អានតួអត្ថបទ
អាហ្វ្រិក-រលកទី៣នៃជំងឺកូវីដ

អាហ្វ្រិក​ដែល​ខ្វះ​វ៉ាក់សាំងរួចហើយនោះ កំពុង​ជួប​រលក​ទី៣​នៃ​ជំងឺកូវីដ​១៩

យឺតយ៉ាវ​ជាងគេ នៅក្នុង​ពិភពលោក នៅក្នុង​យុទ្ធនាការ​ចាក់វ៉ាក់សាំង បណ្តាប្រទេស​អាហ្វ្រិក​កំពុងរងគ្រោះ ដោយសារ​រលក​ទី​៣​នៃ​ជំងឺកូវីដ។ នៅ​ថ្ងៃ​សុក្រ ទី​២៥​មិថុនា ប្រធានអង្គការ​សុខភាពពិភពលោក​ប្រចាំ​ទ្វីបអាហ្វ្រិក​បាន​ព្រមាន ពី​គ្រោះថ្នាក់​នៃ​រលកទី៣ ដែលវាយសន្ធប់លឿន និង​ខ្លាំងទៅលើ​បណ្តាប្រទេស​នៅ​អាហ្វ្រិក ជាទី ដែល​ប្រព័ន្ធ​សុខាភិបាល នៅ​ខ្សត់ខ្សោយ ចំណែក​មន្ទីរពេទ្យ ចាប់ផ្តើម​ចាល់ ខ្វះគ្រែ ដើម្បី​ទទួល​ដាក់​អ្នកជំងឺ​កូវីដ។

ពេទ្យ​ពិនិត្យអ្នកជំងឺ​នៅ​បន្ទប់សង្រ្គោះបន្ទាន់ នៅMachakos ភាគខាងត្បូង​រដ្ឋធានី ណៃរូប៊ី របស់ប្រទេស​កេនយ៉ា
ពេទ្យ​ពិនិត្យអ្នកជំងឺ​នៅ​បន្ទប់សង្រ្គោះបន្ទាន់ នៅMachakos ភាគខាងត្បូង​រដ្ឋធានី ណៃរូប៊ី របស់ប្រទេស​កេនយ៉ា AP - Brian Inganga
ផ្សាយពាណិជ្ជកម្ម

មាន​អ្នកឆ្លង​តិចជាង ៥,៣លាននាក់ និង​មានអ្នកស្លាប់​ដោយសារ​កូវីដ ប្រមាណ ជាង ១សែននាក់ (១៣៩ ០០០នាក់) ក្នុង​ចំណោមប្រជាជន​សរុបជាង ១៣០០​លាននាក់ ទ្វីបអាហ្វ្រិក ធ្លាប់​រងគ្រោះតិចតួច​ដោយសារ​រលកកូវីដ បើប្រៀបធៀប​នឹង​ប្រទេស​ឥណ្ឌា និង​ប្រេស៊ីល។ ប៉ុន្តែ ការកើនឡើង នៃ​ករណី ឆ្លងថ្មី នៅក្នុង​ប្រទេស​អាហ្វ្រិក​ចំនួន ១២ នៅ​មួយរយៈ​ចុងក្រោយនេះ បានរុញច្រាន ទ្វីបអាហ្វ្រិក​ទាំងមូល ទៅក្នុង​ស្ថានភាព​ប្រកាសអាសន្ន នៅ ពីរ ឬ​បី សប្តាហ៍ខាងមុខ។

 

សម្រាប់​ប្រធានអង្គការ​សុខភាពពិភពលោក​ប្រចាំ​ទ្វីបអាហ្វ្រិក លោកស្រី Matshidiso Moeti រលកថ្មី រលកទី​៣​នៃ​ជំងឺកូវីដ មានសន្ទុះឆ្លងលឿនខ្លាំង និង​សម្លាប់មនុស្ស​ច្រើន​ជាង​រលកពីរ មុន។

ការផ្ទុះឡើង​នៃករណី​ឆ្លងថ្មី នៅទ្វីបអាហ្វ្រិក កើតឡើង នៅ​ចំពេល​ដែល រដ្ឋាភិបាល​ចាប់ផ្តើម​បន្ធូរបន្ថយ វិធានការ​រឹតបន្តឹងសុខាភិបាល បូកផ្សំ​ជាមួយ​មេរោគ​បំប្លែងខ្លួនថ្មី ជាពិសេស មេរោគដែលតា ដែលមាន​លក្ខណៈ​សាហាវ ឆ្លងខ្លាំង ជាង​មេរោគដើម។

ក្រៅពីអាហ្វ្រិកខាងត្បូង ដែល​រងគ្រោះ​ខ្លាំងជាងគេ​ដោយសារ​ជំងឺកូវីដ នៅពីរ រលកមុន ប្រទេស​អាហ្វ្រិក​មួយចំនួន ដែល​មិនសូវ​ប៉ះពាល់ ខ្លាំង ដោយសារ​រលក​មុនៗ ដូចជា លីបេរីយ៉ា និង សៀរ៉ាឡេអូន ក៏ត្រូវ​រងគ្រោះ​ដោយសារ​រលកថ្មី​នៃ​ជំងឺកូវីដ​លើកនេះ ដែរ។ នៅហ្សំប៊ី រដ្ឋមន្រ្តី​ក្រសួងសុខាភិបាល បាន​លើកឡើង​ពី​ការកើនឡើង​នៃ​ចំនួន​មនុស្សស្លាប់ ដោយសារ​កូវីដ ចំណែក ប្រទេស​អ៊ូហ្កង់ដា ស្តីបន្ទោស មេរោគកូវីដ​បំប្លែងខ្លួនថ្មី​ថា ជាដើមហេតុ នៃ​រលកឆ្លងថ្មី។ អ្វីដែល​គេ​កត់សំគាល់ គឺ​ខុសពី ឆ្នាំមុន យុវជន​កាន់តែច្រើន ដែលបាន​ឆ្លងមេរោគកូវីដ ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅមន្ទីរពេទ្យ។

អាហ្រ្វិក​កំពុងជួបរលកទី៣ នៅក្នុង​កាលៈទេសៈ ដែល​ទ្វីបមួយ​នេះ កំពុង​យឺតយ៉ាវ ខ្លាំង នៅក្នុង​យុទ្ធនាការ​ចាក់វ៉ាក់សាំង បង្ការកូវីដ។ តាម​អង្គការ​សុខភាព​ពិភពលោក មាន​ប្រជាជន​អាហ្វ្រិក​តិច ជាង ១% ដែលបាន​ទទួល​វ៉ាក់សាំង ទាំង ២ដូស។

មានប្រជាជន មិន​ដល់​១% ដែលបាន​ទទួល​វ៉ាក់សាំង បង្ការកូវីដ ក៏​ព្រោះថា ទ្វីប​អាហ្វ្រិក បាន​ទទួល​វ៉ាក់សាំង​តិច និងក្រោយ​គេ។ ក្រុមប្រទេស​G7 ធ្លាប់​បាន​សន្យា​ផ្តល់​វ៉ាក់សាំង ១ពាន់លានដូស។ ប៉ុន្តែ នៅ​ក្នុង​ស្ថានភាពជាក់ស្តែង ប្រទេស​អាហ្វ្រិកជាច្រើន​កំពុង​ជួប​វិបត្តិ​ខ្វះវ៉ាក់សាំង ដែលនៅក្នុង នោះ មានប្រទេស អាហ្វ្រិក​ចំនួន ១៨ ​ជិត​អស់​វ៉ាក់សាំង​ពីក្នុង​ស្តុក នៅបន្ទាប់ ពី យន្តការ​កូវ៉ាក់​របស់​អង្គការ​សុខភាព​ពិភពលោក ផ្អាក​ការបញ្ជូន​វ៉ាក់សាំង ទៅអាហ្វ្រិក ដោយសារ​តែ​វិបត្តិកូវីដ នៅ​ឥណ្ឌា ដែល​ជាប្រទេស​ផលិតវ៉ាក់សាំង​ធំជាងគេ​នៅក្នុង​ពិភពលោក។

ប្រទេស​អាហ្វ្រិកខ្លះ កំពុង​ខ្វះវ៉ាក់សាំង សម្រាប់​ចាក់ឲ្យប្រជាជន ប៉ុន្តែ ប្រទេស​អាហ្រ្វិក​មួយចំនួន បែរ​ជាត្រូវ ដុតចោល​វ៉ាក់សាំង ដែល​ផុតថ្ងៃកំណត់ ដោយសារ​តែ មាន​ប្រជាជន​មិន​ជឿទុកចិត្ត និង​ខ្លាច​មិនចាក់ វ៉ាក់សាំង។ ជាក់ស្តែង ម៉ាឡាវី បានដុតចោល​វ៉ាក់សាំងAstraZeneca ជិត ២ម៉ឺនដូស ចំណែក ស៊ូដង់ខាងត្បូង និង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ ត្រូវ​បញ្ជូន វ៉ាក់សាំង ជាង ២លាន​ដូស ដើម្បី​ឲ្យ​អង្គការសុខភាពពិភពលោក​យក​ទៅ​ចែក​ដល់ប្រទេស​ផ្សេង មុនពេល វ៉ាក់សាំង ត្រូវ​ផុតថ្ងៃ​កំណត់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ