អានតួអត្ថបទ
អាល់ហ្សេរី

លោកអាប់ឌែលម៉ាឌីដ ធេប៊ូនក្លាយជាប្រធានាធិបតីថ្មីអាល់ហ្សេរី តែនៅមិនទាន់អាចរំងាប់ការបះបោររបស់ប្រជាជន

នៅ​ក្នុង​ប្រទេស​អាល់ហ្សរី គណៈកម្មការជាតិ​រៀបចំ​ការ​បោះឆ្នោត​បាន​ប្រកាស​ឲ្យ​ដឹង​នា​ថ្ងៃ​សុក្រ ទី១៣ ធ្នូ​ថា លោក​អាប់ឌែលម៉ាឌីដ ធេប៊ូន​បាន​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​ថ្មី​នៅ​ក្នុង​ការ​បោះឆ្នោត​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី១២ ធ្នូ​ដោយ​ទទួល​បាន​សម្លេង​គាំទ្រ ៥៨,១៥%។ តែ​អ្វី​ជា​ការ​កត់សម្គាល់ អត្រា​អ្នក​ចូល​រួម​បោះឆ្នោត​មាន​មិន​ដល់ ៤០% ផង។ យ៉ាង​ណា​ក៏​ដោយ ពលរដ្ឋ​អាល់ហ្សេរី​ភាគ​ច្រើន ពិសេស​ក្រុមប្រឆាំង​ក្នុង​ចលនា​ហ៊ីរ៉ាក់​ដែល​បាន​ចាប់​កំណើត​ក្នុង​ខែ​កុម្ភៈ​មិន​បាន​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត និង​បាន​អំពាវនាវ​ឲ្យ​បន្ត​ការ​តវ៉ា​ជា​បន្ត​ទៀត។ ក្នុង​ថ្ងៃ​សុក្រ ទី១៣ ធ្នូ​ដែរ ក្រុមបាតុករ​បាន​ចុះ​ផ្លូវ​បន្ត​បាតុកម្ម​ដូច​ដែល​ពួក​គេ​បាន​ធ្វើ​នៅ​រៀងរាល់​ថ្ងៃ​សុក្រ​ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​ប្តូរ​ប្រព័ន្ធដឹកនាំ​ចាស់ និង​ផ្លាស់ឥស្សរជននយោបាយ​ក្នុងប្រព័ន្ធចាស់​ទាំងអស់។

ប្រធានាធិបតីថ្មីអាល់ហ្សេរី លោកអាប់ឌែលម៉ាឌីដ ធេប៊ូន
ប្រធានាធិបតីថ្មីអាល់ហ្សេរី លោកអាប់ឌែលម៉ាឌីដ ធេប៊ូន AFP
ផ្សាយពាណិជ្ជកម្ម

ជាមួយ​នឹង​សម្លេង​គាំទ្រ ៥៨,១៥% លោក​អាប់ឌែលម៉ាឌីដ ធេប៊ូន​បាន​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​តាំង​ពី​ការ​បោះឆ្នោត​ជុំទី១។ មាន​អាយុ ៧៤ឆ្នាំ ប្រធានាធិបតី​ថ្មី​អាល់ហ្សេរី​រូប​នេះ​ដែល​មាន​សញ្ញាប័ត្រ​ចេញ​ពី​សាលា​រដ្ឋបាលជាតិ​ឆ្នាំ ១៩៦៩ មិនមែន​ជា​ឥស្សរជន​នយោបាយ​ថ្មី​ស្រឡាង​ទេ តែ​ជា​ឥស្សរជន​នយោបាយ​ម្នាក់​ដែល​ធ្លាប់​បាន​ប្រឡូក​ក្នុង​ឆាកនយោបាយ​ជំនាន់​ចាស់​ក្នុង​តំណែង​ប្រធានាធិបតី​លោក​ប៊ូតេហ្វ្លីកា​រយៈពេល ២០ឆ្នាំ។ លោក​អាប់ឌែលម៉ាឌីដ ធេប៊ូន​ធ្លាប់​កាន់​តំណែង​មេប៉ូលិស​ច្រើន​ដង តំណែង​រដ្ឋមន្រ្តី និង​ចុង​ក្រោយ គឺ​តំណែង​នាយករដ្ឋមន្រ្តី។ តែ​ចំណោត​នៅ​ត្រង់​ថា ការ​ជាប់​ឆ្នោត​របស់​លោក​អាប់ឌែលម៉ាឌីដ ធេប៊ូន​ពេល​នេះ​មិន​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​ពលរដ្ឋ​អាល់ហ្សេរី​ភាគច្រើន​ទេ។

មិន​ទទួល​ស្គាល់​ក៏​ដោយសារ​តែ​លោក​អាប់ឌែលម៉ាឌីដ ធេប៊ូន​ជា​ឥស្សរជន​នយោបាយ​ចេញ​ពី​ប្រព័ន្ធ​ចាស់​នោះ​ឯង ឬ​និយាយ​ឲ្យ​យល់ ជា​មនុស្ស​ជំនិតត​ម្នាក់​របស់​លោក​ប៊ូតេហ្វ្លីកា។ គួរ​រម្លឹក​ថា​ក្នុង​ខែ​កុម្ភៈ ពលរដ្ឋ​អាល់ហ្សេរី​ភាគច្រើន​បាន​ក្រោក​ឈរ​ប្រឆាំង​នឹង​ការ​ប្រកាស​ឈរ​ឈ្មោះ​ប្រធានាធិបតី​សម្រាប់​អាណត្តិទី៥ របស់​លោក​ប៊ូតេហ្វ្លីកា និង​ទាមទារ​ឲ្យ​លោក​ចុះចេញ​ពី​តំណែង។ បន្ទាប់​មក គេ​ត្រូវ​រង់​ចាំ​ដល់​ខែ​មេសា និង​ការ​ជួយ​អន្តរាគមន៍​ពី​មេទ័ព​ទើប​អាច​បង្ខំ​លោក​ប៊ូតេហ្វ្លីកា​ឲ្យ​ចុះ​ពី​អំណាច​បាន។ តែ​អ្វី​ដែល​ពលរដ្ឋ​អាល់ហ្សេរី​ទាមទារ​ចង់​បាន​ពិត​ប្រាកដ គឺ​ការ​ប្តូរ​ប្រព័ន្ធដឹកនាំ​ចាស់ រួម​ទាំង​ផ្លាស់​ចេញ​ទាំង​អស់​នូវ​ឥស្សរជន​នយោបាយ​ក្នុង​ប្រព័ន្ធចាស់។

អ៊ីចឹង​ហើយ​បាន​ជា​អត្រា​អ្នក​ចូលរួម​​បោះឆ្នោត​ពេល​នេះ​មាន​តិច​ជាង ៤០% ហើយ​ចលនា​ហ៊ីរ៉ាក់​ដែល​ជា​ចលនាប្រឆាំង​ចាប់​កំណើត​ក្នុង​ខែ​កុម្ភៈ​បាន​បញ្ជាក់​ពី​ការ​មិន​ទទួល​ស្គាល់​ការ​បោះឆ្នោត និង​លទ្ធផល​បោះឆ្នោត​ពេល​នេះ។ នៅ​ក្នុង​ទីក្រុង​អាល់ហ្សេ ក្រុម​បាតុករ​ក្មេង​ចាស់ ប្រុសស្រី​គ្រប់​អាយុ និង​គ្រប់​ស្រទាប់​វណ្ណៈ​បាន​បន្ត​ក្បួន​បាតុកម្ម​ដូច​រៀងរាល់​ថ្ងៃ​សុក្រ​ដែល​ថ្ងៃ​សុក្រ ទី១៣ ធ្នូ​ជា​លើកទី៤៣។ « ការ​បោះឆ្នោត​របស់​អស់លោក​មិន​ទាក់ទង​នឹង​ពួក​យើង​ទេ ហើយ​ប្រធានាធិបតី​របស់​អស់លោក​ក៏​មិនមែន​ជា​ប្រធានាធិបតី​របស់​យើង​ដែរ។ ធេប៊ូន អាណត្តិ​របស់​ឯង​ជា​អាណត្តិ​កើត ស្លាប់។ ធេប៊ូន​គឺ​អាក្រក់​ជាង​ប៊ូតេហ្វ្លីកា​ទៅ​ទៀត » នេះ​សុទ្ធសឹង​ជា​ខ្លឹមសារ​ដែល​មាន​សរសេរ​នៅ​លើ​បដា​កាន់​ដោយ​ក្រុម​បាតុករ។ ប្រតិកម្ម​ប្រឆាំង​ក៏​មានព្រោងព្រាត​នៅ​តាម​បណ្តាញសង្គម។

គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​ប្រធានាធិបតី​ថ្មី​លោក​អាប់ឌែលម៉ាឌីដ ធេប៊ូន​អាច​នឹង​ដោះស្រាយ​វិបត្តិសង្គម និង​អាច​បង្រួមបង្រួប​ពលរដ្ឋ​អាល់ហ្សេរី​ដែល​កំពុង​ពុះ​ចែក​ជា​ពីរ​បាន​ឬ​អត់​ទេ។ អ្វី​ដែល​គេ​ដឹង ជ័យជំនះ​របស់​លោក​ធេប៊ូន​ពេល​នេះ​ហាក់​មិន​ទាន់​អាច​រំងាប់​ការ​បះបោរ​របស់​ពលរដ្ឋ​អាល់ហ្សេរី​ភាគច្រើន​បាន​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ