អ៊ីស្រាអែលផ្តើមជម្លៀសពលរដ្ឋស៊ីវិល ត្រៀមបើកប្រតិបត្តិការយោធានៅរ៉ាហ្វា
នៅថ្ងៃចន្ទទី ៦ឧសភា ២០២៤នេះ អ៊ីស្រាអែលបានប្រកាសជម្លៀសប្រជាពលរដ្ឋប៉ាឡេស្ទីនប្រមាណ១សែននាក់ ចេញពីភាគខាងកើតក្រុងរ៉ាហ្វា។ ក្នុងក្របខ័ណ្ឌនៃសង្គ្រាមកម្ចាត់ចលនាអ៊ីស្លាមប៉ាឡេស្ទីន យោធាអ៊ីស្រាអែលនឹងបើកប្រតិបត្តិការទ្រង់ទ្រាយធំ និងផ្តាច់ព្រ័ត្រ នៅភាគខាងត្បូងតំបន់ហ្កាហ្សា ដែលអ៊ីស្រាអែលយល់ថាជាសម្បុកចុងក្រោយរបស់ហាម៉ាស។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:០៧
បន្ថែមពីលើខិត្តបណ្ណ និងសេចក្តីជូនដំណឹងតាមបណ្តាញព័ត៌មានជាភាសាអារ៉ាប់ ប្រជាពលរដ្ឋនៅប៉ាឡេស្ទីនខ្លះបានទទួលសារសំឡេងក្នុងទូរស័ព្ទ ណែនាំឱ្យចាកចេញភ្លាមពីក្រុងរ៉ាហ្វា។ ខ្លះទៀតបានទទួលសារសរសេរ បូកនឹងផែនទីចង្អុលផ្លូវត្រូវទៅ។
ជាសរុបមានពលរដ្ឋចំនួនប្រមាណ១សែននាក់ រស់នៅភាគខាងកើតក្រុងរ៉ាហ្វា ត្រូវជម្លៀសចេញជាបណ្តោះអាសន្ន ទៅកាន់ជំរំមនុស្សធម៌អាល់ម៉ាវ៉ាស៊ី។ នេះបើតាមសេចក្តីប្រកាសរបស់អ្នកនាំពាក្យយោធាអ៊ីស្រាអែល នៅថ្ងៃចន្ទទី៦ឧសភា ដោយបញ្ជាក់ថា ជំរំមនុស្សធម៌ ដែលស្ថិតនៅចម្ងាយជាង១០គីឡូម៉ែត្រពីក្រុងរ៉ាហ្វា ត្រូវបានពង្រីកធំ មានមន្ទីរពេទ្យ មានតង់ មានស្បៀងអាហារ ទឹកស្អាត ថ្នាំសង្កូវ និងអ្វីៗផ្សេងៗទៀត ក្នុងបរិមាណដ៏ច្រើន។
អ្នកនាំពាក្យយោធាបានអះអាងថែមទៀតថា ផែនការជម្លៀសក្នុងទ្រង់ទ្រាយធំគួរសម ធ្វើឡើងក្នុងគោលដៅការពារជនស៊ីវិលពីគ្រោះថ្នាក់ និងបញ្ចៀសកុំឱ្យមានការបាត់បង់ជីវិតក្នុងប្រតិបត្តិការយោធាដ៏ចាំបាច់ នៅរ៉ាហ្វាដែលអ៊ីស្រាអែលយល់ថាជាសម្បុកចុងក្រោយរបស់ហាម៉ាស។
រ៉ាហ្វាក្រុងភាគខាងត្បូងបំផុតនៃតំបន់ហ្កាហ្សា ក៏ជាបណ្តុំស្នាក់នៅរបស់ប្រជាពលរដ្ឋប្រមាណ១លានពីរសែននាក់ ភាគច្រើនជនភៀសខ្លួនមកពីខាងជើង ឬស្មើនឹងពាក់កណ្តាលនៃប្រជាជនសរុបនៅហ្កាហ្សា។ អង្គការអន្តរជាតិនិងប្រទេសជាច្រើន រាប់ទាំងសហរដ្ឋអាមេរិកផង ប្រឆាំងនឹងប្រតិបត្តិការយោធានៅរ៉ាហ្វា តែលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល នេតាន់យ៉ាហ៊ូ បានប្តេជ្ញាបើកយុទ្ធនាការកម្ទេចចលនាហាម៉ាសដែលហ៊ានវាយឆ្មក់លើអ៊ីស្រាអែលកាលពីថ្ងៃ៧តុលា២០២៣ ឱ្យអស់បើទោះបីជាការចរចាដើម្បីសេរីភាពចំណាប់ខ្មាំងផ្តល់លទ្ធផលយ៉ាងណាក៏ដោយ។ ការចរចាវគ្គថ្មី នាថ្ងៃសៅរ៍និងអាទិត្យម្សិលមិញ នៅទីក្រុងគែរ ត្រូវជាប់គាំងជាថ្មី ដោយភាគីហាម៉ាសបន្តទាមទារឱ្យមានការឈប់បាញ់ទាំងស្រុងតែម្តង មុនចុះកិច្ចព្រមព្រៀង ដែលនាយករដ្ឋមន្ត្រី នេតាន់យ៉ាហ៊ូបញ្ជាក់នៅយប់មិញម្តងទៀតថា អ៊ីស្រាអែលមិនអាចទទួលយកបានជាដាច់ខាត៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ