អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

រុស្ស៊ី​ជួយ​ដូណាល់ ត្រាំ​ឲ្យ​​ឈ្នះឆ្នោត​​មែនទេ? អូបាម៉ា​បញ្ជា​ឲ្យ​ស្រាវជ្រាវ​លំអិត​ដើម្បី​រក​ការពិត

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃ​សុក្រទី​ ៩ ធ្នូ​ សារព័ត៌មាន​Washington Post ​បាន​ចុះផ្សាយ​របាយការណ៍​សំងាត់​មួយ​ របស់​ភ្នាក់ងារ​ស៊ើបការ​អាមេរិក​ CIA​ ដែល​ភ្នាក់ងារ​នេះ ​បាន​សន្និដ្ឋាន​ថា ​ ​គឺ​រដ្ឋាភិបាល​រុស្ស៊ី​ដែល​ជា​អ្នក​នៅ​ពី​ក្រោយ​ ​នៃការ​បែក​ធ្លាយ​ឯកសារ​នានា ​ទាក់ទិន​នឹង​បេក្ខភាព​ប្រធានាធិបតី​របស់​លោកស្រី​ គ្លីនតុន។ ជារួម ​គឺ​រុស្ស៊ី​បាន​ជួយ​លោក​ដូណាល់ ត្រាំ ​ឲ្យ​ឈ្នះ​ការ​បោះឆ្នោត ​តាម​រយៈ​ការ​ធ្វើ​ឲ្យ​បែកធ្លាយ​រឿង​អាស្រូវ​របស់​លោក​ស្រី​គ្លីនតុន។ នៅ​ថ្ងៃ​សៅរ៍​ទី១០​ធ្នូ​នេះ ​លោក​អូបាម៉ា ​បាន​បញ្ជា​ឲ្យ​គេ​ធ្វើ​របាយការណ៍​លំអិត ​ដើម្បី​ស្វែង​រក​ការពិត ​ជុំវិញ​រឿង​រ៉ាវ​នេះ។

លោក​ដូណាល់ ត្រាំ "មនុស្ស​ល្បី​ប្រចាំឆ្នាំ​" នៅលើ​គំរប​​ទស្សនាវត្តី TIME​ ប្រចាំ​ខែធ្នូ ២០១៦
លោក​ដូណាល់ ត្រាំ "មនុស្ស​ល្បី​ប្រចាំឆ្នាំ​" នៅលើ​គំរប​​ទស្សនាវត្តី TIME​ ប្រចាំ​ខែធ្នូ ២០១៦ Time Magazine/Handout via REUTERS
ផ្សាយពាណិជ្ជកម្ម

CIA ថា ​រុស្ស៊ី​បាន​ចូលរួម​ចំណែក​ជួយ​ឲ្យ​ដូណាល់ ត្រាំ​ ឈ្នះឆ្នោត៖

សារព័ត៌មានWashington Post  បាន​ចុះផ្សាយ​ថា ​ ក្រុម​ការងារ​របស់ ​CIA​ បាន​ធ្វើ​បទ​បង្ហាញ​ស្តីពី​ការស៊ើប​អង្កេត ​និង​ការ​សន្និដ្ឋាន​របស់​ខ្លួន ​ ទៅកាន់​សមាជិក​ព្រឹទ្ធសភា​មួយ​ក្រុម ​ កាល​ពី​មួយ​សប្តាហ៍​កន្លង​ទៅ។ ការ​ស៊ើប​អង្កេត​នោះ ​គឺ​ទាក់ទិន​ទៅនឹង​ ការ​ចូលទៅ​លួច​យក​សារអ៊ីមែល ​និង​ឯកសារ​នានា ​ដែល​ទាក់ទង​ទៅ​នឹង​លោក​ស្រី​គ្លីនតុន ​ ក្នុង​អំឡុង​ពេល​ឃោសនា​បោះឆ្នោត។ ឯកសារ​ទាំងអស់​នេះ ​ ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ ​ដែលជា​ចោរ​ព័ត៌មានវិទ្យា​ យក​ទៅ​ឲ្យ​គេហទំព័រ​ Wikileaks ​ជា​អ្នក​ផ្សាយ​បន្ត។

បើតាម​ការ​សន្និដ្ឋាន ​របស់​ CIA ​គឺ​គេ​ប្រាកដ​ណាស់​ ថា ​រុស្ស៊ី​គឺ​ជា​អ្នក​នៅ​ពី​ក្រោយ​សកម្មភាព​នេះ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ​ខាង​CIA  ​ថែមទាំង​ឈាន​ទៅ​សន្និដ្ឋាន​អំពី​កម្មវត្ថុ ​របស់​រុស្ស៊ី ​ដែល​បាន​ធ្វើ​ទង្វើ​នេះ ​ ពោល​គឺ​រុស្ស៊ី​ចង់​ឲ្យ​ដូណាល់ ត្រាំ​ឈ្នះឆ្នោត ​ តាម​រយៈ​ការ​បង្អាក់​ប្រជាប្រិយភាព​របស់​លោកស្រី​គ្លីនតុន។

តាម​ការ​ពិត​ រឿងរ៉ាវ​ដែល​គេ​ចោទ​ថា​រុស្ស៊ី​ជា​អ្នក​នៅ​ពី​ក្រោយ​ការ​ទំលាយ​ឯកសារ​នានា​របស់​លោកស្រី​គ្លីនតុន​នេះ ​ ​គឺ​ត្រូវ​បាន​គេ​និយាយ​តាំងតែ​ពី​ខែ​តុលា​ម្លេះ។ កាលនោះ ​គឺថ្ងៃ​ទី៧​ ខែ​តុលា ​ ការិយាល័យ​សន្តិសុខ​ផ្ទៃ​ក្នុង ​ និង​នាយកដ្ឋាន​ស៊ើបការណ៍​សម្ងាត់​របស់​អាមេរិក ​ បាន​ចេញ​របាយការណ៍​រួមគ្នា ​ដោយ​លើក​ឡើង​ថា ​រុស្ស៊ី​អាច​ជា​អ្នក​ដែល​នៅ​ពី​ក្រោយ​ការ​ទម្លាយ​ឯកសារ​ទាំងអស់​នោះ។

ចំណែក​ គេហទំព័រ ​Wikileaks ​ដែល​ជា​អ្នក​ផ្សព្វផ្សាយ​ឯកសារ​សម្ងាត់​ទាំង​នេះ​វិញ​ បាន​លើក​ឡើង​ថា ​ ខ្លួន​គ្មាន​ចេទនា​នយោបាយ​អ្វី​ទេ  ​តែ​ខ្លួន​បាន​ចាញ់​បោក​គេ ​ ព្រោះ​មិន​បាន​ដឹង​ពី​ព្រភព​អ្នក​ដែល​ផ្តល់​ឯកសារ​នេះថា​ ជា​ភ្នាក់ងារ​ទទួល​បញ្ជា​ពី​រុស្ស៊ី។

តែយ៉ាងណា ​​អ្វីៗ​គឺ​វា​ស្ថិត​លើ​ការ​សន្និដ្ឋាន​ទាំងអស់​ ព្រោះ ​កាសែតWashington Post ​បាន​ឆ្លៀត​បញ្ជាក់​ថា ​CIA​ ពុំមាន​ភស្តុតាង​ជាក់​ស្តែង​ណាមួយ​ ដែល​សំអាង​ថា​ អ្នក​ដែល​លួច​យក​ទិន្ន័យ​ឯកសារ​ទាំង​នោះ ​គឺ​ជា​ភ្នាក់ងារ​របស់​រុស្ស៊ីទេ​ ហើយ​ក៏​គ្មាន​ភស្តុតាង​បញ្ជាក់​ថា ​ខាង​រដ្ឋាភិបាល​រុស្ស៊ី​ជា​អ្នក​បញ្ជា​ដែរ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ​ការ​សន្និដ្ឋាន​របស់​CIA ​គឺ​វា​ជាការ​សន្និដ្ឋាន​ដែល​មិន​ឆ្លុះ​បញ្ចាំង​ អំពី​គោល​ជំហរ​ របស់​ទី​ភ្នាក់ងារ​ស៊ើប​អង្កេត​ទាំង​១៧​ផ្សេងទៀត ​របស់​អាមេរិក​ទេ។
 
សំអុយ​បេក្ខជន​ម្ខាង ​ដូច​ជួយ​លើក​បេក្ខជន​ម្ខាង​ទៀត៖
និយាយ​ឲ្យ​ងាយ​យល់​ គឺ​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​ មាន​ពីរ​នាក់។ បើ​កាល​ណា​យើង​វាយ​ប្រហារ ​ បញ្ចេញ​ឯកសារ​សំងាត់ ​ទំលាយ​រឿង​អាស្រូវ​របស់​បេក្ខជន​តែ​ម្ខាង​ មាន​ន័យ​ថា ​យើង​ចង់​ឲ្យ​មតិ​សាធារណៈ​ស្អប់​បេក្ខជន​នោះ​ ហើយ​ មិន​បោះឆ្នោត​ឲ្យ​បេក្ខជន​នោះ ​អញ្ចឹង​មាន​ន័យ​ថា ​ យើង​គាំទ្រ​បេក្ខជន​មួយ​ទៀត​ ចង់​ឲ្យ​បេក្ខជន​មួយ​ទៀត​នោះ​ឈ្នះ។

កាល​ពី​អំឡុង​ពេល​ឃោសនា​បោះឆ្នោត ​មាន​ឯកសារ​ជាច្រើន ​បាន​បែក​ធ្លាយ​ជា​បន្ត​បន្ទាប់​ ដែល​ធ្វើ​ឲ្យ​ភាគី​ខាង​លោកស្រី​គ្លីនតុន​ចុះ​ខ្សោយ​យ៉ាងខ្លាំង។ ជាក់ស្តែង​ នៅ​រវាង​ខែ​កក្កដា​ មាន​ការ​បែកធ្លាយ​សារ​អ៊ីមែល ​ឆ្លើយឆ្លង​ដែល​បង្ហាញ​ថា​ក្រុម​ប្រឹក្សា​គណបក្ស​ប្រជាធិបតេយ្យ ​បាន​មាន​ភាព​លំអៀង ​ចង់​ឲ្យ​លោកស្រី​គ្លីនតុន​ ក្លាយ​ជា​បេក្ខជន​ប្រធានាធិបតី​ ជាជាង​លោក​ ប៊ែរនី សេនឌើ​ជាដើម។ រឿង​អាស្រូវ​នេះ ​បាន​ធ្វើ​ឲ្យ​លោកស្រី​ ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​ចុះ​ចេញ​ពី​តំណេង​ភ្លាមៗ។ ក្រោយ​មកទៀត​ នៅ​មាន​ការ​ទំលាយ​សារអ៊ីមែល ​របស់​អ្នក​ទទួល​បន្ទុក​ចាត់ចែង​ការ​ឃោសនា​បោះឆ្នោត​របស់​លោកស្រី​គ្លីនតុន​ ព្រមទាំង​ការ​ឆ្លើយឆ្លង​នានា ​រវាង​លោកស្រី​គ្លីនតុន ​និង​ក្រុម​ប្រធានា​ធនាគា​ធំៗ ​ ដែល​បង្ហាញ​ពី​ការ​ស៊ុំ​គ្រលំ​គ្នារឿង​លុយកាក់។

ជារួម ​ការ​បែក​ធ្លាយ​រឿង​អាស្រូវ​កន្លង​មកនេះ ​គឺ​បេក្ខភាព​លោកស្រី​គ្លីនតុន ​ជា​អ្នក​រង​គ្រោះ ​ជា​អ្នក​ខាត។ ដូច្នេះ​ហើយ​បា​ន​ជា​គេ​សន្និដ្ឋាន​ថា ​អ្នក​ដែល​នៅ​ពី​ក្រោយ​ការ​ទម្លាយ​រឿង​រ៉ាង​ទាំង​នេះ ​ ​គឺ​មាន​បំណង​តែ​មួយ​គត់​ គឺ​ចង់​ឲ្យ​លោកស្រី​គ្លីន​តុន​ចាញ់​ឆ្នោត។

ក្រោយ​ការ​ចុះផ្សាយ​របស់ ​Wikileaks  ​សូម្បីតែ​FBI​ ក៏​បាន​ធ្វើ​ការ​សង្ស័យ​ដែរ​ថា ​ ​គឺ​ភ្នាក់ងារ​របស់​រុស្ស៊ី ​ដែលជា​អ្នក​យក​ឯកសារ​ទាំង​នោះ​ទៅ​ឲ្យ​Wikileaks​ ចុះផ្សាយ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ​គឺ​លោក​ដូណាល់ ត្រាំ​ខ្លួនឯង​ហ្នឹង​ទៀត ​ ដែល​ស្រែក​ថា ​បើ​រុស្ស៊ី ​មាន​ឯកសារ​សំងាត់​ណា​ទៀត ​ដែល​និយាយ​អាក្រក់​ពី​លោក​ស្រី​គ្លីនតុន ​សូម​ទម្លាយ​វា​ឲ្យ​អស់​មក។ អញ្ចឹង​មាន​ន័យ​ថា​ លោកត្រាំ​ គាត់​សប្បាយ​រីករាយ​ណាស់ ​ព្រោះ​គាត់​ជា​អ្នក​ទទួល​ផល​ចំណេញ។

លោក​អូបាម៉ា ​បញ្ជា​ឲ្យ​ស៊ើប​អង្កេត​ស៊ីជំរៅ ​និង​ល្អិតល្អន់ ​មុន​លោក​ចប់​អាណត្តិ៖
លោក​អូបាម៉ា ​នៅសល់​ពេល​តែ​ជាង​មួយ​ខែ​ទៀត​ប៉ុណ្ណោះ។ ដូច្នេះ​គាត់​ចង់​ឲ្យ​ការពិត​ ទាក់ទិន​សំណុំ​រឿង​នេះ​ ត្រូវ​បង្ហាញ​ជូន​សាធារណៈជន។ លោក​អូបាម៉ា ​ក៏ដូច​ជា​មនុស្ស​នៅ​ជុំវិញ​គាត់ ​ជឿថា ​បើ​មិន​ធ្វើ​វា​នៅ​ពេល​នេះ​ទេ ​ ​គឺ​កុំ​សង្ឃឹម​ថា​លោក​ដូណាល់ ត្រាំ​ ធ្វើ​រឿង​នេះ​ឲ្យ​សោះ។ លោកត្រាំ ​និង​ផ្អឹប​សំណុំ​រឿង​នេះ​ចោល​នៅ​គ្រលៀត​ជញ្ជាំង​មិន​ខាន​ទេ។ ដើម​ឡើយ​គឺ​ក្រុម​តំណាងរាស្ត្រ​មក​ពី​គណបក្ស​ប្រជាធិតេយ្យ​ទេ​​ដែល​បាន​ប្រមូល​គ្នា ​សរសេរ​លិខិត​ទៅ​កាន់​លោក​អូបាម៉ា ​សុំឲ្យ​លោក​អូបាម៉ា ​ដាក់​បញ្ជា​ឲ្យ​មាន​កា​ស៊ើបអង្កេត​ស៊ីជំរៅ។

លោក​ Eric Schultz ​អ្នក​នាំពាក្យ​សេតវិមាន​បាន​បញ្ជាក់​ថា ​រដ្ឋាភិបាល​លោក​អូបាម៉ា ​សម្រេច​បញ្ជា ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ស៊ីជំរៅ ​គឺ​មិនមែន​ចង់​មក​សើររើ​លទ្ធផល​បោះឆ្នោត​កន្លង​មក​នេះ​ទេ។ តែ​ការ​ស៊ើប​អង្កេត​រក​ប្រភព ​និង​ចំណុច​ខ្សោយ​ឲ្យ​បាន​ល្អិតល្អន់​នេះ​ គឺ​ដើម្បី​បង្ការ​បញ្ហា​បែប​នេះទៅ​ថ្ងៃ​ក្រោយ។ វា​ជាការ​ស្វែង​យល់​ពី​បទ​ពិសោធន៍​កន្លង​មក។ យ៉ាង​ណាមិញ ​ នេះ​មិនមែន​ជា​លើក​ទីមួយ​ទេ ​ ដែល​មាន​ការ​ចូល​មក​លួច​យក​ឯកសារ​សំងាត់ ​ហើយ​ផ្សព្វផ្សាយ ​ដើម្បី​ចូល​ច្រៀតជ្រែក​ក្នុង​ការ​បោះឆ្នោត​នៅ​អាមេរិក​ ពី​សំណាក់​ប្រទេស​ដ៏ទៃ។ កាល​ពី​ពេល​បោះឆ្នោត​ឆ្នាំ​២០០៨​ ក៏​មាន​រឿង​ស្រដៀង​គ្នា​នេះ​ដែរ ​ តែ​កាល​នោះ​គេ​ស្រាវជ្រាវ​ដឹង​ថា​ អ្នក​ដែល​ចូល​ទៅ​លួច ​គឺ​មាន​ប្រភព​នៅ​ចិន។

ហេតុផល​មួយ​ទៀត ​ ដែល​ជំរុញ​ឲ្យ​លោក​អូបាម៉ា ​បញ្ជា​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ស៊ី​ជំរៅ ​ដ៏​តក់​ក្រហល់​បែប​នេះ ​គឺ​ដោយសារ​លោក​អូបាម៉ា ​ក៏ដូច​ជា​គណបក្ស​ប្រជាធិបតេយ្យ ​ចង់​យក​របាយការណ៍​នេះ​ ​ទៅ​វាយ​បក​លោក​ដូណាល់ត្រាំ​វិញ​ នៅ​ថ្ងៃ​ក្រោយ ​ នៅ​ពេល​ណា​ដែល​លោកត្រាំ ​សម្រេច​បត់​ក្បាល​នយោបាយ​អាមេរិក​ ឲ្យ​ដើរ​ទៅ​ជិត​នឹង​ប្រធានាធិបតី​ពូទីន។ បើ​ដូណាល់ ត្រាំ ​និង​ពូទីន​ក្លាយ​ជា​មិត្ត​នឹង​គ្នា​ល្អូកល្អឺន​ទៅ​ថ្ងៃ​​មុខ​មែន ​ នោះ​មាន​ន័យ​ថា ​ការ​ដែល​គេ​សង្ស័យ​កន្លង​មក​ គឺ​មិន​ខុស​ទេ​ ហើយ​ប្រជាជន​អាមេរិក​យក​បញ្ហា​នេះ ​ទៅ​ពិចារណា​ ដោយ​ខ្លួន​ឯង​ចុះ​សម្រាប់​អាណត្តិ​ក្រោយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ