អានតួអត្ថបទ
តួកគី-អាមេរិក

អាមេរិក​គាំទ្រ​តួកគី​ក្នុង​ការ​វាយប្រហារ​ទៅលើ​ក្រុមឧទ្ទាម​គួឌីស្ថាន ​PKK

ជម្លោះ​ប្រដាប់​អាវុធ រវាង​កងទ័ព​​តួកគី និង​ក្រុម​ឧទ្ទាម​គួឌីស្ថាន PKK កំពុងតែ​រាលដាល​កាន់តែ​ខ្លាំង ដែល​​​អាច​នឹង​បិទបញ្ចប់​​បទឈប់បាញ់ ដែល​ចូល​ជា​ធរមាន​តាំង​​ពីឆ្នាំ​២០១៣​។ ក្នុងពេល​ដែល​កងទ័ពតួកគី​បើក​ការ​វាយប្រហារ​តាមផ្លូវអាកាស ទៅលើ​ទីតាំង​របស់​ឧទ្ទាម PKK នៅ​ប៉ែក​ខាងជើង​អ៊ីរ៉ាក់ ក្រុម​ឧទ្ទាម​វិញ​​ក៏​បាន​បង្កើន​ការ​វាយប្រហារ​​តាម​បែប​ភេរវកម្ម នៅ​ក្នុង​ទឹកដី​តួកគី​ផងដែរ។ នៅ​ក្នុង​ជម្លោះនេះ រដ្ឋាភិបាល​តួកគី​បាន​ទទួល​នូវ​ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ពី​សំណាក់​សម្ព័ន្ធមិត្ត​ដ៏សំខាន់​មួយ គឺ សហរដ្ឋ​អាមេរិក។

ប៉ូលិស​តួកគី​ប្រើ​ឡាន​បាញ់​ទឹក​បំបែក​បាតុករ​ប្រឆាំង​នឹង​ប្រតិបត្តិការ​របស់​អាជ្ញាធរ​ដែល​បង្រ្កាប​លើ​សកម្មជន​គួឌីស្ថាន ក៏ដូចជា​សកម្មជន​ប្រឆាំង​ផ្សេងទៀត
ប៉ូលិស​តួកគី​ប្រើ​ឡាន​បាញ់​ទឹក​បំបែក​បាតុករ​ប្រឆាំង​នឹង​ប្រតិបត្តិការ​របស់​អាជ្ញាធរ​ដែល​បង្រ្កាប​លើ​សកម្មជន​គួឌីស្ថាន ក៏ដូចជា​សកម្មជន​ប្រឆាំង​ផ្សេងទៀត REUTERS/Huseyin Aldemir
ផ្សាយពាណិជ្ជកម្ម

 

ជម្លោះ រវាង​តួកគី និង​ក្រុម​ឧទ្ទាម​គួឌីស្ថាន PKK ដែល​មាន​កិច្ច​​ឈប់បាញ់ តាំង​ពី​ឆ្នាំ​២០១៣​មក​នោះ បាន​ចាប់ផ្តើម​ផ្ទុះឡើងវិញ នៅ​ក្រោយ​ពេល​ដែល​រដ្ឋាភិបាល​តួកគី​​សម្រេច​ចូល​រួមក្នុង​ប្រតិបត្តិការ​យោធា​វាយ​ប្រហារ​ទៅលើ​ក្រុម​ជីហាត​រដ្ឋ​អ៊ីស្លាម។ យន្តហោះ​ចម្បាំង​ធុន F-16 របស់​កងទ័ព​អាកាស​តួកគី​បាន​បើក​ការ​វាយប្រហារ​ទៅលើ​ទីតាំង​ក្រុម​ជីហាត នៅ​ក្នុង​ទឹកដី​ស៊ីរី ក៏ប៉ុន្តែ ក្នុងពេល​ជាមួយគ្នា ក៏​បាន​វាយប្រហារ​ផងដែរ​ទៅលើ​ពួក​ឧទ្ទាម PKK នៅ​ក្នុង​ទឹកដី​អ៊ីរ៉ាក់។

 

អ្នក​សង្កេតការណ៍​ជាច្រើន​យល់​ថា តួកគី​កំពុងតែ​យក​ប្រតិបត្តិការ​ប្រយុទ្ធប្រឆាំង​នឹង​ជីហាត​រដ្ឋ​អ៊ីស្លាម ដើម្បី​មក​ធ្វើ​ជា​លេស ដើម្បី​សម្រេច​គោលដៅ​ផ្ទាល់ខ្លួន គឺ​វាយបង្រ្កាប​ពួក​គួឌីស្ថាន ដែល​ជា​គូសត្រូវ​ដ៏ធំ​មួយ ចាប់តាំង​ពី​ឆ្នាំ​១៩៨៤មក។ ក៏ប៉ុន្តែ សម្រាប់​សហរដ្ឋ​អាមេរិក​វិញ ប្រតិបត្តិការ​យោធា​របស់​តួកគី ទៅលើ​ក្រុម​ឧទ្ទាម PKK គឺ​ជា​រឿងសមហេតុផល។

 

មន្រ្តីសេតវិមាន​បាន​បញ្ជាក់​​សាជាថ្មី​ពី​ជំហរ​របស់​អាមេរិក ដែល​ចាត់ទុក​ក្រុម​ឧទ្ទាម PKK ថា​ជា​ក្រុម​ភេរវជន ព្រម​ទាំង​បាន​ថ្កោលទោស​​ការ​វាយប្រហារ​ភេរវកម្ម ដែល​ក្រុម​ឧទ្ទាម​បាន​ធ្វើ​ទៅលើ​ប៉ូលិស​តួកគី កាល​ពីថ្ងៃ​ពុធ ហើយ​ថា វាជា​សិទ្ធិ​របស់​កងទ័ព​តួកគី ក្នុងការ​វាយប្រហារ​តបតទៅវិញ។

 

កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍ ក្រោយ​ពី​ទទួល​រង​ការ​វាយប្រហារ​តាមផ្លូវ​អាកាស​ពី​សំណាក់​តួកគី មេដឹកនាំ​ក្រុម​ឧទ្ទាម PKK បាន​ធ្វើការ​ព្រមាន​ចង់​លុបចោល​បទឈប់​បាញ់ កាល​ពីឆ្នាំ​២០១៣​ទៅវិញ។ ប៉ុន្មាន​ម៉ោង​ក្រោយ​ការ​ព្រមាន​នេះ ការវាយប្រហារ​ដោយ​បំផ្ទុះគ្រាប់បែក​បង្កៃ​ក្នុងឡាន បាន​កើតមានឡើង នៅ​ក្បែរ​សង្កាត់​គួឌីស្ថាន ក្នុង​ទឹកដី​តួកគី បណ្តាល​ឲ្យ​ទាហាន​តួកគី ២នាក់​ត្រូវ​បាត់បង់​ជីវិត និង​៤នាក់​ផ្សេងទៀត​ត្រូវ​រងរបួស។

 

ភ្លាមៗ​ក្រោយ​ការ​វាយប្រហារ​នេះ ក្រុម​ឧទ្ទាម PKK មិនបាន​ចេញមុខ​ប្រកាស​ទទួលខុស​ជាផ្លូវការ​​នៅឡើយទេ ក៏ប៉ុន្តែ វិធីសាស្រ្ត​ក្នុង​ការ​វាយប្រហារ​ភេរវកម្ម​នេះ​ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​វិធីសាស្រ្ត ដែល​ក្រុម​ឧទ្ទាម PKK តែងតែ​ប្រើ​ប្រាស់ ក្នុងការ​វាយប្រហារ​ទៅលើ​កងកម្លាំង​ប្រដាប់​អាវុធ​តួកគី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ