នាយកទីភ្នាក់ងារថាមពលនុយក្លេអ៊ែរអន្តរជាតិទៅអ៊ីរ៉ង់ ដើម្បីពិនិត្យមើលកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់
លោករ៉ាហ្វាអ៊ែល ហ្ក្រូស៊ី នាយកទីភ្នាក់ងារថាមពលនុយក្លេអែរអន្តរជាតិ ហៅកាត់ថា AIEA បានធ្វើដំណើរទៅដល់អ៊ីរ៉ង់ នៅព្រឹកថ្ងៃចន្ទ ទី៦ឧសភា ដើម្បីចូលរួមក្នុងសន្និសីតមួយ ព្រមទាំងជួបថ្នាក់ដឹកនាំអ៊ីរ៉ង់ និយាយអំពីកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសនេះ។ ការធ្វើដំណើរទៅរបស់លោក រ៉ាហ្វាអែល ហ្ក្រូស៊ី គឺធ្វើឡើងនៅក្នុងបរិបទមួយដ៏តានតឹងនៅតំបន់ដើមបូព៌ា ហើយដែលគេកំពុងតែបារម្ភថា អ៊ីរ៉ង់កំពុងតែឈានទៅជិតដល់ដំណាក់កាល អាចផលិតអាវុធនុយក្លេអ៊ែរបាន។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០៣:១២
ទីភ្នាក់ងារព័ត៌មានអ៊ីរ៉ង់ Isna និងMehr បានផ្សាយឲ្យដឹងថា លោក រ៉ាហ្វាអ៊ែល ហ្ក្រូស៊ី នាយកទីភ្នាក់ងារថាមពល នុយក្លេអែរអន្តរជាតិ បានទៅដល់អ៊ីរ៉ង់ នៅថ្ងៃចន្ទទី៦ឧសភា ដើម្បីចូលរួម ក្នុងកម្មវិធីសន្និសីតមួយ ព្រមទាំងប្រជុំចរចាជាមួយថ្នាក់ដឹកនាំអ៊ីរ៉ង់។
ទីភ្នាក់ងារព័ត៌មានអ៊ីរ៉ង់ Isna បានលើកឡើងថា នៅរសៀលថ្ងៃចន្ទ លោកនាយកទីភ្នាក់ងារថាមពលនុយក្លេអែរអន្តរជាតិ បានជួបប្រជុំជាមួយលោក Hossein Amir-Abdollahian រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីរ៉ង់។ ហើយបន្ទាប់មកទៀត លោក រ៉ាហ្វាអ៊ែល ហ្ក្រូស៊ី ព្រមទាំងគណៈប្រតិភូ ត្រូវបន្តដំណើរទៅទីក្រុងអ៊ីសប៉ាហង់ ដើម្បីចូលរួមសន្និសីត និងជួបប្រជុំជាមួយលោក Mohammad Eslami នាយកអង្គភាពថាមពលនុយក្លេអ៊ែរអ៊ីរ៉ង់។ គឺទីក្រុងអ៊ីសប៉ាហង់នេះហើយ ដែលមានមជ្ឈមណ្ឌលចម្រាញ់ធាតុអ៊ុយរ៉ានីញ៉ូមដ៏ធំបំផុតរបស់អ៊ីរ៉ង់ ឈ្មោះថាមជ្ឈមណ្ឌល Natanz។ ទីភ្នាក់ងារIsna បានចុះផ្សាយទៀតថា ពេលវេលានេះគឺជាឱកាសដែលអនុញ្ញាតឲ្យភាគីអ៊ីរ៉ង់ និងAIEA អាចនិយាយដោះដូរយោបល់ បង្ហាញពីការព្រួយបារម្ភរៀងៗខ្លួន។
គួរបញ្ជាក់ថា ដោយអនុលោមតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ គឺទីភ្នាក់ងារថាមពលនុយក្លេអ៊ែរអន្តរជាតិ ហៅកាត់ថា AIEA ជាអ្នកមានតួនាទីពិនិត្យតាមដានផែនការកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ថាពិតជាមានកម្មវត្ថុស៊ីវីល ពោលគឺដើម្បីគ្រាន់តែផលិតចរន្តអគ្គិសនី។ ក៏ប៉ុន្តែចាប់ពីឆ្នាំ២០២១មក បន្ទាប់ពីរដ្ឋបាលលោកដូណាល់ ត្រាំ សម្រេចដកខ្លួនចេញពីកិច្ចព្រមព្រៀង អ៊ីរ៉ង់បានចាប់ផ្តើមលែងសហការជាមួយ AIEA ។ កាម៉េរ៉ាថតនៅតាមរោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់ ត្រូវបានដកចេញឬបិទចោល ហើយអាជ្ញាធរអ៊ីរ៉ង់ លែងចេញអាជ្ញាបណ្ណ ឲ្យអ្នកជំនាញរបស់AIEA ចូលទៅត្រួតពិនិត្យ។
ដោយសារតែភាពតានតឹងមានការខ្វែងគំនិតគ្នា លោករ៉ាហ្វាអ៊ែល ហ្ក្រូស៊ី មិនបានទៅអ៊ីរ៉ង់ជាងមួយឆ្នាំមកហើយ។ បើផ្អែកតាម AIEA គឺប្រមាណជិត៣ឆ្នាំមកនេះ អ៊ីរ៉ង់បានបង្កើនការចម្រាញ់ធាតុអ៊ុយរ៉ានីញ៉ូមខ្លាំងសម្បើមណាស់ រហូតដល់កម្រិត៦០% ព្រមទាំងបានដំឡើងស្តុកកាន់តែច្រើន។ តាមធម្មតា កម្រិតចម្រាប់ធាតុអ៊ុយរ៉ានីញ៉ូមដែលគេអនុញ្ញាតដើម្បីប្រើប្រាស់ក្នុងវិស័យនុយក្លេអ៊ែរស៊ីវីល គឺមានត្រឹមតែ ៣,៦៧%ប៉ុណ្ណោះ។ បើចម្រាញ់ដល់កម្រិត៩០% នោះគឺមានន័យថា អ៊ីរ៉ង់អាចនឹងប្រើប្រាស់ធាតុអ៊ុយរ៉ានីញ៉ូមទាំងនេះ ដើម្បីផលិតគ្រាប់បែកបរមាណូ។
សូមបញ្ជាក់ដែរថា បរិបទនាពេលបច្ចុប្បន្ននេះ នៅតំបន់ដើមបូព៌ា គឺមានភាពតានតឹងណាស់ បន្ទាប់ពីអ៊ីរ៉ង់ និងអ៊ីស្រាអែល បានបើកការវាយប្រហារគ្នាទៅវិញទៅមកដោយផ្ទាល់ កាលពីខែមេសា។ វត្តមានរបស់លោកនាយក AIEA នៅអ៊ីរ៉ង់នាពេលនេះ ជាសញ្ញាបង្ហាញថាមានការបើកចំហខ្លះពីភាគីអ៊ីរ៉ង់។ យ៉ាងណាមិញ លោកនាយកអង្គភាពនុយក្លេអ៊ែរអ៊ីរ៉ង់ Mohammad Eslami បានលើកឡើងថា ការប្រជុំចរចាជាមួយលោក រ៉ាហ្វាអ៊ែល ហ្ក្រូស៊ី នឹងធ្វើឲ្យរសាត់បាត់នូវមន្ទិលសង្ស័យ ទាំងឡាយទាំងពួង ព្រមទាំងអាចពង្រឹងការសហការនឹងគ្នាឡើងវិញ រវាងភាគីទាំង២៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ