អាមេរិកផ្តើមសាងសង់ផែបណ្តែត ដើម្បីផ្តល់ជំនួយមនុស្សធម៌នៅហ្កាហ្សា
កងទ័ពជើងទឹកសហរដ្ឋអាមេរិក បានផ្តើមសាងសង់ផែបណ្តែត ដើម្បីផ្តល់ជំនួយដល់ប្រជាពលរដ្ឋនៅហ្កាហ្សា។ នេះបើតាមការប្រកាសបញ្ជាក់របស់មន្ទីរបញ្ចកោណអាមេរិក នៅថ្ងៃព្រហស្បតិ៍ ម្សិលមិញ។ គំនិតផ្តួចផ្តើមសាងសង់ផែបណ្តែតនេះ ត្រូវលោកប្រធានាធិបតី ចូ បៃដិន បានបង្ហើបឡើងតាំងតែពីដើមខែមីនាមកម្ល៉េះ បន្ទាប់ពីកងទ័ពអ៊ីស្រាអែល បដិសេធដាច់អហង្ការ មិនឲ្យដឹកជំនួយមនុស្សធម៌តាមផ្លូវគោក។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:៥៨
អ្នកនាំពាក្យមន្ទីរបញ្ចកោណអាមេរិក លោកឧត្តមសេនីយ បាទ្រីក រ៉ាយដ័រ បានប្រកាសនៅចំពោះមុខអ្នកកាសែត នាថ្ងៃទី២៥មេសា ថា កងទ័ពជើងទឹកសហរដ្ឋអាមេរិក បានផ្តើមសាងសង់ផែបណ្តែត នៅសមុទ្រហ្កាហ្សា។ ផែបណ្តែតសិប្បនិមិត្តនេះ មានកម្មវត្ថុដើម្បីសម្របសម្រួលការផ្ទេរនិងផ្តល់ជំនួយមនុស្សធម៌ ទៅដល់ប្រជាពលរដ្ឋប៉ាឡេស្ទីននៅទឹកដីហ្កាហ្សា ដែលរងគ្រោះព្រោះតែសង្គ្រាម ការវាយប្រហារ ការទម្លាក់គ្រាប់បែក ពីសំណាក់កងទ័ពអ៊ីស្រាអែល។
អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិក រូបនេះ បានបញ្ជាក់ទៀតថា ផែបណ្តែតសិប្បនិមិត្ត អាចអនុញ្ញាតឲ្យនាវា ទាំងយោធា និងទាំងនាវាស៊ីវិល ចូលចុះចត ដើម្បីផ្ទេរដាក់ទូកុងទីន័រជំនួយមនុស្សធម៌។ ជំនួយទាំងនោះ នឹងត្រូវ ផ្ទេរដឹកជញ្ជូនបន្តតាមទូក ឬនាវាតូចៗ របស់បណ្តាក្រុមអង្គការសង្គមស៊ីវិល និងភ្នាក់ងារមនុស្សធម៌ ដឹកចូលទៅមាត់ឆ្នេរតំបន់ហ្កាហ្សា។ ហើយប្រសិនបើគ្មានអ្វីប្រែប្រួលធំដុំទេ ផែបណ្តែតនេះ នឹងអាចចាប់ផ្តើមដំណើរការប្រតិបត្តិផ្ទេរជំនួយបាន នៅដើមខែឧសភា ខាងមុខនេះ។
បើតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់មន្ទីរបញ្ចកោណដដែល ក្នុងដំណើរដឹកផ្ទេរជំនួយស្បៀងមនុស្សធម៌នេះ គឺនឹងគ្មានវត្តមានរបស់កងយោធាអាមេរិកនៅលើទឹកដីហ្កាហ្សាទេ។ ចំណែកភាគីអ៊ីស្រាអែលវិញ កងទ័ពអ៊ីស្រាអែលអះអាងថាខ្លួននឹងធ្វើអន្តរាគមន៍តាមដានត្រួតពិនិត្យដំណើរដឹកជំនួយនេះ ដែលជាភាសាផ្លូវការទូត អ៊ីស្រាអែល ថា«ដើម្បីធានាសុវត្ថិភាព និងគាំទ្រការដឹកជញ្ជូនស្បៀង»។
គួររំឭកកជូនថា ការដឹកជំនួយតាមផ្លូវទឹកទៅផ្តល់ឲ្យប្រជាជនហ្កាហ្សា គឺកាលពីខែមីនា ប្រទេសស៊ីប ជារដ្ឋសមាជិកសហភាពអឺរ៉ុប និងដែលមានទីតាំងឋិតនៅជិតនឹងតំបន់ឆេរហ្កាហ្សា ជាងប្រទេសសហភាពអឺរ៉ុបផ្សេងទៀត ធ្លាប់បានដឹកជំនួយតាមទូក ជាលើកទី១ ទៅសង្គ្រោះពលរដ្ឋប៉ាឡេស្ទីន។ កាលណោះ អង្គការសហប្រជាជាតិ បានកោតសរសើរចំពោះការដឹកជំនួយតាមផ្លូវសមុទ្រទៅជួយពលរដ្ឋហ្កាហ្សា ក៏ប៉ុន្តែ អង្គការសហប្រជាជាតិ បានប្រមើលមើលឃើញថា ទាំងការដឹកស្បៀងតាមផ្លូវទឹក និងទាំងទម្លាក់ស្បៀងតាមផ្លូវអាកាស នៅពុំគ្រប់គ្រាន់ឡើយសម្រាប់ជួយដល់ជនរងគ្រោះដែលកំពុងដង្ហើយសុំជំនួយបន្ទាន់។ បើតាមការិយាល័យកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ, មានតែការដឹកជញ្ជូនជំនួយតាមផ្លូវគោកតែមួយគត់ ទើបគ្រប់គ្រាន់និងមានប្រសិទ្ធភាពជាងគេ។ ផ្ទុយទៅវិញ ការដឹកជំនួយមនុស្សធម៌តាមផ្លូវគោក ចេញពីប្រទេសអេហ្ស៊ីប មិនអាចធ្វើទៅបានទេ ព្រោះតែ អ៊ីស្រាអែល បិទផ្លូវ ដាច់អហង្ការ។
នៅសហរដ្ឋអាមេរិក ថ្ងៃសុក្រ ទី២៦មេសា សិស្សនិស្សិតនៅរដ្ឋញូវយ៉ក បន្តនាំគ្នាធ្វើបាតុកម្ម ដើម្បីសម្តែងមតិគាំទ្របុព្វហេតុពលរដ្ឋប៉ាឡេស្ទីន។ ក្នុងរដ្ឋតិចសាច់វិញ នៅថ្ងៃពុធនិងថ្ងៃព្រហស្បតិ៍ជាប់ៗគ្នា យុវនិស្សិតប្រមាណជាង២ ០០០នាក់ ក៏បានជួបជុំគ្នានៅមុខមហាវិទ្យាល័យផ្សេងៗគ្នា ដើម្បីធ្វើបាតុកម្ម បង្ហាញការគាំទ្រពលរដ្ឋប៉ាឡេស្ទីន។ ក្នុងនោះ យុវបាតុករ ជាង ២០០ នាក់ ត្រូវប៉ូលិសអាមេរិកចាប់ខ្លួន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ