អានតួអត្ថបទ
តួកគី-ភេរវកម្ម

តួកគី​រឹត​បន្តឹង​សន្តិសុខ​តាម​ព្រំដែន ​បន្ទាប់​ពី​រង​ភេរវកម្ម​បង្ក​ឡើង​ដោយ​ក្រុម​ជីហាដ​អ៊ីស្លាម

វា​ជា​ភេរវកម្ម​ដ៏​ធ្ងន់ធ្ងរ​មិន​ធ្លាប់​មាន ​ចាប់​តាំង​ពី​ឆ្នាំ​២០១៣ ​មក​ ដែល​បាន​កើតឡើង​ នៅ​ក្នុង​ក្រុង ​ស៊ូរូស ​​កាល​ពី​ថ្ងៃ​អង្គារ ​ទី ​២១​កក្កដា ​ ​នៅ​ភាគ​ខាងត្បូង​តួកគី ​ដែល​បាន​សម្លាប់​មនុស្ស​អស់​៣២​នាក់ ​និង​របួស​ជាង​មួយរយ​នាក់។ ដោយ​ឡែក​ កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ ​មាន​ឃាតកម្ម​លើ​មន្ត្រី​នគរបាល​តួកគី​ពីរ​នាក់​ ដែល​ជា​ស្នាដៃ​របស់​ក្រុម​ឧទ្ទាម​គួដ ​ត្រូវ​បាន​ធ្វើ​ឡើង ​​ដើម្បី​ដាក់់​បន្ទុក ​លើ​រដ្ឋាភិបាល​តួកគី ​ដែល​ក្រុម​នេះ​ បាន​ចោទ​ថា​បានព្រងើយ​កន្តើយ ​បើកដៃ​ឲ្យ​ក្រុម​ជីហាដ​ ​ចេញ​ចូល​ធ្វើ​ភេរវកម្ម​ នៅ​ក្នុង​ដី​តួកគី​ បាន​ស្រេច​តែ​នឹង​ចិត្ត។ រដ្ឋាភិបាល​តួកគី ​បាន​ប្រជុំ​បន្ទាន់ ​នឹង​បាន​ដាក់​ចេញ​ នូវ​វិធាន​សន្តិសុខ​មួយ​ចំនួន ​ដើម្បី​គ្រប់គ្រង​ចរាចរណ៍​ចេញចូល​ តាម​ព្រំដែន​ជាមួយ​ស៊ីរី។

រូបភាពថ្ងៃ ទី ២៧ មិថុនា៖ ទាហាន​ការពារ​ព្រំដែន​តួកគី ឈរសម្លឹង​មើល​ផ្សែងឆាបឆេះ​ នៅម្ខាង​ព្រំដែន ក្នុង​ទឹកដី​ស៊ីរី
រូបភាពថ្ងៃ ទី ២៧ មិថុនា៖ ទាហាន​ការពារ​ព្រំដែន​តួកគី ឈរសម្លឹង​មើល​ផ្សែងឆាបឆេះ​ នៅម្ខាង​ព្រំដែន ក្នុង​ទឹកដី​ស៊ីរី AFP PHOTO/BULENT KILIC
ផ្សាយពាណិជ្ជកម្ម

មួយ​ថ្ងៃ​ក្រោយ​ភេរវកម្ម​ដែល​បាន​សម្លាប់​ជីវិត​មនុស្ស​ចំនួន​ ៣២​នាក់ ​ កាល​ពី​ថ្ងៃ​ពុធ​ ទី​២២ ​កក្កដា ​មាន​អំពើ​ឃាតកម្ម​ពីរ​កើត​ឡើង ​ដោយ​មាន​អ្នក​ស្លាប់​ពីរ​នាក់ ​ជា​មន្ត្រី​អាជ្ញាធរ​តួកគី ​នៅ ​ក្រុង​ ស៊ីឡង់ពីណារ ​តាម​ព្រំដែន​ស៊ិរី។ ឃាតកម្ម​នេះ​ ត្រូវ​បាន​ក្រុម​ឧទ្ទាម​គួដ ​ចេញ​មក​មក​ទទួល​ខុសត្រូវ ​ដោយ​បាន​អះអាង​ថា ​ពួក​គេ​ធ្វើ​នេះ ​ដើម្បី​ជា​ការ​ដាក់​ទណ្ឌកម្ម ​ដល់​អាជ្ញាធរ ​និង​រដ្ឋាភិបាល​តួកគី ​ដែល​កន្លង​មក​បាន​ចូលដៃ​ជាមួយ​ ​ក្រុម​ជីហាដ​រដ្ឋ​អ៊ីស្លាម។

ដោយសារ​ស្អប់​ពួក​គួដ ​តួកគី​មិន​ខ្វល់​ពី​ការ​កាប់​សម្លាប់​ របស់​ក្រុម​ជីហាដ​អ៊ីស្លាម៖
បញ្ហា​រវាង​ក្រុម​ឧទ្ទាម ​គួដ ​និង ​រដ្ឋាភិបាល​តួកគី​ គឺ​វា​មាន​លក្ខណៈ​ស្មុគស្មាញ​បន្តិច។ តួកគី ​​មាន​ព្រំដែន​ភាគ​ខាង​ត្បូង ​យ៉ាង​វែង​អន្លាយ ​ជាប់​ជាមួយ​នឹង​ស៊ីរី។ ចំណែក​ក្រុម​ជនជាតិ​គួដ​នេះ ​មាន​នៅ​ភាគ​ច្រើន ​នៅ​ក្នុង​ទឹកដី​តួកគី ​ក្នុង​ទឹក​ដី​ស៊ីរី ​នឹង​ក្នុង​ទឹកដី​អ៊ីរ៉ាក់​ផង​ដែរ។ ក្រុម​គួដ​នេះ ​ជា​ក្រុម​ប្រឆាំង​យ៉ាង​សំខាន់ ក្នុង​ឆាក​នយោបាយ​របស់​តួកគី។ ចំណែក​ក្រុម​ជនជាតិ​គួដ ​ដែល​រស់នៅ​ក្នុង​ទឹកដី​អ៊ីរ៉ាក់ ​និង​ស៊ីរី ​គឺ​ត្រូវ​បាន​ក្រុម​ជីហាដ​អ៊ីស្លាម ​ធ្វើបាប​ដុត​ផ្ទះ​សម្បែង ​និង​កាប់​សម្លាប់ ​យ៉ាង​សាហាវ​ព្រៃផ្សៃ ​ក៏​ដោយសារ​តែ​ ជនជាតិ​គួដ ​ មាន​សាសនា​និង​ប្រពៃណី​ទំនៀម​ទំលាប់ ​ខុស​ពី​ពួក​អ៊ីស្លាម​របស់​ក្រុម​ជីហាដ។

ត្រលប់​ទៅ​សួរ​ថា ​ហេតុអ្វី​បាន​ជា​ក្រុម​ឧទ្ទាម​គួដ​នៅ​តួកគី ​ចោទ​ថា​តួកគី ​បាន​ចូលដៃ​ចូលជើង​​ជាមួយ​ក្រុម​ជីហាដ ​នេះ​ក៏ដោយ​សារ​តែ​កន្លង​មក ​រដ្ឋាភិបាល​តួកគី ​មាន​នយោបាយ​មិន​ច្បាស់លាស់​ទាល់​​តែសោះ ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​នឹង​ក្រុម​ជីហាដ។ កន្លង​មក​រដ្ឋាភិបាល​តួកគី ​តែងតែ​អះអាង​ថា​គេ ​មិន​គាំទ្រ​ក្រុម​ជីហាដ​រដ្ឋ​អ៊ីស្លាម​ទេ ​ប៉ុន្តែ​ផ្ទុយ​ទៅវិញ​ រដ្ឋាភិបាល​តួកគី ​បាន​បដិសេធ ​មិន​ជួយ​សហការ​ជាមួយ​កម្លាំង​ប្រយុទ្ធ​ របស់​ជនជាតិ​គួដ​នៅ​ស៊ីរី ​ដែល​ខិតខំ​តស៊ូ​វាយ​ប្រយុទ្ធ​តទល់​ ជាមួយ​ក្រុម​ជីហាដ។ នេះ​ក៏​ដោយសារ​តែ ​តួកគី​យល់​ថា ​បើ​ជួយ​ជនជាតិ​គួដ​នៅ​ស៊ីរី ​វា​ហាក់​ដូច​ជា​ជួយ​សត្រូវ​ដូច្នោះ​ដែរ ​ព្រោះ​បើ​កាលណា ​ក្រុម​គួដ​នៅ​ស៊ីរី​ ឈ្នះ ​នោះ​ក្រុម​គួក ​ដែល​ជា​បក្ស​ប្រឆាំង​នៅ​តួកគី ​ក៏​មាន​កម្លាំង​ទៅ​តាម​នោះ​ដែរ។

ឈាម​សង​ដោយ​ឈាម៖
មួយវិញ​ទៀត ​ភេរវកម្ម​កាល​ពី​ថ្ងៃ​អង្គារ ​គឺ​ជា​ស្នាដៃ​របស់​ក្រុម​ជីហាដ ​ដែល​បាន​ធ្វើឡើង ​ដើម្បី​សម្លាប់ ​ចលនា​តស៊ូ​គួដ​ ដែល​មាន​មូលដ្ឋាន​នៅ​តួកគី។ ក្រុម​ចលនា​តស៊ូ​នេះ ​ធ្លាប់​បាន​ប្រកូក​ប្រកាស​ឲ្យ​យុវជន​គួដ ​ចូល​ទៅ​ជួប​ប្រយុទ្ធ​តទល់​ជាមួយ​ក្រុម​ជីហាដ ​នៅ​ស៊ីរី​ និង​នៅ​អ៊ីរ៉ាក់។ អញ្ចឹង​ហើយ​បាន​ជា ​រដ្ឋាភិបាល​តួកគី ​ឱបដៃ​ឈរ​មើល ​ក្រុម​ជីហាដ ​សម្លាប់ ​និង​ធ្វើ​បាប​ក្រុម​ជនជាតិ​គួដ ​នៅ​ស៊ីរី។ ត្រង់​នេះ​ហើយ​ បាន​ជា​ក្រុម​គួក​ នៅ​តួកគី ​ចោទ​រដ្ឋាភិបាល ​លោក អ៊ែក ដូហ្គាន់ ​ថា​ចូលដៃ​ចូល​ជើង​ ជាមួយ​ក្រុម​ជីហាដ ​ហើយ​បាន​ធ្វើ​ការ​សងសឹក ​ដោយ​បាន​សម្លាប់​មន្ត្រី​នគរបាល​តួកគី​ពីរ​នាក់។

ក្រុម​ឧទ្ទាម​គួក​ បាន​អះ​អាង​ថា ​នេះ​ជា​សារ​ ប្រាប់​រដ្ឋាភិបាល​តួកគី​ថា ​បើ​តួកគី​នៅ​តែ​បន្ត​ព្រងើយ​កន្តើយ ​បើកដៃ​ឲ្យ​ពួក​ជីហាដ​ចូល​មក​សម្លាប់​ ជនជាតិ​គួដ​ទៀត ​នោះ​ពួក​គេ​នឹង​ធ្វើ​ការ​សងសឹក ​ដោយ​សម្លាប់​អាជ្ញាធរ​តួកគី​ណា ​ដែល​ឃុបឃិត ​ស៊ុមគ្រលំ ​ជាមួយ​ពួក​ជីហាដអ៊ីស្លាម។

ទោះ​បី​ជា​យ៉ាងណា ​អំពើ​ឃាតកម្ម​ នៅ​តែ​ជា​អំពើ​ឃាតកម្ម ​ទោះ​បី​វា​ធ្វើ​ឡើង​ ក្នុង​ហេតុផល​អ្វី​ក៏​ដោយ។ មនុស្ស​បី​នាក់ ​ដែល​ជា​សកម្មជន​ ជន​ជាតិ​គួក ​ត្រូវ​បាន​អាជ្ញាធរ​តួកគី​ ចាប់ខ្លួន​ នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ​២៣ កក្កដា ​និង​បាន​បញ្ជូន​​ទៅ​តុលាការ​ ដោយ​ចោទ​ប្រកាន់​ថា​ជា​ជន​ដៃដល់​ នៃ​អំពើ​មនុស្ស​ឃាត​ ទៅ​លើ​មន្ត្រី​នគរបាល​ ទាំង​ពីរ​រូប​ នៅ​ក្រុង​ស៊ីឡង់ពីណារ។

តួកគី​គួរ​យល់​ពី​តួនាទី​ខ្លួន ​ក្នុង​ការ​ប្រយុទ្ធ​ ជាមួយ​ក្រុម​ជីហាដ៖
ក្នុង​កាលៈ​ទេសៈ​នេះ ​រដ្ឋាភិបាល​តួកគី ​ត្រូវ​តែ​ធ្វើ​ការ​សម្រេច​ចិត្ត ​ព្រោះ​ក្រុម​ជីហាដ ​ចាប់​ផ្តើម​ធ្វើ​ការ​វាយ​លុក ​មក​ដល់​ក្នុង​ទឹកដី​ខ្លួន ​ហើយ​ទោះ​ចង់​មិន​ចង់ ​បើ​តួកគី ​សម្រេច​ធ្វើ​ការ​វាយ​បក​លើ​ក្រុម​ជីហាដ ​អ្នក​ដែល​ទទួល​បាន​ផល​ដោយ​ប្រយោល ​ គឺ​សត្រូវ​របស់​រដ្ឋាភិបាល​តួកគី​មួយ​ទៀត ​គឺ​ក្រុម​ជនជាតិ​គួដ​នេះ​ឯង។
 
លោក​បារ៉ាក់ ​អាបាម៉ា ​យល់​យ៉ាង​ច្បាស់​ថា  ​ការ​វាយ​ប្រយុទ្ធ​កម្ទេច​ក្រុម​ជីហាដ ​គឺ​ត្រូវការ​តួកគី​ជា​ចាំបាច់។ បើ​យើង​និយាយ​ពី​កត្តា​ភូមិសាស្រ្ត ​តួកគី​មាន​តួនាទី ​សំខាន់​ណាស់ ​ព្រោះ​ព្រំដែន​ភាគ​ខាង​ជើង ​ស៊ីរី ទាំង​ស្រុង ​គឺ​ជាប់​ជាមួយ​នឹង​តួកគី។ តាម​បណ្តោយ​ព្រំដែន​នេះ​ហើយ ​ដែល​ជា​ច្រក​ចេញ​ចូល​ របស់​ក្រុម​ជីហាដ​ រាប់​ពាន់​នាក់ ​ដែល​ធ្វើ​ដំណើរ​ពី​អឺរ៉ុប ​និង​តំបន់​ផ្សេងៗ​ទៀត ​ដើម្បី​​ចូល​ទៅ​បំរើ​ឲ្យ​អង្គការ​រដ្ឋ​អ៊ីស្លាម។ ដូច្នេះ ​ការងារ​ដ៏​សំខាន់ ​គឺ​ធ្វើ​យ៉ាងណា ​បិទ​ព្រំដែន​នេះ​ ឲ្យ​បាន​ជិត ​ដើម្បី​កុំឲ្យ​ក្រុម​ជីហាដ វា​កើន​ចំនួន​អ្នក​ប្រយុទ្ធ។

ការ​បង្កើត​តំបន់ស​ ក្នុង​ដី​ស៊ីរី ​មិន​អាច​ធ្វើ​ទៅ​បាន៖
បន្ទាប់​ពី​ភេរវកម្ម​កាល​ពី​ថ្ងៃ​អង្គារ ​រដ្ឋាភិបាល​តួកគី ​បាន​ធ្វើ​ការ​ប្រជុំ​វិសាមញ្ញ ​ដើម្បី​ធ្វើ​ការ​ពិចារណា ​ដាក់​វិធាន​សន្តិសុខ​ថ្មី ​ដើម្បី​ទប់ស្កាត់​មិន​ឲ្យ​ក្រុម​ជីហាដ​ អាច​ចេញ​ចូល ​តាម​ព្រំដែន​ដោយ​ងាយ​ស្រួល។ វិធាន​ទាំង​នោះ ​មាន​ដូច​ជា ​គម្រោង​បង្កើត​ ជា​តំបន់​ស ​នៅ​ក្នុង​ទឹកដី​ស៊ីរី ​ ជាប់​តាម​បណ្តោយ​ព្រំដែន​ជាមួយ​តួកគី។

គម្រោង​បង្កើត​ជា​តំបន់​ស​នេះ ​ត្រូវ​បាន​ស្នើ​សុំ​ ដោយ​រដ្ឋាភិបាល​បារាំង ​ជាង​ពីរ​ឆ្នាំ​មក​ហើយ ​ប៉ុន្តែ​គ្មាន​នរណា​អើរពើរ​ទេ។ ហើយ​សម្រេច​សម្រួល​ទៅ ​រដ្ឋាភិបាល​តួកគី ​បាន​សម្រេច​នៅ​ថ្ងៃ​នេះ​ថា ​ គម្រោង​នេះ ​មិន​អាច​អនុវត្ត​បាន​ទេ។ ការ​បង្កើត​ជា​តំបន់​ស ​គឺ​ត្រូវការ​ការ​ផ្តល់​ភ្លើងខៀវ​ ពី ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ ព្រោះ​វា​អាច​រំលោភ​អធិយតេ្យភាព​របស់​ស៊ីរី។

បន្ថែម​សមត្ថភាព​បច្ចេកទេស ​ក្នុង​ការ​ត្រួត​ពិនិត្យ​ព្រំដែន​ ជាមួយ​ស៊ីរី៖
បើ​យោង​តាម​សារ​របស់ ​លោក ​នាយករដ្ឋមន្ត្រី ​តួកគី ​ដែល​បាន​សរសេរ​នៅ​លើ​ទំព័រ​ Twetter ​របស់​គាត់ គឺ​ថា ​ រដ្ឋាភិបាល​តួកគី ​នឹង​មាន​គម្រោង​ រឹត​បន្តឹង​ការ​យាមកាម ​តាម​បណ្តោយ​ព្រំដែន​ ជាមួយ​នឹង​ស៊ីរី។ ការ​រឹត​បន្តឹង​សន្តិសុខ ​មាន​ជា​អាទិ៍ ​តាម​រយៈ​ ការ​ធ្វើ​របង​បន្លា​លួស ​ការ​ជីក​រណ្តៅ​ការពារ​ ព្រម​ទាំង​ ការ​ដាក់​បំពាក់​កាមេរ៉ា ​សុវត្ថិភាព ​និង​អំពូល​ភ្លើង ​បំភ្លឺ ​នៅ​តាម​បណ្តោយ​ព្រំដែន។

វិធាន​សន្តិសុខ​ទាំង​នេះ ​ត្រូវ​បាន​រដ្ឋា​ភិបាល​តួកគី ​ចាត់​ទុក​ថា​ ជា​វិធាន​សន្តិសុខ​ការពារ​អាយុ​ជីវិត​ប្រជាជន។ ប៉ុន្តែ​ទោះ​ជា​យ៉ាងណា​ក៏​ដោយ ​ វា​មិនមែន​ជា​ការ​ បន្ថែម​បេសកកម្ម​យោធា ​នៅ​​តាម​បណ្តោយ​ព្រំដែន​ដែរ។ វា​គ្រាន់តែ​ជា​ការ​បន្ថែម ​សមត្ថភាព​បច្ចេកទេស ​ក្នុង​ការ​ត្រួត​ពិនិត្យ ​និង​យាម​ល្បាត​តែ​ប៉ុណ្ណោះ។ ក្រៅ​ពី​គម្រោង​ដាក់​បន្ថែម ​សម្ភារៈ ​និង​បច្ចេក​ទេស​ គ្រប់គ្រង​ព្រំដែន​ទាំង​នេះ ​លោក​នាយករដ្ឋមន្រ្តី​តួកគី ​បាន​ប្រកាស​ថា ​នឹង​បង្កើត​ជា​តំបន់​សន្តិសុខ​ពិសេស​ ពីរ​កន្លែង ​នៅ​តាម​បណ្តោយ​ព្រំដែន​ស៊ីរី។ តំបន់​សន្តិសុខ​ពិសេស​ទាំង​ពីរ​កន្លែង​នេះ ​នឹង​ត្រូវ​បិទ ​មិន​ឲ្យ​មាន​ចរាចរណ៍​ចេញ​ចូល​ទាំង​សងខាង​ព្រំដែន ​ក្នុង​រយៈ​ពេល​៥ថ្ងៃ។

តាមពិតទៅ​​កិច្ចការ​ទាំងអស់​នេះ​ តួកគី​ គួរណា ​តែ​ធ្វើ​យូរ​ណាស់​មក​ហើយ ​ព្រោះ​ថា​ ដោយសារ​តែ​ការ​ធ្វេស​ប្រហេស​ ​នៅ​តាម​ព្រំដែន​ របស់​តួកគី​នេះ​ហើយ ​ទើប​ពីរ​ឆ្នាំ​កន្លង​មក​នេះ ​ក្រុម​ជីហាដ ​បាន​របូត​ចូល​ទៅ​ក្នុង​ទឹកដី​ស៊ីរី​ រាប់​ពាន់​នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ