អានតួអត្ថបទ
ជម្លោះ​​អ៊ីស្រាអែល​-ក្រុមហាម៉ាស

កាសែត​ឡឺម៉ុង៖ ក្រុមប្រដាប់​អាវុធ​ប្លន់ធនាគារ​​​នៅ​តំបន់​ហ្កាហ្សា​យកលុយ​សុទ្ធជាង ៦៦ លានអឺរ៉ូ

​ក្រុមប្រដាប់​អាវុធ​ហាម៉ាស បានប្លន់ធនាគារប៉ាឡេស្ទីន និង​​បំផ្ទុះ​ម៉ាស៊ីន​ដកប្រាក់ ព្រមទាំងគាស់​ទូម៉ាស៊ីន​ATM ​​ជាច្រើន​កន្លែង​ នៅទីប្រជុំជន​ក្រុង​​ហ្កាហ្សា។ គ្រាន់តែ​​ក្នុង​ខែ​មេសា ពួកគេ​នោះ​​អាច​ប្រមូល​លុយ​សរុបជា​​ទឹកប្រាក់ ប្រមាណ ៦៦ លានអឺរ៉ូ​។ នេះបើតាម​ប្រភព​ពី​កាសែតបារាំង​ឡឺម៉ុង​ និងដែលត្រូវ​ទីភ្នាក់ងារ​ព័ត៌មាន​បារាំងអាអែហ្វប៉េ យកទៅ​ផ្សាយ​ព្រោង​ព្រាត។ ​តាមប្រភព​ដដែល, នៅតំបន់​ហ្កាហ្សា កងទ័ព​ខាងអ៊ីស្រាអែល​ក៏​បាន​រឹប​​អូស​ថវិកា​ពី​ធនាគារ​ខ្លះដែ​រ​ ក្នុង​បំណង​មិនចង់ឲ្យ​លុយ​ធ្លាក់​ទៅដៃ​ពួក​ហាម៉ាស។ ​​​ ​

មនុស្ស​ជាច្រើន​ឈរ​រង់ចាំដកប្រាក់​ពី​ធនាគារប៉ាឡេស្ទីន កាលពីចុង​ខែ​ធ្នូ ២០២៣។​
មនុស្ស​ជាច្រើន​ឈរ​រង់ចាំដកប្រាក់​ពី​ធនាគារប៉ាឡេស្ទីន កាលពីចុង​ខែ​ធ្នូ ២០២៣។​ © AP
ផ្សាយពាណិជ្ជកម្ម

អំលុង​ពាក់​កណ្តាលខែមេសា នៅ​​ហ្កាហ្សា បណ្តា​បុគ្គលិក​ធនាគារ​ប៉ាឡេស្ទីនបាន​សម្គាល់​ឃើញនៅព្រឹក​ថ្ងៃទី​១៦​មេសា​ ថា​មានប្រហោងនៅបន្ទប់​សម្ងាត់​ កន្លែង​សម្រាប់​តម្កល់ប្រាក់​របស់​ធានាគារ ហើយ​និង​បាត់​លុយ​អស់​ប្រមាណ ២,៨ លានអឺរ៉ូ។

ស្អែកឡើង ថ្ងៃទី​១៧ មេសា មាន​ក្រុមប្រដាប់​អាវុធ​បិទមុខ ទទូលក្បាល​ មក​ធនាគារធនាគារ​ប៉ាឡេស្ទីនទៀត និង​បាន​គំរាម​សម្លាប់​បុគ្គលិក​ ប្រសិន​បើ​មន្ត្រីធនាគារ​មិន​ព្រម​​បើក​សោ​ទូសម្ងាត់​ឲ្យ​ពួក​គេ​ទេ។ កាលណោះ​ ពួក​ប្រដាប់​អាវុធ​បាន​សម្រេច​បើក​យក​លុយ​ក្នុង​ទូតម្កល់​ប្រាក់​ ចំនួន​៣។ សរុបជា​​ទឹក​​លុយសុទ្ធ ​អស់​ប្រមាណជា​ ២៩ លា​នអឺរ៉ុប។

មួយ​ថ្ងៃបន្ទាប់ នៅ​សាខាធនាគារ​​​ធនាគារ​ប៉ាឡេស្ទីន នៅកណ្តាល​ក្រុង​ហ្កាហ្សា ក៏​ជួប​ហេតុការណ៍​ដូចគ្នា​នេះដែរ បង្កឡើងពីស្នាដៃ​ពួក​ប្រដាប់​អាវុធ ដែល​អះអាងថា ខ្លួន​ជា​អាជ្ញាធរ​កំពូល​នៅហ្កាហ្សា ពោល​គឺជា​រហស្សនាម​របស់​ ពួក​ហាម៉ាស។ នៅថ្ងៃនោះ ពួក​គេ​បាន​ប្រើអាវុធ​បាញ់​រះ តែមិនធ្វើ​ឲ្យ​មាន​អ្នក​របួស​ទេ វៀរលែងតែមនុស្ស​ម្នាក់ ដែល​ដួលត្រូវ​ដឹកយកទៅព្យាបាល​នៅមន្ទីរពេទ្យ​​ព្រោះតែ​ជំងឺបេះដូង​។​​ ​​ធនាគារ​ប៉ាឡេស្ទីន បាត់​ប្រាក់ ៣៣,៦ លាន​អឺរ៉ូ ថែមទៀត។ មិនតែប៉ុណ្ណោះ ទូ​ម៉ាស៊ីន​ដកប្រាក់ ត្រូវ​គេ​បំផ្ទុះ និង​លួច​យក​ប្រាក់​ជាហូរហែ។​

ហេតុការណ៍​ទាំងអស់​នេះ ធ្វើឲ្យ​បុគ្គលិក​របស់ធនាគារ​ប៉ាឡេស្ទីន ​ភ័យ​តក្កមា​។ ​នៅ​ថ្ងៃទី​២០ មេសា ​ធនា​គារ​​ប៉ាឡេស្ទីន ធ្វើ​របាយការណ៍​បូក​សរុប​មួយ ស្តីពី​សកម្មភាព​គាស់ទូប្រាក់​និង​ប្លន់​ប្រដាប់​អាវុធ​នេះ ដើម្បី​ផ្ញើ​ទៅដៃគូ​សហការចូលហ៊ុន​រកស៊ី​ជាមួយ​គ្នា​ ឲ្យ​បាន​ជ្រាប​ជាដំណឹង​។​ ធនាគារ​វាយតម្លៃ​ប៉ាន់ប្រមាណ​ថា បាត់​សរុបជាង​​ ៦៦លាន​អឺរ៉ូ។ សុទ្ធសឹង​ជា​ក្រដាកប្រាក់​សុទ្ធ ជា​រូបិយ​ប័ណ្ណ​អ៊ីស្រាអែល ​ស៊េគែល។

ទិន្នានុប្បវត្តិប្រចាំថ្ងៃ​បារាំង ​ឡឺម៉ុង​ បាន​ទទួល​ដំណឹង​ទាំងអស់​នេះ​ពីប្រភព​មន្ត្រី​ធនាគារ​ដែល​សុំ​មិន​​បញ្ចេញឈ្មោះ​។ ​​កាសែត​បារាំងបាន​ទាក់ទង​សុំ​ការ​បំភ្លឺ​បន្ថែម​ពី​អ្នក​ទទួល​ត្រូវ​ធនាគារ​ប៉ាឡេ​ស្ទីន តែ​គ្មាន​លទ្ធផល។

តាមប្រភព​ដដែល​, ​នៅតំបន់​ហ្កាហ្សា កងទ័ព​​អ៊ីស្រាអែល​ក៏បាន​​រឹប​​អូស​លុយ​ពី​ធនាគារមួយ​ចំនួន​ ក្នុង​បំណង​មិនចង់ឲ្យ​លុយ​ធ្លាក់​ទៅក្នុង​កណ្តាប់​ដៃ​ពួកចលនា​​ហាម៉ាស។ កាសែត​ឡឺម៉ុងក៏​បាន​សាកសួរ​អាជ្ញាធរ​អ៊ីស្រា​អែល​​​ជុំវិញ​រឿងនេះ ប៉ុន្តែ គ្មា​នការ​បកស្រាយ​អ្វីទាំងអស់។​

​គ្រានេះ​ តំបន់​ហ្កាហ្សា ធនាគារ​ស្ទើរតែ​ទាំង​ស្រុង​បាន​បង្ខំចិត្ត​បិទ​សេវាកម្ម​របស់ខ្លួន។ នៅ​សល់​តែ​ទូ​បញ្ជរ​​ធនាគារ​ ​២ប៉ុណ្ណោះ ដែល​នៅបន្ត​បើក​ឲ្យ​ដក​ប្រាក់ នៅ រ៉ាហ្វាហ៍ និង​ តំបន់​ឌែរ​ អាល់-បាឡា​ស់​ គឺប៉ែក​ខាង​ត្បូង​តំបន់ហ្កាហ្សា​។​ ក៏ប៉ុន្តែ​ គេត្រូវ​ឈរចាំរាប់​ម៉ោង ព្រោះមនុស្សរាប់​សិបនាក់​ ត្រូវការ​​ដក​សាច់​ប្រាក់។ មិនតែប៉ុណ្ណោះ គេ​ត្រូវ​បង់​កម្រៃជើង​សា​ឲ្យ​ពួក​ប្រដាប់​អាវុធ​យាម​ទូ​ម៉ាស៊ីន​ដក​ប្រាក់​នោះទៀតផង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ