អ៊ីស្រាអែលអះអាងថា បានសម្លាប់មេៗរបស់ក្រុមហេសបូឡាចំនួនពាក់កណ្តាល នៅខាងត្បូងលីបង់
ចាប់ពីថ្ងៃពុធ ទី២៤មេសា កងទ័ពអ៊ីស្រាអែលបានបើកប្រតិបត្តិការទ្រង់ទ្រាយធំ វាយប្រហារតាមអាកាស និងបាញ់ប្លោងគ្រាប់កាំភ្លើងធំ នៅភាគខាងត្បូងលីបង់។ ក្រសួងការពារជាតិអ៊ីស្រាអែល បានអះអាងថា គេបានសម្លាប់បាន នូវមេមេរបស់ក្រុមហេបូឡាលីបង់ ចំនួនយ៉ាងហោចពាក់កណ្តាល កាលពីថ្ងៃពុធ។ ជាមួយគ្នានេះ នៅភាគខាងត្បូងតំបន់ហ្កាហ្សាឯនោះ កងទ័ពអ៊ីស្រាអែលនៅតែបន្តប្រតិបត្តិការ តាមសម្លាប់ក្រុមហាម៉ាស បើទោះបីជាមានការបារម្ភពីអាយុជីវិតជនស៊ីវីលប៉ាឡេស្ទីនក៏ដោយ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០៣:២៥
ព្រឹកថ្ងៃព្រហស្បតិ៍ទី២៥មេសា កងទ័ពអ៊ីស្រាអែលបានឲ្យដឹងថា គេបានវាយប្រហារទៅលើទីតាំងរបស់ក្រុមហេសបូឡាលីបង់ ត្រង់ចំណុច Maroun al-Ras និងបានវាយប្រហារទៅលើទីតាំងឈ្លបយកការណ៍ជួរមុខ នៅMerkaba ដែលស្ថិតនៅខាងត្បូងលីបង់ មិនឆ្ងាយប៉ុន្មានពីព្រំដែនអ៊ីស្រាអែល។
ប្រភពពីក្រសួងការពារជាតិអ៊ីស្រាអែលដដែល បានឲ្យដឹងថា កាលពីថ្ងៃពុធ អ៊ីស្រាអែលបានវាយប្រហារតាមអាកាសនិងបាញ់ប្លោងគ្រាប់កាំភ្លើងធំជាច្រើនគ្រាប់ ទៅលើទីតាំងគោលដៅចំនួន៤០ នៅភាគខាងត្បូងលីបង់ តំបន់ Aïta el-Chaab។ នៅក្នុងលិខិតប្រកាស លោក Yoav Gallant រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល បានអះអាងថា ប្រតិបត្តិការកាលពីថ្ងៃពុធ បានអនុញ្ញាតឲ្យកងទ័ពអ៊ីស្រាអែល សម្លាប់បានមេមេរបស់ក្រុមហេសបូឡាលីបង់ ចំនួនយ៉ាងហោចពាក់កណ្តាល ខណៈពាក់កណ្តាលទៀត កំពុងតែរត់រកកន្លែងលាក់ខ្លួន។
ដោយឡែក កងកម្លាំងបណ្តោះអាសន្ននៃអង្គការសហប្រជាជាតិ ប្រចាំការនៅលីបង់ (Finul) បានឲ្យដឹងកាលពីថ្ងៃពុធថា កងទ័ពអ៊ីស្រាអែលពុំបានឈានជើងឆ្លងព្រំដែន ចូលដីលីបង់ទេ។ ចំណែកក្រុមហេសបូឡាលីបង់ បានប្រាប់អ្នកយកព័ត៌មានបារាំងAFP នៅព្រឹកថ្ងៃព្រហស្បតិ៍ថា អ៊ីស្រាអែលបានប្រើដ្រូនឲ្យមកវាយកំទេច រថយន្តដឹកប្រេងមួយរបស់ក្រុមខ្លួន នៅក្បែរច្រកចូលទីក្រុង Baalbeck។
គួររំលឹកថា ចាប់តាំងពីសង្គ្រាមនៅហ្កាហ្សាបានផ្ទុះឡើង ក្រោយការវាយប្រហាររបស់ក្រុមហាម៉ាសនៅថ្ងៃទី៧តុលា ក្រុមហេសបូឡាលីបង់ ដែលជាកូនចៅរបស់អ៊ីរ៉ង់ តែងតែបានបាញ់ប្លោងគ្រាប់មកលើអ៊ីស្រាអែល សឹងតែមិនលោះថ្ងៃ។ យោងតាមទីភ្នាក់ងារព័ត៌មានបារាំង AFP គិតចាប់ពីថ្ងៃ៧តុលាមក ការបាញ់ប្លោងតបគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា បានសម្លាប់មនុស្សចំនួន៣៨០នាក់នៅខាងលីបង់ ដែលភាគច្រើនគឺសុទ្ធតែជាសមជិកកងកម្លាំងក្រុមហេសបូឡា និងមានជនស៊ីវីល៧២នាក់។ ចំណែកខាងអ៊ីស្រាអែលវិញ មានស្លាប់ទាហាន១១នាក់ និងជនស៊ីវីល៨នាក់។
សូមបញ្ជាក់ដែរថា ស្របពេលដែលសមរភូមិនៅខាងកើតអ៊ីស្រាអែលកាន់តែក្តៅគគុក នៅខាងត្បូងតំបន់ហ្កាហ្សាឯនោះ កងទ័ពអ៊ីស្រាអែលនៅតែបន្តប្រតិបត្តិការនៅតំបន់រ៉ាហ្វា ដើម្បីតាមសម្លាប់ក្រុមហាម៉ាស បើទោះបីជាតំបន់នេះកកកុញដោយជនភៀសខ្លួនប៉ាឡេស្ទីនប្រមាណ១លាន៥សែននាក់។ លោក David Mencer អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីស្រាអែល បានប្រកាសកាលពីរសៀលថ្ងៃពុធទី២៤មេសា ថាកងកុម្មង់ដូពិសេស២ក្រុម កំពុងតែបើកប្រតិបត្តិការថ្មើរជើង ដើម្បីតាមរកសមាជិក និងមេក្រុមភេរវកម្មហាម៉ាស ដែលកំពុងលាក់ខ្លួននៅរ៉ាហ្វា។
ដោយឡែក ផ្អែកតាមមន្ត្រីអេហ្ស៊ីប ដែលកាសែត Wall Street Journal បានស្រង់ប្រភេព គឺអ៊ីស្រាអែលមានផែនការជម្លៀសជនភៀសខ្លួនប៉ាឡេស្ទីនចេញពីរ៉ាហ្វា យកទៅជិតក្រុងក្រុង Khan Younès ដោយអ៊ីស្រាអែលបានត្រៀមសាងសង់ជំរកបណ្តោះអាសន្ន និងមណ្ឌលចែកចាយស្បៀងអាហារជាដើម។ លោក Ismaïl al-Thawabta មន្ត្រីម្នាក់នៃអាជ្ញាធរគ្រប់គ្រងហ្កាហ្សា បានលើកឡើងថា ប្រតិបតិ្តការរបស់អ៊ីស្រាអែលនេះគឺជាអំពើឧក្រិដ្ឋ ព្រោះថាក្រុង Khan Younès មិនអាចទទួលជនភៀសខ្លួនប៉ាឡេស្ទីន១លាន៥សែននាក់អស់ឡើយ។ យោងតាមក្រុមហាម៉ាស គិតមកត្រឹមពេលនេះ សង្គ្រាមនៅហ្កាហ្សាបានផ្តាច់ជីវិតមនុស្សចំនួន ៣៤២៦២នាក់ ភាគច្រើនជាជនស៊ីវីល៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ