អានតួអត្ថបទ

ប្រទេសអាហ្វ្រិក សុំ១០០ពាន់លានដុល្លារ ពីធនាគារពិភពលោក ដើម្បីស្តារសេដ្ឋកិច្ចក្រោយវិបត្តិកូវីដ

ប្រមុខរដ្ឋនិងប្រមុខរដ្ឋាភិបាល​ប្រទេស​អាហ្វ្រិក បាន​ស្នើសុំ​កញ្ចប់​ថវិកា​ជំនួយ ប្រមាណ​១០០ពាន់​ដុល្លារ ពី​ធនាគារ​ពិភព​លោក ដើម្បី​ស្តារ​សេដ្ឋកិច្ច​និងដោះស្រាយ​វិបត្តិ​កូវីដ១៩។ បញ្ហាកូវីដ​នៅ​អាហ្វ្រិក គឺ មន្ត្រី​ជាន់​ខ្ពស់​​តំណាង​ធនាគារ​ពិភពលោក បញ្ជាក់​ថា ប្រជាជនអាហ្វ្រិក​ មាន​ចំនួន​តិច​ណាស់​ដែល​បាន​ទទួល​ថ្នាំបង្ការ​ប្រឆាំ​ង​កូវីដ។ មូលហេតុ​ដែល​ការ​ចាក់​វ៉ាក់​សាំង​បាន​តិច គឺ​ដោយសារ​​ខ្វះ​ថវិកា។​

Covid 19 en Afrique : méfiance vis à vis des vaccins
Covid 19 en Afrique : méfiance vis à vis des vaccins © AP/Leo Correa
ផ្សាយពាណិជ្ជកម្ម

ការ​ទាមទារ​សុំ​ជំនួយ​ ពី​សំណាក់​បណ្តាថ្នាក់​ដឹកនាំប្រទេសអាហ្វ្រិក​​នេះ​ គឺធ្វើ​ឡើង​ក្នុង​សន្និសីទ​កំពូល​មួយ ដែល​គេហៅថា សមាគមអន្តរជាតិ​ដើម្បីអភិវឌ្ឍន៍​ ឬ​យ៉ាងឲ្យខ្លីថា IDA លើកទី២០។ ​ជំនួប​នេះ ធ្វើ​ឡើង​នៅ​ប្រទេស​ កូដឌីវ័រ​ ដែ​ល មាន​ប្រធានាធិបតី​ នាយករដ្ឋមន្ត្រី ​យ៉ាង​ហោច​១៥ប្រទេស​ ដូចជា Sénégal, Niger, Madagascar, Rwanda ដែលទៅ​ចូលរួម​ដោយ​ផ្ទាល់ ហើយប្រទេសផ្សេងទៀត ចូលរួម​ប្រជុំ​តាម​អន្តរបណ្តាញ​។​

កញ្ចប់​ថវិកា ប្រមាណ ១០០ពាន់លាន​ដុល្លារ ​ដែល​ប្រទេស​អាហ្វ្រិក​ស្នើសុំ​នេះ គឺត្រូវ​មាន​រយៈ​ពេល​៣ឆ្នាំ និងចាប់អនុ​វត្តពី​ខែ​ធ្នូ​ឆ្នាំ​នេះតែម្តង។ ​លុយ​នោះ​ ត្រូវ​ឋិត​នៅក្នុង​លក្ខខណ្ឌ​ ជា​អំណោយ ​ជំនួយ​ឥតសំណង​ខ្លះ  និង​ជា​កម្ចីខ្លះ។ ចំពោះ​​ប្រទេស​ក្រីក្រនិងកំពុង​អភិវឌ្ឍ​ដែល​មាន​ប្រាក់​ចំណូលទាប គួរតែ​ឲ្យ​ខ្ចី​ដោយ​មិន​យកថ្លៃ​​ការប្រាក់។ នេះជាបើតាម​សេចក្តីប្រកាសដែល​ក្រុម​ប្រទេស​អាហ្វ្រិក​ទាំងនោះ​ ឲ្យឈ្មោះថា ​« déclaration d’Abidjan » របស់ IDA លើកទី​២០។​

ប្រឈម​នឹង​ជំងឺ​កូវីដ សេដ្ឋកិច្ច​អាហ្វ្រិក​ ​ជួបប្រទះ​ការ​លំបាក​យកតែមែនទែន ពុំ​ដែល​ភពប្រសព្វ​​សោះ អំលុង២៥ឆ្នាំមកនេះ។ មន្ត្រីជាន់​ខ្ពស់​ធនាគារ​ពិភពលោក លោក Axel van Trotsenburg ​ត្រូវ​អ្ន​កឆ្លើយ​ឆ្លងព័ត៌មាន​វិទ្យុ​បារាំង​RFI នៅ​អាហ្វ្រិក ស្រង់​សម្តីមក ថា “អាទិភាព​ចម្បង​របស់​ទ្វីបអាហ្វ្រិក​ពេលនេះ ត្រូវ​ផ្គត់​ផ្គង់​ថ្នាំបង្ការ​កូវីដ យ៉ាងហោច​៤០០លាន​ដូស ឲ្យ​បាន​មុខ​ពេល​ដាច់​ឆ្នាំ។   នៅពេល​នេះ គឺពលរដ្ឋអាហ្វ្រិកប្រហែល​ជា​១ភាគរយ​ប៉ុណ្ណោះ ដែល​បាន​ទទួល​ថ្នាំបង្ការ។ នេះ​ជារឿង​ដែល​មិនអាច​ទទួល​យក​បាន​ទាល់តែសោះ។​”

សូមជ្រាបថា តាម​គោលដៅ​របស់​សហព័ន្ធ​អាហ្វ្រិក គឺ​ត្រូវ​ចាក់​វ៉ាក់​សាំង​ឲ្យ​ពលរដ្ឋ​ ឲ្យ​បាន​៤០ភាគរយ​ ពីពេល​នេះ​ ដល់​ពាក់កណ្តាល​ឆ្នាំក្រោយ។ ក៏ប៉ុន្តែ គោលបំណង​នេះ គឺនៅឆ្ងាយ​ណាស់សម្បើប​ណាស់ ព្រោះគ្មាន​លុយ​​គ្រប់​គ្រាន់៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ