អានតួអត្ថបទ
បោះឆ្នោត​ប្រធានាធិបតី​អាមេរិក

សហរដ្ឋអាមេរិក៖ ​អ្នក​ជំនាញ​ព័ត៌មានវិទ្យា​បញ្ជាក់​ថា លទ្ធផល​ឆ្នោត​នៅ​រដ្ឋ​៣ មាន​ភាព​មិន​ប្រក្រតី

លទ្ធផល​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​កំពុងតែ​ធ្វើ​ឲ្យ​មតិ​ទូទៅ​មាន​ការ​សង្ស័យ ​បន្ទាប់​ពី​អ្នក​ជំនាញ​ផ្នែក​ព័ត៌មានវិទ្យា ​បាន​ធ្វើ​ការ​អះអាង​ថា ​ នៅ​រដ្ឋ​ចំនួន​៣ ​សម្លេង​ឆ្នោត​ដែល​បោះ​តាម​ប្រព័ន្ធ​អ៊ីនធើនែត​ គឺ​មាន​ភាព​មិន​ប្រក្រតី។ អ្នក​ជំនាញ​បាន​ជំរុញ​ឲ្យ​ក្រុម​លោកស្រី​គ្លីនតុន ​ធ្វើការ​បដិសេធ​លទ្ធផល​ ​ហើយ​នឹង​ស្នើសុំ​ឲ្យ​រាប់​សន្លឹកឆ្នោត​ឡើងវិញ ​ នៅ​តាម​រដ្ឋ​ទាំង​នោះ។

លោក Donald Trump និង លោកស្រី Hillary Clinton
លោក Donald Trump និង លោកស្រី Hillary Clinton REUTERS/Carlo Allegri/Carlos Barria
ផ្សាយពាណិជ្ជកម្ម

យោងតាម​ការ​ចុះផ្សាយ​របស់​ New York Magazine ​លទ្ធផល​អាច​មាន​ភាព​មិន​ប្រក្រតី ​ក្នុង​រដ្ឋ​ចំនួន​៣ ​ដែល​ជា​រដ្ឋ​ដែល​អនុញ្ញាតិ​ឲ្យ​បោះតាម​ប្រព័ន្ធ​អ៊ីនធើនែត។ ក្នុង​នោះ​មាន​រដ្ឋ​ Wisconsin Pennsylvanie ​និង ​Michigan។ អ្នក​ជំនាញ​ព័ត៌មានវិទ្យា​បាន​លើក​ឡើង​ថា ​នៅ​ក្នុង​រដ្ឋ Wisconsin​ សន្លឹក​ឆ្នោត​ដែល​បាត់​មាន​ប្រមាណ​ជា​៧%។ ក្រុម​អ្នក​ជំនាញ​នេះ​ បាន​ជូន​ដំណឹង​ទៅ​ក្រុម​ការងារ​របស់​លោកស្រី​គ្លីនតុន ​ឲ្យ​ធ្វើ​ការ​តវ៉ា ​ដើម្បី​រាប់​សន្លឹក​ឆ្នោត​ឡើងវិញ ​នៅ​តាម​រដ្ឋ​ទាំង​៣។

 
ជាការពិត ​បេក្ខជន​ឈរ​ឈ្មោះ​អាច​តវ៉ា​ឲ្យ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ​ តែ​ត្រូវ​រក​ថវិកា​មក​ចំណាយ​ក្នុង​ការ​ចាត់ចែង​រាប់​សន្លឹក​ឆ្នោត​ឡើងវិញ​ដោយ​ខ្លួនឯង ​ ហើយ​ត្រូវ​ដាក់​ពាក្យ​សុំ​ឲ្យបាន​មុន​កាល​បរិច្ឆេទ​កំណត់។ ក្នុង​ករណី​រដ្ឋ ​Wisconsin ​គឺ​ត្រូវ​ដាក់​ពាក្យ​មិន​ឲ្យ​លើសពី​ថ្ងៃ​២៥​ វិច្ឆិកា ​ពោលគឺ​ថ្ងៃ​នេះ​តែ​ម្តង។ ចំណែក​នៅរដ្ឋ Pennsylvanie ​ គឺថ្ងៃ​ទី​២៨​ វិច្ឆិកា ​រីឯ​រដ្ឋ ​Michigan​ គឺថ្ងៃ​៣០​ វិច្ឆិកា។ យ៉ាងណា​មិញ ​លោកស្រី ​Jill Stein ​បេក្ខជន​មកពី​គណបក្ស​អេកូឡូជី ​បាន​ដាក់​ពាក្យ​សុំ​ឲ្យរាប់​សន្លឹក​ឆ្នោត​ឡើងវិញ​នៅ​រដ្ឋ ​Wisconsin។

គួររំលឹក​ផងដែរ​ថា ​ ការបោះឆ្នោត​តាម​រយៈ​ប្រព័ន្ធ​អ៊ីនធើនែត ​ធ្លាប់​ត្រូវ​បាន​អ្នក​ជំនាញ ​ប្រកាស​ជា​ច្រើន​ដង​រួច​មក​ហើយ​ថា​ វា​អាច​មាន​គ្រោះថ្នាក់ ​ដោយសារ​ប្រព័ន្ធ​ទិន្ន័យ​ព័ត៌មាន​វិទ្យា​នេះ ​អាច​មាន​ចំណុច​ខ្សោយ ​ធ្វើ​ឲ្យ​ជន​ទុច្ចរិត​ចូល​ទៅ​កែប្រែ​លទ្ធផល ​ ​រឺមួយ​ធ្វើ​ឲ្យ​បាត់​សន្លឹក​ឆ្នោត​បាន។ មានតែ​សន្លឹក​ឆ្នោត​ជា​ក្រដាស ​ដែល​អ្នក​បោះ​ យក​ទៅ​ដាក់​ចូល​ក្នុង​ហឹប​ដោយ​ផ្ទាល់​ដៃ​ទេ ​ទើប​ជា​វិធី​ដែល​ជា​ទី​ទុកចិត្ត ​និង​ប្រកប​ដោយ​សុវត្ថិភាព។ ជាងនេះ​ទៅទៀត ​ រដ្ឋខ្លះ​ដែល​បន្ត​អនុញ្ញាត ​ឲ្យបោះ​តាម​ប្រព័ន្ធ​អ៊ីនធើនែត ​បាន​ប្រើ​ប្រាស់​ប្រព័ន្ធ​កម្មវិធី​ព័ត៌មានវិទ្យា​ ដែល​ចាស់​ហួស​សម័យ ​ ហើយ​ងាយ​នឹង​អាច​ឲ្យ​គេ​ចូល​ទៅ​បំផ្លាញ​បាន​ ទៀតផង។

កាល​ពី​ក្នុង​ពេល​ឃោសនា ​គឺ​លោក​ដូណាល់ត្រាំ​ទេ ​ដែល​ប្រកាស​ថា ​លោក​នឹង​មិន​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត​ បើ​សិន​ជា​មាន​ករណី​មិន​ប្រក្រតី​ណាមួយ ​ទាក់ទិន​នឹង​ការ​រាប់​ចំនួន​សន្លឹក​ឆ្នោត។ ក៏​ប៉ុន្តែ​អ្នក​ដែល​គួរ​តវ៉ា​នឹង​លទ្ធផល​ នាពេល​នេះ ​គឺ​មិនមែន​លោក​ត្រាំទេ​ តែ​គឺ​ក្រុម​របស់​លោកស្រី​គ្លីនតុន ​ ​ដែល​ជា​អ្នក​ចាញ់ឆ្នោត។ យ៉ាងណា​ក៏ដោយ ​រហូត​មក​ទល់​ពេល​នេះ ​ក្រុម​ការងារ​របស់​លោកស្រី​គ្លីនតុន ​ នៅ​មិនទាន់​បាន​បង្ហើប​ពី​ចេតនា​ដាក់​ពាក្យ​សុំ ​ឲ្យរាប់​សន្លឹក​ឆ្នោត​ឡើងវិញ​ នៅ​តាម​រដ្ឋ​ទាំងបី​ខាង​លើ​ទេ។

គួរ​បញ្ជាក់ផង​ដែរ ​ថា​យោង​តាម​តួលេខ​ផ្លូវការ​របស់​Cook Political Report​ លោកស្រី​គ្លីនតុន ​បាន​ទទួល​សម្លេង​ឆ្នោត​សរុប​ទាំង​អស់​លើស​លោក​ដូណាល់ត្រាំ ​ដល់​ទៅ​២​លាន​សម្លេង។ ក៏ប៉ុន្តែ​ដោយសារ​ប្រព័ន្ធ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ ​ជា​ការ​បោះឆ្នោត​ដោយ​ប្រយោល ​ពោល​គឺ​មិនមែន​សម្លេង​ឆ្នោត​សរុប​កំណត់​ពី​លទ្ធផល​ទេ ​ តែ​គឺ​ចំនួន​អ្នក​បោះឆ្នោត​តំណាង​ ដែល​បេក្ខជន​ប្រមូល​បាន ​នៅ​តាម​រដ្ឋ​នីមួយៗ ​​ដែល​ជា​អ្នក​កំណត់​ពី​លទ្ធផល​ចុងក្រោយ។ យ៉ាង​ណា​ក៏ដោយ​ ជាមួយ​នឹង​គំលាត​គ្នា​នៃ​លទ្ធផល​នេះ ​ធ្វើ​ឲ្យ​ការ​តវ៉ា​សុំឲ្យ​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​បោះឆ្នោត​អាមេរិក ​កាន់តែ​មាន​សន្ទុះ​ក្លាំងក្លា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ