​ដូចគ្នា។​

នៅតាម​ប្រទេសក្រីក្រ វ៉ាក់សាំង គឺបាន​​មក​​​​តាមរយៈយន្តការ Covax និងពី​​​ជំនួយ​​​សប្បុរស​ ​បន្តិច​បន្តួច​តែ​ប៉ុណ្ណោះ។​ ទ្វីបអាហ្វ្រិក គឺជាតំបន់​ដែល​មាន​ការយឺត​យ៉ាវ​ជាង​គេ​បង្អស់ ក្នុងការ​ចាក់វ៉ាក់សាំង ជាមួយ​​កម្រឹត​ចាក់ ត្រឹម ៤.៨ដូស សម្រាប់​​ប្រជាជន​១០០នាក់។ ពោល​គឺទាប​ជាងមធ្យម​ភាគ​​ពិភព​​លោក​ ដល់ទៅ​​១០ដង។ ដោយឡែក ប្រទេស៣ មាន ប៊ូរុនឌី អេរីត្រេ ​និង​កូរ៉េខាងជើង ​គឺ​មិនទាន់​បាន​​ចាប់ផ្តើម ដំណើរ​ការ​ចាក់វ៉ាក់សាំង​ទៅឲ្យ​​ប្រជាជនទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ