អានតួអត្ថបទ
សហរដ្ឋអាមេរិក​

ដូណាល់​ ត្រាំ​ ​តែងតាំង​​ឧត្តមសេនីយ៍​កងទ័ព​​​​ James Mattis​ ជា​​រដ្ឋមន្ត្រី​​​​ការពារ​ជាតិ​​​

ថ្ងៃព្រហស្បតិ៍​ម្សិលមិញ លោក​ដូណាល់​ ត្រាំ​ បានតែងតាំង​​ឧត្តមសេនីយ៍កងទ័ព​​​ James Mattis អោយ​ឡើង​កាន់កាប់​ក្រសួងការពារ​ជាតិ ជា​រឿង​ដែល​មិនធ្លាប់មាន​នៅ​សហរដ្ឋ​អាមេរិក តាំងពី​ក្រោយ​​សង្គ្រាម​លោក​លើកទី២​មក។

លោក James Mattis
លោក James Mattis REUTERS/Yuri Gripas
ផ្សាយពាណិជ្ជកម្ម

គិត​តាំង​ពី​​ឆ្នាំ១៩៥០មក ​លោក​ James Mattis អាយុ​៦៦ឆ្នាំ ​អាច​នឹង​ក្លាយ​ជា​​​អតីត​​​ឧត្តម​សេនីយ៍​យោធា​ទី១ ដែល​ឡើង​ធ្វើជា​រដ្ឋមន្ត្រី​​ការពារ​ជាតិ​អាមេរិក។ ម្សិលមិញ​នេះ​ លោក​ដូណាល់ ត្រាំ បាន​តែងតាំង​លោកម៉ាទិស អោយ​កាន់កាប់​ក្រសួង​​​ការពារជាតិ​។ ​​​​ជារឿង​មិនធ្លាប់​មាន​នៅ​សហរដ្ឋ​អាមេរិក ជា​ប្រទេស​ដែល​​​ធ្លាប់តែ​ទាមទារ​អោយ​​អំណាច​ស៊ីវិល​ ​គ្រប់គ្រងមន្ត្រី​​យោធា​​។

ដើម្បី​អាចអោយ​ឧត្តមសេនីយ៍​ម៉ាទិស ​​ក្លាយជា​រដ្ឋមន្ត្រី​ការពារជាតិ​បាន សភា​អាមេរិ​កទាំង២ ​ត្រូវ​បោះឆ្នោត​អនុញ្ញាត​ជាមុនសិន។ បញ្ហា​ស្ថិត​នៅ​ត្រង់ថា ​លោក​ម៉ាទិស ទើបបានចូល​និវត្ត​កាលពី​ឆ្នាំ២០១៣ គឺ​ទើបតែ​បាន​៣ឆ្នាំ។ យោងតាម​​ច្បាប់​អាមេរិ​ក ដើម្បី​អាច​​ឡើងកាន់កាប់​ផ្នែកការពារ​ជាតិ​បាន មន្ត្រី យោធា​ដែល​ចូលនិវត្ត​ ត្រូវតែ​​នៅ​ក្រៅកិច្ចការងារ​កងទ័ព​​យ៉ាង​ហោច​៧ឆ្នាំ។ ប៉ុន្តែ លោក​ចេម ម៉ាទិស ទើប​តែ​ចូលនិវត្ត​បាន​៣ឆ្នាំ​។

ទោះយ៉ាង​នេះក្តី ​ដោយសារ​​​សភា​អាមេរិ​កទាំង២ សំបូរ​សមាជិក​មកពី​គណបក្ស​សាធារណរដ្ឋ ​​ការបោះឆ្នោត​​លើកលែង​​​ករណី​​លោក​ម៉ាទិស ដើម្បី​អោយ​លោក​កាន់កាប់​ក្រសួងការពារ​ជាតិ ប្រហែល​ជា​មិនចោទ​បញ្ហា​ទេ។

ម្យ៉ាងទៀត ​ចេម ម៉ាទិស ជា​អ្នក​មានប្រជាប្រិយភាព​ក្នុង​ផ្នែកកងទ័ព​ស្រាប់។ ​គេស្គាល់​ថា ​លោក​ជា​អ្នក​និយាយ​ត្រង់ៗ ​ហើយ​​មានជំហរ​ប្រឆាំងលោក​អូបាម៉ា ប្រឆាំង​​នឹងរបប​ដឹកនាំ​​​អ៊ីរ៉ង់។ ​ដោយសារ​​លោក​ធ្លាប់​​ធ្វើជា​មេបញ្ជាការ​​កងទ័ព​ ក្នុងសមរភូមិដ៏​លំបាក នៅ​​​​​អ៊ីរ៉ាក់ និង​អាហ្វហ្កានីស្ថាន ​គេបាន​​អោយ​​រហ័សនាមលោក​​ថា ជា​ឆ្កែឆ្កួត​ទៀតផង គឺ​ដើម្បីលើក​​សរសើរ​​​ភាព​អង់អាច​របស់​លោក​នោះឯង។
 

ម្សិលមិញ នៅ​ចំពោះ​មុខ​អ្នកគាំទ្រ​រាប់ពាន់នាក់ នៅ​រដ្ឋ​អូហ៊ីយ៉ូ ​​លោក​ដូណាល់​ ត្រាំ បាន​លើកឡើង​​​​ថា៖ “ឆ្កែឆ្កួត​នេះ​​​​ល្អឥតខ្ចោះ​តែម្តង”។ គួរ​បញ្ជាក់​​​ថា លោក​ដូណាល់ ត្រាំ​ មានជំហរ​ប្រយុទ្ធ​ប្រឆាំង​ក្រុមជីហាត​រដ្ឋអ៊ីស្លាម ​នៅ​ស៊ីរី​និង​អ៊ីរ៉ាក់។ គិត​មកដល់​ពេលនេះ​​ រដ្ឋបាល​លោក​ត្រាំ ​​មាន​​​ឧត្តមសេនីយ៍ចាស់ៗ​​យ៉ាងហោច​២នាក់។ ក្រៅពី​លោក​ម៉ាទិស គឺ​មាន​លោក​ម៉ៃឃើល ភ្លីន Michael Flynn ​ដែលត្រូវ​​បាន​តែងតាំង​ជា​អ្នកប្រឹក្សា​សន្តិសុខ​ជាតិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ