មូលដ្ឋានយោធាអ៊ីរ៉ាក់ដែលគាំទ្រអ៊ីរ៉ង់រងការវាយប្រហារបំផ្ទុះ ស្លាប់ម្នាក់ របួសច្រើននាក់
បន្ទាប់ពីមូលដ្ឋានយោធាអ៊ីរ៉ង់រងការវាយប្រហារកាលពីថ្ងៃសុក្រ ពេលនេះចូលដល់មូលដ្ឋានយោធាអ៊ីរ៉ាក់ថែមទៀត។ ទីបញ្ជាកម្លាំងយោធាអ៊ីរ៉ាក់១កន្លែងដែលផ្តុំដោយក្រុមប្រដាប់អាវុធគាំទ្រអ៊ីរ៉ង់ បានរងការវាយប្រហារនៅថ្ងៃសៅរ៍ ទី២០មេសា ដែលបានបណ្តាលឲ្យស្លាប់មនុស្សម្នាក់ និងរបួស៨នាក់។ នេះបើតាមរបាយការណ៍បឋមរបស់ក្រសួងមហាផ្ទៃអ៊ីរ៉ាក់។ ភ្លាមៗ សហរដ្ឋអាមេរិកបានប្រកាសថាគ្មានពាក់ព័ន្ធនឹងខ្លួនទេ។ ចំណែក អ៊ីស្រាអែល សូមមិនបកស្រាយអ្វីទាំងអស់។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:៥៥
ហេតុការណ៍ផ្ទុះនៅអ៊ីរ៉ាក់ បានកើតឡើងវេលាម៉ោងជាងរំលងអធ្រាត្រយប់ថ្ងៃសៅរ៍ ទី២០មេសា នៅមូលដ្ឋានយោធា Kalsu ក្នុងខេត្ត Babylone ប៉ែកខាងត្បូងរដ្ឋធានីបាកដាក។ ទីនោះជាជំរុំបណ្តុំមូលដ្ឋានយោធាអ៊ីរ៉ាក់ កងនគរបាល ហើយនិងក្រុមចលនាកងកម្លាំង Hachad al-Chaabi។ ក្រុមចុងក្រោយនេះ ជាប្រដាប់អាវុធ ដែលគេស្គាល់ច្បាស់ថា គាំទ្រកាន់ជើងអ៊ីរ៉ង។ នៅកន្លែងផ្ទុះកើតហេតុ មានដីក្រហូង ជម្រៅ ៥ ម៉ែត្រ ហើយ ទំហំប្រមាណ ១០ ម៉ែត្រ។ នេះបើតាមសេចក្តីរាយការណ៍របស់នាង Marie-Charlotte Roupie អ្នកកាសែតវិទ្យុបារាំងនៅរដ្ឋធានីបាកដាដ។
មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិអ៊ីរ៉ាក់ បានប្រាប់ទីភ្នាក់ងារព័ត៌មានបារាំងអាអែហ្វប៉េ ក្នុងក្របខណ្ឌសុំលាក់ឈ្មោះ ឲ្យដឹងថា ការវាយប្រហារនេះសំដៅកម្ទេចអង្គភាពកងរថគ្រោះរបស់កងកម្លាំង Hachad al-Chaabi។ ដៃជើងរបស់ក្រុមនេះជាច្រើន នៅអ៊ីរ៉ាក់និងនៅស៊ីរី ជាក្រុមគាំទ្រខាងអ៊ីរ៉ង់ ពួតរួមគ្នាច្បាំងប្រឆាំងអាមេរិក និងសម្ព័ន្ធមិត្តអន្តរជាតិ។
ក្រោយកើតហេតុនៅអ៊ីរ៉ាក់ ភ្លាមៗ សហរដ្ឋអាមេរិកចេញប្រតិកម្មភ្លេតដែរ។ រដ្ឋបាលទីក្រុងវ៉ាស៊ីនតោន, តាមរយៈទីបញ្ជាការទ័ពអាមេរិកប្រចាំតំបន់មជ្ឈិមបូព៌ា បានប្រកាសថា សហរដ្ឋអាមេរិក ពុំមានពាក់ព័ន្ធនឹងការវាយប្រហារបំផ្ទុះមូលដ្ឋានយោធាអ៊ីរ៉ាក់ នោះឡើយ។ ចំណែក កងកម្លាំង Hachad al-Chaabi ប្រកាសនៅថ្ងៃសៅរ៍ថានឹងសងសឹកវិញឲ្យសាកសមនឹងការខូចខាតរបស់ខ្លួន
នៅគ្រានេះ មានសំណួរជាច្រើន តែគ្មានចម្លើយច្បាស់លាស់។ តើគ្រោះថ្នាក់នេះបង្កឡើងពីអ្វី? ត្រូវគ្រាប់ផ្ទុះ ព្រោះតែការវាយប្រហារពីយន្តហោះដ្រូន ឬដោយមីស៊ីល? ហើយតើនរណាជាអ្នកបញ្ជា? ក្រសួងមហាផ្ទៃអ៊ីរ៉ាក់បញ្ជាក់ថាកំពុងតែស៊ើបអង្កេតរកមើលមូលហេតុដើមចមពិត ដើម្បីឆ្លើយតបទៅនឹងសំណួរទាំងនេះ។ ម្លោះហើយ មជ្ឈដ្ឋានទូទៅជាតិនិងអន្តរជាតិ បានធ្វើសេចក្តីសន្និដ្ឋានភ្លាម ថាទំនងជាអាចមានជាប់ពាក់ព័ន្ធនឹងសំណុំរឿង អ៊ីស្រាអែល-អ៊ីរ៉ង់ ដែលប្រទេសទាំង២កំពុងតែសង្ក្រឺតធ្មេញដាក់គ្នា។ ទីបញ្ជាការកងទ័ពអ៊ីស្រាអែល បានត្រូវទីភ្នាក់ងារព័ត៌មានបារាំងអាអែហ្វប៉េទាក់ទងសាកសួរ ប៉ុន្តែ អ៊ីស្រាអែលសុំមិនធ្វើអត្ថាធិប្បាយចំពោះព័ត៌មានចេញផ្សាយដោយប្រព័ន្ធឃោសនាបរទេស។
ជាការកត់សម្គាល់ ហេតុការណ៍ផ្ទុះនៅមូលដ្ឋានយោធាអ៊ីរ៉ាក់នេះ បានកើតឡើង១ថ្ងៃបន្ទាប់ពីការវាយប្រហារពីយន្តហោះដ្រូនតូចៗ ទៅលើមូលដ្ឋានយោធាអ៊ីរ៉ង់ ក្នុងខេត្តអ៊ីស្បាហាំង ប៉ែកកណ្តាលប្រទេសអ៊ីរ៉ង់។ ទីតាំងនោះ ជាមូលដ្ឋានយោធានិងកន្លែងចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម សម្រាប់ផលិតនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ ទាំងរដ្ឋាភិបាលអ៊ីស្រាអែល និងទាំងទីបញ្ជាការយោធាអ៊ីស្រាអែល គ្មានបញ្ជាក់ ហើយក៏មិនច្រានចោលថាជាស្នាដៃរបស់ខ្លួនដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ