អានតួអត្ថបទ

លោកដូណាល់ ត្រាំ តែ​ងតាំង​ឧត្តមសេនីយ៍កងទ័ព​ម្នាក់​ទៀត ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ

លោក ដូណាល់ ត្រាំ អនាគត​ប្រធានាធិបតី​អាមេរិក បាន​ជ្រើសរើសអតីត​មន្ត្រី​យោធា​ម្នាក់​ទៀត​ហើយ ឱ្យ​កាន់​តំណែង​ជា​​រដ្ឋមន្ត្រី​នៅ​ក្នុង​រដ្ឋាបាល​ថ្មី​របស់​លោក។ ​នោះ​គឺ​លោក John Kelly ! ជាអតីត​នាយ​ទាហាន​ចូល​និវត្តន៍​ លោក ចន ឃែលី នឹង​ទទួល​បន្ទុក​ដឹកនាំ​​ក្រសួង​មហាផ្ទៃ និង​ការពារ​ព្រំដែន។

លោក ដូណាល់ ត្រាំ និង​លោក John Kelly រូបថត​ថ្ងៃទី ២០ វិច្ឆិកា ២០១៦
លោក ដូណាល់ ត្រាំ និង​លោក John Kelly រូបថត​ថ្ងៃទី ២០ វិច្ឆិកា ២០១៦ REUTERS/Mike Segar
ផ្សាយពាណិជ្ជកម្ម

ក្នុង​វ័យ​៦៦​ឆ្នាំ ជា​អតីត​ឧត្តមសេនីយ៍​ក្នុង​ជួរ​កងទ័ព លោក ចន ឃែលី ជា​ឥស្សរជន​ដ៏មាន​បទ​ពិសោធន៍ ក្នុង​វិស័យ​យោធា និង​ធ្លាប់​បាន​ឆ្លងកាត់​សមរភូមិ​ក្តៅ​ជា​ច្រើន។ លោក​ចន ឃែលី បាន​ចេញ​បំរើ​កងទ័ព នៅ​អាយុ​២០​ឆ្នាំ ពេល​អាមេរិក​កំពុង​ធ្វើ​សង្គ្រាម​នៅវៀតណាម។ លោក​ក៏​ធ្លាប់​បាន​ចេញ​ទៅ​ប្រយុទ្ធ​ក្នុង​សមរភូមិ នៅ​ប្រទេស​អ៊ីរ៉ាក់ និង​ជា​មេទាហាន​រង​របស់​លោក James Mattis អនាគត​រដ្ឋមន្ត្រី​ក្រសួងការពារ​អាមេរិក​របស់​លោក ត្រាំ​ដែរ។

លោកឃែលី បាន​បាត់បង់​កូន​ប្រុស​ម្នាក់ ដែល​ធ្វើ​ជា​យោធា​ដែរ ក្នុង​ពេល​ចុះ​ទៅ​បំពេញ​បេសកកម្ម​នៅ​ប្រទេស​អាហ្វហ្កានីស្ថាន។ មុន​នឹង​ចូល​និវត្តន៍ ពី​ឆ្នាំ​២០១២-២០១៦ លោក ចន ឃែលី មាន​តួនាទី​ជាមេបញ្ជាការ​កងទ័ព​អាមេរិក​ប្រចាំ​តំបន់​អាមេរិកឡាទីន US Southern Command។ ជាមួយ​តួនាទី​នេះ​ លោក​ចន ឃែលី គឺ​ជា​អ្នក​ទទួល​ខុស​ត្រូវ​​លើ​ពន្ធនាគារ​យោធា​ដ៏​ចម្រូងចម្រាស Guantanamo នៅ​កោះគុយបា និង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹ​ង​ការ​ជួញដូរ​គ្រឿង​ញៀន។

ស្គាល់​ច្បាស់​ព្រឹទ្ធ​​សភាអាមេរិក ព្រោះ​ធ្លាប់​ធ្វើ​នាយទាហាន​ប្រចាំ​សភា​ពី​ឆ្នាំ​១៩៩៥-១៩៩៩  លោក ឃែលី ក៏​បាន​បម្រើ​រដ្ឋបាល​អូបាម៉ា ដោយ​មិន​លាក់​បាំង​​ជំហរ​ប្រឆាំងនឹង​រដ្ឋាភិបាល​នេះទេ។

ជាមួយ​នឹង​បទ​ពិសោធន៍​ដ៏​ច្រើន​បែប​នេះ លោក ចន ឃែលី ពិត​ជាអាចជួយ​លោក​ដូណាល់ ត្រាំ សម្រេច​ការ​សាងសង់​ជញ្ជាំង​​នៅ​តាម​ព្រំប្រទល់​ជាមួយ​ប្រទេស​ម៉ិចស៊ិក។ “លោក ឃេលី​ជា​ឥស្សរជនដ៏​ស​ក្តិសម​ សម្រាប់​ដឹកនាំ​បេសកកម្ម​បញ្ឈប់​លំហូរ​​​អន្តោប្រវេសន៍​ខុស​ច្បាប់​ ព្រមទាំង​ធានាឱ្យ​បាន​នូវ​សន្តិសុខ​តាម​ព្រំដែន”។ នេះ​ជា​ប្រសាសន៍​របស់​លោក ដូណាល់ ត្រាំ នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍។

លោក ដូណាល់ ត្រាំ ដែល​នឹង​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​អាមេរិក​ចាប់​ពី​ថ្ងៃទី ២០ មករា ២០១៧ បាន​តែង​តាំង​ឧត្តមសេនីយ៍​ចូល​និវត្តន៍​ម្នាក់ លោក MIchiael Flynn ជា​ទីប្រឹក្សាសន្តិសុខជាតិ និង​ឧត្តមសេនីយ៍​កងទ័ព James Mattis​ ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ។ ជម្រើស​យក​ឧត្តមសេនីយ៍​ ដូច​យ៉ាង​ ​លោក ឃែលី ឬ​លោក ម៉ាទីស បាន​ធ្វើ​ឱ្យ​អនាគត​រដ្ឋបាលលោកត្រាំ ទទួល​ការ​គោរព​ខ្លាំង​ ប៉ុន្តែ​ក៏បាន​បង្ក​បង្កើត​ក្តី​ព្រួយ​បារម្ភ​ខ្លាំង ព្រោះរដ្ឋាភិបាល​ថ្មី​នេះ​មាន​ទម្រង់ជា​​យោធា​គ្រប់គ្រងអំណាច​ស៊ីវិល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ