អានតួអត្ថបទ
ជម្លោះ​​អ៊ីស្រាអែល​-ក្រុមហាម៉ាស

ការ​ចរចាបទឈប់បាញ់នៅហ្កាហ្សាបន្តអូសបន្លាយ ខណៈ​អ៊ីស្រាអែលរងសម្ពាធ​បាតុកម្ម​ជំរុញ​ឲ្យ​បញ្ចប់​សង្គ្រាម

ការ​ចរចាគ្នា​រវាង​គណៈ​ប្រតិភូ​ក្រុម​ហាម៉ាសនិងប្រទេស​​អន្តរការី​ សហ​រដ្ឋ​អាមេរិក កាតារ និង អេហ្ស៊ីប គ្មាន​បាន​លទ្ធផល​ផ្លែផ្កាទេ​ កាលពី​ថ្ងៃសៅរ៍ និងដែល​តម្រូវចាំបាច់​ឲ្យ​បន្ត​ជជែក​ពិភាក្សា​គ្នា​បន្ថែម​ទៀត នៅថ្ងៃអាទិត្យ ទី៥ឧសភា​។​ កិច្ច​​ចរចា​ស្វែង​រក​បទឈប់​បាញ់និង​ដោះលែង​ចំណាប់​ខ្មាំង រៀបចំ​ធ្វើឡើង​នៅ​រដ្ឋធានី​គែរ ​ដោយ​គ្មាន​ភាគីជម្លោះ​​អ៊ីស្រាអែលនៅក្នុង​តុចរចាទេ ជំនួស​ដោយ​សម្ព័ន្ធមិត្ត​សហរដ្ឋអាមេរិក​។ ​ក្នុង​ប្រទេស​អ៊ីស្រាអែលវិញ​ បាតុករ​រាប់​ពាន់នាក់ ធ្វើបាតុកម្ម​នៅក្រុង​ធំៗ ដើម្បី​ដាក់​សម្ពាធ​ទាមទារឲ្យ​រដ្ឋអំណាច​អ៊ីស្រាអែល​បញ្ចប់​សង្គ្រាម និង​ឈាន​ទៅដោះដូរ​​ចំណាប់ខ្មាំងឲ្យ​បានឆាប់​។ ​

សង្គ្រាមហ្កាហ្សា៖ ការចរចាបទឈប់បាញ់បន្តអូសបន្លាយ ខណៈអ៊ីស្រាអែលរងសម្ពាធបាតុកម្មនៅក្នុងស្រុក ជំរុញឲ្យបញ្ចប់សង្គ្រាម។
សង្គ្រាមហ្កាហ្សា៖ ការចរចាបទឈប់បាញ់បន្តអូសបន្លាយ ខណៈអ៊ីស្រាអែលរងសម្ពាធបាតុកម្មនៅក្នុងស្រុក ជំរុញឲ្យបញ្ចប់សង្គ្រាម។ REUTERS - Mahmoud Issa
ផ្សាយពាណិជ្ជកម្ម

កិច្ច​ចរចាដោះលែង​ចំណាប់​ខ្មាំង​និង​បទបាញ់​នៅ​ហ្កាហ្សា គ្មាន​អ្វីវិវឌ្ឍទៅមុខ​សោះ កាលពី​ថ្ងៃ​សៅរ៍ទី​៤ឧសភា។ ដូច្នេះ គេត្រូវ​ចាប់​ផ្តើម​ជជែក​បន្ត​ទៀត នៅថ្ងៃអាទិត្យនេះ។ នេះបើតាម​ការ​ប្រកាស​របស់​ពួក​អាជ្ញាធរ​ក្រុម​ហាម៉ាស។ ​គណៈ​ប្រតិភូ​ចរចាក្រុម​ហា​ម៉ាស ដឹកនាំ​ដោយ​​ លោក Khalil al-Hayya មេធំ​​ទី២​​​ដែល​កាន់ក្តាប់​កិច្ចការ​​ផ្នែក​នយោបាយ​របស់​ចលនា​អ៊ីស្លាម​ប៉ាឡេស្ទីន​។ ជំហរ​របស់​មេធំ​ហាម៉ាស​រូបនេះ, គ្មាន​កិច្ច​ព្រម​ព្រៀង​​ណាមួយ អាច​ធ្វើ​ទៅបាន ប្រសិន​បើ​គ្មាន​ចែង​ពីការ​បញ្ចប់​សង្គ្រាមទាំងស្រុង​ទេនោះ​​។​

ភាគី​អ៊ីស្រាអែល, ​រដ្ឋាភិបាលបាន​សម្រេចចិត្ត​មិន​បញ្ជូន​តំណាងទៅ​ចរចាឡើយ​។ បើតាម​កកាសែត​ក្នុង​ស្រុក​អេហ្ស៊ីប, ​​ ក្នុងជំនួប​ចរចានៅអេហ្ស៊ីប​នេះ ​មានវត្តមាន​ មេ​ក្រុម​ចារកិច្ចអាមេរិក​ ​ស៊ីអាយអេ លោក William Burns  ពោល​គឺពុំ​មែន​ជា លោក David Barnea មេចារកិច្ចម៉ូស្សាដរបស់​អ៊ីស្រាអែលទេ។

ក្នុងប្រទេស​អ៊ីស្រាអែលវិញ ប្រជា​ពលរដ្ឋអ៊ីស្រាអែលមិនគាំទ្រគ្រប់គ្នា​ពេក​នោះដែរ ​​ចំពោះ​សកម្មភាព​វាយ​ប្រហារ​របស់​កងទ័ព​អ៊ីស្រាអែល​ ក្នុង​សង្គ្រាម​តំបន់​ហ្កាហ្សា។ ជា​រៀង​រាល់​ថ្ងៃ​សៅរ៍​ចុង​សប្តាហ៍​ ប្រជាជន​អ៊ីស្រាអែល​នាំគ្នា​បាតុកម្ម​នៅបណ្តាទីក្រុង​ធំៗ ទាមទារ​ឲ្យ​បញ្ចប់​សង្គ្រាម​បង្ហូរឈាមប៉ាឡេស្ទីន។ ​ នៅក្រុង​ Tel-Aviv ថ្ងៃសៅរ៍​ទី​៤ឧសភា​  បាតុករ​រាប់​ពាន់​នាក់ រួម​ទាំង​សមាជិក​គ្រួសារ​សាច់ញ្ញាតិ​របស់​ចំណាប់​ខ្មាំងផង បាន​សម្តែង​​តវ៉ា​​ដាក់​សម្ពាធ​លើរដ្ឋាភិបាល​អ៊ីស្រាអែល ឲ្យ​ទទួល​យក​បទចរចា​ឈប់​បាញ់ ដើម្បី​ឈាន​​ទៅ​ដោះលែង​ចំណាប់​ខ្មាំង​។ ក្រុម​បាតុករអ៊ីស្រាអែល បាន​​គំរាម​និង​ដាក់​សម្ពាធផ្ទាល់​ចំពោះ​​នាយករដ្ឋមន្ត្រី ​លោក បេនចាមិន នេតាន់យ៉ាហ៊ូ កុំឲ្យ​ខកខាន​ និងត្រូវ​យល់ព្រម​​ទទួល​សំណើ​ព្រម​ព្រៀង​ចរចាគ្នា​នៅលើកនេះ បើ​មិន​ដូច្នោះទេ ប្រវត្តិសាស្ត្រ​នឹងមិនអត់​ឱនទោសឲ្យ រូប​​លោក ជាដាច់ខាត។

ជំហរ​របស់​នាយករដ្ឋមន្ត្រីអ៊ីស្រាអែល គឺ​ ដាច់ខាត ​គ្មាន​ផ្លូវ​នឹង​បញ្ចប់​សង្គ្រាម​នេះ​។​ នេះបើតាម​សេចក្តីប្រកាស​របស់​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ដែល​សារ​ព័ត៌​មានក្នុង​ស្រុក​​អ៊ីស្រាអែល​បញ្ជាក់ថា ជា​សម្តី​របស់​លោក បេនចាមិន នេតាន់យ៉ាហ៊ូ។​ ក្នុង​សប្តាហ៍​នេះ មុន​ថ្ងៃ​ចរចាគ្នា​ នាយករដ្ឋមន្រ្តីអ៊ីស្រាអែល ថែមទាំង​បាន​ព្រមាន​​ថា​នឹង​ប្រើគ្រប់​មធ្យោបាយ​ចាំបាច់ ​ដើម្បី​វាយផ្តាច់​យកជ័យ​ជម្នះ និងផ្ចាញ់​គូសត្រូវ​ឲ្យបាន​ រួម​ទាំង​សត្រូវ​នៅ​តំបន់​រ៉ាហ្វាហ៍​ ផង​។

ជាក់ស្តែងមែន ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ប្រកាសពី​យប់​​ថ្ងៃ​សៅរ៍  ថា​បានសម្លាប់​មេ​បញ្ជា​ការ​ប្រដាប់​អាវុធ​​​ក្រុម​ជីហាត​អ៊ីស្លាមម្នាក់ នៅ​តំបន់រ៉ាហ្វាហ៍ ដែល​​ឈ្មោះថា Ayman Zaarab និងជា​មេឃ្លោង​មួយក្នុង​ភេរវ​កម្ម​​វាយប្រហារ​ថ្ងៃទី​៧តុលានៅ​អ៊ីស្រាអែល​។ ការ​សម្លាប់​បុគ្គលនេះ បាន​ធ្វើឡើង​នៅក្នុង​ទឹកដី​​ប៉ាឡេស្ទីន ប៉ែកខាង​ត្បូង​ ជាមួយ​នឹង​បក្សពួក​គេ​ពីរនាក់​ទៀត ក៏ស្លាប់​ដែរ។​

ជាការ​រំឭក​ និង ​បើតាម​ប្រភពី​សហរដ្ឋអាមេរិក ដែល​​​ប​ញ្ចុះ​​បញ្ចូល​អ៊ីស្រាអែល  គឺ ភាគី​អ៊ីស្រាអែល បាន​យល់​ព្រម​ចំពោះ​សំណើ​ដោះដូរ​ចំណាប់​ខ្មាំង​អ៊ីស្រា​អែល​ យ៉ាង​ហោច ជាង​ ៤០នាក់ ជាថ្នូរ​នឹង​អ្នក​ទោស​ប៉ាឡេស្ទីន​​ដែល​កំពុង​ជាប់​ឃុំ​នៅ​មន្ទីរឃុំឃាំង​​អ៊ីស្រាអែល​។​ ​១ទៀត​ អ៊ីស្រាអែល​យល់ព្រម​ឈប់​បាញ់​មួយ​រយៈ ហើយ​និង​ អនុញ្ញាត​ឲ្យផ្លាស់ទី​ធ្វើ​ចរាចរ នៅ​​ប៉ែក​ខាង​ជើង និង​ខាងត្បូង​​តំបន់​ហ្កាហ្សា។ មិន​តែប៉ុណ្ណោះ អ៊ីស្រាអែល ក៏សន្យា​ថា​នឹង​ដកកង​ទ័ព​ចេញ​មួយ​ចំនួន​ផង។​

ប្រភពពី​ទីភ្នាក់ងារព័ត៌មានបារាំង​​អាអែហ្វប៉េ, ពួក​ហាម៉ាស​​បង្ហើប​ឲ្យដឹង​ថាដំណើរចរចា​ជួប​ការលំបាកខ្លាំង​ ហើយ​អាច​នឹង​​ត្រូវ​ស៊ីពេល​ច្រើន​ទៀត ទម្រាំ​សម្រេច​បាន​កិច្ចព្រមព្រៀង​ពិតប្រាកដ១។​​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ